ក្រសួង​មហាផ្ទៃ​ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ មិន​មាន​បំណង​រឹតត្បិត​សិទ្ធិ​ជួបជុំ​ទេ

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ នៅ​មិន​ទាន់​អាច​បញ្ជាក់ លម្អិត​បាន​នៅឡើយ​ទេ អំពី​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា គោលបំណង​នៃ​ការ​បង្កើត​ច្បាប់​គឺ​ដើម្បី​សង្គម​ទាំងអស់​គ្នា។ ការ​លើកឡើង​នេះ បន្ទាប់​ពី​សង្គម​ស៊ីវិល និង​បក្ស​​ប្រឆាំង រិះគន់​ថា សេចក្តី​ព្រាងច្បាប់​នេះ បង្កើត​ឡើង​ដើម្បី​រឹតត្បិត​សេរីភាព និង​ការ​ប្រមូលផ្តុំ​របស់​ពលរដ្ឋ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ផាត សុផានិត ប្រាប់​អាស៊ីសេរី​ថា លោក​នៅ​មិន​អាច​ពន្យល់​លម្អិត​បានទេ​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ដោយសារ​លោក មិន​ទាន់​បាន​អាន​ច្បាប់​នេះ​លម្អិត​នៅឡើយ​។ ទោះយ៉ាង​ណា លោក​ថ្លែង​ថា រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​មិនមែន​បំណង​រឹតត្បិត​សេរីភាព​របស់​ពលរដុ្ឋ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ៖ « ខ្ញុំ​គិត​ថា​ការ​បើ​ការ​តាក់តែង​ច្បាប់ សុទ្ធ​តែ ដើម្បី​សង្គម​ទាំងអស់​គ្នា មិនមែន​ដូច​បំណង​គេ​ហ្នឹង​លើកឡើង​ហ្នឹង​ទេ ប៉ុន្តែ​តែ​គ្រាន់​ថា ខ្ញុំ​មិន​អាច​មាន​យោបល់​អី​ច្រើន​ដែរ​ជាង​ហ្នឹង សុំ​អធ្យាស្រ័យ​ដែរ ព្រោះ​ដូច​ថា ជំរាបជូន​អ៊ីចឹង ខ្ញុំ​ក៏​មិន​ទាន់​បាន​មើល​ខ្លឹមសារ​អស់​ដែរ​ណា អ៊ីចឹង​ក៏​ខ្ញុំ​សូម​ថា​មិន​មាន​យោបល់​អី​លើស​ពី​ហ្នឹង​ទេ សូម​អរគុណ​ណាស់ សូម​អរគុណ​ !»​។​

​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​មួយ​រូប​ទៀត គឺ​លោក ខៀវ សុភ័គ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល។ ចំណែក​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ប្រាប់​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​អ្វី​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ​ទេ ហើយ​បង្វែរ​ឱ្យ​អាស៊ីសេរី​ទៅ​សួរ​ក្រសួង​មហាផ្ទៃ​វិញ។សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​រៀបចំ​ដោយ​ក្រសួងមហាផ្ទៃ​យ៉ាង​សម្ងាត់​នោះ បាន​លេច​ធ្លាយ​ដល់ដៃ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃអាទិត្យ ទី​២៨ មិថុនា និង​ទទួលរង​ការ​រិះគន់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ មាន​ភាព​អវិជ្ជមាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​លំហ​សេរីភាព​បញ្ចេញមតិ ការ​ជួប​ប្រជុំ​របស់​ប្រជាពលរដ្ឋ​នៅ​ទីសាធារណៈ ដើម្បី​សម្តែង​មតិ​ដោយ​សន្តិវិធី​ជាដើម​។​

សេចក្ដីព្រាងច្បាប់​នោះ​មាន ៨​ជំ​ពួក និង ៤៨​មាត្រា ដោយ​បង្ហាញ​ពី​គោលបំណង​ធានា​ការគ្រប់គ្រង​សណ្ដាប់ធ្នាប់​សាធារណៈ ឱ្យ​មាន​របៀបរៀបរយ មាន​សោភ័ណភាព អនាម័យ បរិស្ថាន ភាព​ស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណី និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​។​

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ (LICADHO) លោក អំ សំអាត ទទួល​ស្គាល់​ថា មាន​មាត្រា​មួយ​ចំនួន​នៃ​សេចក្តីព្រាងច្បាប់​នេះ មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ និង​សង្គម​ដែរ ប៉ុន្តែ​លោក​ពិនិត្យ​ឃើញ​ថា មាន​មាត្រា​មួយចំនួន​ទៀត បាន​ផ្ដល់​សិទ្ធិ​អំណាច​ច្រើន​ដល់​អាជ្ញាធរ​។ លោក​ព្រួយបារម្ភ​ថា អាជ្ញាធរ អាច​ប្រើ​ច្បាប់​នេះ ជា​លេស​ក្នុង​ការ​បង្ក្រាប​លើ​ប្រជាពលរដ្ឋ អ្នក​រកស៊ី​តូចតាច​តាម​ចិញ្ចើមថ្នល់ ឬ​ក្រុម​ពលរដ្ឋ​ដែល​មាន​មុខរបរ​ក្រៅ​ប្រព័ន្ធ ព្រមទាំង​បង្ក្រាប​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ជាដើម៖ « យើង​ឃើញ​ហើយ​កន្លងមក ដូចជា​មិនទាន់​មាន​ច្បាប់​ហ្នឹង​កើតឡើង​ទេ យើង​មានតែ​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី ប៉ុន្តែ​យើង​មើល​ក្រុម​យុវជន​ជិះ​កង់ ឬក៏​ការ​ជួបជុំ​របស់​ក្រុមយុវជន​ផ្សេងៗ ត្រូវ​បាន​រារាំង​ទៅ​ហើយ អ៊ីចឹង​ទាក់ទង​ទៅ​និង​ច្បាប់​ហ្នឹង​ចេញ​មក ក្រែងលោ​មិន​មាន​ការ​បកស្រាយ​ណាមួយ​ច្បាស់លាស់​អាហ្នឹង​អាជ្ញាធរ​មូលដ្ឋាន​អាច​អនុ​វត្ថ​ទៅ​ធ្វើ​ឱ្យ​ប៉ះពាល់​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ទៀត​បាទ »

ចំណែក​ប្រធាន​ស្តីទី គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា រដ្ឋាភិបាល។ លោក ហ៊ុន សែន ​ធ្វើ​ច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​ដើម្បី​ជា​ឧបករណ៍​បង្ក្រាប​ពលរ​ដ្ឋ​ដែល​ចង់​តវ៉ា​ទាមទារ​សិទ្ធិសេរីភាព​របស់​ពួកគេ​ប៉ុណ្ណោះ៖ «សំ ណើ​រលោក ហ៊ុន សែន​ នេះ​គាត់​ចង់បាន​ច្បាប់ ដើម្បី​ឱ្យ​គាត់​ហ្នឹង​មាន​សិទ្ធ​ចែង​ក្នុង​ច្បាប់​ព្រៃផ្សៃ​នោះ​ឱ្យ​មក​បង្ក្រាប​ប្រជារាស្ត្រ ព្រោះ​គាត់​ដឹង​ថា ប្រជារាស្ត្រ​ច្បាស់​ជា​ងើប​តតាំង​របប​ផ្តាច់ការ​របស់​គាត់​ក្នុង​ពេល​ខាងមុខ​ឆាប់ៗ​ នេះ »

ក្រុម​អង្គការ​សង្គម​ស៊ីវិល កត់​សម្គាល់​ថា សេរីភាព​ខាង​ការ​ជួបប្រជុំ​តវ៉ា​របស់​ប្រជាពលរដ្ឋ រង​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ចាប់តាំង​ពី​ក្រោយ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​។ ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ជារឿយៗ​ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ និង​បំបែក ហើយ​ពេលខ្លះ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា ដោយ​អាជ្ញាធរ​តែងតែ​លើក​ហេតុផល​សកម្មភាព​ទាំងនោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​សាធារណៈ​។ ករណី​ថ្មីៗ​ នេះ សូម្បីតែ​យុវជន​បី​ទៅ​បួន​នាក់​នាំគ្នា​ជិះ​កង់​ផ្សព្វផ្សាយ​អំពី​កោះកុង​ក្រៅ ក៏​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​ដែរ។

ទោះជា​យ៉ាងណា នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ស្នើសុំ​ឱ្យ​ក្រសួង​មហាផ្ទៃ ឬ​រដ្ឋាភិបាល បើក​ឱ្យ​ការពិគ្រោះ​យោបល់​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​នេះ​ឱ្យ​បាន​ពេញលេញ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួមមាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាដើម ដើម្បី​ឱ្យ​ច្បាប់​នេះ ក្លាយ​ជា​ច្បាប់​ល្អ និង​ផ្តល់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ និង​សង្គម​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។