ក្រសួងយុត្តិធម៌បញ្ជាឱ្យប្រធានតុលាការខេត្តកោះកុងពិនិត្យមើលភាពអសកម្មក្នុងសំណុំរឿងរបស់សកម្មជនបរិស្ថាន លោក អាឡិកហាន់ដ្រូ ហ្កន់ហ្សាឡេស ដេវិតសុន (ហៅអាឡិច) ដែលរងការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើគំរាមកំហែងថានឹងធ្វើឱ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ លោក អាឡិច បានរងការចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ អស់រយៈប្រមាណ ៣ ឆ្នាំទៅហើយ ដោយមិនទាន់ទទួលបានការជំនុំជម្រះនៅឡើយ ខណៈយុវជន ៣នាក់ផ្សេងទៀត ដែលរងការចោទប្រកាន់ក្នុងសំណុំរឿងដូចគ្នានេះ ត្រូវបានតុលាការជំនុំជម្រះ និងប្រកាសសាលក្រមរួចទៅហើយ។
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិច អះអាងប្រាប់អាស៊ីសេរីថា លោកបានទទួលដំណឹងពីមេធាវីរបស់លោកថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានបញ្ជាឱ្យប្រធានតុលាការខេត្តកោះកុង ធ្វើអធិការកិច្ចលើភាពអសកម្មរបស់ចៅក្រមដែលទទួលបន្ទុកក្នុងរឿងក្តីព្រហ្មទណ្ឌរបស់លោក។ លោកថ្លែងថា នេះជាសញ្ញាវិជ្ជមាន ដែលក្រសួងយុត្តិធម៌អន្តរាគមន៍លើពាក្យបណ្តឹងរបស់លោក ក៏ប៉ុន្តែលោកហាក់មិនមានជំនឿទេថា ប្រធានតុលាការខេត្តកោះកុងនឹងរាយការណ៍ការពិតទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយសារប្រធានតុលាការខេត្តកោះកុង នាពេលបច្ចុប្បន្ននេះ គឺជាអតីតចៅក្រមទទួលបន្ទុករឿងក្តីរបស់លោកនេះតែម្ដង៖ «ពីមុន មីន មករា ដើរតួជាចៅក្រមជំនុំជម្រះ ឥលូវនេះគាត់ជាប្រធានតុលាការខេត្តកោះកុង។ គាត់ជាមនុស្សមានអំណាចគួរសម ជាមនុស្សដែលពោរពេញដោយអំពើពុករលួយនៅខេត្តកោះកុង ហើយក៏គាត់ជាកូននៃអភិបាលខេត្តព្រះសីហនុ ( លោក យន្ត មីន ) ។ អ៊ីចឹងខ្ញុំមិនជឿជាក់ថា របាយការណ៍ដែលក្រសួងយុត្តិធម៌ចង់បាន គឺជារបាយការណ៍ពិតប្រាកដ មានគុណភាព និងមិនលម្អៀងនោះទេ។ អ៊ីចឹងពេលនេះ ខ្ញុំសុំមិនវិនិច្ឆ័យស៊ីជម្រៅប៉ុន្មាននោះទេ ខ្ញុំមានតែរីករាយដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាឱ្យតុលាការបន្ត កុំឱ្យវាគាំងតទៅមុខទៀត»។
កាលពីដើមខែកក្កដា កន្លងទៅ លោក អាឡិច តាមរយៈមេធាវីរបស់លោក បានដាក់ពាក្យប្តឹងប្រធានតុលាការខេត្តកោះកុង លោក មីន មករា និងចៅក្រម ភាព សុភា ទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បី ស្នើសុំឱ្យស្ថាប័នកំពូលមួយនេះ ពិនិត្យ និងចាត់វិធានការលើភាពអសកម្មរបស់ចៅក្រមទាំងពីររូប ដើម្បីធានាការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ធានាឱ្យមានដំណើរការល្អនៃអង្គការតុលាការ និងអង្គការអយ្យការ ព្រមទាំងផ្ដល់យុត្តិធម៌ក្នុងសំណុំរឿងក្តីគ្រប់ប្រភេទឱ្យបានឆាប់រហ័ស។ លោកក៏បានប្ដឹងសុំឱ្យក្រសួងយុត្តិធម៌ធ្វើអធិការកិច្ចលើភាពជាប់គាំងនៃសំណុំរឿងនេះដែរ។
ការប្ដឹងផ្ដល់នេះ ដោយសារលោក អាឡិច យល់ថា ចៅក្រមតុលាការខេត្តកោះកុងមិនអើពើចំពោះសំណុំរឿងព្រហ្មទណ្ឌ ដែលលោកត្រូវបានចោទប្រកាន់ថា ជាជនជាប់ចោទរួមគំនិត ជាមួយសកម្មជនបរិស្ថាន ៣នាក់ផ្សេងទៀត ក្នុងអំពើគំរាមកំហែងថានឹងធ្វើឱ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ឃុំខ្លួន និងក្រោយមកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ ខែ ពីបទ “គំរាមកំហែងថានឹងធ្វើឱ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ” នៅពេលពួកគេ និងអ្នកភូមិជាច្រើនទៀត ចុះទប់ស្កាត់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនឯកជន នៅខេត្តកោះកុង។
ពីដំបូងឡើយ លោក អាឡិច និងយុវជនទាំង ៣ នាក់ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងតែមួយ ប៉ុន្តែក្រោយមកតុលាការបានបំបែកសំណុំរឿងនេះជាពីរ ដោយសំណុំរឿងទីពីរមានតែលោក អាឡិច ម្នាក់ប៉ុណ្ណោះ។ មេធាវីការពារក្តីរបស់លោក អាឡិច អះអាងថា សំណុំរឿងនេះ បានបិទការស៊ើបសួរ និងបានដល់ដៃចៅក្រមជំនុំជម្រះ អស់រយៈពេលប្រមាណ ៣ ឆ្នាំទៅហើយ ក៏ប៉ុន្តែមិនទាន់ឃើញចៅក្រមកំណត់ពេលជំនុំជម្រះនៅឡើយ។
អាស៊ីសេរីមិនអាចទាក់ទងប្រធានតុលាការខេត្តកោះកុង លោក មីន មករា និងចៅក្រម ភាព សុភា ដែលរងការប្ដឹងផ្ដល់ពីសកម្មជនបរិស្ថាន លោក អឡិច ជុំវិញរឿងភាពអសកម្មមិនចាត់ការរឿងក្តីនេះនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា លោកមិនបានដឹងច្បាស់ទេថា តើសំណុំរឿងនេះពិតជាត្រូវបានបិទបញ្ចប់ការស៊ើបសួរ និងរុញទៅដល់ដៃចៅក្រមជំនុំជម្រះរួចហើយមែន ឬមួយក៏យ៉ាងណានោះ។ លោកអះអាងថា ភាពយឺតយ៉ាវនៃសំណុំរឿងមួយ ប្រៀបធៀបនឹងសំណុំរឿងមួយទៀត មិនអាចរាប់ថា ជាភាពអសកម្មរបស់មន្ត្រីតុលាការឡើយ ព្រោះអាចដោយសារសំណុំរឿងនោះ មានស្មុគស្មាញជាង និងមានអ្នកពាក់ព័ន្ធច្រើន៖ «ការកំណត់រយៈពេលហ្នឹង ជាគោលការណ៍ច្បាប់ គឺគេមិនកំណត់ទេ។ ដំណើរការនីតិវិធីមួយអាចយូរ អាចឆាប់ វាអាស្រ័យទៅលើភាពស្មុគស្មាញនៃសំណុំរឿង អាស្រ័យទៅលើធនធានដែលមានជាក់ស្ដែងនៅតាមតុលាការនោះ។ គេកំណត់តែថេរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នទេ អ៊ីចឹងទេដំណាក់កាលនៃការសម្រេចសេចក្ដី ឬមួយយ៉ាងណានោះ វាអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង ធនធាន និងពេលវេលាជាក់ស្ដែងតាមសាលាជម្រះក្តីនីមួយៗ»។
