ក្រុមអ្នកការពារបរិស្ថានអះអាងថា ពួកគេ បានរកឃើញដើមឈើធំៗ បន្សល់ចុងក្រោយច្រើនឋិតក្នុងដែនជម្រកសត្វព្រៃឡង់ ដែលក្រសួងបរិស្ថាន ចាត់ទុកថា ជាតំបន់ស្នូល ឬតំបន់ការពារដ៏តឹងរ៉ឹងបំផុតនោះ កំពុងទទួលរងការកាប់រំលំ ធ្វើអាជីវកម្មពាសពេញព្រៃអភិរក្សមួយនេះពីសំណាក់ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.)។ ក្រុមស្នូលបណ្តាញសហគមន៍ព្រៃឡង់មួយក្រុម បានលបឆ្មក់ចុះល្បាត ប្រទះឃើញកម្មកររាប់រយនាក់ ប្រដាប់ដោយរណាយន្តស្ទើរគ្រប់ដៃ កំពុងពង្រាយពេញព្រៃឡង់ដើម្បីកាប់ឈើធំៗដឹកចូលការដ្ឋានក្រុមហ៊ុនវៀតណាមមួយនេះ ដែលមានទីតាំងស្តុកឈើខ្នាតធំ ជាប់ព្រៃឡង់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។

ប្រជាសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ៣០នាក់ ចែកជា ៤ក្រុម បានលបចុះល្បាតព្រៃឡង់នៅពេលយប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ដោយរកឃើញភស្តុតាងជាច្រើន បង្ហាញពីឧក្រិដ្ឋកម្មព្រៃឈើទ្រង់ទ្រាយធំ កំពុងកើតមានពេញព្រៃឡង់ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ក្រុមប្រជាសហគមន៍ អះអាងថា ជារៀងរាល់ថ្ងៃ មានគោយន្តយ៉ាងហោចណាស់ ៤០គ្រឿង និងរថយន្តកែច្នៃ ៦គ្រឿង គឺជាមធ្យោបាយដឹកឈើរាប់រយម៉ែត្រគូប ចេញពីព្រៃឡង់ ចូលការដ្ឋានក្រុមហ៊ុនវៀតណាមភីអ៊ិនធី។
បន្ថែមពីនេះទៀត ក្នុងគោយនុ្តដឹកឈើនីមួយៗ មានមេការម្នាក់ជិះម៉ូតូ កាងការពារឈើខាងមុខគោយន្ត ដោយមានវិទ្យុទាក់ទង ស្ទើរគ្រប់ដៃ ដើម្បីផ្តល់ពត៌មានទៅអ្នកកាប់ឈើឱ្យប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានសមត្ថកិច្ចចុះអនុវត្តច្បាប់ដល់ទីតាំង។
ក្រុមប្រជាសហគមន៍ បានសម្ភាសកម្មករក្រុមហ៊ុនម្នាក់ ដែលកំពុងកាប់ឈើ ក្នុងព្រៃឡង់ ដោយគាត់អះអាងថា ក្រុមរបស់ពួកលោក បានស៊ីឈ្នួលកាប់ឈើក្នុងព្រៃឡង់ លក់ឱ្យក្រុមហ៊ុនរយៈពេល ២ឆ្នាំមកហើយ ដោយក្នុងមួយថ្ងៃ ពួកលោក ដឹកឈើចូលក្រុមហ៊ុន ចាប់ពី ១០ម៉ែត្រគូប ទៅ ១៥ម៉ែត្រគូប។ លោកបញ្ជាក់ថា មេការរបស់ពួកលោក ឈ្មោះ ចាប សារ៉ន ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញមុខកាងការពារសុវត្ថិភាព ក្រុមអ្នកស៊ីឈ្នួលអារឈើឱ្យក្រុមហ៊ុនទាំងអស់៖ «ក្នុងមួយថ្ងៃក្រុមខ្ញុំដឹកចូល ១០គូប ទៅ ១៥គូប ឱ្យក្រុមហ៊ុនភីអ៊ិនធី ហើយអ្នកដឹកនាំខ្ញុំឈ្មោះ ចាប សារ៉ន ដែលខ្ញុំធ្វើការកាប់បំផ្លាញរាល់ថ្ងៃហ្នឹង។ ដោយក្រុមហ៊ុនជាអ្នកបញ្ជា គេអ្នកធានាផ្លូវឱ្យយើងក្នុងមួយថ្ងៃចូល ៤០គោយន្ត»។

