អ្នកជំនាញខាងសារព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិលបារម្ភថា ចំណុចមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានពិសេសគឺបញ្ហាព័ត៌មានសម្ងាត់ អាចនឹងត្រូវប្រើប្រាស់សម្រាប់រឹតត្បិតព័ត៌មាន ដែលសាធារណជនស្នើសុំ។ មន្ត្រីក្រសួងព័ត៌មានឆ្លើយតបថាច្បាប់នេះមិនគ្រាន់តែផ្ដល់សិទ្ធិអោយពលរដ្ឋស្នើសុំព័ត៌មានសាធារណៈទេ គឺថែមទាំងធានារក្សារាល់ព័ត៌មានសម្ងាត់ ដែលស្ថាប័នសាធារណៈចាត់ទុកថាមិនអាចផ្ដល់អោយនោះផងដែរ។
អ្នកជំនាញផ្នែកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលបន្តស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធកែសម្រួលមាត្រាមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីធានាថា រាល់ការស្នើសុំព័ត៌មានសាធារណៈ មិនត្រូវបានរឹតត្បិតនៅក្រោមច្បាប់ថ្មីនេះ។
នាយកប្រតិបត្តិ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ឱ្យអាស៊ីសេរីដឹងថា ចំណុច៧ នៅក្នុងមាត្រា២០ នៃសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ គឺជាចំណុចប្រទាំងប្រទើស ដែលគួរតែកែប្រែ៖ « យើងដឹងហើយថា មូលហេតុ ឬមួយក៏បញ្ហាជាច្រើនត្រូវបានចាត់បញ្ចូលជាព័ត៌មានសម្ងាត់ឧទាហរណ៍រឿងទាក់ទងជាមួយហ្នឹងចំនួនធនធានប្រេងនៅក្នុងប្លុកនីមួយៗ រឿងទាក់ទងនឹងលទ្ធភាពនៃការទាញយកឧស្ម័ន ដែលប្រជាពលរដ្ឋជាអ្នកទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍ហ្នឹងគាត់ត្រូវដឹងអំពីផែនការទាំងអស់ ក៏ប៉ុន្តែដោយសារតែនៅក្នុងច្បាប់ដាច់ដោយឡែក ដូចជា ច្បាប់ស្ដីពីប្រេងកាត ដូចជា ច្បាប់ស្ដីពីរ៉ែអីជាដើម សុទ្ធតែមានដាក់បញ្ជាក់អំពីភាពសម្ងាត់នៃព័ត៌មាន ដែលមិនអាចផ្ដល់ឱ្យ ហើយក្នុងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះទៀតសោត ក៏អនុលោមតាមច្បាប់ទៅតាមវិស័យ » ។
ក្នុងមាត្រា២០ នៃសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានបានចែងចំណុចជាច្រើន ដែលចាត់ទុកថាជាព័ត៌មានសម្ងាត់ ហើយស្ថាប័នសាធារណៈអាចបដិសេធមិនផ្ដល់ព័ត៌មានទាំងនោះទៅដល់សាធារណជន និងផ្នែកឯកជនបាន។ ព័ត៌មានសម្ងាត់ទាំងនោះរួមមាន៖ ព័ត៌មានដែលចាត់ទុកថាធ្វើឱ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ អន្តរាយដល់ទំនាក់ទំនងជាមួយរដ្ឋប្រទេស ឬអន្តរជាតិ ព័ត៌មានដែលរាំងស្ទះការស៊ើបអង្កេតរឿងក្ដីព្រហ្មទណ្ឌ និងកិច្ចការសម្ងាត់របស់តុលាការ ព័ត៌មានដែលប៉ះពាល់ដល់ជីវភាពឯកជន ព័ត៌មានពីកិច្ចប្រជុំផ្ទៃក្នុង ការតែងតាំង ការប្រឡង និងព័ត៌មានសម្ងាត់ដទៃទៀត ដែលស្ថិតក្នុងបទបញ្ញត្តិហាមឃាត់។
ត្រង់ចំណុចនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញនូវកំណត់សម្គាល់របស់ខ្លួនស្ដីពីសិទ្ធិទទួលព័ត៌មាននៅកម្ពុជាថា អ្វីដែលមានចែងក្នុងមាត្រា២០ គឺបង្ហាញពីប្រព័ន្ធតូចង្អៀតសម្រាប់ករណីលើកលែង ដោយមិនបានបង្ហាញសេចក្ដីណែនាំ ថាតើនឹងប៉ះពាល់ធ្ងន់ធ្ងរប៉ុណ្ណាតាមរយៈការបញ្ចេញព័ត៌មានទាំងនេះ។
