ក្រសួងបរិស្ថាន ច្រាន​ចោល​របាយការណ៍​អង្គការ​លើកលែង​ទោស​អន្តរជាតិ​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា

0:00 / 0:00

ក្រសួង​បរិស្ថាន ​បាន​ច្រានចោល​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​(Amnesty International) ដែល​រក​ឃើញ​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ បង្កើត​ឱ្យ​មាន ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លុប​បំបាត់​ទំនៀម​ទម្លាប់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។ ក្រសួង​បរិស្ថាន​ទាមទារ​ឱ្យ​អង្គការ​នេះ បង្ហាញ​ភស្តុតាង​ថា ​មាន​អំពើ​ពុក​រលួយ​យ៉ាង​ច្រើន​ នាំ​ឱ្យ​បាត់​បង់​ព្រៃឈើ។ ប៉ុន្តែ​ប្រជា​សហគមន៍​ចាត់​ទុក​ការ​ច្រាន​ចោល​របាយការណ៍​របស់​ក្រសួង​សាមី​នេះ​ថា នឹង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

ក្រសួង​បរិស្ថាន ​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ថា គ្មាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់លាស់​នោះ​ទេ ​ហើយ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ប្រឆាំង​នឹង​កម្ពុជា ដើម្បី​បង្ខូច​មន្ត្រី​ក្រសួង​បរិស្ថាន​ទាំង​មូល។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រសួង​អះអាង​ថា ប្រសិន​មាន​ភស្តុតាង​ច្បាស់លាស់​ក្រសួង​ស្វាគមន៍ ​និង​ចុះ​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​ទាំង​នេះ ព្រោះ​មន្ត្រី​ឧទ្យានុរក្ស​កំពុង​បំពេញ​តួនាទី​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​វិជ្ជាជីវៈ ការពារ​ធនធាន​ធម្មជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បកស្រាយ​ថា បច្ចុប្បន្ន ស្ថានភាព​ព្រៃ​អភិរក្ស​មាន​ភាព​ល្អ​ប្រសើរ ដោយ​ភាព​រេចរឹល​បាន​ធ្លាក់​ចុះ ហើយ​កម្ពុជា កំពុង​ខំប្រឹង​អភិរក្ស​ព្រៃ​ធម្មជាតិ ដែល​នៅ​សល់ ដោយ​លក់​ឥណទាន​កាបូន ​លើ​ទី​ផ្សារ​ស្ម័គ្រ​ចិត្ត កាល​ឆ្នាំ២០១៦ មក ក្រោម​ស្លោក «ថែរក្សា​ដើម​ឈើ ដើម្បី​រក​ចំណូល»៖«ការ​ចោទ​ប្រកាន់​បញ្ហា​អំពើ​ពុក​រលួយ សូម​ឱ្យ​អង្គការ Amnesty International បង្ហាញ​ភស្តុតាង​ច្បាស់លាស់ តើ​បុគ្គល​ណា​ពិត​ប្រាកដ ​បើ​ត្រឹម​លើក​ឡើង​បែប​អនាមិក​ នោះ​បង្ហាញ​ថា ​អង្គការ​នេះ ​គ្រាន់តែ​ជា​ប្រឌិត​របាយការណ៍​ឡើង ​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ និង​សងសឹក​ឱ្យ​បក្ខ​ពួក​ខ្លួន​នៅ​ក្នុង​ស្រុក ដែល​កំពុង​បំពាន​ច្បាប់ និង​ធ្វើ​សកម្មភាព​ប្រឆាំង​កម្ពុជា ជ្រក​ក្រោម​ស្លាក​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​តែ​ប៉ុណ្ណោះ»

ការ​បកស្រាយ​បែប​នេះ គឺ​បន្ទាប់​ពី​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ កាល​ពី​ថ្ងៃ​ទី២៨ មករា ដោយ​រក​ឃើញ​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ បង្កើត​ឱ្យ​មាន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លុប​បំបាត់​ទំនៀម​ទម្លាប់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។ អង្គការ​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវតែ​បញ្ឈប់​ការ​កាប់​ឈើ​ខុស​ច្បាប់ ដោយ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​អំពើ​ពុក​រលួយ ដែលកំពុង​កើត​មាន​ឡើង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​គណនា​ពី​ចម្ងាយ ដោយ​ប្រើ​ប្រព័ន្ធ​ទិន្នន័យ កាល​ពី​ពេល​ថ្មីៗ នេះ ដោយ​រក​ឃើញ​ថា គម្រប​ព្រៃ​ឈើ​ទំហំ​ ៦.២៧១ហិកតារ ឋិត​ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ត្រូវ​បាន​កាប់​បំផ្លាញ នៅ​ក្នុង​ឆ្នាំ២០២១។ លើស​ពី​នេះ​ទៀត មូលហេតុ​ចម្បង​នាំ​ឱ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់ គឺ​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។

របាយការណ៍​បន្ថែម​ថា ការ​រឹតត្បិត​សិទ្ធិ​ការពារ​ព្រៃ​ឈើ​ពី​សំណាក់​រដ្ឋាភិបាល​លើ​សហគមន៍ និង​សកម្មជន បង្ក​ផល​ប៉ះពាល់​ដល់​សិទ្ធិ​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ រួមមាន ការ​បំបួស​ព្រៃ​ឈើ ឬ​ការ​ចុះ​ល្បាត​ព្រៃ​របស់​ជនជាតិ​ដើម​ភាគ​តិច។

តែ​ទោះ​ជា​​​យ៉ាង​ណា លោក នេត្រ ភក្ត្រា បកស្រាយ​ថា ក្រសួង​បរិស្ថាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​ និង​គោរព​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​រស់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ដោយ​បាន​ចែក​រំលែក​ការ​ទទួល​ខុសត្រូវ ក្នុង​កិច្ច​ការ​ការពារ​ធនធាន​ធម្មជាតិ តាម​រយៈ​ការ​បង្កើត​សហគមន៍ តំបន់​ការពារ​ធម្មជាតិ​តាម​ផ្លូវច្បាប់។

លោក​ថា ក្នុង​ចំណោម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​សរុប ១៨២សហគមន៍ មាន​ប្រជា​សហគមន៍ ៥២ ក្នុង​នោះ​រាប់​ទាំង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ក្នុង​ខេត្តព្រះវិហារ​ចំនួន៨ កំពុង ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ការពារ​ព្រៃ​ឡង់។ លោក​អះអាង​ទៀត​ថា ប្រជា​សហគមន៍​ទាំង​នោះ ​មាន​សិទ្ធិ​សេរីភាព​ពេញ ​លេញ​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ ដែល​អនុញ្ញាត​ដោយ​ច្បាប់ និង​ទទួល​បាន​កិច្ច​សហការ​ល្អ​ពី​ក្រសួង​បរិស្ថាន ព្រមទាំង​លើក​កម្ពស់​ជីវភាព​រស់នៅ។

ឆ្លើយ​តប​ការ​បក​ស្រាយ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ ប្រជា​សហគមន៍​ព្រៃ​ឡង់ បបួល​ លោក នេត្រ ភក្ត្រា ចូល​ល្បាត​ព្រៃ​ឡង់​ទាំង​អស់​គ្នា ហើយ​ពួក​លោក​នឹង​បង្ហាញ​ភស្តុតាង​អំពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ជា​ច្រើន​ ដែល​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ឃុបឃិត​គ្នា អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​អារ​ឈើ ចូល​ព្រៃ​ឡង់​កាប់​ឈើ​បាន​ដោយ​ងាយ។

