លោក ហ៊ុន សែន ថា ​នឹង​ដោះ​លែង​អ្នក​ទោស​ច្រើន​នាក់ រួម​ទាំង​សកម្មជន​បក្ស​ប្រឆាំង ១២នាក់ ដរាប​ណា​គ្មាន​ការ​រិះគន់​ថា ​ដោះលែង​​ព្រោះ​សម្ពាធ​អន្តរជាតិ

0:00 / 0:00

មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាសថា លោក​គ្រោង​ស្នើសុំ​ឱ្យ​មាន​ការ​លើក​លែង​ទោស​ទ្រង់ទ្រាយ​ធំ​ដល់ទណ្ឌិត នៅពេលខាងមុខនេះ ដែលក្នុងនោះក៏អាចមានអ្នក​ទោស​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១២​នាក់​ផង​ដែរ។ ក៏​ប៉ុន្តែ​លោក​ថា ការ​ស្នើសុំ​នេះ គឺ​ដរាប​ណា​គ្មាន​ការ​លើក​ឡើង​ថា កើត​ឡើង​ដោយសារ​សម្ពាធ​ពី​អន្តរជាតិ។ អ្នកវិភាគ​យល់​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺ​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ករណី​ផ្លូវ​ច្បាប់​ប្រឆាំង​សកម្មជន​ទាំង​នោះ ស្ថិត​ក្នុង​សេណារីយ៉ូ​នយោបាយ ដែល​លោក ហ៊ុន សែន បាន​គូសវាស​រួច​ទៅ​ហើយ។

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក ហ៊ុន សែន ប្រកាសថា ការ​លើក​លែង​ទោស​ណាមួយ ដែល​អាច​កើត​មាន​ឡើង​ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នោះ គឺ​ជា​ការ​សណ្តោស​ប្រណី ដែល​ចេញ​ពី​ចិត្ត​ធម៌​របស់​លោក មិនមែន​ជា​រឿង​ការ​គាប​សង្កត់​ពី​អន្តរជាតិ​ឡើយ។ លោក​ថា បើ​នៅ​តែ​មាន​អ្នក​ធ្វើ​អត្ថាធិប្បាយ​ថា ការ​ដោះលែង​ផ្តើម​ចេញ​ពី​សម្ពាធ​អន្តរជាតិ​នោះ គឺ​ត្រូវ​ឃុំ​ខ្លួន​សកម្មជន​បក្ស​ទាំង​នោះ​បន្ត​ទៅ​ទៀត រហូត​ដល់​ពួក​គេ​ថ្កោល​ទោស​អ្នក​ធ្វើ​អត្ថាធិប្បាយ​ទាំង​នោះ​វិញ។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​ក្រុមកម្មកររោងចក្រជាង ១ ម៉ឺននាក់ នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល៖ «»

លោក ហ៊ុន សែន ក៏បានជេរប្រទេច​អ្នក​ដែល​លើក​ឡើង​ថា ការ​ចាប់​ខ្លួន ឬ​ដោះ​លែង​ស្ថិត​ក្នុង​ដៃ​របស់​លោក​ផង​ដែរ។ លោក​បញ្ជាក់​ថា រឿង​នេះ​ជា​អំណាច​ស្រប​ច្បាប់ ដែល​លោក​មាន​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី ហើយ​ដោយសារ​តែ​មាន​ការ​ស្នើសុំ​របស់​លោក ទើប​ព្រះមហាក្សត្រ​មាន​សិទ្ធិ​ឡាយ​ព្រះហស្ថ​លេខា​លើក​លែង​ទោស​ដល់​អ្នក​ជាប់​ឃុំ​ទាំង​នោះ៖ «»

របបលោក ហ៊ុន សែន បាន​ដោះ​លែង​អ្នកទោស​មនសិការ​ជា​បន្ត​បន្ទាប់ រួម​មាន អ្នកវិភាគ​នយោបាយ លោក គឹម សុខ សកម្មជន​ការពារ​សិទ្ធិ​ដី​ធ្លី​អ្នកស្រី ទេព វន្នី ព្រម​ទាំង​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន ក្រោយ​ក្រសោប​យក​បាន​អាសនៈសភា​ទាំង​ស្រុង​ពី​ការ​បោះឆ្នោតបែបបង្គ្រប់កិច្ចកាលពីចុងខែកក្កដា។ ទោះជាយ៉ាងណា អ្នកទោស​នយោបាយ​ជា​ច្រើន​រូប​ទៀត រួមមាន លោក កឹម សុខា លោក អ៊ំ សំអាន លោក មាជ សុវណ្ណរ៉ា និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ដទៃ​ទៀត មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ ទោះ​បី​ជា​ពួក​គេ​ខ្លះ​បាន​ធ្វើ​លិខិត​សុំ​ទោស​លោក ហ៊ុន សែន រួច​ទៅ​ហើយ​ក្តី។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ ថ្លែងថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ ស្តែង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា សំណុំរឿង​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​ប្រឆាំង​នេះ ជា​យុទ្ធសាស្ត្រ​របស់​គណបក្សកាន់អំណាច។ លើសពីនេះ វាបង្ហាញថា តុលាការ ដែល​ជា​ស្ថាប័ន​យុត្តិធម៌​របស់​ជាតិ​នោះ ស្ថិត​ក្រោម​ឥទ្ធិពល​សឹង​ផ្តាច់​មុខ​របស់​អ្នក​កាន់​អំណាច ហើយ​ច្បាប់​ពិត​ប្រាកដ​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ មិន​មាន​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ។ លោក​ថ្លែង​ថា បញ្ហា​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ជា​ប្រទេស​នីតិមាត់ មិនមែន​ជា​នីតិរដ្ឋ​នោះ​ទេ៖ «»

ចំណែកអ្នកវិភាគនយោបាយ លោក គឹម សុខ វិញ យល់ឃើញថា អ្នកទាំង ១២រូប ដែល​អាច​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស​នោះ ទំនង​ជា​មន្ត្រី​នយោបាយ​ថ្នាក់​ក្រោម​របស់​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ មិន​អាច​ជា​មន្ត្រី​ថ្នាក់​កំពូល​របស់​គណបក្ស ដូច​ជា លោក កឹម សុខា នោះ​ឡើយ។ លោក​ជឿ​ថា បើ​ទោះ​ជា​ត្រូវ​បាន​ដោះ​លែង​ក្តី ក៏​សកម្មជន​ទាំង​នោះ​នឹង​គ្មាន​ឱកាស និង​សេរីភាព​ធ្វើ​នយោបាយ​បាន​ពេញលេញ​ដូច​ពី​មុន​ទៀត​ឡើយ៖ «»

ថ្នាក់ដឹកនាំ និងសកម្មជននយោបាយ​គណបក្ស សង្គ្រោះ​ជាតិ សរុប​ជិត ២០នាក់ ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ឆ្នាំ២០១៥ រហូត​មក។ ក្នុង​នោះ ពួក​គេ​ចំនួន ១៤នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៧ ដល់ ២០​ឆ្នាំ ពី​បទ​ដឹក​នាំ និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ២០១៤ កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។