HRWថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ធ្វើឱ្យការគ្រប់គ្រងបែបផ្ដាច់ការរបស់លោក ហ៊ុន សែន ក្លាយជាស្របច្បាប់
2020.04.02

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យឃើញថា វិបត្តិជំងឺកូវីដ-១៩ បានក្លាយទៅជាលេសសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការស្វះស្វែងរកអំណាចផ្ដាច់ការគ្មានដែនកំណត់ ដើម្បីបង្ក្រាបក្រុមអ្នករិះគន់។ អំណាចផ្ដាច់ការគ្មានដែនកំណត់នោះ គឺច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដែលនឹងបើកផ្លូវឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន រឹតត្បិតសេរីភាពនយោបាយ និងសេរីភាពពលរដ្ឋ ហើយតម្រង់ឆ្ពោះទៅរកក្រុមអ្នកការពារសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នកធ្វើការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា លុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលផ្ដល់អំណាចច្រើនលើសលប់ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដកហូតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) មានប្រសាសន៍តាមសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២ មេសា ថា សូម្បីតែនៅមុនពេលការរាតត្បាតនៃមេរោគកូរ៉ូណា លោក ហ៊ុន សែន បានជាន់ឈ្លីសិទ្ធិមនុស្សរួចទៅហើយ ដូច្នេះអំណាចពេញដៃ គ្មានការត្រួតពិនិត្យ និងគ្មានដែនកំណត់ដែលមានចែងក្នុងពង្រាងច្បាប់នេះ គឺជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ពលរដ្ឋខ្មែរ និងម្ចាស់ជំនួយ។ លោកយល់ថា ជំនួសឱ្យការធ្វើច្បាប់ការពារសុខភាពសាធារណៈ រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ជាលេសអនុវត្តអំណាចផ្ដាច់ការរលើគ្រប់ទិដ្ឋភាពទាំងអស់ នៃជីភាពសេដ្ឋកិច្ច សង្គម នយោបាយ និងពលរដ្ឋ ដោយមិនកំណត់រយៈពេល ឬមិនមានយន្តការត្រួតពិនិត្យមើលលើការរំលោភអំណាចនោះឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មើលឃើញថា សេចក្តីព្រាងច្បាប់នេះមានចំណុចជាច្រើនដែលមិនច្បាស់លាស់ និងចែងក្នុងន័យទូលាយពេក ដែលអាចនឹងរំលោភលើសិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ ជាពិសេសនៅត្រង់មាត្រាទី៥ ស្ដីពីវិធានការដែលរដ្ឋាភិបាលអាចដាក់ចេញដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
មាត្រាទី៥ នៃពង្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នបានផ្ដល់សិទ្ធិអំណាចយ៉ាងច្រើនលើសលប់ដល់រដ្ឋាភិបាលក្នុងការកម្រិតសេរីភាពដើរហើរ ការជួបប្រជុំ និងការប្រមូលផ្តុំគ្រប់ប្រភេទ។ ជាមួយគ្នានេះ មាត្រានេះបើកដៃឱ្យរដ្ឋាភិបាលអាចត្រួតពិនិត្យតាមមធ្យោបាយទំនាក់ទំនងទូរគមនាគមន៍ដោយគ្មានដែនកំណត់ ដូចជាការលួចស្ដាប់តាមទូរស័ព្ទ ព្រមទាំងអាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមផងដែរ។ ជាពិសេស មាត្រានេះផ្ដល់សិទ្ធិអំណាចដល់រដ្ឋាភិបាល ឱ្យធ្វើអ្វីក៏បានស្រេចតែអំពើចិត្ត រហូតដល់ការប្រើកងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតបនឹងស្ថានភាពដែលរដ្ឋាភិបាលចាត់ទុកថា ជាភាពអាសន្ន។ សំខាន់ជាងនេះទៅទៀតនោះ គឺថា បើរដ្ឋាភិបាលយល់ថា កាលៈទេសៈដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសក្នុងភាពអាសន្នបែបនេះ អាចធ្វើឡើងតាមរបបអាជ្ញាសឹកថែមទៀត។
ចំណែក មាត្រាទី១ និងទី៤ វិញ បើកសិទ្ធិឱ្យរដ្ឋាភិបាលអាចប្រើប្រាស់ច្បាប់នេះ នៅក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ទៀតផង ទៅតាមការយល់ឃើញរបស់រដ្ឋាភិបាល ហើយមាត្រាទី៣ វិញ ចែងថា ការដាក់ប្រទេសក្នុងភាពអាសន្នអាចធ្វើបានក្នុងពេលកំណត់ណាមួយ ឬក៏គ្មានពេលកំណត់ក៏បាន។ យោងតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ការដាក់ប្រទេសក្នុងភាពអាសន្នត្រូវតែមានភាពចាំបាច់ និងត្រូវតែមានកំណត់ពេលបញ្ចប់របស់វា។
អង្គការ Human Rights Watch ព្រួយបារម្ភជាខ្លាំងថា ច្បាប់នេះអាចត្រូវបានប្រើប្រាស់ខុសទិសដៅយ៉ាងងាយស្រួលជាទីបំផុតប្រឆាំងនឹងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល ពីព្រោះមាត្រា៧ និងមាត្រា៨ ចែងពីទោសបទបញ្ញត្តិធ្ងន់ធ្ងរ។ អ្នកដែលមិនអនុវត្តតាមវិធានការដាក់ចេញដោយចេញដោយរដ្ឋាភិបាលពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងប្រឈមការជាប់ពន្ធនាគារពី១ ខែដល់ ១០ឆ្នាំ ចំណែកអ្នករារាំង ឬបង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន នឹងប្រឈមការជាប់ពន្ធនាគារពី ១ ឆ្នាំដល់ ១០ឆ្នាំ។ ក្រៅពីនេះ ពួកគេអាចប្រឈមនឹងទោសព្រហ្មទណ្ឌដទៃទៀត។ ចំណុចនេះ ងាយនឹងត្រូវអាជ្ញាធរយកទៅប្រើលើអ្នករិះគន់រដ្ឋាភិបាលអំពីវិបត្តិជំងឺកូវីដ-១៩ ឬរឿងដទៃទៀត នៅពេលដែលប្រទេសត្រូវដាក់ក្នុងភាពអាសន្ន។
អង្គការ Human Rights Watch កត់សម្គាល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន បានដាក់ទិសដៅកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាយូរមកហើយ ដូច្នេះសេចក្ដីព្រាងច្បាប់នេះ ប្រសិនបើត្រូវបានអនុម័ត វាអាចនឹងធ្វើឱ្យអង្គការសង្គមស៊ីវិលភាគច្រើននៅកម្ពុជា ត្រូវក្ស័យធនយ៉ាងងាយស្រួល ពីព្រោះច្បាប់នេះតម្រូវឱ្យមានការបង់ផាកពិន័យជាប្រាក់រហូតដល់ ២៥ម៉ឺនដុល្លារអាមេរិក។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា លោកមិនធ្វើអត្ថាធិប្បាយលើឯកសារសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្នដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមនោះទេ ព្រោះមិនមែនចេញមកពីប្រភពផ្លូវការរបស់រដ្ឋាភិបាល។ តែយ៉ាងណាលោកថា ការធ្វើច្បាប់នេះមិនមែនជារឿងចម្លែកនោះទេ ព្រោះប្រទេសដទៃក៏មានច្បាប់នេះដូចគ្នា ហើយលោកថា ច្បាប់ដែលរដ្ឋាភិបាលកំពុងធ្វើនេះ គឺអនុលោមទៅតាមខ្លឹមសារនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ៖ «មុននឹងធ្វើការរិះគន់ សូម Human Rights Watch ពិនិត្យមើលទៅលើច្បាប់ដាក់ប្រទេសទៅក្នុងស្ថានភាពអាសន្នរបស់បណ្ដាប្រទេសដទៃទៀតថា តើច្បាប់ណាដែលមិនមានរឹតត្បិត និងកំហិតសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅក្នុងស្ថានភាពគ្រាអាសន្ន? ហើយសម្រាប់កម្ពុជា ការរៀបចំច្បាប់នេះ គឺដើម្បីប្រយោជន៍សាធារណៈ ប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស ហើយការធ្វើនេះ គឺផ្អែកទៅលើគោលការណ៍ច្បាប់ និងសិទ្ធិមនុស្សអន្តរជាតិ ក៏ផ្អែកទៅលើការអនុវត្តរបស់បណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ»។
ផ្ទុយពីការអះអាងនេះ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊ែដ អាដាមស៍ កត់សម្គាល់ថា ចាប់តាំងពីការផ្ទុះរាលដាលជាសាកលនៃជំងឺកូវីដ-១៩ មក លោក ហ៊ុន សែន បានបដិសេធ ឬមើលស្រាល ហានិភ័យដែលនឹងកើតឡើងនៅកម្ពុជា បង្កឡើងដោយមេរោគកូរ៉ូណា។ ប៉ុន្តែជំនួសមកវិញ លោក ហ៊ុន សែន បែរជាប្រឹងធ្វើខ្លួនតាមមេដឹកនាំផ្ដាច់ការដទៃទៀត ដែលកំពុងយកវិបត្តិជំងឺកូវីដ-១៩ ជាឈ្នាន់ឈានទៅពង្រឹងអំណាចរបស់ពួកគេទៅវិញ។ លោកមើលឃើញថា ចន្លោះប្រហោងដ៏ធំដែលអាចជាហានិភ័យផ្នែកសិទ្ធិមនុស្សនោះ គឺសេចក្ដីព្រាងច្បាប់នេះ មិនបានដាក់បញ្ចូលយន្តការត្រួតពិនិត្យលើការប្រើអំណាចពេញដៃទាំងស្រុងរបស់រដ្ឋាភិបាលឡើយ។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះយល់ឃើញថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ នឹងជួយលោក ហ៊ុន សែន ឱ្យគ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការយូរអង្វែងតទៅទៀត ជាពិសេសគឺវានឹងធ្វើឱ្យការដឹកនាំបែបផ្ដាច់ការរបស់គាត់ក្លាយជាស្របច្បាប់ និងមានលក្ខណៈផ្លូវការ។
លោក ប្រ៊ែដ អាដាមស៍ សង្កត់ធ្ងន់ថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សត្រូវតែរំឭកលោក ហ៊ុន សែន ថា ប្រសិនបើគាត់ចង់ដកហូតសិទ្ធិជាក់លាក់មួយចំនួនបែបនេះ គាត់ត្រូវតែជូនដំណឹងទៅគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តាមច្បាប់របស់អង្គការសហប្រជាជាតិ។ ប៉ុន្តែ ចូរចាំថា ទោះជាមាន ឬគ្មានជំងឺឆ្លងរាតត្បាតក៏ដោយ ក៏សិទ្ធិជាច្រើនផ្សេងទៀតមិនអាចដកហូតបានដែរ ហើយកម្ពុជានៅតែត្រូវគោរពសន្យារបស់ខ្លួនក្នុងការអនុវត្តតាមច្បាប់អន្តរជាតិដដែល។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរីថា គិតត្រឹមរសៀលថ្ងៃទី០២ មេសា រដ្ឋសភាមិនទាន់ទទួលបានសេចក្ដីព្រាងច្បាប់នេះនៅឡើយទេ។ អគ្គលេខាធិការរដ្ឋសភារូបនេះបញ្ជាក់ថា ទោះជាសេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័តហើយក៏ដោយ គឺទាល់តែព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្នសិន ទើបច្បាប់នេះអាចអនុវត្តបាន៕