កម្មករកាប់ឈើថ្លែងសុំមិនបញ្ចេញឈ្មោះរូបនេះ បន្ថែមថា សកម្មភាពកាប់ឈើរបស់លោកអាស្រ័យលើតម្រូវការរបស់ក្រុមហ៊ុនដែរ ពេលខ្លះ ពួកលោកអារជាឈើជ្រុងមុខកាត់ ២តឹកឡើងទៅ និងមានពេលខ្លះទៀត អារជាបន្ទះក្តារ។ លោកទទួលស្គាល់ថា ការងាររបស់លោក ជាទង្វើខុសច្បាប់ ប៉ុន្តែក្រុមហ៊ុនបានធានា ពីសុវត្ថិភាពរបស់លោក ទើបពួកលោក ហ៊ានចូលព្រៃកាប់ឈើឱ្យក្រុមហ៊ុន។
ក្រុមល្បាតព្រៃឡង់ បន្ថែមថា បេសកកម្មចុះល្បាតព្រៃនេះ ពួកគេបែងចែកជាច្រើនក្រុម ដោយចេញដំណើរនៅពេលយប់ ហើយឈប់សម្រាកជួបគ្នា នៅចំណុចមុំបីកណ្តាលព្រៃឡង់ នៅម៉ោង ១២យប់។ ក្នុងពេលពួកគេឈប់សម្រាកពាក់កណ្តាលអធ្រាត្រ មានសំឡេងរណាយន្តអារឈើទ្រហឹង ពេញព្រៃឡង់ នៅចំណុចវាលស្រែអាចម៍ដែក ចំណុចមុំបី ចំណុចអូរធ្នង់ អូរពី ស្ទឹងព្រោង ភូមិចាស់តាតៃ និងចំណុច ជាំស្រីកម្រង។

ប្រជាសហគមន៍អះអាងថា តំបន់ព្រៃឡង់ ដែលក្រុមជនល្មើសកំពុងកាប់បំផ្លាញព្រៃឈើ ជាជម្រកសត្វព្រៃកម្ររស់នៅជាច្រើនប្រភេទ និងជាតំបន់ដែលអ្នកភូមិរកអនុផលព្រៃឈើ កំពុងប្រឈមការបាត់បង់ទាំងស្រុងនៅពេលដ៏ខ្លីខាងមុខ។ រីឯពលរដ្ឋមូលដ្ឋាន ដែលមានដើមឈើផលិតជ័រទឹក រាប់រយដើមនៅតំបន់នោះ បានត្អូញថា ដើមច្បោះជ័ររបស់ពួកគេ ត្រូវក្រុមហ៊ុនកាប់បំផ្លាញអស់ហើយ។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារលោក ស្រី ថី សង្ស័យថា មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ នៅតែឃុបឃិតគ្នាជាមួយក្រុមហ៊ុនវៀតណាមមួយនេះកាប់បំផ្លាញព្រៃឡង់ទ្រង់ទ្រាយធំ ធ្វើអាជីវកម្មតាំងពីឆ្នាំ២០២១ ដោយគ្មានការអនុវត្តច្បាប់ បើទោះបីជាពួកលោកបង្ហាញភស្តុតាងរាប់មិនអស់ក្តី។ លោកបបួលក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ចុះពិនិត្យព្រៃឡង់ទាំងអស់គ្នាជាមួយពួកលោក ដើម្បីរកការពិត ដោះស្រាយវិបត្តិបរិស្ថាន ជៀសវាងឆ្លើយដោះសារដដែលៗ។
លោកទទួចឱ្យរដ្ឋាភិបាល ពិនិត្យពីប្រសិទ្ធភាពការងារ លើមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ដែលមានតួនាទីការពារព្រៃឈើ តែបែរជារួមចំណែកជាមួយ ក្រុមជនល្មើសបំផ្លាញព្រៃឡង់ទៅវិញ៖ «ព្រៃឡង់គ្មានអ្នកណាចូលបានទេ ក្រៅពីសមត្ថកិច្ច ចុះហេតុអីអ្នកកាប់ឈើចូលបាន ? បើថា មន្រី្តមិនបើកផ្លូវឱ្យហ៊ានចូលទេ មិនហ៊ានចូលទេ ! ក្នុងច្បាប់បរិស្ថានសូម្បីតែឆ្កែចូលមិនបានផង។ បទល្មើសពេញព្រៃខ្ញុំរាយការណ៍ប៉ុន្មានសារហើយ ថាមានគេកាប់ឈើប្រឡោះនេះប្រឡោះនោះ តែគ្មានអ្នកទៅមើលទេ»។

