តុលាការយោធា រងការចោទប្រកាន់ថា ជាស្ថាប័នពុករលួយ និងគ្រួសារនិយមក្រោមការដឹកនាំ របស់ឧត្ដមសេនីយ៍ឯក ផ្កាយ៣ លោក ន័យ ថុល រយៈពេល ៣២ឆ្នាំ។ សង្គមស៊ីវិលយល់ថា នៅពេល មានការចោទប្រកាន់បែបនេះ អង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋាភិបាល គួរតែមានវិធានការស៊ើបអង្កេត និងបង្ហាញជាសាធារណៈ។ ក៏ប៉ុន្តែក្រសួងការពារជាតិថា មិនដឹងករណីនេះទេ ហើយសន្យាថា នឹងស៊ើបអង្កេតករណីនេះ។
មន្ត្រីនៅតុលាការយោធា ដែលសុំលាក់អត្តសញ្ញាណ ប្រាប់អាស៊ីសេរីថា ប្រធានតុលាការយោធា ឧត្ដមសេនីយ៍ឯកផ្កាយ៣ លោក ន័យ ថុល ដែលកាន់តំណែងនេះតាំងពីឆ្នាំ១៩៨៧ មក និងជាចៅក្រមនៅសាលាក្ដីខ្មែរក្រហមផង បានបង្កើតឲ្យមានអំពើពុករលួយ និងបានកេណ្ឌសែស្រឡាយបក្ខពួកគ្រួសារនិយម រហូតដល់ជាង ១០នាក់ឱ្យមកកាន់តួនាទីនៅក្នុងតុលាការយោធាក្រោមការដឹកនាំរបស់លោក។
មន្ត្រីរូបនេះ បង្ហាញរចនាសម្ព័ន្ធដឹកនាំក្នុងស្ថាប័នតុលាការយោធាថា លោក ន័យ ថុល គឺជាប្រធានតុលាការយោធា ហើយភរិយារបស់លោក គឺអ្នកស្រី ខឹម សម្បិត្តិ ក៏ជាចៅក្រម និងជាអនុប្រធានតុលាការយោធា ព្រមទាំងមានឋានន្តរសក្ដិឧត្ដមសេនីយ៍ត្រី ផ្កាយ១ នៅក្រសួងការពារជាតិ។ លោក ន័យ ថុល ក៏មានកូនចំនួន ៣នាក់ធ្វើការនៅក្នុងស្ថាប័នតុលាការយោធាដែរ។ កូនទី១ លោក ផូរ ភិរម្យ មានតួនាទីជាអនុប្រធានតុលាការយោធា និងជានាយការិយាល័យចៅក្រមស៊ើបសួរព្រមទាំង មានឋានន្តរសក្ដិឧត្ដមសេនីយ៍ទោ។ កូនទី២ លោក ផូ វីរៈ មានតួនាទីជាអនុប្រធានតុលាការ យោធា និងជានាយរងការិយាល័យចៅក្រមស៊ើបសួរ ព្រមទាំងមានឋានន្តរសក្ដិឧត្ដមសេនីយ៍ត្រី។ ចំណែកកូនទី៣ លោក ន័យ ផូរច័ន្ទគង្គារ ក៏កំពុងធ្វើការនៅក្នុងតុលាការយោធាដែរ។
(រូបភាពនៃសវនាការមួយនៅតុលាការយោធា។ រូបថតគេផ្ដល់ឱ្យ)
ប្រភពអះអាងថា ករណីអំពើពុករលួយ និងបញ្ហាបក្ខពួកគ្រួសារនិយមនៅក្នុងស្ថាប័នតុលាការ យោធានេះ គឺធ្វើឡើងជាប្រព័ន្ធ និងលាក់បាំងបំផុត ដែលសូម្បីតែឈ្មោះត្រកូលក៏ផ្លាស់ប្តូរដែរ។
