ម្ដាយ​របស់​បណ្ឌិត កែម ឡី ដាក់​ពាក្យ​ស្នើសុំ​មេធាវី​ការពារ​ក្ដី​នៅ​តុលាការ

ដោយ ម៉ម មុនីរតន៍
2017.07.11
ម្ដាយ កែម ឡី ភោគ សេ ២០១៦ ១៤៤០ ម្ដាយ​លោក​បណ្ឌិត កែម ឡី លោកស្រី ភោគ សេ (រូប​ស្ដាំ) ពេល​ទទួល​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ស្រុក​កំណើត​នា​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ចាប់​ផ្ដើម​ប្រើប្រាស់​សិទ្ធិ​តាម​រយៈ​ការ​ស្វែងរក​មេធាវី ដើម្បី​តតាំង​ក្ដី​តាម​ផ្លូវ​តុលាការ​ហើយ ក្រោយ​ពី​ចំណាយ​ពេល​រង់ចាំ​យុត្តិធម៌​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។ ស្រប​ពេល​លោកស្រី ភោគ សេ ដែល​ត្រូវ​ជា​ម្ដាយ​លោក​បណ្ឌិត កែម ឡី បាន​ស្នើសុំ​មេធាវី​ដើម្បី​រៀបចំ​បណ្ដឹង​នៅ​ក្នុង​តុលាការ​ហើយ​នោះ ទន្ទឹម​នឹង​នេះ លោកស្រី​ក៏​បាន​ដាក់​សំណើ​ដាច់​ដោយឡែក​មួយ​ទៀត​ទៅ​តុលាការ ដើម្បី​ស្នើសុំ​សាលក្រម​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​ទណ្ឌិត អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ថ្វី​បើ​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ បាន​ប្រកាស​សាលក្រម​ចំពោះ​មុខ ជួប សម្លាប់ កាល​ពី​ខែ​មីនា ដែល​ជា​សាលក្រម​មួយ​មាន​កម្រិត​ទោស​អតិបរមា​រហូត​អស់​មួយ​ជីវិត​ហើយ​ក៏ដោយ​ចុះ រឿង​នេះ​នៅ​មិន​ទាន់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លោក​បណ្ឌិត កែម ឡី ស្ងប់​ចិត្ត​នៅ​ឡើយ​ទេ។

នេះ​ជា​លើក​នេះ​ទី​មួយ​ហើយ​ដែល​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ចាប់​ផ្ដើម​ស្វះស្វែង​រក​មេធាវី និង​ប្រើប្រាស់​នីតិវិធី​មួយ​ចំនួន​ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការ ក្រោយ​ពី​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ​បាន​បន្ត​អូស​បន្លាយ​ពេញ​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ។

លោក សៅ កុសល ជា​សមាជិក​សាងសង់​ចេតិយ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី អះអាង​នៅ​ថ្ងៃ​ទី​១១ កក្កដា ថា លោកស្រី ភោគ សេ ជា​ម្ដាយ​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​សំណើ​សុំ​ពឹងពាក់​រក​មេធាវី​រួច​ហើយ ហើយ​ក៏​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​រួច​ហើយ​ដែរ។ ប៉ុន្តែ​ដោយសារ​សំណុំ​រឿង​នេះ​ជា​រឿង​ដែល​រសើប​ខ្លាំង ហេតុ​នេះ​ការ​ស្វែងរក​មេធាវី​ដើម្បី​ការពារ​ក្តី​សំណុំ​រឿង​ឃាតកម្ម​នេះ ប្រហែល​ជា​ជួប​ផល​លំបាក​ខ្លះ។ លោក​បន្ត​ថា «យើង​បាន​ឯកភាព​គ្នា​បែប​ហ្នឹង​ហើយ ប៉ុន្តែ​យើង​មិន​ទាន់​បាន​លទ្ធផល​យ៉ាង​ម៉េច​ទេ ដោយសារ​តែ​មាន​ផល​លំបាក​ក្នុង​ការ​ស្វែងរក​មេធាវី​ស្ម័គ្រ​ចិត្ត​ហ្នឹង។ រឿង​ក្តី​នេះ​វា​ធំ ហើយ​រឿង​មេធាវី​ស្ម័គ្រ​ចិត្ត​ហាក់បីដូចជា​អ្នក​ណា​ចេញ​មុខ​ជួយ​ធ្វើ​រឿង​ហ្នឹង»

លោកស្រី ភោគ សេ ក្រៅ​ពី​បាន​ប្រើប្រាស់​សិទ្ធិ​ដើម្បី​ស្វះស្វែង​រក​មេធាវី​ហើយ ក្នុង​នោះ​លោកស្រី​បាន​ធ្វើ​សំណើ​ដាច់​ដោយឡែក​មួយ​ផ្សេង​ទៀត​ដាក់​ទៅ​តុលាការ ដើម្បី​ស្នើសុំ​ចម្លង​សាលក្រម​ដែល​ចៅក្រម​ជំនុំ​ជម្រះ​ដោយ​លោក លាង សំណាត់ បាន​សម្រេច​ផ្ដន្ទាទោស​លោក អឿត អាង រួច​ហើយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។

លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៧ របស់​លោកស្រី ភោគ សេ បាន​សរសេរ​ថា សំណើ​សុំ​ថត​ចម្លង​សាលក្រម​ជំនុំ​ជម្រះ​កន្លង​ទៅ​នេះ ប្រយោជន៍​ដើម្បី​ឲ្យ​លោកស្រី​អាច​ពិនិត្យ​ខ្លឹមសារ​នៃ​សាលក្រម និង​បើក​ផ្លូវ​ឲ្យ​មេធាវី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​នៅ​ពេល​ខាង​មុខ។

សមាជិក​សាងសង់​ចេតិយ​តម្កល់​សព​លោក​បណ្ឌិត កែម ឡី លោក សៅ កុសល ឲ្យ​ដឹង​ថា ឆ្លង​ការ​ពិគ្រោះ​យោបល់ ម្ដាយ​លោក​បណ្ឌិត កែម ឡី បាន​ដាក់​សំណើ​រួច​ហើយ​ទៅ​ស្ថាប័ន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​កិច្ចការ​លើ​វិស័យ​ច្បាប់ ដើម្បី​ស្នើសុំ​ពឹងពាក់​រក​មេធាវី ប៉ុន្តែ​ចម្លើយ​ជា​ផ្លូវការ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស សង់ត្រាល់ (CENTRAL) លោក មឿន តុលា បដិសេធ​ថា ចំពោះ​ស្ថាប័ន​របស់​លោក​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​ស្នើសុំ​ណា​មួយ​ពី​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ជា​គម្រោង ត្រូវ​រង់ចាំ​ចម្លើយ​ជា​មុន​សិន​ពី​ប្រពន្ធ​លោក​បណ្ឌិត កែម ឡី ថា​តើ​លោកស្រី​នឹង​សម្រេច​បែប​ណា​ក្នុង​រឿង​នេះ។ លោក​បន្ត​ថា «ខ្ញុំ​មិន​ច្បាស់​ដែរ ប៉ុន្តែ​កាល​ពី​ប្រពន្ធ​គាត់ (ប្រពន្ធ កែម ឡី) នៅ​ក្នុង​ស្រុក​ហ្នឹង គាត់​ថា​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​គាត់​មាន​សុវត្ថិភាព និង​ទៅ​ដល់​ប្រទេស​ដែល​មាន​សុវត្ថិភាព​សិន»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ សម្រេច​ផ្ដន្ទាទោស​ទណ្ឌិត​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ សាលក្រម​ដែល​ប្រកាស ២៣​ថ្ងៃ​ក្រោយ​បើក​ការ​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្ដី​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៧ នោះ ត្រូវ​រង​ការ​រិះគន់​ថា តុលាការ​ក្រុង​ភ្នំពេញ​ហាក់​ធ្វើ​សេចក្ដី​សម្រេច​ដ៏​ប្រញាប់ប្រញាល់ ហើយ​ការ​ស៊ើប​អង្កេត​មិន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ។

សវនាការ​កាល​ពី​ដើម​ខែ​មីនា ដែល​ពុំ​មាន​មេធាវី​ការពារ​ក្តី​ខាង​ដើម​ចោទ បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ មាន​មន្ទិល​សង្ស័យ​ជាច្រើន​ចំណុច​ទៅ​លើ​ភស្តុតាង​ជា​ខ្សែ​អាត់​វីដេអូ​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព ដាក់​បង្ហាញ​មិន​អស់​ប្លង់ ហើយ​ប្លង់​ខ្លះ​ទៀត​មិន​ច្បាស់ ជាដើម។ ចំណែក​មន្ត្រី​តុលាការ​បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​នៅ​ពេល​នោះ​ថា ប្លង់​ផ្សេង​ដែល​មិន​ដាក់​បង្ហាញ​នោះ ព្រោះ​វា​ជា​ប្លង់​ដែល​មិន​ចាំបាច់។

យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ក្រុម​សមាគម​អង្គការ​ជាតិ និង​អន្តរជាតិ​ជិត ១៧០ បាន​ផ្សាយ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃ​ទី​៧ កក្កដា ដើម្បី​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ឥត​លម្អៀង​មួយ​ដែល​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​ស៊ើប​អង្កេត​បន្ថែម​ទៀត​ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

សំណើ​នេះ ក្រោយ​ពី​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​ទាំងនោះ​យល់​ឃើញ​ថា ការ​ស៊ើប​អង្កេត​មិន​គ្រប់​ជ្រុងជ្រោយ សាលក្រម​ដែល​ផ្ដន្ទាទោស អឿត អាង ធ្វើ​ឡើង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន ជាពិសេស​រក​មិន​ឃើញ​ការពិត​ទៅ​នឹង​ចម្លើយ​សារភាព​របស់​ទណ្ឌិត​រូប​នេះ ទាក់ទង​ជន​សង្ស័យ ២​រូប​ផ្សេង​ទៀត​ឈ្មោះ លិស និង​ឈ្មោះ ចក់។

បើ​ទោះ​ជា​បែប​ណា លោកស្រី ភោគ សេ ម្ដាយ​លោក​បណ្ឌិត កែម ឡី យល់​ឃើញ​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ទៅ​តាម​សំណើ​នេះ នឹង​ជា​ការ​បើក​ផ្លូវ​ឲ្យ​មេធាវី​អាច​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​តតាំង​ក្ដី​នៅ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។