មន្ត្រីគណបក្សប្រជាជនកម្ពុជា អះអាងថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ នឹងមិនថយក្រោយឡើយ។ ការបញ្ជាក់ជំហរជាថ្មីទៀត របស់មន្ត្រីបក្សកាន់អំណាចនេះ ធ្វើឡើងបន្ទាប់ពីសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលកាលពីថ្ងៃទី១៧ កុម្ភៈ ស្នើបក្សកាន់អំណាចមិនឲ្យអនុម័តវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
ការស្នើរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនេះ នៅមុនពេលរដ្ឋសភាគ្រោងបើកការប្រជុំ នៅថ្ងៃចន្ទ ទី២០ កុម្ភៈ ដើម្បីធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលអាចឈាន ដល់ការរារាំងមេបក្សប្រឆាំង មិនឲ្យចូលរួមដឹកនាំការប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខ។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត លើកឡើងថា ខ្លឹមសារនៃមាត្រាមួយចំនួននៃសេចក្ដីស្នើច្បាប់ គឺមិនស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិចូលរួម សកម្មភាពក្នុងជីវភាពនយោបាយ សេរីភាពបង្កើតគណបក្សនយោបាយ និងសេរីភាពបញ្ចេញមតិ។ បន្ថែមពីលើនេះ សេចក្ដីស្នើច្បាប់ក៏បង្ហាញពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល នៃបក្សកាន់អំណាចក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយផ្សេងៗ និងរឹតត្បិតសកម្មភាព នយោបាយរបស់គណបក្ស និងឈានដល់ការរំលាយគណបក្សនយោបាយទៀតផង។
ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួន សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបញ្ជាក់ថា នៅពេលដែល ការបោះឆ្នោតកាន់តែខិតចូលមកដល់ បក្សកាន់អំណាចមិនត្រូវធ្វើវិសោធនកម្មច្បាប់ គណបក្សនយោបាយដោយឯកបក្សនោះទេ។
ទោះជាយ៉ាងណា មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា នឹង មិនមានដកថយចំពោះការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះឡើយ។ លោកថា ការស្នើធ្វើវិសោធនកម្មច្បាប់នេះគឺធ្វើតាមនីតិវិធីត្រឹមត្រូវ ហើយការអនុម័តវិសោធនកម្មច្បាប់ នៅពេលខាងមុខ គឺធ្វើឡើងក្នុងកិច្ចប្រជុំសភាពេញអង្គ ដែលគណបក្សមានអាសនៈក្នុងរដ្ឋសភា អាចចូលរួមបាន ប៉ុន្តែបើបក្សប្រឆាំងមិនចូលរួម លោកថា វាជារឿងរបស់បក្សប្រឆាំង៖ «ពីព្រោះទុកច្បាប់ហ្នឹងអនុវត្ត២០ឆ្នាំហើយ វាកើតឡើងបញ្ហាមួយចំនួនមិនស្របតាម សភាពការណ៍ថ្មី ហើយទុកដល់ណាទៀត យើងបង្កើតច្បាប់នេះមិនមែនសំដៅ លើបក្សប្រឆាំងមួយទេ គឺសម្រាប់គណបក្សទាំងអស់ដែលមាននៅកម្ពុជា៧១ គណបក្សហ្នឹង គឺត្រូវទទួលខុសត្រូវក្នុងការអនុវត្តទាំងអស់ ហើយមិនមែនជាការរឹតត្បិតសិទ្ធិ សេរីភាពគណបក្សនយោបាយទេ តែផ្ទុយទៅវិញគឺជាការការពារសិទ្ធិសេរីភាពគណបក្ស នយោបាយដែលមាននៅក្នុងសង្គមកម្ពុជាផង និងក្នុងការប្រកួតប្រជែងការបោះឆ្នោតផង»។
សេចក្ដីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយ ធ្វើឡើងដោយតំណាងរាស្ត្របក្សកាន់អំណាច ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចង់ឲ្យមានការកែប្រែច្បាប់ គណបក្សនយោបាយដែលរារាំងមិនឲ្យប្រធានបក្សប្រឆាំងចូលរួមដឹកនាំការប្រកួតប្រជែង និង ឈានដល់ការរំលាយគណបក្ស បើមេបក្សមានទោស។
ការថ្លែងចង់កែប្រែច្បាប់នេះ ស្របពេលដែលលោក ហ៊ុន សែន ដឹងថា មេបក្សប្រឆាំងលោក សម រង្ស៊ី កំពុងហ៊ុមព័ទ្ធទៅដោយបណ្ដឹងជាច្រើននៅតុលាការ។ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត មើលឃើញថា ការកែប្រែច្បាប់នេះ គឺជាចេតនារារាំង ឬបំបិទការចូលរួមសកម្ម និងការប្រកួតប្រជែងរបស់គណបក្សនយោបាយក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ខាងមុខ។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បញ្ជាក់ថា ច្បាប់ស្ដីពីគណបក្សនយោបាយត្រូវគោរពសិទ្ធិ សេរីភាពខាងនយោបាយ និងការប្រកួតប្រជែងនៃគណបក្សនយោបាយ ស្របតាមការបោះឆ្នោតដោយសេរី យុត្តិធម៌ និងប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អង្គការសហប្រជាជាតិត្រូវបន្តធានានិងគោរព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