លោក ន័យ ថុល ក៏ប្រមូលសាច់ញាតិមួយចំនួនទៀត ដូចជា លោកឧត្ដមសេនីយ៍ទោ នុត សោ ភ័ណ្ឌ ត្រូវជាប្អូនជីដូនមួយ កំពុងកាន់តួនាទីជាអនុប្រធានតុលាការយោធា និងជានាយការិយាល័យហិរញ្ញវត្ថុ។ លោក នុត សោភ័ណ្ឌ មានបងប្អូនបង្កើតម្នាក់ទៀតឈ្មោះ នុត សុផែន កំពុងធ្វើការក្រោមបង្គាប់របស់លោក។ ប្រភពបន្តថា សូម្បីតែអ្នកបើកឡានឲ្យលោក ន័យ ថុល ឈ្មោះ អ៊ូ សេរី ក៏ត្រូវបានដំឡើងឲ្យធ្វើជាចៅក្រមដែរ។ ក្រៅពីនេះ ចៅក្រមមួយចំនួនទៀត ក៏ជាសាច់ញាតិ និងបក្ខពួករបស់លោក ន័យ ថុល ដែរ ដូចជាលោកចៅក្រម ង៉ូវ វុទ្ធី ចៅក្រម ឃឹម សុឃាន និងចៅក្រម ពិន សំអឿន។
រីឯមន្ត្រីគ្រាក់ៗ នៅក្នុងស្ថាប័ននេះមួយចំនួន ក៏យកគំរូតាមលោក ន័យ ថុល ដោយពួកគេ ប្រមូល កូន និងសាច់ញាតិចូលធ្វើការជាហូរហែដែរ។ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាចៅក្រមតុលាការយោធានាយឧត្ដមសេនីយ៍ ផ្កាយ៤ លោក សាវ សុខ ក៏មានកូនស្រីម្នាក់ឈ្មោះ សុខ គីណូ កត្តា ជាចៅក្រមតុលាការយោធា និងមានឋានន្តរសក្ដិវរសេនីយ៍ត្រី។ រីឯអនុប្រធានតុលាការយោធា និងជាចៅក្រម លោកឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន មានកូនប្រុសឈ្មោះ ប៉ុន វណ្ណៈ ជាច្រៅក្រម។
ឯកសារមួយចំនួនដែលអាស៊ីសេរីទទួលបានក៏បង្ហាញថា អំឡុងឆ្នាំ២០១៦ លោក ន័យ ថុល ធ្លាប់ ត្រូវបានមន្ត្រីក្នុងតុលាការយោធាប្តឹងទៅកាន់អង្គភាពប្រឆាំងពុករលួយដែរ ពាក់ព័ន្ធនឹងការកាត់ ប្រាក់ខែចៅក្រម ដែលមិនមែនជាសាច់ញាតិ ការដំឡើងតួនាទីឲ្យកូនចៅបក្ខពួករបស់ខ្លួន និងការពន្យាពេលចូលនិវត្តន៍ចំនួន ៧លើក។ ប៉ុន្តែបណ្ដឹងនេះ ពុំមានការស៊ើបអង្កេតអ្វីឡើយ បន្ទាប់ពីមាន លិខិតឆ្លើយបំភ្លឺពីលោក ន័យ ថុល។
ប្រភពបន្តថា ការតែងតាំងកូនចៅសាច់ញាតិ និងបក្ខពួកឲ្យធ្វើជាអនុប្រធានតុលាការយោធា និងជាចៅក្រមនេះ គឺមិនធ្វើឡើតាមលក្ខន្តិកៈ និងការប្រកួតប្រជែងសមត្ថភាពនោះទេ គឺតាមរយៈលិខិត ស្នើសុំរបស់លោក ន័យ ថុល តែម្តង។
ឯកសារដែលអាស៊ីសេរីទទួលបានបង្ហាញថា ចៅក្រមនៅក្នុងតុលាការយោធាមានចំនួន ២៥រូប ហើយក្នុងនោះអនុប្រធានតុលាការយោធានមិនតិចជាង ១០នាក់នោះទេ ខណៈតុលាការនេះ មិនសូវមានសំណុំរឿងកាត់ក្តីឡើយ។ ប្រភពឲ្យដឹងថា ក្នុងមួយឆ្នាំ តុលាការយោធាមានសំណុំរឿងប្រហែល ២ ទៅ ៣សំណុំរឿងប៉ុណ្ណោះ។ ប៉ុន្តែមូលហេតុដែលមានការតែងតាំងអនុប្រធានតុលាការ និងចៅក្រមច្រើនបែបនេះ ព្រោះពួកគេមានបំណង ដើម្បីតែបើកប្រាក់ខែរដ្ឋ ដែលម្នាក់ៗ មិនតិចជាង ៤លានរៀល ឬជាង ១ពាន់ដុល្លារនោះទេ ប្រសិនបើបូកទាំងតួនាទី និងមុខងារដ៏សំពីងសំពោងរបស់ពួកគេ។
