កញ្ញា ស្រី​មុំ សម្រេច​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នៅ​ថ្ងៃ​ទី​១៩​មេសា

កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា មាន​ស្នេហា​លួច​លាក់​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សម្រេច​ថា​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ នៅ​ថ្ងៃ​អង្គារ ទី​១៩ មេសា។

បន្ទាប់​ពី​ពិភាក្សា​រវាង​អ្នក​ច្បាប់ និង​មេធាវី​នៃ​សមាគម​អាដហុក (ADHOC) រួច នៅ​ថ្ងៃ​ទី​១៨ មេសា កញ្ញា ខុម ចាន់តារាទី មិន​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ច្រើន​នោះ​ទេ ប៉ុន្តែ​នាង​គ្រាន់​តែ​ប្រាប់​ថា នាង​មាន​ការ​ព្រួយ​បារម្ភ។ កញ្ញា ខុម ចាន់តារាទី បន្ត​ថា នាង​ពិបាក​នឹង​យល់​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ​ជុំវិញ​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ​នេះ៖ «និយាយ​ទៅ​វា​និយាយ​មិន​ចេញ​ម៉ង​សម្រាប់​ខ្ញុំ ។ ខ្ញុំ​អត់​ដឹង​ថា​គេ​ចេញ​មក​ក្នុង​នាម​ជា​ស្អីៗ ខ្ញុំ​អត់​ដឹង គ្រាន់​តែ​ថា អ្វី​ដែល​ខ្ញុំ​គិត​ថា ចូល​ទៅ​សម្រេច​ចិត្ត​ហ្នឹង គឺ​ខ្ញុំ​សម្រេច​ទៅ​ស្អែក​ហ្នឹង។ គ្រាន់​តែ​ថា​ឲ្យ​ខ្ញុំ​យល់​អ្វី​ដែល​ គេ​និយាយ ​ហ្នឹង ខ្ញុំ​អត់​អាច​សម្រេច​បាន​នៅ​ពេល​ហ្នឹង​ទេ ពេល​នេះ​ខ្ញុំ​អត់​ដឹង​ថា​ខ្ញុំ​អាច​និយាយ​អី​បាន​ខ្លះ ខ្ញុំ​អត់​ដឹង​ទេ ។ ខ្ញុំ​មាន​ការ​ ព្រួយ​បារម្ភ»។

ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​កោះ​ហៅ កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​មេសា ដោយ​យោង​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​ក្រសួង​មហាផ្ទៃ ដែល​បង្ហាញ​ថា​មាន​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ។

កាល​ពី​ថ្ងៃ​ទី​១១ មីនា នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​កោះ​ហៅ កញ្ញា ស្រី​មុំ ម្ដង​រួច​មក​ហើយ​ឲ្យ​ចូល​ខ្លួន​តាម​បណ្ដឹង​របស់ កញ្ញា ធី សុវណ្ណថា ដែល​ប្ដឹង​ឲ្យ​រក​ម្ចាស់​សំឡេង​សន្ទនា​ជាមួយ លោក កឹម សុខា បរិហារ​កេរ្តិ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។