ជំហរ​សង្គម​ស៊ីវិល​ក្នុង​ការ​ចូលរួម​ពិភាក្សា​កែប្រែ និង​ស្នើ​លុប​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល

0:00 / 0:00

សហគមន៍​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន សុំ​ឱ្យ​មានការ​លុបចោល​ច្បាប់​​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងស្រុង​តែម្ដង ដោយ​ព្រោះតែ​ពុំ​អាច​រក​ការ​ឯកភាព​គ្នា​ជា​ចំណុច​រួម​មួយ នឹង​ក្រសួង​មហាផ្ទៃ​។ ប៉ុន្តែ​ការ​ទាមទារ​នេះ ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទាត់ចោល ដោយ​ចាត់ទុកថា ជា​ការ​ស្នើសុំ​បំពាន​រដ្ឋធម្មនុញ្ញ។

​តើ​ដំណើរ​ការ​ជជែក​ពិភាក្សា​គ្នា​នេះ នឹង​នៅតែ​បន្ត​ឬ​ឈាន​ទៅ​បញ្ចប់​ត្រឹមនេះ?

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​កិច្ចការ​បោះឆ្នោត បង្ហាញ​ជំហរ​ផ្សេងគ្នា​ក្នុង​ការ​បន្ត​ជួបពិភាក្សា​ជាមួយ​ក្រសួងមហាផ្ទៃ ក្នុង​ការ​ជជែក​ដេញដោល​វិសោធន​កម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ប៉ុន្តែ​ពួកគេ​មាន​ជំហរ​ទាមទារ​ដូចគ្នា។

អនុប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​នឹង​មិន​ចូលរួម​ជជែក​ពិភាក្សា​លើ​ការ​កែប្រែ​ច្បាប់​នេះ​ជាមួយ​ក្រសួងមហាផ្ទៃ​ម្ដងទៀត​នោះ​ទេ​។ លោក​ថា គោល​គំនិត​ចម្បង​ដែល​នាំ​ឱ្យ​ក្រុម​បណ្ដាញ​អង្គការ​ចំនួន​១០០ ស្នើ​រដ្ឋាភិបាល​លុបចោល​ច្បាប់​នេះ​ទាំងស្រុង គឺ​ដោយសារតែ​ភាព​ចម្រូងចម្រាស​រក​ការ​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើការ​កែប្រែ​មិនបាន និង​កត្តា​រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ។

​លោក​យល់ថា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ អាច​មាន​ផល​ប៉ះពាល់​ដល់​សមាគម ឬ​សហគមន៍​ដែល​មិនបាន​ចុះបញ្ជី​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​យក​ច្បាប់​នេះ​ទៅ​បន្ទុចបង្អាក់ ឬ​គំរាមកំហែង និង​បំភិតបំភ័យ​ទៅលើ​សហគមន៍​ទាំងនោះ។

លោក​ថា ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ប្រទេស​ជឿនលឿន​គេ​បង្កើត​ឡើង​ដើម្បី​ធានា​និង​ជំរុញ​ឱ្យ​មាន​បង្កើត​អង្គការ​សមាគម​ដើម្បី​ជួយ​ធ្វើការ​អភិវឌ្ឍន៍ ប៉ុន្តែ​ផ្ទុយទៅវិញ​ច្បាប់​នេះ នៅ​កម្ពុជា​បាន​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​ទៅលើ​អង្គការ​និង​សមាគម និង​ជា​ការ​រឹត​បណ្ដឹង​ទៅលើ​សេរីភាព​និង​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​តាមរយៈ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ​ទៅវិញ៖ «បើ​យើង​និយាយ​ពី​ច្បាប់​នេះ​ពី​ឆ្នាំ​២០១៥ មកដល់​ឥឡូវ​វា​យូរហើយ អង្គការ​សង្គម​ស៊ីវិល​ដែល​ជួប​ប្រជុំ​នេះ​យើង​ឃើញ​ថា ប្រជុំ​ធំ​៤​លើក​ប្រជុំ​បច្ចេកទេស​៤​លើក មិន​ទាន់​រក​ភាព​ឯកភាព​គ្នា​ឃើញ​នៅ​ឡើយ យើង​ព្រួយបារម្ភ​ថា បើសិនជា រក​ចំណុចរួម​ក្នុង​ការ​រក​ចំណុចរួម​ឬ​ឆន្ទៈ​រួម​ក្នុង​ការ​ធ្វើ វិសោធនកម្ម​នេះ​បានទេ សង្គម​ស៊ីវិល​ទាំង​១០០​ទទូច​បើសិនជា​អាច​ឱ្យ​ច្បាប់​នេះ​និរាករណ៍ ហើយ​យើង​ប្រើប្រាស់​ក្រមរដ្ឋប្បវេណី​ជំនួស​វិញ ជៀសវាង​ការ​លើក​ឡើងជា​បន្តបន្ទាប់​។ សហគមន៍​អន្តរជាតិ អង្គការសហប្រជាជាតិ ក៏ដូចជា​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ក៏​ទាមទារ​ឱ្យ​មានការ​និរាករណ៍​នៃ​ច្បាប់​នេះ​ផង​ដែរ»។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ក្រុម​អង្គការ សមាគម និង​សហគមន៍​ចំនួន​១០០​ស្ថាប័ន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​និរាករណ៍ ឬ​លុបចោល ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សេចក្ដីថ្លែងការណ៍​បាន​ចេញ​ផ្សាយ​ក្រោយ​កិច្ចប្រជុំ​លើក​ទី​៤​រវាង​ក្រសួងមហាផ្ទៃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ចំនួន ដែល​ពួកគេ​យល់ថា​មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ឱ្យ​ច្បាប់​នេះ​មាន​ភាព​ល្អ​ប្រសើរ​ទេ ពោល​គឺ​រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​តែម្ដង។

ជា​ការ​ឆ្លើយតប​ការ​ទាមទារ​នេះ ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ប្រតិកម្ម​វិញ​ថា ការ​លើក​ឡើង​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម និង​ទាមទារ​ឱ្យ​និរាករណ៍​ឬ​លុបចោល​ច្បាប់​នេះ គឺ​ពុំ​ឆ្លុះបញ្ចាំង​ការពិត​ឡើយ​។ យ៉ាងណាក៏ដោយ សេចក្ដីថ្លែងការណ៍​នេះ អះអាង​ថា ក្រសួង​មាន​ឆន្ទៈ​មោះមុត​បន្ត​លើកកម្ពស់​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នឹង​បន្ត​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ដោយ​សុទ្ធចិត្ត​រហូត​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។

​យ៉ាងណា​ក៏​ដោយ​ចុះ លោក អំ សំអាត មាន​មតិ​ថា លោក​មិន​ចម្លែក​ទេ ដែល​រដ្ឋាភិបាល​តែង​តែង​ច្រាន​ចោល​រាល់​សេចក្ដីថ្លែងការណ៍ ឬ​របាយការណ៍​នានា​របស់​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ចោទ​ប្រកាន់​ថា​មាន​ចរិក​នយោបាយ ឬ​លំអៀង​នោះ៖ «ខ្ញុំ​មើល​ទៅ​ដូចជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​អ្វី​សំខាន់​អង្គការ​សង្គម​ស៊ីវិល​យើង​ចង់បាន​ថា​ធ្វើ​ម៉េច ឱ្យ​មានការ​​​បំពេញ​តួនាទី​ឬ​ភារកិច្ច​ក្នុងនាម​ជា​ដៃគូ​របស់​រដ្ឋាភិបាល​បំពេញការងារ​របស់ខ្លួន​បាន​ពេញលេញ​ដោយ​មិន​មានការ​រិត​ត្បិត​នៃ​សេរីភាព​ក្នុង​ការ​បំពេញការងារ​របស់​ពួកគេ​នោះ»។មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​សំណើ​របស់​អង្គការ​សមាគម​ចំនួន ១០០​ស្ថាប័ន ឱ្យ​រាជរដ្ឋាភិបាល​និរាករណ៍ ឬ​លុបចោល ច្បាប់​នេះ ដោយ​ចាត់ទុកថា ជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក ប៊ុន ហុន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ធ្វើ​តាម​ការ​ចង់​បាន​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​បានទេ​។ លោក​មានប្រសាសន៍ថា​ក្រសួងមហាផ្ទៃ​បាន​ពិភាក្សា​ចំនួន ៤​លើក​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​មាត្រា​១១ នៃ​ច្បាប់​នេះ ក៏បាន​ពិភាក្សា​គ្នា​ចប់​ហើយ​ដែរ តែ​មន្ត្រី​សង្គម​ស៊ីវិល​ទាំងនោះ​នៅតែ​ទាមទារ​ដាក់​ចំណុច​បន្ថែម​ទៀត ដែល​ក្រសួង​មិន​អាច​ធ្វើ​បានទេ​៖ «ការ​ស្នើសុំ​និរាករណ៍​ច្បាប់​នេះ​គឺ​ទី​១ បំពាន​ទៅលើ​រដ្ឋធម្មនុញ្ញ​។ ទី​២ ខាងយើង​ខ្ញុំ​នេះ​មិន​មាន​សិទ្ធិ​អំណាច​ណា​នៅ​ក្នុង​និរាករណ៍​ច្បាប់​ទេ​គឺថា​បំពាន​ទៅលើ​អង្គការ​នីតិបញ្ញត្តិ​។ ទី​៣ យើងខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​ជាមួយ​ពួកគាត់ ប៉ុន្តែ​សុំ​ឱ្យ​គាត់​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា​កុំឱ្យ​ជជែក​គ្នា​ស្រុះស្រួល​គ្នា​ជាមួយគ្នា​ស្រាប់តែ​ចេញ​មក​ធ្វើ​សេចក្ដីថ្លែងការណ៍​ឯណា​ឆ្កុយ ខ្ញុំ​អត់​យល់ថា​គាត់​ចង់បាន​ស្អី»។

ចំណែក​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​មតិ​ថា នៅ​ពេល​ក្រសួងមហាផ្ទៃ​កំណត់​ថ្ងៃ​ប្រជុំ​ពិភាក្សា​លើក​ទី​៥​ទៀត លោក​នឹង​ចូលរួម​ដើម្បី​ការពារ​ចំណុច​ទាំងឡាយ​ដែល​បាន​ដាក់​ជូន​ក្រសួង និង​ពន្យល់​អំពី​ចំណុច​បញ្ហា​នៃ​បទពិសោធន៍​ក្នុង​ការ​អនុវត្ត​ការងារ​ដែល​ប្រឈម​ចេញពី​ច្បាប់​នេះ​។ លោក​ថា ការ​បន្ត​ជជែក​មាត្រា​ច្បាប់​ដើម្បី​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម និង​ការ​ទាមទារ​លុបចោល​ច្បាប់​នេះ លោក​មិន​យល់​ទាស់​ទេ ពីព្រោះ​យ៉ាងណា​សង្គម​ស៊ីវិល​មាន​ជំហរ​និង​គោលបំណង​ដូចជា គឺ​មាន​ជំហរ​ដោះស្រាយ​បញ្ហា​ដែល​មាន​នៅ​ក្នុង​មាត្រា​ច្បាប់​នេះ៖ «សំខាន់​គោលការណ៍​ការយល់ឃើញ​ការ​ទាមទារ ឬ​ការ​ផ្ដល់​យោបល់​យ៉ាងម៉េច​ជា​សិទ្ធិ​សេរីភាព​របស់​អង្គការ​ស្ថាប័ន​នីមួយៗ មិន​អាច​ថា​ឱ្យ​មានគំនិត​ទស្សនៈ​ដូចគ្នា​ទាំងអស់​ទេ ដោយសារ​បេសកកម្ម​ខុសគ្នា ប៉ុន្តែ​ជំហរ​មួយ​គឺថា អ្វី​ដែល​ជា​ចំណុច​បញ្ហា​នៅ​ក្នុង​ច្បាប់​គឺ​យើង​ចង់​ឱ្យ​ការ​អនុវត្ត​ច្បាប់​នេះ​ដោយ​មិន​មានការ​រឹត​បណ្ដឹង សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល គិត​ពី​សិទ្ធិ​សេរីភាព​ផ្សេង​នៅ​ក្នុង​ការ​បង្កើត​អង្គការ​សមាគម​អី​អស់ហ្នឹង ជា​ចំណុច​មួយ​យើង​ចង់បាន​រួមគ្នា»។

ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​តាក់តែង​ឡើង​ជាង ១០​ឆ្នាំ​មក​ហើយ និង​បាន​ដាក់​ឱ្យ​ជជែក​គ្នា​ម្ដង​នៅ​ឆ្នាំ​២០១១​។ កាលណោះ ច្បាប់​នេះ​មាន ១១​ជំពូក និង ៥៨​មាត្រា ហើយ​បង្រួម​ទៅ​នៅសល់ ៩​ជំពូក និង ៣៤​មាត្រា​វិញ​។ ក្រោយ​មក សេចក្តី​ព្រាង​ច្បាប់​នេះ​ហាក់​ត្រូវ​បាន​កែសម្រួល​ឡើងវិញ​យ៉ាង​អាថ៌កំបាំង​ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ដោយ​បង្កើន​ដល់ ៩​ជំពូក និង ៣៩​មាត្រា ហើយ​គ្មាន​ការពិគ្រោះ​យោបល់​នោះ​ទេ​។ ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៥​។​

​បន្ទាប់ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន លើកឡើង​ថា ពួកគេ​បាន​ជួបប្រទះ​បញ្ហា​ចម្បង និង​ភាព​ស្មុគស្មាញ​មួយ​ចំនួន​ដូចជា នីតិវិធី​នៃ​ការចុះបញ្ជី ការផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ និង​អាសយដ្ឋាន ការ​បើក​គណនេយ្យ​ធនាគារ ការ​បំពេញ​កាតព្វកិច្ច​ពន្ធដារ និង​ការ​តម្រូវ​ឱ្យ​ដាក់​របាយការណ៍​ប្រចាំ​ឆ្នាំ​ជូន​រដ្ឋាភិបាល​ជាដើម​។ ក្រៅ​ពី​នេះ ពាក្យពេចន៍​និង​ខ្លឹមសារ​នៅក្នុង​ច្បាប់​នេះ មាន​ភាពទូលំទូលាយ​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ការបកស្រាយ​ដែល​នឹង​នាំ​ឱ្យ​មាន​បទល្មើស ឬ​ថា​អាច​មាន​ការ​បកស្រាយ​តាម​កាលៈទេសៈ ឬ​ស្ថានភាព​នយោបាយ និង​ឈាន​ទៅ​បិទ​ឬ​រំលាយ​អង្គការ​តែម្ដង​។

​កន្លងទៅ​នៅ​ពេល​ដែល​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា នៅឡើយ ទាំង​អ្នកច្បាប់ អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការសហប្រជាជាតិ ពិនិត្យ​ឃើញ​ថា ច្បាប់​នេះ​ធ្វើឡើង​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កម្ពុជា ជា​ហត្ថលេខី។

សេចក្តី​ព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ ក៏​ធ្វើ​ឱ្យ​ស្ថានទូត​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែល​សុទ្ធសឹងតែ​ជា​ម្ចាស់​ជំនួយ​របស់​ប្រទេស​កម្ពុជា សម្ដែង​ការ​ព្រួយបារម្ភ និង​គំរាម​ផ្ដាច់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​ដល់​កម្ពុជា​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី រាប់​ពាន់​នាក់​បាន​ចេញ​តវ៉ា​មិន​គាំទ្រ​ការ​អនុម័ត​ច្បាប់​នេះ​ឡើយ​។​

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទួលបន្ទុក​ផ្នែក​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adam) មើល​ឃើញ​ថា អង្គការ​សមាគម​ក្នុងស្រុក និង​ក្រៅ​ស្រុក​រាប់ពាន់​អង្គការ​នៅ​កម្ពុជា មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កសាង​សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយ​បាន​ផ្ដល់​សេវា​ជួយ​សម្រាល​បន្ទុក​យ៉ាង​ច្រើន​មហាសាល​ដល់​ប្រជាជាតិ​កម្ពុជា​ទាំងមូល ក្នុង​នោះ​មាន​បញ្ហា​សង្គម ការរំលោភ​សិទ្ធិ​មនុសុ្ស បញ្ហា​សុខភាព ការអប់រំ ប្រឆាំង​អំពើពុករលួយ និង​ជួយ​ដល់​ការ​ដោះមីន ជាដើម​។ លោក ប្រ៊ែដ អាដាម រិះគន់​ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ​ដែល​ចង់​បាន​ច្បាប់​នេះ ដើម្បី​បិទមាត់​អង្គ​ការដែល​រិះគន់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។