ប្រធានតុលាការយោធា លោក ន័យ ថុល បដិសេធមិនឆ្លើយតបចំពោះការចោទប្រកាន់នេះទេ និង បានចុចបិទទូរស័ព្ទរបស់អាស៊ីសេរី៖ «ខ្ញុំអត់មានយោបល់ទេ»។
រីឯអនុប្រធានតុលាការយោធា លោក នុត សោភ័ណ្ឌ ទទួលស្គាល់ថា លោកពិតជាមានប្អូនម្នាក់ ឈ្មោះ នុត សុផែន កំពុងធ្វើការក្រោមបង្គាប់របស់លោក ប៉ុន្តែលោកអះអាងថា មិនជាប់សាច់ញាតិជាមួយលោក ន័យ ថុល ឡើយ និងមិនជាប់ពាក់ព័ន្ធអំពើពុករលួយនោះទេ។ ទោះយ៉ាងណាក្តី លោកសុំមិនអត្ថាធិប្បាយច្រើនឡើយ ដោយអះអាងថា កំពុងជាប់រវល់៖ « ខ្ញុំអត់មានទេបងបាទ » ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីថា ការតែងតាំងចៅក្រមតុលាការយោធាមិនដូចនីតិវិធីនៃការតែងតាំងនៅក្នុងតុលាការធម្មតា ឬតុលាការស៊ីវិលនោះទេ ហើយក្រសួងយុត្តិធម៌ ក៏មិនមានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យលើតុលាការយោធាដែរ៖ « តុលាការយោធា គឺជាផ្នែកមួយរបស់ក្រសួងការពារជាតិ អ៊ីចឹងការតែងតាំងចៅក្រម និងមន្ត្រីផ្សេងៗ ទៀត គឺស្ថិតនៅក្នុងក្របខ័ណ្ឌរបស់ក្រសួងការពារជាតិ ដែលត្រូវបានតែងតាំង និងដាក់ឲ្យបំពេញភារកិច្ចដោយក្រសួងការពារជាតិ ។ក្រសួងយុត្តិធម៌មិនមានអី ដែលត្រួតពិនិត្យ ឬក៏គ្រប់គ្រងលើតុលាការយោធាទេ»។
តុលាការយោធា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ ដែលមានតួនាទីជំនុំជម្រះតែបទ ល្មើសរបស់យោធាប៉ុណ្ណោះ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត មានប្រសាសន៍ថា លោកមិនបានដឹងលម្អិតពី បញ្ហាអំពើពុករលួយ និងបញ្ហាបក្ខពួកគ្រួសារនិយមនៅក្នុងស្ថាប័នតុលាការយោធានេះទេ ប៉ុន្តែ លោកសន្យាថា នឹងស៊ើបអង្កេតករណីនេះ៖« អរគុណហើយចំពោះដំណឹងនេះ ខ្ញុំនឹងស្រាវជ្រាវជូន និងជម្រាបជូននៅពេលក្រោយ។ ប៉ុន្តែឥឡូវជាព័ត៌មានខ្ញុំអត់បានដឹងទេ ទាល់តែមានករណីលើកឡើងអ៊ីចឹង