ប្រជាសហគមន៍ព្រៃឡង់បន្ថែមថា ក្នុងពេលចុះល្បាតកាលពីចុងសប្តាហ៍មុន ពួកគេបានចុះដល់ការដ្ឋានរបស់ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី ប្រទះឃើញគំនរឈើរាប់ពាន់ម៉ែត្រគូប ដែលក្រុមកម្មករដឹកចេញពីដែនជម្រកសត្វព្រៃឡង់ មកស្តុកទុក ត្រៀមអារច្រៀករួចដឹកចេញក្រៅ។ ទន្ទឹមនឹងនេះ ក្នុងការដ្ឋានរបស់ក្រុមហ៊ុន មានសន្តិសុខ និងសមត្ថកិច្ចយាមល្បាតយ៉ាងប្រុងប្រយ័ត្នមិនឱ្យមនុស្សប្លែកមុខចេញចូលឡើយ។
ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំ៧.៩០០ហិកតារ នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីឆ្នាំ២០១០ ក្រោមកិច្ចសន្យារយៈពេល ៧០ឆ្នាំ។ ក្នុងកិច្ចសន្យាក្រុមហ៊ុននេះវិនិយោគដំណាំខ្លឹមច័ន្ទ ស្វាយចន្ទី និងដំណាំរួមផ្សំផ្សេងៗ ទៀត ប៉ុន្តែប្រជាសហគមន៍អះអាងថា ក្រុមហ៊ុនមិនបានដាំដុះតាមកិច្ចសន្យានោះទេ ដោយសម្រុកកាប់ឈើ និងអាជីវកម្មឈើជាងមួយឆ្នាំមកហើយ។ លើសពីនេះទៀត ក្រុមហ៊ុនមានម៉ាស៊ីនអារច្រៀកឈើខ្នាតធំ ៤គ្រឿងឋិតក្នុងស្រុករវៀង ជាប់ព្រៃឡង់ខេត្តព្រះវិហារ។

វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា និងរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បាននៅឡើយទេ នៅថ្ងៃទី៧ ខែកុម្ភៈ ដោយទូរសព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ រីឯអភិបាលខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណ និងអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិលោក អេង ហ៊ី ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ចំណែកឯមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ចាប សារ៉ន ដែលពលរដ្ឋចោទថា កាងអាជីវកម្មឈើទាំងនេះបដិសេថា លោកមិនពាក់ព័ន្ធនឹងអាជីវកម្មឈើទាំងនេះទេ។
ទាក់ទងរឿងនេះដែរ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះវិហារលោក ទី សុវិនថាល់ បដិសេធមិនអធិប្បាយពីសំណុំរឿងបទល្មើសព្រៃឈើទាំងនេះទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា ប្រសិនបើក្រុមហ៊ុនប្រព្រឹត្តល្មើសច្បាប់ នឹងទទួលខុសត្រូវចំពោះច្បាប់ជាធរមាន។ លោកថា បុគ្គលណាក្តីឱ្យតែពាក់ព័ន្ធអំពើល្មើសច្បាប់ព្រៃឈើ នឹងត្រូវមានទោស៖ «មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ ឱ្យតែប្រព្រឹត្តបទល្មើសដែលមានចែងក្នុងច្បាប់កម្ពុជាខុសពីមាត្រាដែលមានចែងត្រូវតែមានទោស»។

