ក្រសួងយុត្តិធម៌ប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលដំបូងរាជធានីខេត្ត ចាប់ពីថ្ងៃទី១៨ ឧសភា នេះតទៅ។ មន្ត្រីសិទ្ធិមនុស្សសាទរចំពោះយុទ្ធនាការនេះ ប៉ុន្តែពួកគេថា ក្រសួងត្រូវធ្វើកំណែទម្រង់ជាច្រើនទៀត ដើម្បីស្តារទំនុកចិត្តរបស់ពលរដ្ឋលើវិស័យយុត្តិធម៌។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ អះអាងនៅក្នុងសន្និសីទសារព័ត៌មានថា យុទ្ធនាការនេះមានគោលបំណងពន្លឿនការរកយុត្តិធម៌ជូនពលរដ្ឋ លើកកម្ពស់គុណភាពរបស់ស្ថាប័នតុលាការ និងរួមចំណែកកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
លោក កើត រិទ្ធ ឱ្យដឹងទៀតថា ក្រសួងបានបង្កើតក្រុមការងារចំនួន៤ ដើម្បីគ្រប់គ្រងតំបន់គោលដៅផ្សេងៗគ្នា ដោយក្រុមការងារនីមួយៗត្រូវជួយដោះស្រាយបញ្ហាប្រឈម និងគាំទ្រផ្នែកបច្ចេកទេសដល់តុលាការគ្រប់ខេត្តក្រុង។ លោកសង្កត់ធ្ងន់ថា អ្នកដោះស្រាយការកកស្ទះសំណុំរឿង គឺជាព្រះរាជអាជ្ញា និងចៅក្រម មិនមែនជាក្រុមការងាររបស់ក្រសួងយុត្តិធម៌នោះទេ៖ «បញ្ហាគាំទ្រផ្នែកបច្ចេកទេស ផ្នែកច្បាប់ ផ្នែកសម្ភារៈ ផ្នែកអ្វីហ្នឹង ក្រសួងអាចមាន ក្រសួងជួយទៅទៀត។ អ៊ីចឹងក្រសួងជួយនេះ គឺមានតែការជួយទេ មិនជ្រៀតជ្រែកទៅដល់ឆន្ទានុសិទ្ធិ ឬក៏ចំណាត់ការ ឬក៏ការសម្រេចរបស់ចៅក្រមទៅតាមនីតិវិធីទេ»។
លោក កើត រិទ្ធ អះអាងថា បច្ចុប្បន្ននេះ សំណុំរឿងដែលកំពុងស្ថិតក្នុងដំណាក់កាលសាលាដំបូងរាជធានីខេត្ត មានចំនួនជិត ៤ម៉ឺនសំណុំរឿង ហើយនេះមិនទាន់រាប់បញ្ចូលសំណុំរឿងស្ថិតនៅដំណាក់កាលសាលាឧទ្ធរណ៍ និងតុលាការកំពូលនៅឡើយទេ។ លោកថា ការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនេះ គឺជាអាទិភាពរបស់ក្រសួង ហើយយុទ្ធនាការដោះស្រាយបញ្ហានេះ ត្រូវអនុវត្តដោយភាពម៉ឺងម៉ាត់ ឈរលើមូលដ្ឋានច្បាប់ សុចរិតភាព ស្មោះត្រង់ និងមិនពុករលួយ៖ «ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ដោយការធ្វេសប្រហែសណាមួយ បានប្រព្រឹត្តដោយខុសច្បាប់ ឬបានឆ្លៀតឱកាសនៃយុទ្ធនាការនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នឹងត្រូវកត់ត្រាទុកជាកំហុសដែលត្រូវឆ្លើយតបដោយម៉ឺងម៉ាត់ និងដាច់ខាត ជាមួយនឹងការទទួលខុសត្រូវទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកផ្លូវច្បាប់ ហើយក្រសួងយុត្តិធម៌នៅទីនេះ សូមប្រកាសជូនថា ជំហរនេះជាជំហរដាច់ខាតរបស់ក្រសួងក្នុងការអនុវត្តយុទ្ធនាការ»។
រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ ដែលមានស្នាដៃធ្វើច្បាប់រំលាយបក្សសង្គ្រោះជាតិរូបនេះ ស្នើឱ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចូលរួមធ្វើការជាមួយក្រសួងក្នុងយុទ្ធនាការនេះ ដើម្បីកុំឱ្យខុសច្បាប់ និងចៀសវាងការលូកដៃចូលក្នុងកិច្ចការតុលាការ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា អង្គការសង្គមស៊ីវិលគ្មានសិទ្ធិអំណាច ឬឥទ្ធិពលណាមួយទៅលូកដៃក្នុងកិច្ចការតុលាការឡើយ។ ទោះជាយ៉ាងណា លោកថា អង្គការសង្គមស៊ីវិលធ្វើការដោយឯករាជ្យស្របទៅតាមលក្ខន្តិកៈដែលតម្កល់នៅក្រសួងមហាផ្ទៃ ហើយការស្នើរបស់អង្គការសង្គមស៊ីវិលនាពេលកន្លងទៅ ក៏ដើម្បីប្រយោជន៍ផ្នែកយុត្តិធម៌សម្រាប់ពលរដ្ឋផងដែរ៖ «យើងជាសង្គមស៊ីវិល យើងគ្រាន់តែចង់ថា ធ្វើយ៉ាងម៉េចឱ្យសំណុំរឿងទាំងអស់ហ្នឹង គឺបន្តនីតិវិធីទៅបានលឿន កុំឱ្យមានការកកស្ទះ ឬក៏ធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ជនត្រូវចោទ ឬក៏ជនដែលជាប់ឃុំហ្នឹង ហើយធ្វើយ៉ាងណាឱ្យវាមានតម្លាភាព ហើយនិងយុត្តិធម៌សម្រាប់គ្រប់ជនដែលត្រូវចោទ ឬក៏ជនជាប់ចោទទាំងអស់ហ្នឹង»។
ចំណែក ប្រធានផ្នែកសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) លោក នី សុខា សាទរចំពោះការដាក់ចេញយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការនេះ ប៉ុន្តែលោកថា ក្រសួងក៏ត្រូវពិនិត្យមើលភាពមិនប្រក្រតីនៃការឃាត់ខ្លួន ចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋផងដែរ។ លោកអំពាវនាវដល់មន្ត្រីអនុវត្តច្បាប់ ជាពិសេសស្ថាប័នតុលាការ ជ្រើសរើសយកគោលការណ៍សេរីភាពរបស់ពលរដ្ឋ ជាជាងការឃុំខ្លួនបណ្ដោះអាសន្ន ចំពោះសំណុំរឿងមួយចំនួន៖ «ទាក់ទងនឹងការអនុវត្តនីតិវិធីនៅគ្រប់ដំណាក់កាល ដូចជានីតិវិធីនៅក្នុងមន្ត្រីនគរបាលយុត្តិធម៌ ដំណើរការក្តីនៅក្នុងតុលាការ ការឃុំខ្លួន ការរៀបចំជនជាប់ឃុំឱ្យបានត្រឹមត្រូវ គឺថាត្រូវតែពិនិត្យមើលឱ្យបានសព្វជ្រុងជ្រោយទាំងអស់ហ្នឹង ដើម្បីឈានទៅផ្ដល់យុត្តិធម៌ឱ្យបានត្រឹមត្រូវទៅដល់អ្នកដែលជាប់ឃុំទាំងអស់ហ្នឹង»។
ក្រសួងយុត្តិធម៌គ្រោងអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្តនេះ ចន្លោះពី៦ ខែទៅ៩ ខែ ប៉ុន្តែក្រសួងមិនបង្ហាញអំពីថវិកាដែលត្រូវចំណាយសម្រាប់យុទ្ធនាការនេះទេ។ ក្រសួងយុត្តិធម៌រំពឹងថា យុទ្ធនាការនេះអាចនឹងដោះស្រាយសំណុំរឿងដែលកំពុងកកស្ទះបានពី៥០% ទៅ៧០% ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តដោយសុឆន្ទៈ៕