បានខ្ញុំដឹង។ ជារួមយើងអត់មានគោលការណ៍ឲ្យធ្វើអ៊ីចឹងទេ ដូច្នេះប្រសិនបើមានករណីនេះមែន ប្រហែលជាមានការពិចារណាឡើងវិញ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា បញ្ហាបក្ខពួកនិយម សាច់ញាតិ និងគ្រួសារនិយមនៅក្នុងស្ថាប័នរដ្ឋនេះ កំពុងចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរដោយសារតែគ្មានច្បាប់ណាចែងមិនឱ្យយកសែលោហិតចូលធ្វើការ។ ទោះមិនមានច្បាប់ក្តី លោកយល់ថា ស្ថាប័នរដ្ឋនីមួយៗគួរតែមានគោលការណ៍ហាមមិនឱ្យសាច់ញាតិធ្វើការ ក្នុងស្ថាប័នជាមួយគ្នា ដើម្បីកុំឱ្យមានទំនាស់ផលប្រយោជន៍ ឬអំពើពុករលួយជាប្រព័ន្ធ និងអាចប៉ះពាល់ដល់កំណែទម្រង់ស៊ីជម្រៅ។ បន្ថែមពីនេះ លោកក៏ជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតចំពោះការទទួលបានតួនាទីរបស់មន្ត្រីនគរបាលដែលមានសែស្រឡាយទាំងនោះដែរ៖ «ប្រសិនបើមានអំពើពុករលួយ គឺគេអាចប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យមានការស៊ើបអង្កេត ព្រោះអីទម្រង់នៃការរំលោភអំណាចខ្លះ វាកើតឡើងដោយសារតែទំនាស់ផលប្រយោជន៍។ បើទំនាស់ផលប្រយោជន៍ធំទៅៗ វាងាយនឹងនាំឲ្យមានអំពើពុករលួយ»។
សព្វថ្ងៃនេះ ជាធម្មតាទៅហើយសម្រាប់មន្ត្រីកំពូលៗ របស់បក្សកាន់អំណាច បើមានឪពុក ឬក៏ម្ដាយជាតំណាងរាស្ត្រ ឬក៏ប្រធានស្ថាប័ន ឬក៏មន្ត្រីជាន់ខ្ពស់នៅកន្លែងណាមួយគឺយកកូន ឬក៏ក្មួយមកដាក់ឲ្យកាន់តំណែងក្រោមឱវាទរបស់ខ្លួន ឬក៏កន្លែងខ្លាញ់ណាមួយដែរ។ ប្រការនេះ បានធ្វើឲ្យកូនអ្នកក្រ ឬកូនអ្នកស្រែ បន្តអស់សង្ឃឹមដូចកាលពីទសវត្សរ៍ឆ្នាំ៨០ ថា ទោះខំរៀន ក៏អត់ប្រយោជន៍ដែរ ព្រោះតំណែងមន្ត្រីជាន់ខ្ពស់គឺអ្នកធំៗគេរៀបចំដាក់កូនគេអស់ហើយ។
សង្គមស៊ីវិល ជំរុញឲ្យរបបក្រុងភ្នំពេញ ដាក់ការហាមឃាត់បញ្ហាគ្រួសារ ឬសាច់ញាតិនិយមនេះនៅក្នុងច្បាប់។ ពួកគេថា ករណីគ្រួសារ និងសាច់ញាតិនិយមនេះ អាចបង្កឱ្យមានហានិភ័យពុករលួយខ្ពស់ ដូច្នេះហើយទើបនៅប្រទេសជាច្រើនបានចេញច្បាប់ហាមឃាត់ ប៉ុន្តែនៅកម្ពុជាបញ្ហានេះ កំពុងកើតមានជាទូទៅ និងស្ទើរតែនៅគ្រប់ស្ថាប័នរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