សកម្មជនការពារព្រៃឡង់លោក ហេង ស្រស់ មើលឃើញថា ក្រុមឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើ កំពុងសហការល្អជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួន ប្រព្រឹត្តអំពើពុករលួយរឿងបទល្មើសព្រៃឈើដដែលៗ គ្មានយន្តការលុបបំបាត់ទាលតែសោះ។ លោកចាត់ទុកបទល្មើសព្រៃឈើទាំងនេះ ជាកំហុសដ៏ធំមួយរបស់មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរខេត្តព្រះវិហារ ដែលបិទភ្នែកធ្វើមិនដឹងមិនឮ ចំពោះវិនាសកម្មព្រៃឈើទាំងនេ៖ «បើមន្ត្រីឧទ្យានុរក្សមិនអនុញ្ញាតឱ្យក្រុមឈ្មួញចូល គឺពួកគេមិនអាចចូលកាប់ឈើក្នុងព្រៃទាំងអស់ហ្នឹងបានទេ ព្រោះស្ថិតក្រោមការគ្រប់គ្រងរបស់មន្រ្តីឧទ្យានគ្រប់ប៉ុស្តិ៍ចេញចូលត្រួតពិនិត្យ ថាតើការចេញចូលក្នុងព្រៃនោះដើម្បីអី»។
ជុំវិញរឿងនេះ សកម្មជនការពារព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀត គឺលោក ខេម សុឃី អះអាងថា ពួកលោកគ្រោងប្រមូលភស្តុតាងទាំងនេះ ផ្ញើសារទៅក្រសួងបរិស្ថាន និងរដ្ឋាភិបាលឱ្យរកមធ្យោបាយសង្គ្រោះព្រៃឡង់។ លោកថា ក្រសួងបរិស្ថានគួរតែទទួលស្គាល់ការពិត ហើយដោះស្រាយរឿងនេះ ឱ្យមានប្រសិទ្ធភាពមិនគួរច្រានចោលរបាយការណ៍ភ្លាមៗ ដោយគ្មានការស៊ើបអង្កេតច្បាស់លាស់នោះទេ៖ «ការកាប់បំផ្លាញព្រៃឈើតាមតំបន់នីមួយៗនៅតែមានការកើនឡើង ហើយគួរតែមានការចុះស្រាវជ្រាវឱ្យបានជាក់លាក់ក្នុងឆ្លើយតបក្នុងអង្គការអ្វីមួយ។ មុននឹងឆ្លើយតបថាពិត ឬមិនពិត គួរណាតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់»។

កាលពីថ្ងៃទី២៨ ខែមករា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយ ដោយរកឃើញថា ការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារធម្មជាតិ បង្កើតឱ្យមានជាការរំលោភសិទ្ធិមនុស្ស និងលុបបំបាត់ទំនៀមទម្លាប់ជនជាតិដើមភាគតិចនៅកម្ពុជា។ អង្គការអន្តរជាតិមួយនេះ ជំរុញឱ្យរដ្ឋាភិបាល ត្រូវតែបញ្ឈប់ការកាប់ឈើខុសច្បាប់ ដោយទប់ស្កាត់ជាបន្ទាន់នូវអំពើពុករលួយ ដែលកំពុងកើតមានឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់។
របាយការណ៍ជាង៤ទំព័រ បង្ហាញថា ប្រទេសកម្ពុជាទទួលរងការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេនៅលើពិភពលោក ក្នុងរយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយបានបាត់បង់ព្រៃឈើប្រមាណ ៦៤% នៃគម្របដើមឈើ ចាប់តាំងពីឆ្នាំ២០១១ រហូតបច្ចុប្បន្ន។ អង្គការលើកលែងទោសអន្តរជាតិ បានគណនាពីចម្ងាយ ដោយប្រើប្រព័ន្ធទិន្នន័យ កាលពីពេលថ្មីៗ នេះ ដោយរកឃើញថា គម្របព្រៃឈើទំហំ ៦.២៧១ ហិកតា ឋិតក្នុងដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរកា ត្រូវបានកាប់បំផ្លាញ នៅក្នុងឆ្នាំ២០២១។ លើសពីនេះទៀត មូលហេតុចម្បងនាំឱ្យមានការកាប់ឈើខុសច្បាប់ គឺការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានច្រានចោលរបាយការណ៍នេះ ដោយថា គ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់។

ទោះជាយ៉ាងណា ប្រជាសហគមន៍ អះអាងថា ឈើមូលធំៗ ដែលកម្មករក្រុមហ៊ុនវៀតណាម បោះតង់ពង្រាយពេញព្រៃឡង់ ដើម្បីកាប់ឈើធ្វើអាជីវកម្ម ភាគច្រើនជាឈើ គគីរ ស្រឡៅ ពពេល ផ្តៀក និងដើមច្បោះជ័រ ជាដើម។ លើសពីទៀត ដែនជម្រកសត្វព្រៃឡង់ ដែលនៅសល់ដើមឈើធំៗ ចុងក្រោយគេ ឋិតនៅចំណុចមុំបី ដែលជាទីប្រសព្វគ្នារវាង ខេត្តកំពង់ធំ ស្ទឹងត្រែង និងខេត្តព្រះវិហារ កំពុងប្រឈមវិនាសហិនហោចទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។