ទោះជាយ៉ាងណា មេធាវីការពារក្តីឱ្យលោក អាឡិច លោក សំ ចំរើន ថ្លែងថា សំណុំរឿងនេះមិនមានភាពស្មុគស្មាញនោះទេ ដូច្នេះតុលាការមិនគួរអូសបន្លាយសំណុំរឿងនេះមកទល់ពេលបច្ចុប្បន្នឡើយ ខណៈរូបលោកធ្លាប់បានដាក់ពាក្យជំរុញរឿងនេះជាច្រើនដងរួចទៅហើយ ប៉ុន្តែគ្មានការឆ្លើយតប។ លោករំពឹងថា តាមរយៈការអន្តរាគមន៍ពីក្រសួងយុត្តិធម៌ សំណុំរឿងនេះនឹងមានការវិវឌ្ឍទៅមុខ ដើម្បីឱ្យកូនក្តីរបស់លោកបានជ្រះស្រឡះពីបទចោទប្រកាន់នេះ៖ «សិទ្ធិទទួលបានការកាត់ក្តីឆាប់រហ័សសម្រាប់ជនជាប់ចោទ ជាសិទ្ធិដែលមានចែងក្នុងច្បាប់អន្តរជាតិ គឺកតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គេនិយាយអ៊ីចឹង។ តែក្នុងច្បាប់យើង ការកំណត់ថា ប៉ុន្មានខែ ប៉ុន្មានថ្ងៃហ្នឹង អត់មាននិយាយទេ។ រឿងក្តីមួយ យូរមិនយូរ យើងកំណត់លើភាពស្មុគស្មាញ និងភាពចាំបាច់នៃរឿងក្តី។ រឿងក្តីនេះយើងគិតថា មិនមែនជារឿងក្តីស្មុគស្មាញទេ អ៊ីចឹងថេរវេលា ៣ ឆ្នាំ យើងគិតថាយូរ»។
ចំណែក ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ក៏បានជំរុញឱ្យតុលាការខេត្តកោះកុងពន្លឿននីតិវិធីក្នុងសំណុំរឿងរបស់ លោក អាឡិច នេះដែរ ដើម្បីជម្រះមន្ទិលរបស់អ្នកពាក់ព័ន្ធ៖ «ទោះបីជាថានៅក្នុងនីតិវិធីរបស់តុលាការ មិនមានកំណត់ថេរវេលាឱ្យបានច្បាស់លាស់ក៏ដោយ ប៉ុន្តែបើពាក់ព័ន្ធជាមួយនឹងសិទ្ធិរបស់បុគ្គល គួរតែពន្លឿនដំណើរការនីតិវិធី ដើម្បីឱ្យដឹងស ឬខ្មៅ។ បើថាការជំនុំជម្រះទៅ រកឃើញថា មានទោស ក៏មានទោសទៅ បើថាគ្មាន គឺគ្មានទៅ ដើម្បីជម្រះនូវមន្ទិលសង្ស័យរបស់បុគ្គលនីមួយៗ»។
អង្គការមាតាធម្មជាតិ (Mother Nature) ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីនៃអង្គការមិនមែនរដ្ឋាភិបាល កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនដាក់ពន្ធនាគារ ដោយសារបានចុះទៅស៊ើបអង្កេតរឿងការធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ ដែលជាឧកញ៉ាដ៏មានឥទ្ធិពលស្និទ្ធនឹងលោក ហ៊ុន សែន។
អតីតសកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ ត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយសារពួកគេបានចេញមុខតស៊ូមតិប្រឆាំងនឹងការបូមខ្សាច់ដែលបានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពលរដ្ឋ នៅតាមដងព្រែក និងស្ទឹងនៃតំបន់មាត់សមុទ្រក្នុងខេត្តកោះកុង។ សកម្មជន ៣នាក់ដំបូងដែលត្រូវបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០១៥ នោះ រួមមាន យុវជន សាន់ ម៉ាឡា ទ្រី សុវិគា និងស៊ឹម សំណាង និងក្រោយមកមាន ២នាក់ទៀត គឺ យុវជន ហ៊ុន វណ្ណៈ និង ឌឹម គុនឌី ត្រូវបានចាប់ខ្លួននៅអំឡុងខែកញ្ញា ឆ្នាំ២០១៧។ សកម្មជន ៣ នាក់ដំបូង ត្រូវជាប់ពន្ធនាគារ ១៨ខែ និងត្រូវពិន័យជាប្រាក់ ១០០លានរៀល ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារ ចំណែកសកម្មជន ២នាក់បន្ទាប់ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ និងពិន័យជាប្រាក់ ម្នាក់ ១លានរៀល។ ក៏ប៉ុន្តែពួកគេទាំងអស់សុទ្ធតែត្រូវបានព្យួរទោស ក្រោយមានសាលក្រមពីតុលាការខេត្តកោះកុង បន្ទាប់ពីត្រូវជាប់ពន្ធនាគារជាច្រើនខែរួចទៅហើយនោះ។
លោក អាឡិច ថ្លែងថា លោកចង់ឱ្យតុលាការបើកការជំនុំជម្រះករណីរបស់លោកនេះឱ្យបានឆាប់ ដើម្បីឱ្យលោកអាចមានឱកាសវិលត្រឡប់ទៅកម្ពុជាវិញដើម្បីតតាំងក្តី ឬដើម្បីឱ្យលោកអាចរួចខ្លួនពីបទចោទបែបប្រឌិតនេះ៖ «អាចផ្លូវទីមួយ ខ្ញុំត្រឡប់ទៅប្រទេសកម្ពុជាដើម្បីសម្អាតឈ្មោះខ្ញុំ ដើម្បីបន្តបេសកកម្មជួយប្រទេសជាតិ ឬក៏អាចមានផ្លូវទីពីរ គឺគេមិនអនុញ្ញាតឱ្យខ្ញុំត្រឡប់ទៅវិញ ប៉ុន្តែគេអាចនឹងទម្លាក់ការចោទប្រកាន់លើរូបខ្ញុំ ហើយខ្ញុំលែងជាមនុស្សដែលគេហៅថា ជនត្រូវចោទ ឬក៏ជនជាប់ចោទ»។
លោក អាឡិច ត្រូវបានអាជ្ញាធរនៃរបបក្រុងភ្នំពេញ បណ្ដេញចេញពីកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៥ ដោយផ្អែកលើហេតុផលថា ទិដ្ឋាការរបស់លោកផុតកំណត់។ គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលជាច្រើននៅគ្រានោះ បានស្វះស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធមួយចំនួន រួមទាំងព្រះមហាក្សត្រផង ដើម្បីបន្តទិដ្ឋាការដល់លោក អាឡិច ដោយសារលោកជាសកម្មជនបរិស្ថានដ៏លេចធ្លោមួយរូបក្នុងកិច្ចការពារធនធានធម្មជាតិនៅតំបន់អារ៉ែងនៃខេត្តកោះកុង ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនោះមិនទទួលបានជោគជ័យឡើយ។ ក្រោយពីត្រូវបានបណ្ដេញចេញ លោក អាឡិច ក៏បានស្វះស្វែងតាមមធ្យោបាយជាច្រើន ដើម្បីអាចត្រឡប់មកកម្ពុជាវិញ ប៉ុន្តែអាជ្ញាធររបបក្រុងភ្នំពេញបានបដិសេធ ដ្បិតលោកត្រូវបានដាក់នៅក្នុងបញ្ជីខ្មៅនៃជនដែលមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
