តុលាការ​គ្រោង​ជំនុំជម្រះ​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​លោក គង់ ម៉ាស់ នៅ​ថ្ងៃ​ទី​២ តុលា

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​លោក គង់ ម៉ាស់ នៅ​ថ្ងៃ​ទី​២ ខែ​តុលា បន្ទាប់ពី​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ បាន​ជាប់ឃុំ​ជិត ១០​ខែ​មក​ហើយ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រិះគន់​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ ប្រាប់​អាស៊ីសេរី​ថា ពន្ធនាគារ​នឹង​បញ្ជូន​កូន ក្តី​របស់​លោក​ទៅ​ចូលរួម​សវនាការ​ជំនុំជម្រះ​ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា​។ លោក​រំពឹង​ថា តុលាការ នឹង​សម្រេច​ឱ្យ​កូន​ក្តី​របស់​លោក​គ្មាន​ទោស៖ «ខ្ញុំ​គិត​ថា សំណុំរឿង​របស់​លោក គង់ ម៉ាស់​នេះ មាន​រយៈពេល យូរ​ដែរ​ហើយ ដោយសារ​ចាប់ខ្លួន​តាំងពី​ខែ​១ រហូតដល់​ខែ​១០​ដូច្នេះ​ប្រហែល​១០​ខែ​មក​ហើយ។ ការ​ជុំ​ជម្រះ​ថ្ងៃស្អែក​នេះ ក៏​វា​មាន​លក្ខណៈ​យឺត​ពេល​ដែរ ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​នេះ។ ខ្ញុំ​គិត​ថា ពាក់ព័ន្ធ​នឹង​រឿង​ផ្ដល់​យុត្តិធម៌ ឬ​មិន​ផ្ដល់​យុត្តិធម៌​គឺ​ត្រូវ​រង់ចាំ​មើល​ថ្ងៃ​សវ​នា​ថ្ងៃស្អែក​សិន​។ ខ្ញុំ​គិត​ថា អ្វី​ដែល​ជា​ការ​លើកឡើង​របស់​កូន​ក្តី ខ្ញុំ​គឺជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ»។

របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​លោក គង់ ម៉ាស់ ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម និង​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ដោយ​ចោទប្រកាន់​ពី​បទ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បន្ទាប់ពី​លោក​បាន​សរសេរ​សារ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​របប​ក្រុងភ្នំពេញ។ សារ​ដែល​លោក គង់ ម៉ាស់ បង្ហោះ​នោះ រួមមាន​យុទ្ធនាការ​ម្រាមដៃ​ស្អាត​កាលពីមុន​បោះឆ្នោត ការ​បង្ហោះ​រូបភាព​ជួបជុំ​សកម្មជន​តាម​មូលដ្ឋាន និង​សារ​រិះគន់​បែប​ស្ថាបនា​អំពី​ភាព​អសកម្ម​មួយ​ចំនួន​របស់ របប​លោក ហ៊ុន សែន រួមមាន​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ករណី​ចុងក្រោយ​រឿង​តម្លៃ​កសិផល​ចុះថោក​ក្រោយពី​សហភាព​អឺរ៉ុប​យកពន្ធ​អង្ក​កម្ពុជា​ជាដើម។

អ្នកច្បាប់​និង​មន្ត្រី​សិទ្ធិមនុស្ស យល់ថា ការ​បង្ហោះ​សារ​ផ្សេងៗ​របស់​លោក គង់ ម៉ាស់ គឺ​គ្រាន់តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ហើយ​កា​រិះគន់​នោះ គឺជា​ការរិះគន់​បែប​ស្ថាបនា គ្មាន​ន័យ​ប្រមាថ​រដ្ឋាភិបាល​ឡើយ។ ពួកគេ​បាន​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​លោក គង់ ម៉ាស់ ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។