HRW ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន​នឹង​ក្លាយ​ជា​មហន្តរាយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

0:00 / 0:00

0:00 / 0:00

សេចក្ដី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ដែល​របប​លោក ហ៊ុន សែន ធ្វើឡើង​ដោយ​ប្រញាប់ប្រញាល់ អំឡុង​វិបត្តិ​ជំងឺ​កូវីដ​-១៩ នេះ បាន​ក្លាយ​ជា​ច្បាប់​ពេញលេញ​ហើយ កាល​ថ្ងៃ​ទី​២៩ មេសា ម្សិលមិញ ប៉ុន្តែ​ដើម្បី​ឱ្យ​អនុវត្ត​ច្បាប់​នេះ​បាន គឺ​ចាំបាច់​ទាល់តែ​ព្រះមហាក្សត្រ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាមុន​សិន។

ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន មិនទាន់​អាច​យក​មក​អនុវត្ត​បាន​នៅ​ឡើយ​ទេ ពីព្រោះ​ព្រះមហាក្សត្រ​ដែល​កំពុង​គង់​នៅ​ប្រទេស​ចិន មិន​ទាន់​បាន​ប្រទាន​ដំណឹង​អំពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នៅឡើយ គិត​ត្រឹម​ថ្ងៃ​ទី​៣០ មេសា។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ដឹង​ថា តើ​ច្បាប់​នេះ​នឹង​ត្រូវ​យក​មក​ប្រើ​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​-១៩ ដែរ ឬក៏​យ៉ាងណា​នោះ​ទេ ពីព្រោះ​វា​អាស្រ័យ​លើ​ការ​សម្រេច​រួមគ្នា​របស់​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី៖ «យើង​មិន​អាច​ដឹង​បានទេ ក៏ប៉ុន្តែ​បើ​ឥស្សរជន​ទាំង​៣ រូប​ហ្នឹង សម្រេច​ថា កាលៈទេសៈ​ហ្នឹង​គ្រោះថ្នាក់ ចាំបាច់​ត្រូវ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន គឺ​ក៏​ធ្វើឡើង​ដើម្បី​ការពារ​ផលប្រយោជន៍ និង​អាយុជីវិត​របស់​ប្រទេសជាតិ​ដែរ»។

ទោះជា​យ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ហើយ​ថា មាន​ភាគរយ​តិច​បំផុត​ដែល​ច្បាប់​នេះ​នឹង​ត្រូវ​យក​មក​ប្រើ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​-១៩​។ តែ​លោ​កថា បើ​សភាពការណ៍​ស្រុកទេស​គ្រប់គ្រង​លែង​បាន​នៅ​ពេល​ណាមួយ​នោះ លោក​នឹង​ប្រើ​ច្បាប់​នេះ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) សំដែង​ក្តី​បារម្ភ​ថា ច្បាប់​ថ្មី​នេះ​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រោះ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ត្រូវ​បាន​ដកហូត​។ លោក​ថ្លែង​ទៀត​ថា ច្បាប់​នេះ​នឹង​បើកដៃ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គាបសង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ មាន​ដូចជា ការ​បញ្ចេញ​មតិ ការ​ជួប​ប្រជុំ និង​ការ​ប្រមូល​ផ្តុំ​ជាដើម។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បកស្រាយ​ថា ការ​កម្រិត​សិទ្ធិ​សេរីភាព​នេះ មាន​គោលដៅ​ធានា​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ប៉ុណ្ណោះ៖ «ខ្ញុំ​មិន​មាន​អ្វី​ឆ្លើយតប​ទេ ពីព្រោះ​អ្នកណា​ក៏​គេ​ដឹង​ដែរ​ពី​ជំហរ​នយោបាយ​របស់ Human Rights Watch នេះ ក៏ប៉ុន្តែ​សុំ Human Rights Watch ឆ្លើយ​បញ្ជាក់​មកវិញ​ថា តើ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​ណា​ដែល​មិន​មាន​ច្បាប់​គ្រប់គ្រង​ប្រទេស​គេ​ក្នុង​គ្រាអាសន្ន​ ? ហើយ​ច្បាប់​ទាំងនោះ តើ​ច្បាប់​មួយ​ណា​ដែល​មិន​មាន​​ការ​កំហិត​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​ជា​ប្រយោជន៍​រួម ប្រយោជន៍​សាធារណៈ​ក្នុង​ស្ថានភាព​នៃ​គ្រាអាសន្ន​បែបនេះ ?»។

អង្គការ Human Rights Watch ទទួលស្គាល់ នៅ​ក្នុង​បរិបទ​នៃ​ការ​គំរាម​កំហែង​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ និង​គ្រោះអាសន្ន​សាធារណៈ​ប៉ះពាល់​ដល់​អាយុជីវិត​ជាតិ ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​អនុញ្ញាត​ឱ្យ​មានការ​រឹតត្បិត​ខ្លះ​មែន ក៏ប៉ុន្តែ​ករណី​នោះ​ទាល់តែ​ចាំបាច់​បំផុត និង​ស្របតាម​មូលដ្ឋាន​ច្បាប់​។ ជាពិសេស ការ​ដាក់​ចេញ​វិធានការ​នោះ ត្រូវ​តែ​មាន​ភស្តុតាង​ជា​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​មិន​អាច​ធ្វើតាម​ទំនើងចិត្ត ឬ​រើសអើង​នោះ​ទេ​។ ការ​រឹតត្បិត​នោះ​ទៀតសោត ត្រូវតែ​កំណត់​ពេលវេលា​ជាក់លាក់ គោរព​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ព្រមទាំង​សមាមាត្រ​នឹង​រឿងហេតុ​ជាក់ស្ដែង​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។