មន្ត្រី​ការ​បរទេស​ស្រមោល​អូស្ត្រាលី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល កំណត់​គោល​ដៅដាក់​ទណ្ឌកម្ម​ជន​បរទេស​ណា​ចូលរួម​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ច្បាប់ Magnisky Act

រដ្ឋមន្ត្រីការបរទេស​ស្រមោល និង​ជា​សមាជិក​ព្រឹទ្ធសភា នៃ​គណបក្ស​ពលករ ​អ្នកស្រី ផិននី វង់ (Penny Wong) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី កំណត់​គោលដៅ​អ្នក​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៅ​ក្នុង​ច្បាប់​ដាក់​ទណ្ឌកម្ម Magnitsky Act មុន​នឹង​ឈាន​ទៅ​ដល់​ការ​អនុម័ត។

ការ​អំពាវនាវ​របស់​មន្ត្រី​បក្ស​ប្រឆាំង​អូស្ត្រាលី​នេះ បន្ទាប់​ពី​ចក្រភព​អង់គ្លេស (England) បាន​អនុម័ត​ច្បាប់ Magnitsky នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ​សមាជិក​សភា​ប្រជាធិបតេយ្យ​ម្នាក់​បាន​ព្រមាន​ថា អូស្ត្រាលី​ជា​ទីកន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជន​ប្រព្រឹត្តិ​អំពើ​អាក្រក់​ពិសេស គឺ​រំលោភ​សិទ្ធិមនុស្ស លើកលែង​តែ​ប្រទេស​នេះ បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​អ្នក​ប្រព្រឹត្ត​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ទាំង​នោះ។

ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​មនុស្ស​ចំនួន ៤៩នាក់​មក​ពី​ប្រទេស​មួយ​ចំនួន ដែល​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​ផ្នែក​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ រួម​មាន​មន្ត្រី​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត (Saudi Arabia) មីយ៉ាម៉ាឬភូមា (Myanmar) និង​កូរ៉េ​ខាង​ជើង (North Korea) ជាដើម។

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​អូស្ត្រាលី រួម​ទាំង​សហគមន៍​ខ្មែរ​ផង កាល​ពី​ពេល​ថ្មីៗ នេះ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​ជាក់លាក់ ស្រដៀង​គ្នា​នឹង​ច្បាប់​ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក​ឈ្មោះ Global Magnitsky Act ដែរ​​​​ ដើម្បី​អនុវត្ត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ប្រឆាំង​នឹង​ជន​បរទេស​ទាំង​ឡាយ​ណា ដែល​បាន​រំលោភ​សិទ្ធិមនុស្ស ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ ដូច​ជា​កម្ពុជា​ជា​ដើម។

កាល​ពី​ខែ​ធ្នូ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចាប់​ផ្ដើម​សិក្សា​អំពី​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្រ្តី​រំលោភ​សិទ្ធិមនុស្ស​នេះ​ថា តើ​អូស្ត្រាលី​គួរ​តែ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ឈ្មោះ Magnitsky ដែល​នឹង​ផ្ដល់​អំណាច ដើម្បី​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រំលោភ​សិទ្ធិមនុស្ស និង​ហាម​ឃាត់​ជន​បរទេស ដែល​រំលោភ​សិទ្ធិមនុស្ស​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​អូស្ត្រាលី​ដែរ ឬ​យ៉ាង​ណា?

សមាជិក​ព្រឹទ្ធសភា​អ្នកស្រី ផិននី វង់ Penny Wongបញ្ជាក់​ពី​ជំហរ​ជា​ថ្មី​ថា គណបក្ស​ប្រឆាំង​របស់​អ្នកស្រី​ថា អូស្ត្រាលី​ត្រូវ​តែ​មាន​ច្បាប់ Magnitsky Act ដើម្បី​បញ្ជូន​ជា​សញ្ញា​ដ៏​ខ្លាំង​មួយ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​នីមួយៗ ថា មិន​អាច​ចូល​អូស្ត្រាលី​បាន និង​ដើម្បី​ការពារ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​អូស្ត្រាលី​ផង​ដែរ។

សហរដ្ឋអាមេរិក​បាន​ឈាន​មុខ​គេ​ក្នុង​ការ​អនុម័ត​ច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់​ទណ្ឌកម្ម​បុគ្គល​ពីរ​នាក់​នៅ​កម្ពុជា​គឺ ​មាន​មេ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​ទេស​រដ្ឋមន្ត្រី និង​លោក ទ្រី ភាព ជា​ឈ្មួញ​ឈើ​នៅ ​កម្ពុជា​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។