ក្រសួង​យុត្តិធម៌​ប្រជុំ​ពង្រឹង​​​ការ​លើកលែង​ទោស​ដល់​​ទណ្ឌិត

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ប្រកាស​ថា ការ​កែប្រែ​ការ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​លើ​ទណ្ឌិត​ដោយ​ការ​អនុវត្ត​ទោស​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ តែ​ត្រូវ​ពិនិត្យ​លើ​ឥរិយាបថ​របស់​ទណ្ឌិត។

លោក​រដ្ឋមន្ត្រី​ប្រកាស​បែប​នេះ​នៅ​ក្នុង​កិច្ច​​ប្រជុំ​បន្ទាន់​មួយ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​ព្រះរាជអាជ្ញា​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​និយាយ​ជា​សាធារណៈ​ថា ជន​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​មុខ​ដដែលៗ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ថា វិធានការ​នេះ​យឺត​ពេល​បន្តិច​ទៅ​ហើយ។

ចំណាត់​ការ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពិនិត្យ​ឡើង​វិញ​លើ​ការ​លើកលែង​ទោស​ទណ្ឌិត ខណៈ​បទល្មើស​ឆក់ប្លន់​ប្រដាប់​អាវុធ​កើត​ឡើង​ស្ទើរ​គ្មាន​លោះ​ថ្ងៃ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន និង​ជាពិសេស​នៅ​ភ្នំពេញ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ថា ទណ្ឌិត​ដែល​ជាប់​ចោទ​ពី​បទ​ចោទ​ប្លន់​ប្រដាប់​អាវុធ ក្រសួង​នឹង​មិន​ដាក់​សំណើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​លើកលែង​ទោស​នោះ​ទេ បើ​ទោះ​ជា​ពួកគេ​បាន​អនុវត្ត​ទោស​គ្រប់គ្រាន់​តាម​គោលការណ៍​លើកលែង​ទោស​ក្តី។

លោក​ថា កន្លង​មក​ទណ្ឌិត​ដែល​អនុវត្ត​បាន​មួយ​ភាគ​បី (១/៣) អាច​ត្រូវ​បន្ធូរបន្ថយ​ទោស។ ចំណែក​ទណ្ឌិត​អ្នក​អនុវត្ត​ទោស​បាន​ពីរ​ភាគ​បី (២/៣) អាច​លើកលែង​ទោស ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ ត្រូវ​ពិនិត្យ​លើ​លក្ខខណ្ឌ​ផ្សេងៗ បូក​រួម​អាកប្បកិរិយា​របស់​ទណ្ឌិត​ផង៖ «នៅ​ពេល​ដែល​ទណ្ឌិត​ម្នាក់​អនុវត្ត​ទោស​បាន​មួយ​ភាគ​បី ឬ​មួយ​ភាគ​បី មិន​មែន​ជា​សិទ្ធិ​របស់​គាត់​ដើម្បី​បន្ធូរបន្ថយ​ទោស ឬ​លើក​លែង​ទោស​ទេ គឺ​ត្រូវ​ចំណុះ​នៅ​លក្ខខណ្ឌ​ផ្សេង​ទៀត»

ក្រៅ​ពី​នេះ លោក កើត រិទ្ធ ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បញ្ជា​ទៅ​ព្រះរាជអាជ្ញា​ទូទាំង​ប្រទេស​ឲ្យ​ពិនិត្យ​សំណុំ​រឿង​ចាស់​ឡើង​វិញ។

​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​យុត្តិធម៌ ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា នឹង​ប្រជុំ​ជាមួយ​អ្នក​ពាក់ព័ន្ធ ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ខាង​មុខ លើ​ប្រធានបទ​កិច្ច​សហ​អនុវត្ត​ច្បាប់​រវាង​តុលាការ និង​នគរបាល​យុត្តិធម៌​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សាធារណៈ។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត និយាយ​ថា ការ​វាយ​តម្លៃ​លើកលែង​ទោស​កន្លង​មក មាន​ភាព​មិន​ប្រក្រតី​ច្រើន។ លោក​បន្ត​ថា កន្លង​មក​អង្គការ​លីកាដូ ទទួល​ព័ត៌មាន​ពី​ទណ្ឌិត ឬ​សាច់ញាតិ​ទណ្ឌិត​ថា ពួកគេ​រង​ភាព​អយុត្តិធម៌​ ខណៈ​ពួកគេ​មាន​លទ្ធភាព​អាច​ត្រូវ​ទទួល​បាន​ការ​លើកលែងទោស ឬ​បន្ធូរបន្ថយ​ទោស៖ «ដល់​ពេល​គោល​ចូល​ស៊ី​ស្មៅ​ហើយ​ទើប​ធ្វើ​របង រឿង​នេះ​បើ​សម្ដេច​នាយករដ្ឋមន្ត្រី​លោក​មិន​ស្រែក អត់​ឃើញ​មាន​វិធានការ​ទេ យើង​ចង់​ឲ្យ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព កុំ​ចាំ​នាយករដ្ឋមន្ត្រី​ស្រែក»

អំពើ​ប្លន់​ប្រដាប់​អាវុធ​កើត​ឡើង​ស្ទើរ​រាល់​ថ្ងៃ​នៅ​រយៈពេល​ចុង​ក្រោយ រហូត​ក្រុម​ជនល្មើស​ចូល​ប្លន់​ដល់​ផ្ទះ​ជាង​កាត់​សក់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​តួនាទី​នៅ​ក្នុង​ជួរ​រាជការ​ផង​នោះ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ លោក ហ៊ុន សែន ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ កុំ​ឲ្យ​ដោះលែង​ទណ្ឌិត​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​ប្លន់ និង​រឿង​គ្រឿង​ញៀន ខណៈ​មាន​សេចក្ដី​រាយការណ៍​ថា ជន​ប្រព្រឹត្ត​មុខ​ដដែល។ លោក ហ៊ុន សែន ថែម​ទាំង​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​រឿង​លើកលែង​ទោស​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។