ប្រធាន​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ​ខេត្តព្រះវិហារ លោក ស្រី ថី ចាត់​ទុក​ការ​បក​ស្រាយ​របស់​ក្រសួង​បរិស្ថាន គ្រាន់តែ​ជា​ការ​គេចវេះ និង​ឆ្លើយ​ដោះសា​គេច​ពី​ការ​ទទួល​ខុសត្រូវ​តែ​ប៉ុណ្ណោះ ព្រោះ​កន្លង​ទៅ ពួក​លោក​រក​ឃើញ​ភស្តុតាង និង​បង្ហាញ​របាយការណ៍​ជា​ច្រើន ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​ក្នុង​ដែន​ព្រៃ​ឡង់ តែ​គ្មាន​បាន​ផល​ទេ។ លោក​ថា ក្រុម​អ្នក​កាប់​ឈើ​តែងតែ​អះអាង ​ពួកគេ​ត្រូវ​បង់​លុយ​ឱ្យ​មន្ត្រី​បរិស្ថាន ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អាច​ចូល​អារ និង​ដឹក​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស​បាន៖ «ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ក្រុម​ពួក​ខ្ញុំ ​ដោយ​បង្ហាញ​ហេតុផល​ តើ​ឈើ​ដឹក​ចេញ​ពី​ព្រៃ ​តើ​ដឹក​ទៅ​ដាក់​នៅ​ណា ? ភស្តុតាង​ជាក់​ស្ដែង ក្រុមហ៊ុន ភីអ៊ិនធី (PNT) និង ធីង៉ា មួយ​ទៀត​ គេ​ដឹក​ឈើ​ទៅ​ដាក់​ក្រាំង​ដូង។​ ដើមឈើ​គេ​កាប់​បំផ្លាញ ​ខ្ញុំ​បង្ហាញ​តាំង​ពី​ដើម​ខែ ​៤ ​ហើយ​មន្ត្រី​ទៅ​ដល់​ហើយ ​អត់​ស្រាវជ្រាវ​ឈើ​ហ្នឹង ? ​ អត់​ទេ

​ចំណែក​ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះរកា ​លោក ​ហែត ណៃ ​ អះ​អាង​ថា​ អំពើពុក​រលួយ​រឿង​បទល្មើស​ព្រៃឈើ ​កើត​ឡើង​គ្រប់​រូបភាព ​ខណៈ​ព្រៃឈើ​ក្រៅ​ដែន​អភិរក្ស​ត្រូវ​គេ​កាប់​បំផ្លាញ​អស់​។ លោក​ថា ​ក្រុម​ឈ្មួញ​បាន​ចុះ​ទិញ​ឈើ ​ពី​ពលរដ្ឋ​ដល់​មូលដ្ឋាន​ ហើយ​ពលរដ្ឋ​មួយ​ចំនួន​បាន​លប​ចូលព្រៃ​អារ​ឈើ​លក់​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​ ដោយ​ត្រូវ​បង់​លុយ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ទើប​អាច​រក​ស៊ី​ឈើ​ខុសច្បាប់​បាន​។ ​លោក​បញ្ជាក់​ថា ​ដើម​ឈើ​ធំៗ បន្សល់​ចុងក្រោយ ​ដុះ​ក្នុង​ព្រៃ​ព្រះ​រកា​ ដែល​ក្រុម​ជន​ល្មើស​ចូល​កាប់​បាន​ភាគ​ច្រើន ជាដើម​ឈើ​ផលិត​ជ័រ​ទឹក និង​ឈើ​ធ្វើ​ផ្ទះ៖ « យើង​ស្រាវជ្រាវ​អ្នក​ដែល​អារ​ជាក់ស្ដែង ​គេ​រាយការណ៍​មក​ថា ​មន្ត្រី​បរិស្ថាន​ឈ្មោះ ក មន្ត្រី​បរិស្ថាន ​និង​មេ​ប៉ុស្តិ៍ ​ប៉ូលិស​សេដ្ឋកិច្ច​ ដោយ​យើង​ត្រូវ​បង់​លុយ​ឱ្យ​គេ ​ឱ្យ​គេ​បើក​ផ្លូវ​ចូល​។ យើង​អារ​ឈើ​ក្នុង​ព្រៃ ​យើង​ជូន​លុយ​មន្ត្រី​បរិស្ថាន ​មួយ​ជើង​គាត់​យក​ប៉ុន្មាន ​មួយ​ជើង ​១០ ​ម៉ឺន​ ហើយ​បង់​ឱ្យ​គាត់​ទៅ ​គេ​ក៏​បើកដៃ​ឱ្យ​ធ្វើ »

ប្រធាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ លោក រីឆាដ ភៀសហោស៍ (Richard Pearshouse) បាន​ថ្លែង​ក្នុង​របាយការណ៍​ថា "ការ​កាប់​ឈើ​ខុស​ច្បាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​កម្ពុជា កំពុង​គំរាម​កំហែង​ដល់​ព្រៃ​ឈើ​សំខាន់ៗ បន្សល់​ចុង​ក្រោយ ដែល​ជនជាតិ​ដើម​ភាគ​តិច​ចិញ្ចឹម​ជីវិត។ លោក​ថា ព្រៃ​ឈើ​ជា​ជម្រក​វប្បធម៌ និង​ការ​ប្រតិបត្តិ​ប្រពៃណី​វប្បធម៌ របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​ការ​កាប់​ឈើ​ខុស​ច្បាប់ ដោយ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​អំពើ​ពុករលួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់។

