អង្គការសង្គមស៊ីវិលអំពាវនាវដល់តុលាការកំពូលឱ្យពន្លឿនការជំនុំជម្រះរឿងក្តីសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ដោយសារមេធាវីបានប្តឹងសាទុក្ខជាច្រើនខែមកហើយ តែពុំទាន់ទាន់ឃើញតុលាការជាន់ខ្ពស់មួយនេះកំណត់ថ្ងៃសវនាការនៅឡើយទេ គិតត្រឹមចុងខែឧសភានេះ។
មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) បញ្ជាក់ថា គោលការណ៍ច្បាប់ និងសិទ្ធិមនុស្សតម្រូវឱ្យតុលាការបើកការជំនុំជម្រះរឿងក្តីព្រហ្មទណ្ឌឱ្យបានឆាប់ និងត្រឹមត្រូវ។
ប្រធានផ្នែកសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) លោក នី សុខា យល់ថា ករណីលោក រ៉ាត់ រត្នមុនី នេះ តុលាការកំពុងអូសបន្លាយសំណុំរឿង ធ្វើឱ្យប៉ះពាល់ដល់យុត្តិធម៌សម្រាប់សកម្មជនសិទ្ធិការងាររូបនេះ៖ «តុលាការនៅក្នុងរយៈពេលនៃការឃុំខ្លួន ត្រូវតែខិតខំស្វែងរកព័ត៌មាន ដើម្បីឈានទៅដល់ការជំនុំជម្រះក្តីមួយឱ្យបានត្រឹមត្រូវ ឱ្យបានយុត្តិធម៌។ ដូច្នេះនៅក្នុងសំណុំរឿងលោក រ៉ាត់ រត្នមុនី នេះ ជាសំណុំរឿងមួយដែលមិនមែនជាបទឧក្រិដ្ឋអ្វីធ្ងន់ធ្ងរទេ ដូច្នេះយើងមិនគួរណាអូសបន្លាយពេលវេលាដ៏វែងឆ្ងាយអ៊ីចឹងទេ»។
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី បានប្តឹងសាទុក្ខតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែជិតកន្លះឆ្នាំមកនេះ តុលាការកំពូលមិនទាន់ជូនដំណឹងអំពីថ្ងៃជំនុំជម្រះរឿងនេះនៅឡើយទេ។
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជាលោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ២ ឆ្នាំ ហើយបើគិតត្រឹមចុងខែឧសភានេះ លោកបានជាប់ពន្ធនាគារប្រមាណ១ ឆ្នាំកន្លះហើយ។
អ្នកការពារសិទ្ធិមនុស្ស លោក នី សុខា ពន្យល់ថាការមិនទទួលបានការជំនុំជម្រះដោយឆាប់រហ័ស ធ្វើឱ្យលោក រ៉ាត់ រត្នមុនី ត្រូវជាប់ឃុំដោយអយុត្តិធម៌៖ «បើតុលាការមិនអាចរកកំហុសរបស់គាត់ឃើញ ឬថាគាត់មិនមានកំហុស ដូច្នេះលោក រ៉ាត់ រត្នមុន្នី ត្រូវស្ថិតនៅក្នុងពន្ធនាគារយ៉ាងអយុត្តិធម៌បំផុត ដោយបញ្ហាដែលតុលាការមិនបានកាត់សេចក្តីឱ្យបានទាន់ពេលវេលា ឱ្យបានឆាប់រហ័សដូចអ្វីដែលយើងមើលនៅក្នុងនីតិវិធីរបស់តុលាការបច្ចុប្បន្នហ្នឹង»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល លោក អ៊ុក គឹមសិទ្ធិ ដើម្បីសាកសួរអំពីរឿងនេះបានទេ នៅថ្ងៃទី២៣ ឧសភា ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
តុលាការក្រុងភ្នំពេញបានកាត់ទោសលោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ២ ឆ្នាំពីបទ “ញុះញង់ឱ្យមានការរើសអើង” ក្រោយពីលោកបានជួយបកប្រែឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី ក្នុងការផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្តាយខ្ញុំ លក់ខ្ញុំ” ។ អាជ្ញាធរកម្ពុជាបានចាត់ទុកវីដេអូនេះថា ជារឿងប្រឌិតប៉ះពាល់ដល់មុខមាត់កម្ពុជា និងកិត្តិយសស្ត្រីខ្មែរ ហើយបានចោទលោក រ៉ាត់ រត្នមុនី ថា បានឱ្យលុយតួអង្គ ដើម្បីនិយាយកុហក។ ទោះជាយ៉ាងណា តួអង្គម្នាក់នៅក្នុងរឿងនោះធ្លាប់ប្រាប់អាស៊ីសេរីថា លោក រ៉ាត់ រត្នមុនី មិនបានឱ្យលុយនាងឡើយ ហើយអ្វីដែលនាងរៀបរាប់ក្នុងភាពយន្តឯកសារនោះ គឺជាជីវិតពិតផ្ទាល់ខ្លួនក្នុងនាមជាអ្នករងគ្រោះនៃអំពើជួញដូរផ្លូវភេទ។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានផ្តល់មេធាវីជួយការងារក្តីឱ្យលោក រ៉ាត់ រត្នមុនី តាំងពីដំបូង ដោយយល់ឃើញថា សកម្មជនសិទ្ធិការងាររូបនេះមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
អតីតសកម្មជនសិទ្ធិលំនៅដ្ឋាន និងជាប្រពន្ធរបស់លោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គឹមហ៊ាង រំពឹងថា ប្តីរបស់អ្នកស្រីនឹងត្រូវបានដោះលែងនៅពេលឆាប់ៗខាងមុខ បន្ទាប់ពីរដ្ឋមន្ត្រីថ្មីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដាក់ចេញនូវវិធានការការកែទម្រង់ប្រព័ន្ធតុលាការ។ អ្នកស្រីទទូចឱ្យតុលាការកំពូលពន្លឿនករណីនេះ និងដោះលែងប្តីអ្នកស្រីឱ្យមានសេរីភាពវិញ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផង បានវាយតម្លៃថា ការដាក់ទោសលោក រ៉ាត់ រត្នមុនី កាន់តែធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិ បាត់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយសារតែសកម្មជនសិទ្ធិការងាររូបនេះមិនទទួលបានសវនាការជំនុំជម្រះប្រកបដោយយុត្តិធម៌ឡើយ។ ម្យ៉ាងវិញទៀត ករណីនេះត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន និងការងាររាយការណ៍ព័ត៌មានពិតជូនសាធារណជន។ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិស្នើយ៉ាងទទូចឱ្យអាជ្ញាធរទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនសិទ្ធិការងាររូបនេះវិញដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។