ក្រសួង​យុត្តិធម៌​ថា ច្បាប់​ស្ដីពី​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​កាត់បន្ថយ​អំណាច​រដ្ឋាភិបាល

ដោយ ខែ សុណង
2020-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជិន ម៉ាលីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២២ មេសា ២០២០។
លោក ជិន ម៉ាលីន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២២ មេសា ២០២០។
រូប​ថត​ពី​ហ្វេសប៊ុក​អង្គភាព​​អ្នកនាំពាក្យ​រដ្ឋាភិបាល

ក្រសួងយុត្តិធម៌​ធ្វើ​សន្និសីទ​សារព័ត៌មាន​អះអាង​ប្រាប់​អ្នកកាសែត​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន បង្កើត​ឡើង​មិនមែន​ក្នុង​គោលដៅ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ឡើយ ប៉ុន្តែ​ដើម្បី​កាត់​បន្ថយ​អំណាច​របស់​រដ្ឋាភិបាល​ទៅវិញ​ទេ​។ អ្នកឃ្លាំមើល​សង្គម​ជឿ​ថា គ្មាន​ស្ថាប័ន​ណា​អាច​ត្រួតពិនិត្យ និង​តម្រង់​ការអនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ឡើយ ប្រសិនបើ​ប្រទេស​កម្ពុជា​ត្រូវ​ដាក់​នៅ​ក្នុង​ស្ថានភាព​អាសន្ន​មែន​នោះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើង​ថា ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង ភាព​អាសន្ន ធ្វើឡើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​បទពិសោធន៍​របស់​ប្រទេស​នានា​នៅ​លើ​ពិភពលោក។

លោក ជិន ម៉ាលីន ទទួលស្គាល់​ថា ច្បាប់​នេះ​ផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​កម្រិត​សិទ្ធិ​សេរីភាព​មួយ​ចំនួន​របស់​ពលរដ្ឋ ដូចជា ការ​ជួបជុំ ការ​ប្រមូលផ្តុំ ការ​ដើរ​ហើរ និង​ការ​ប្រកប​មុខរបរ​ជា​ដើម ប៉ុន្តែ​ការ​កម្រិត​សិទ្ធិ​នេះ គឺ​ក្នុង​គោលដៅ​ធានា​នូវ​សិទ្ធិ​រស់រាន​មានជីវិត​របស់​ពលរដ្ឋ នៅ​ពេល​ប្រទេសជាតិ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់៖ «ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន​នេះ មិនមែន​រៀបចំឡើង​ដើម្បី​ធ្វើការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ឬក៏​ធ្វើឡើង​ដើម្បី​រំលោភបំពាន​ទៅលើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដូច​ការ​ចោទប្រកាន់​របស់​ក្រុម​មួយ​ចំនួន​តូច​នោះ​ទេ​។ ផ្ទុយទៅវិញ ច្បាប់​នេះ​រៀបចំឡើង គឺ​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ពង្រឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា»

លោក ជិន ម៉ាលីន អះអាង​ដូច​លោក ហ៊ុន សែន ដែរ​ថា កម្ពុជា​ត្រូវ​ការ​ច្បាប់​នេះ​ជា​ចាំបាច់​ដើម្បី​ទុក​ប្រើ​នៅ​ពេល​ប្រទេសជាតិ​ជួប​នឹង​ស្ថាន​ភាព​អាសន្ន​ជាយថាហេតុ ទោះជា​មិនមែន​នៅ​ក្នុង​វិបត្តិ​កូវីដ-១៩ ក៏ដោយ​។ លោក​ថ្លែង​ទៀត​ថា ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​សុទ្ធតែ​មាន​ច្បាប់​នេះ ឬ​កំពុងតែ​អនុវត្ត​ច្បាប់​នេះ​ផង​ក៏​មាន​។ ដូច្នេះ​លោក​ថា ការ​រិះគន់​ថា ច្បាប់​នេះ​ថា​ធ្វើឡើង​ដើម្បី​រឹតត្បិត​សិទ្ធិ សេរីភាព ឬ​ដើម្បី​ទុក​ប្រើ​នៅ​ពេល​នាយករដ្ឋមន្ត្រី​ផ្ទេរ​អំណាច​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ និង​មាន​ចរិត​នយោបាយ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូប​​នេះ​បញ្ជាក់​ថា ច្បាប់​នេះ​មិនមែន​ផ្ដល់​អំណាច​គ្មាន​ព្រំដែន​ដល់​រដ្ឋាភិបាល​នោះឡើយ ពីព្រោះ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងពីរ គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា​គឺជា​អ្នក​តាមដាន​ការអនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល៖ «បើ​រដ្ឋាភិបាល​ចង់​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដោយ​គ្មាន​ដែន​កំណត់ ប្រហែលជា​មិន​ចាំបាច់​ក្នុង​ការ​ធ្វើ​ច្បាប់​នេះ​ទេ​។ អ៊ីចឹង​ច្បាប់​នេះ គឺថា​កំហិត កំណត់​នូវ​សិទ្ធិ​អំណាច​របស់​រដ្ឋាភិបាល​។ ច្បាប់​នេះ​រៀបចំ​ឱ្យ​មានការ​យន្តការ​ត្រួត​ពិនិត្យ​នូវ​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ជា​គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស»

លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ថ្លែង​ក្នុងពិធី​ចូល​កាន់​ដំណែង កាល​ពី​ថ្ងៃទី១ មេសា ឆ្នាំ​២០២០។
លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ថ្លែង​ក្នុងពិធី​ចូល​កាន់​ដំណែង កាល​ពី​ថ្ងៃទី១ មេសា ឆ្នាំ​២០២០។ រូប​ហ្វេសប៊ុក លោក ស ខេង

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត ជឿ​ថា គ្មាន​ស្ថាប័ន​ណា​អាច​ត្រួតពិនិត្យ​ការ​អនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល​បាន​ឡើយ ពីព្រោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​សំខាន់ៗ សុទ្ធសឹងតែ​ជា​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា៖ «មានតែ​លោក ហ៊ុន សែន ទេ​សព្វថ្ងៃ​ហ្នឹង ដែល​ត្រួតពិនិត្យ ដែល​បញ្ជា​តាមតែ​អំពើ​ចិត្ត​ឱ្យ​(​រដ្ឋ​)​សភា ព្រឹទ្ធសភា ធ្វើ​អ្វី​តាម​ខ្លួន​ចង់បាន​នោះ​។ ដូច្នេះ យន្តការ​រដ្ឋសភា​ក៏​ដោយ ព្រឹទ្ធសភា​ក៏ដោយ ក្រុម​ប្រឹក្សាធម្មនុញ្ញ​ក៏ដោយ រួម​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ហ្នឹង​ទៅទៀត គឺ​អត់​មានអំណាច​អ្វី​ទៅ​ត្រួតពិនិត្យ​ការប្រតិបត្តិ​ច្បាប់ ប្រតិបត្តិ​អំណាច​របស់​លោក ហ៊ុន សែន បានទេ»

អ្នក​សិក្សា​ផ្នែក​ច្បាប់ យុវជន វ៉ន ចាន់ឡូត មើលឃើញ​ថា ច្បាប់​នេះ​មិនបាន​ធ្វើ​ឱ្យ​សិទ្ធិ​អំណាច​របស់​រដ្ឋាភិបាល​ត្រូវ​ថមថយ​នោះ​ទេ ប្រសិនបើ​កម្ពុជា​ត្រូវ​ដាក់​នៅ​ក្នុង​ស្ថានភាព​អាសន្ន​នោះ​។ ផ្ទុយទៅវិញ លោក​ថា ច្បាប់​នេះ​ផ្ដល់​សិទ្ធិ​អំណាច​យ៉ាង​ច្រើន​សម្បើម​ដល់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​វិធានការ​នានា ដែល​រដ្ឋាភិបាល​យល់ថា​ចាំបាច់ ដែល​នេះ​គឺជា​រឿង​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​។ លោក​បន្ថែម​ថា បើ​ច្បាប់​នេះ​ពិតជា​មិន​ចាំបាច់​មែន រដ្ឋាភិបាល​មិន​គួរ​ធ្វើ​ដោយ​ប្រញាប់ប្រញាល់​បែបនេះ​ឡើយ គឺ​រដ្ឋាភិបាល​គួរតែ​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​សង្គម​ស៊ីវិល ព្រមទាំង​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ ដើម្បី​ឱ្យ​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​ដែល​មាន​ការ​ឯកភាព​ជា​រួម៖ «ខាង​នីតិប្បញ្ញត្តិ​គ្រាន់តែ​ជា​តួអង្គ​ដែល​បំពេញ​បន្ថែម​ឱ្យ​មើល​ទៅ​ល្អមើល​តែ​រូបភាព​ទេ តែ​ជាក់ស្ដែង គឺ​ពួកគាត់​គ្មាន​ហ៊ាន​ទៅ​បដិសេធ ឬក៏​ត្រួតពិនិត្យ​យន្តការ ការអនុវត្ត​របស់​រដ្ឋាភិបាល សម្រាប់​ខ្ញុំ ខ្ញុំ​អត់​មាន​ទំនុក​ចិត្ត​ទេ»

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​វាយតម្លៃ​ថា ច្បាប់​គ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ រំលោភ​សិទ្ធ​ឯកជន រឹតត្បិត​ការ​បញ្ចេញមតិ​ដោយ​សេរី និង​ធ្វើ​ឱ្យ​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី​ក្លាយ​ជា​បទល្មើស​ព្រហ្មទណ្ឌ​។ ចំណែក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉​ច្ឆ (Human Rights Watch) វិញ ពិនិត្យ​ឃើញ​ថា ក្រៅពី​ដកហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ហើយ​នោះ ច្បាប់​ថ្មី​នេះ​ផ្ដល់​សិទ្ធិ​អំណាច​គ្មាន​ដែន​កំណត់ និង​គ្មាន​ការត្រួត​ពិនិត្យ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បង្ក្រាប​អ្នកប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យមើល​ធម្មនុញ្ញភាព​នៃ​សេចក្តី​ព្រាងច្បាប់​នេះ នៅ​ថ្ងៃ​ទី​សុក្រ ទី​២៤ មេសា ខាងមុខ ហើយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដែល​មាន​ស្នាដៃ​ធ្វើ​ច្បាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​ឡើង​ការពារ​សេចក្ដី​ព្រាងច្បាប់​នេះ។

ទោះជា​យ៉ាងណា អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​ជឿ​ថា ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​ដោយ​គ្មាន​ឧបសគ្គ​ឡើយ ព្រោះ​អង្គ​នីតិបញ្ញត្តិ​គ្រប់​ជាន់ថ្នាក់ គឺជា​ស្ថាប័ន​ចាំតែ​ប្រថាប់ត្រា​ឱ្យ​លោក ហ៊ុន សែន ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល