អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​អនុវត្ត​សាល​ដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​រឿង​ប្រាសាទ​ព្រះវិហារ

ដោយ តាំង សារ៉ាដា
2015-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ (ខាងស្ដាំ) អង្គុយ​ជាមួយ​ទាហាន​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨។
ទាហាន​ខ្មែរ (ខាងស្ដាំ) អង្គុយ​ជាមួយ​ទាហាន​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨។
RFA/Hang Savyouth

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា កម្ពុជា កំពុង​រង់ចាំ​ឲ្យ​ជម្លោះ​ផ្ទៃ​ក្នុង​ថៃ ស្ងប់ស្ងាត់​សិន ទើប​ចាប់​ផ្ដើម​ដោះស្រាយ​ករណី​ជម្លោះ​ប្រាសាទ​វិហារ និង​តំបន់​ជុំវិញ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ) បាន​កាត់​ឲ្យ​ខ្មែរ​ឈ្នះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​ព្រំដែន​និយាយ​ថា កម្ពុជា មិន​ត្រូវ​បន្ទន់​ជំហរ​របស់​ខ្លួន​ជាមួយ​ថៃ នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​វត្តមាន​របស់​កងទ័ព​ថៃ ក្នុង​ទឹក​ដី​ខ្មែរ​ទៀត​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង អះអាង​ថា កម្ពុជា កំពុង​រង់ចាំ​ស្ថានការណ៍​នយោបាយ​របស់​ថៃ ងាក​ទៅ​រក​ភាព​ប្រក្រតី​វិញ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចរចា​អនុវត្ត​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយ​សន្តិវិធី៖ «ចំពោះ​ករណី​សាល​ដីកា​របស់​តុលាការ​ទីក្រុង​ឡាអេ នេះ កន្លង​មក​យើង​មាន​ការ​យល់យោគ​សភាពការណ៍​នៅ​ប្រទេស​ថៃ ដែល​គេ​កំពុង​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​គេ​សិន។ ជាពិសេស គេ​កំពុង​ងាក​ទៅ​រក​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ ដូច្នេះ​ហើយ យើង​មាន​ការ​យល់យោគ យើង​រង់ចាំ​ឲ្យ​មាន​ស្ថានការណ៍​នៅ​ប្រទេស​ថៃ ហ្នឹង​ឲ្យ​បាន​ស្រួលបួល ដែល​អាច​ភាគី​ទាំង​ពីរ​ជួប​ចរចា​គ្នា​ដើម្បី​អនុវត្ត​សាល​ដីកា​ឲ្យ​រលូន​ក្នុង​ភាព​ជា​អ្នក​ជិត​ខាង​គ្នា»

លោក​បញ្ជាក់​ថា សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ គឺ​ជា​ច្បាប់​អន្តរជាតិ​ដែល​មិន​មាន​អាជ្ញាយុកាល។ នោះ​មាន​ន័យ​ថា ដរាប​ណា​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ​សេចក្តី​សម្រេច​របស់​តុលាការ នៅ​តែ​មាន​សុពលភាព។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​អះអាង​ថា ក្នុង​កាលៈទេសៈ​ប្រទេស​ថៃ កំពុង​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​រដ្ឋ​ប្រហារ​ដែល​ជា​រដ្ឋាភិបាល​ខុស​ច្បាប់​នោះ កម្ពុជា ក៏​មិន​ចាំបាច់​អង្វរ​ឲ្យ​ថៃ អនុវត្ត​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​រួម​គ្នា​នោះ​ទេ ពីព្រោះ​នៅ​ពេល​រដ្ឋាភិបាល​ថៃ ស្រប​ច្បាប់​ឡើង​កាន់​អំណាច អាច​មិន​ទទួល​ស្គាល់​ការ​អនុវត្ត​សាល​ដីកា​នោះ។

សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្វី​ដែល​សំខាន់​ចំពោះ​មុខ​សម្រាប់​បូរណភាព​ទឹក​ដី​នៅ​ពេល​នេះ គឺ​កម្ពុជា ត្រូវ​ពង្រឹង​សមត្ថភាព​កងទ័ព​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ ដើម្បី​ចាំ​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​ផ្នែក​យោធា​ពី​ប្រទេស​ថៃ៖ «ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​ហ្នឹង​ទទួល​ស្គាល់ រដ្ឋាភិបាល​ថ្មី​មក​ថា​អត់​ដឹង ពីព្រោះ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan Ocha) គឺ​ជា​រដ្ឋាភិបាល​រដ្ឋ​ប្រហារ គេ​អត់​ទទួល​ស្គាល់។ អ៊ីចឹង​ប្រទេស​ថៃ ពូកែ​ធ្វើ​ពើ ថ្នាក់ អាយ.ស៊ី.ជេ បកស្រាយ ស្ដេច​ថៃ បាន​ចុះ​ហត្ថលេខា​ជាមួយ​បារាំង-សៀម ក៏ដោយ ក៏​វា​នៅ​ធ្វើ​មិន​ដឹង​ធ្វើ​មិន​ឮ ចុះ​ទម្រាំ​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់ វា​នឹង​មិន​ទទួល​ស្គាល់។ ហើយ​ចំណុច​មួយ​ទៀត​ក្នុង​ចំណោម​ចំណុច​ហ្នឹង​ដដែល ថៃ នឹង​អាច​ប្រើប្រាស់​ជាតិ​និយម បង្វែរ​រឿង​រដ្ឋ​ប្រហារ​មក​អូស​បន្លាយ​រឿង​ប្រាសាទ​ព្រះវិហារ​ហ្នឹង វា​នឹង​បង្កើត​មាន​សង្គ្រាម»

កម្ពុជា និង​ថៃ បាន​ផ្ទុះ​សង្គ្រាម​ព្រំដែន​ជាមួយ​គ្នា​ក្រោយ​ពី​ប្រាសាទ​ដែល​មាន​អាយុ​កាល​ជាង ១​ពាន់​ឆ្នាំ​មួយ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សម្រាប់​មនុស្ស​ជាតិ កាល​ពី​ឆ្នាំ​២០០៨។

ភាគី​ថៃ បាន​ប្រឹងប្រែង​សំអាង​លើ​ផែនទី​ជា​ឯកតោ​ភាគី​ថា ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​ជា​ទី​ដី​របស់​ខ្លួន។ ប៉ុន្តែ​ភាគី​កម្ពុជា ពុំ​ទទួល​ស្គាល់​ថា​មាន​តំបន់ ៤,៦ នោះ ជា​កម្មសិទ្ធិ​របស់​ថៃ ឡើយ។

នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៨ ប្រទេស​ថៃ បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​រាប់​រយ​នាក់​ចូល​លុក​លុយ​វត្ត​កែវសិក្ខាគីរីស្វារៈ ក្នុង​ទឹក​ដី​ខ្មែរ ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ផ្ទុះ​ឡើង។ ចាប់​តាំង​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ថា ប្រទេស​កម្ពុជា មាន​អធិបតេយ្យ​ភាព​លើ​ដែនដី​ទាំង​មូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​មក គេ​នៅ​មិន​ទាន់​ឃើញ​ភាគី​កម្ពុជា និង​ភាគី​ថៃ ធ្វើ​ការ​ចរចា​គ្នា​ជា​ដុំ​កំភួន ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​នៅ​ឡើយ​ទេ។

តុលាការ​អន្តរជាតិ​មួយ​នេះ បាន​សម្រេច​ឲ្យ​ភាគី​ថៃ ដក​កង​កម្លាំង​ប្រដាប់​អាវុធ មាន​ទាហាន ប៉ូលិស និង​ឆ្មាំ​ប្រាសាទ​ទាំងអស់ ចេញ​ពី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​កាត់​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ករណី​ប្រាសាទ​ព្រះវិហារ​លើ​ប្រទេស​ថៃ កាល​ពី​រាជការ​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​ព្រំដែន​អះអាង​ថា កងទ័ព​ថៃ កំពុង​មាន​វត្តមាន​លើ​ទឹក​ដី​កម្ពុជា នៅ​ឡើយ ជាពិសេស​នៅ​តំបន់​សម្បុក​ឃ្មុំ តំបន់​ប្រាសាទ​ព្រះវិហារ ដែល​មាន​ទាហាន​ថៃ ប្រាំ​នាក់ និង​ទាហាន​ខ្មែរ​ប្រាំ​នាក់ កំពុង​ប្រចាំ​ការ​នៅ​ទីនោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវេសន៍ (Norway) លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា ចំណុច​ដ៏​សំខាន់​ចំពោះ​មុខ​សម្រាប់​កម្ពុជា នៅ​ពេល​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាគី​ថៃ ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ និង​សង​ការ​ខូចខាត​ប្រាសាទ​បុរាណ​មួយ​នេះ​ពី​ការ​បាញ់​បំផ្លាញ​របស់​ថៃ កាល​ពី​ឆ្នាំ​២០០៨៖ «ថៃ ត្រូវ​តែ​ដក​កងទ័ព​ជា​បន្ទាន់​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ភាគី​ថៃ ត្រូវ​តែ​សង​លើ​ការ​ខូចខាត​ទាំង​ឡាយ​ណា​ដែល​ខ្លួន​បាញ់​ប្រហារ​មក​លើ​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ​២០០៨។ អា​ហ្នឹង​ជា​ចំណុច​ដែល​យើង​ចង់​បាន»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ និង​តាម​សារ​អ៊ីមែល​ពី​ស្ថានទូត​ថៃ ប្រចាំ​ក្នុង​ទីក្រុង​ភ្នំពេញ ជុំវិញ​ករណី​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ នោះ​ដែរ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល