ព្រះមហាក្សត្រ​តែងតាំង​និង​ផ្ទេរ​តំណែង​ចៅក្រម នៅ​ខេត្ត​មួយ​ចំនួន

ដោយ ម៉ៅ សុធានី
2019.06.14
សីហមុនី ៦២២ ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាង​ទត​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ព្រះមហាក្សត្រ​ទ្រង់​ត្រាស់បង្គាប់​តែងតាំង និង​ផ្ទេរ​មុខ​តំណែង ប្រធាន អនុប្រធាន ចៅក្រម​នៃ​សាលាឧទ្ធរណ៍ និង​ចៅក្រម​សាលាដំបូង​រាជធានី​-​ខេត្ត សរុប ៣៩​នាក់។

ព្រះរាជក្រឹត្យ ឡាយ​ព្រះហស្ថលេខា​ដោយ​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃ​ទី ១៣ ខែ​មិថុនា បាន​ត្រាស់បង្គាប់ តែងតាំង​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ ដែល​ធ្លាប់​កាន់​សំណុំ​រឿង​ក្តី​លោក គឹម សុខ ឱ្យ​ក្លាយ​ជា​ចៅក្រម​សាលាឧទ្ធរណ៍​វិញ។ ដោយឡែក​ប្រធាន អនុប្រធាន ចៅក្រម សាលាដំបូង​រាជធានី​-​ខេត្ត ៣៨​នាក់​ផ្សេងទៀត ក្នុង​នោះ​មាន ៣៣​នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ឱ្យ​ផ្ទេរ​មុខតំណែង ទៅកាន់​តួនាទី​ដដែល នៅ​ខេត្ត​ផ្សេងទៀត​។ មន្ត្រី​តុលាការ​៥​នាក់​ផ្សេងទៀត ត្រូវ​បាន​ព្រះមហាក្សត្រ​តែង​តាំងពី​ចៅក្រម ទៅជា​អនុប្រធាន​នៃ​សាលាដំបូង។

ចំណែក ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ដែល​ធ្លាប់​កាន់​ករណី​រឿង​ក្តី​អតីត​បុគ្គលិក​អតីត​បុគ្គលិក​អាស៊ីសេរី ២​នាក់ គឺ លោក អួន ឈិន និង​លោក យាង សុធារិន្ទ ក៏​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ជុំវិញ​មូលហេតុ​នៃ​ការ​ផ្លាស់ប្តូរ​និង​ផ្ទេរតំណែង​នៃ​មន្ត្រី​តុលាការ​ទាំងនោះ​បាន​ឡើយ​។ ក៏ប៉ុន្តែ អ្នកវិភាគ​នយោបាយ​និង​សង្គម មើលឃើញ​ថា ការ​ផ្លាស់ប្តូរ​ទីកន្លែង​ធ្វើការ​ងារ និង​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​តុលាការ​កន្លងមក មិន​អាច​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​បាន​នៅឡើយ​ទេ ហើយ​សង្គម​ស៊ីវិល​មើល​ឃើញ​ផង​ដែរ​ថា ចៅក្រម​ឬ​មន្ត្រី​តុលាការ​ណា ដែល​កាត់​ក្តី​រឿង​នយោបាយ តែងតែ​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។