សកម្មជនបរិស្ថាន លោក អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ដែលត្រូវបានរបបក្រុងភ្នំពេញបញ្ជូនចេញពីកម្ពុជា កាលពីឆ្នាំ២០១៥ ស្នើសុំរបបលោក ហ៊ុន សែន បើកផ្លូវឲ្យរូបលោកអាចត្រលប់ចូលប្រទេសកម្ពុជាវិញ។ ការស្នើសុំនេះ គឺស្របពេលដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាឲ្យតុលាការខេត្តកោះកុង ពិនិត្យមើលភាពអសកម្មក្នុងសំណុំរឿងរបស់សកម្មជនបរិស្ថានរូបនេះឡើងវិញ បន្ទាប់ពីបានជាប់គាំង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥មក។
ស្ថាបនិកអង្គការមាតាធម្មជាតិ និងលោក អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ប្រាប់អាស៊ីសេរីថា លោកនៅតែរក្សាជំហរចង់វិលត្រលប់ទៅប្រទេសកម្ពុជាវិញ ដើម្បីចូលតតាំងក្ដីដោយផ្ទាល់ ក្នុងសវនាការនៅតុលាការខេត្តកោះកុង នៅពេលមានការបើកជំនុំជម្រះក្ដី។ សកម្មជនបរិស្ថានរូបនេះ យល់ថា ប្រសិនបើតុលាការខេត្តកោះកុង បើកសវនាការជំនុំជម្រះក្ដីសំណុំរឿងលោក ដោយកំបាំងមុខ នោះជាការកាត់ក្ដីមួយ ដែលមិនអាចទទួលយកបាន និងគ្មានភាពយុត្តិធម៌ចំពោះរូបលោក។ លោកបញ្ជាក់ថា បើគ្មានវត្តមានរូបលោកទេ នោះវត្តមានមេធាវីការពារក្ដីក៏មិនមានដែរ៖ «ខ្ញុំមានគោលជំហរច្បាស់ថា ខ្ញុំត្រូវតែត្រលប់ទៅប្រទេសកម្ពុជាវិញ ដើម្បីតតាំងជាមួយនឹងតុលាការ ហើយដើម្បីបន្តការងារជាអ្នកការពារបរិស្ថាន ជាអ្នកការពារសិទ្ធិមនុស្ស។ ទោះបីជា តុលាការខេត្តកោះកុង អាចផ្ដន្ទាទោស និងអាចបញ្ជូនខ្ញុំទៅពន្ធនាគារក៏ដោយ។ ហ្នឹងអ្វីដែលជាគោលជំហររបស់ខ្ញុំ»។
លោក អាឡិច ត្រូវបានចោទប្រកាន់ថា ជាជនជាប់ចោទរួមគំនិត ជាមួយសកម្មជនបរិស្ថាន ៣នាក់ផ្សេងទៀត ក្នុងអំពើគំរាមកំហែងថានឹងធ្វើឱ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ឃុំខ្លួន និងក្រោយមកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ខែ ពីបទ “គំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ” នៅពេលពួកគេ និងអ្នកភូមិជាច្រើនទៀត ចុះទប់ស្កាត់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនឯកជន នៅខេត្តកោះកុង។
ដំបូងឡើយ លោក អាឡិច និងយុវជនទាំង ៣នាក់ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងតែមួយ ប៉ុន្តែក្រោយមកតុលាការបានបំបែកសំណុំរឿងនេះជាពីរ ដោយសំណុំរឿងទីពីរមានតែលោក អាឡិច ម្នាក់ប៉ុណ្ណោះ។ មេធាវីការពារក្តីរបស់លោក អាឡិច អះអាងថា សំណុំរឿងនេះ បានបិទការស៊ើបសួរ និងបានដល់ដៃចៅក្រមជំនុំជម្រះ អស់រយៈពេលប្រមាណ ៣ឆ្នាំទៅហើយ ក៏ប៉ុន្តែមិនទាន់ឃើញចៅក្រមកំណត់ពេលជំនុំជម្រះនៅឡើយ។
ទក់ទងនឹងការពន្លឿននីតិវិធីក្នុងសំណុំរឿងបរិស្ថានជនជាតិអេស្ប៉ាញរូបនេះ ដោយមានបញ្ជាពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ្នកនាំពាក្យតុលាការខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី បានឆ្លើយនឹងសំនួររបស់អាស៊ីសេរីដោយខ្លីថា កំពុងជាប់រវល់។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកពុំទាន់អាចបញ្ជាក់បានយ៉ាងណាទេជុំវិញចំណាត់ការលើសំណុំរឿងសកម្មជនបរិស្ថានរូបនេះ ដោយសុំពិនិត្យមើលព័ត៌មាននេះជាមុនសិន។
ដើម្បីអាចទៅឈរតតាំងក្ដីនៅចំពោះមុខចៅក្រម សាលាដំបូងខេត្តកោះកុងបាន លោក អាឡិច ដែលចេះនិយាយភាសាខ្មែរយ៉ាងស្ទាត់ជំនាញនេះ ត្រូវមានភ្លើងខៀវពីរបបក្រុងភ្នំពេញជាមុនសិន។ ជាង ៣ឆ្នាំមកនេះ លោក អាឡិច បានព្យាយាមរកគ្រប់មធ្យោបាយ ដើម្បីអាចចូលប្រទេសកម្ពុជា ជាទីស្រឡាញ់របស់គាត់ ប៉ុន្តែមិនបានជោគជ័យទេ។ លោកស្នើសុំអាជ្ញាធរក្រុងភ្នំពេញ ឲ្យដកឈ្មោះលោកចេញពីបញ្ជីខ្មៅ ដើម្បីអនុញ្ញាតឲ្យលោកអាចវិលចូលកម្ពុជា ហើយបន្តធ្វើការផ្នែកការពារបរិស្ថានដូចដើមឡើងវិញ៖ «ករណីរបស់ខ្ញុំ បម្រាមនៅដដែលហ្នឹង។ អ៊ីចឹងដរាបណានៅជាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅ គេមិនអាចផ្ដល់វីសា ហើយខ្ញុំក៏មិនអាចចូលស្រុកខ្មែរបានទេ ព្រោះអ្នកដែលយាមព្រំដែន អ្នកនៅក្នុងព្រះលានយន្តហោះ គេធ្វើតាមបទបញ្ជា ធ្វើតាមកុំព្យូទ័រគេតើ គេមិនធ្វើតាមអំពើចិត្តគេណា។ ឈ្មោះខ្ញុំ ហើយមុខខ្ញុំគេស្គាល់ អ៊ីចឹងឲ្យតែយកប៉ាសស្ព័រស្គែនក្នុងកុំព្យូទ័ររបស់គេវាលោក សញ្ញាក្រហមហ្នឹង អត់ឲ្យចូលផង»។
សមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា អាជ្ញាធរក្រុងភ្នំពេញ គួរដកបម្រាបចេញពីសកម្មជនបរិស្ថានរូបនេះ ហើយបើកសវនាការកាត់ក្ដី ដោយឈរលើគោលការណ៍យុត្តិធម៌៖ «ខាងរដ្ឋាភិបាលគួរតែ ជាជំហានដំបូងនោះ គឺបើកសិទ្ធិឱ្យលោក អាឡិច បានត្រលប់ចូលប្រទេសកម្ពុជាវិញ ហើយបន្ទាប់នោះ ធ្វើការបន្តជំរុញបន្តនីតិវិធី ឲ្យខាងតុលាការបើកសវនាការសួរដេញដោល។ ប្រសិនបើរឿងទាំងអស់នេះ លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ ហើយមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកទេ នោះគួរតែធ្វើការទម្លាក់ចោលបទចោទប្រកាន់ ដើម្បីឲ្យលោកបានបន្តកិច្ចការងាររបស់លោក ដើម្បីជួយការពារធនធានធម្មជាតិ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា»។
ជុំវិញការស្នើសុំវិលចូលកម្ពុជាវិញ ពីសកម្មជនបរិស្ថាន អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយទេ ដោយហៅទូរស័ព្ទចូល តែមិនមានអ្នកទទួល។
កាលពីខែមេសាឆ្នាំ២០១៦ រដ្ឋលេខាធិការ ក្រសួងការបរទេសនៃរបបក្រុងភ្នំពេញ លោក ឡុង វីសាលោ បានចេញលិខិតមួយផ្ញើទៅអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ ដោយបញ្ជាឲ្យគ្រប់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍តាមព្រំដែនទាំងអស់ ហាមឃាត់ ជនជាតិអេស្ប៉ាញ ឈ្មោះ អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) កុំឲ្យចូលប្រទេសកម្ពុជាវិញបានឲ្យសោះ។
ការដាក់បម្រាមនៅពេលនោះ គឺបន្ទាប់ពីសកម្មជនបរិស្ថានជនជាតិអេស្ប៉ាញរូបនេះ ទទួលបានទិដ្ឋាការចូលកម្ពុជា បន្ទាប់ពីលោកដាក់ពាក្យសុំទិដ្ឋាការពីគេហទំព័រក្រសួងការបរទេសកម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិក ឬហៅកាត់ថា អ៊ី-វីសា (E-VISA)។ ប៉ុន្តែទិដ្ឋាការនោះ ត្រូវបានក្រសួងការបរទេសកម្ពុជាលុបចោលវិញ ដោយឡើងលើកហេតុផលថា មានកំហុសបច្ចេកទេស។
ឈ្មោះ អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ជនជាតិអេស្ប៉ាញ ត្រូវបានរបបក្រុងភ្នំពេញ ដាក់បញ្ចូលក្នុងបញ្ជីខ្មៅក្នុងចំណោមជនបរទេស ហាមមិនឲ្យចូលកម្ពុជា បន្ទាប់ពីលោកត្រូវបានបញ្ជូនចេញពីកម្ពុជា កាលពីឆ្នាំ២០១៥ ទាក់ទងនឹងកិច្ចខិតខំប្រឺងប្រែងរបស់លោក មិនឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង ក្នុងខេត្តកោះកុង។
អង្គការមាតាធម្មជាតិ (Mother Nature) របស់សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញរូបនេះ ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីនៃអង្គការមិនមែនរដ្ឋាភិបាលរួចស្រេចទៅហើយ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនដាក់ពន្ធនាគារ ដោយសារបានចុះទៅស៊ើបអង្កេតរឿងការធ្វើអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ ដែលជាឧកញ៉ាដ៏មានឥទ្ធិពលស្និទ្ធនឹងលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
