CCHRស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ការ​កែប្រែ​ច្បាប់​ដែល​រឹត​ត្បិត​សេរីភាព ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ

គម្រោង​លើកកម្ពស់​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ដែល​រឹត​ត្បិត​សេរីភាព​មូលដ្ឋាន ដែល​មិន​ស្របតាម​បទដ្ឋាន​សិទ្ធិមនុស្ស និង​ច្បាប់​អន្តរជាតិ។

សេចក្ដីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ផ្សាយ​កាលពី​ថ្ងៃ​ទី​២៩​មករា រក​ឃើញ​ថា ច្បាប់​មួយ​ចំនួន​របស់​កម្ពុជា គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​មូលដ្ឋាន ដូចជា រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្ដីពី សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល សៀវភៅ​ណែនាំ​ការអនុវត្ត​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ច្បាប់​ស្ដ​ពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ ច្បាប់​ស្ដីពី​ទូរគមនាគមន៍ និង​ប្រកាស​ស្ដីពី​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ចុងក្រោយ​ច្បាប់​ស្ដីពី​សហជីព។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា “ សេរីភាព​ខាង​ការ​បញ្ចេញមតិ និង ការ​ជួប​ប្រជុំ គឺជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​ដំណើរការ​ល្អ​នៃ​សង្គម​ប្រជាធិបតេយ្យ ដែល​រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​គោរព និង​ការពារ​។ អ្នកស្រី​សង្ឃឹម​ថា អត្ថបទ​ពិនិត្យ​ច្បាប់​នេះ និង​អនុសាសន៍​ទាំងនេះ អាច​ជួយ​សម្របសម្រួល​ឱ្យ​មានការ​ពិភាក្សា ក្នុង​ការ​ស្វែងរក​យុទ្ធសាស្ត្រ​យ៉ាងណា ដើម្បី​បង្កើន​ការ​គោរព​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា ដោយ​ផ្ដើម​ចេញ​ពី​ក្របខ័ណ្ឌ​ច្បាប់​រឹងមាំ​។ អ្នកស្រី​ស្នើ​ដល់​រដ្ឋាភិបាល ត្រូវ​ចាត់វិធានការ​សមស្រប ដើម្បី​ធានា​ថា ក្របខ័ណ្ឌ​ច្បាប់​ជាតិ​អនុលោម​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លើកឡើង​ក្នុង​របាយការណ៍​ដដែល​លើកឡើង​ថា កម្ពុជា​មិនទាន់​អនុវត្ត​ស្របតាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​បទដ្ឋាន​ស្ដីពី​សេរីភាព​មូលដ្ឋាន ដែល​កម្ពុជា​ផ្តល់​សច្ចាប័ន ជាពិសេស កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ។​

ការវិភាគ​នេះ​បង្ហាញ​ថា បទ​ប្បញត្តិ​មួយ​ចំនួន​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជាតិ​នៅ​កម្ពុជា មិន​អនុលោម​ពេញលេញ​តាមច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​បទដ្ឋាន​ស្ដីពី​សេរីភាព​មូលដ្ឋាន​ទេ​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ព្រួយបារម្ភ ជាពិសេស​ទាក់ទិន​នឹង​ការអនុវត្ត​គោលការណ៍​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ដែល​ត្រូវ​បាន​ចាត់ទុកថា ជា​ការ​រំលោភបំពាន​ទោ​លើ​ការអនុវត្ត​ដ៏​ស្របច្បាប់​នៃ​សេរីភាព​មូលដ្ឋាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។