របាយការណ៍​បន្ត​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ជុំវិញ​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ភាគ​ច្រើន​ពឹង​ផ្អែក ការ​ប្រើប្រាស់​ព្រៃ​ឈើ​សម្រាប់​ជីវភាព​រស់នៅ ដូច​ជា ដង​ជ័រ​ទឹក ដែល​មិន​ប៉ះពាល់​ដើម​ឈើ ហើយ ជ័រ​ទឹក​នេះ​ត្រូវ​បាន​លក់ និង​ប្រើប្រាស់​ក្នុង​ស្រុក។ រីឯ​ក្រុម​អ្នក​កាប់​ឈើ បាន​កំណត់​គោលដៅ​កាន់​តែ​ខ្លាំង លើ​ដើម​ឈើ​ជ័រ​ផលិត​ជ័រ​ទឹក ដើម្បី​ធ្វើ​អាជីវកម្ម។

សកម្មជន​ការពារ​ព្រៃឈើ​ដែល​តែង​ចុះ​អង្កេត​ឧក្រិដ្ឋកម្ម​ព្រៃឈើ លោក ហេង ស្រស់ យល់​ថា ការ​ច្រានចោល​របាយការណ៍​របស់​ក្រសួង​បរិស្ថាន ពុំ​មែន​ជា​ដំណោះស្រាយ​វិបត្តិ​បរិស្ថាន​នោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ឱ្យ​មន្ត្រី​គ្រាក់ៗ កាន់​តែ​ទទួល​សំណូក​ពី​បទល្មើស​ព្រៃឈើ​កាន់​តែ​ច្រើន។ លោក​រក​ឃើញ​ថា ជំនួញ​ឈើ​ឆ្លង​ដែន និង​ការ​បើក​អាជីវកម្ម​នាំ​ឈើ​ចេញ​ខុស​ច្បាប់ ជា​ទម្រង់​នៃ​អំពើ​ពុករលួយ​ ជា​ចង្កោម ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ ប្រសើរ​ជាង​ការ​ច្រាន​ចោល​របាយការណ៍​ភ្លាមៗ ដោយ​គ្មាន​ការ​ស៊ើប​អង្កេត៖ «រាជរដ្ឋាភិបាល​គាត់​អនុវត្ត​ច្បាប់​លើ​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើ ជា​ជាង​ទាត់​របាយការណ៍​ចោល ​ហើយ​យើង​លើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញាធរ​ទាំងអស់​ ចៀសវាង​ការប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ហើយ​ធ្វើការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ»

របាយការណ៍​លើកលែង​ទោស​អន្តរជាតិ បន្ថែម​ថា ជន​ជាតិ​ដើម​ភាគ​តិច តែង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ដី​ព្រៃឈើ តាំង​ពី​បុរាណ ដោយ​ចិញ្ចឹម​ជីវិត ប្រតិបត្តិ​ទំនៀម​ទម្លាប់ វប្បធម៌។ ដូច្នេះ ការ​កាប់​ឈើ​ខុស​ច្បាប់​មិន​ត្រឹមតែ​គំរាម​កំហែង​ដល់​ជីវចម្រុះ និង​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំផ្លាញ​វប្បធម៌ និង​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

កម្ពុជា​មាន​ជន​ជាតិ​ដើម​ភាគ​តិច ២៤អម្បូរ ដែល​ក្នុង​នោះ​ជនជាតិ​ដើម​ភាគ​តិច​កួយ​មាន​ចំនួន​ច្រើន​ជាង​គេ ហើយ​ពួក​គេ​រស់​នៅ​ពឹង​ផ្អែក​លើ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ។ អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​សម្ភាស​ជនជាតិ​ដើម​ភាគ​តិច​កួយ គឺ​ពួក​គេ​កំពុង​ព្រួយ​បារម្ភ​ពី​ជីវិត និង វប្បធម៌​ប្រឈម​ការ​គំរាម​កំហែង​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ធំ​សម្បើម​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។