សហព័ន្ធសហជីពអន្តរជាតិ ឬហៅជាភាសាអង់គ្លេសថា International Trade Union Confederation (ITUC) ថ្កោលទោសការកាត់ទោសមេដឹកនាំសហជីព ៦រូប ដោយតុលាការរបបក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ធ្នូ។
ក្នុងលិខិតផ្លូវការមួយច្បាប់ផ្ញើទៅកាន់មេដឹកនាំរបបភ្នំពេញ លោក ហ៊ុន សែន នៅថ្ងៃសុក្រ ទី ២១ ធ្នូ នេះ ប្រធានសហព័ន្ធសហជីពអន្តរជាតិ ITUC លោក អាយូបា វ៉ាបា (Ayuba Wabba) និងអគ្គលេខាធិការនៃសហព័ន្ធនេះ គឺអ្នកស្រី សារ៉ាន់ ប៊ូរូវ (Sharan Burrow) ជំរុញឲ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងមេសហជីពទាំង ៦រូបនេះ។ សហព័ន្ធសហជីពអន្តរជាតិ ITUC ក៏ចង់ឃើញរបបនេះ ធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីព ដែលរងការរិះគន់ដោយអង្គការការងារអន្តរជាតិ (ILO) និងស្ថាប័នសិទ្ធិមនុស្សអន្តរជាតិនានា។ សហព័ន្ធនេះថា ខ្លួននឹងបន្តតាមដានដោយយកចិត្តទុកដាក់ជុំវិញករណីនេះជាបន្តទៀត។
កាលពីថ្ងៃទី១១ ធ្នូ តុលាការក្រុងភ្នំពេញ បានកាត់ទោសមេដឹកនាំសហជីព ៦រូប ក្នុងនោះរួមមានលោក អាត់ ធន់ លោក ជា មុន្នី អ្នកស្រី យ៉ាង សោភ័ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និងអ្នកស្រី ម៉ម ញឹម ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ តែទោសនេះត្រូវព្យួរ ហើយបង្គាប់ឲ្យមេដឹកនាំសហជីពទាំង ៦រូបនេះ បង់សំណងជំងឺចិត្ត ៣៥លានរៀល ស្មើនឹងប្រមាណជិត ៩ពាន់ដុល្លារអាមេរិក ពាក់ព័ន្ធនឹងបទចោទប្រព្រឹត្តិអំពើហិង្សាដោយចេតនា កាលពីអំឡុងឆ្នាំ២០១៤ នៅមុខសួនកាណាឌីយ៉ា ផ្លូវវេងស្រេង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។