បើតាម លោក ណុប វី ការចែងបែបនេះនឹងផ្ដល់ឱកាសឱ្យមានការបកស្រាយ ដែលជាការគេចវេះមិនផ្ដល់ព័ត៌មានជាពិសេសព័ត៌មានរសើប។ លោកថាអ្នកសារព័ត៌មានដែលមានតួនាទីផ្ដល់ព័ត៌មានស៊ីជំរៅ បែបស៊ើបអង្កេតក្នុងរឿងពុករលួយ រឿងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធអាចនឹងត្រូវបដិសេធមិនផ្ដល់ព័ត៌មានដែរ៖ « ជាចាំបាច់ គឺត្រូវការព័ត៌មានគ្រប់ជ្រុងជ្រោយមកផ្ទៀងផ្ទាត់ដោយមានមូលដ្ឋានអំណះអំណាងគ្រប់គ្រាន់ ហើយព័ត៌មាន ដែលមានមូលដ្ឋានមានអំណះអំណាងគ្រប់គ្រាន់នេះគឺ ចាំបាច់ណាស់នៅក្នុងការបើកចំហឱ្យមានការទទួលបានព័ត៌មានមួយចំនួន។ ការទទួលបានព័ត៌មានពីក្នុងដៃស្ថាប័នរបស់រាជរដ្ឋាភិបាលមួយចំនួន គឺអាចនិយាយបានថា មិនទាន់គ្រប់គ្រាន់ ពេញលេញទៅទៀត ដោយសារយើងដឹងហើយថា តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានគឺគាត់ត្រូវការផ្ទៀងផ្ទាត់ព័ត៌មាន » ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្តថា ដើម្បីអោយស្របតាមបទដ្ឋានអន្តរជាតិ រាល់ការលើកលែងត្រូវតែចែងឱ្យបានច្បាស់លាស់ និងជាក់លាក់។
ក្រៅពីចំណុចព័ត៌មានសម្ងាត់នេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងនូវក្ដីបារម្ភមួយចំនួនទៀតដែរ ដូចជាក្នុងមាត្រា៤ ចែងថាព័ត៌មាន គឺសំដៅឯកសារផ្លូវការគ្រប់គ្រងដោយស្ថាប័នសាធារណៈ ដែលជាការកំណត់ទូលំទូលាយពេក ហើយគួរតែមានភាពច្បាស់លាស់ជាងនេះ។ ជាមួយគ្នានេះក៏ស្នើឱ្យកែប្រែមាត្រា ១០ និង ១១ ដោយឱ្យសម្រួលដល់ការស្នើសុំព័ត៌មានឱ្យបានឆាប់រហ័ស ដោយប្រើបច្ចេកវិទ្យាថ្មីបន្ថែមលើការបំពេញបែបបទតាមបែបចាស់ និងកាត់បន្ថយការទាមទារព័ត៌មានមិនចាំបាច់ពីអ្នកស្នើសុំព័ត៌មាន។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏ស្នើឱ្យចែងពីការការពារអ្នកបញ្ចេញព័ត៌មាននៅក្នុងមាត្រា២៦។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ស្របចំពោះការលើកឡើងចំណុចជាក្ដីបារម្ភទាំងនេះ ហើយលោក ពន្យល់ថា ការធានាសិទ្ធិទទួលបានព័ត៌មាន ឬសិទ្ធិដឹងនេះ គឺផ្ដល់ផលប្រយោជន៍ច្រើនដល់សង្គមជាតិ ជាពិសេសគឺការអភិវឌ្ឍ ដោយការចូលរួម និងការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ថែមទាំងកាត់បន្ថយអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ « សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយគាត់នឹងអាចងាយស្រួលក្នុងការចាត់វិធានការផ្លូវច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយហ្នុងទៅលើជនសង្ស័យទាំងនោះ ដោយសារគាត់មានភស្តុតាងច្រើន ហើយមានការចូលរួមពីសាធារណជន ហើយច្បាប់ផ្សេងទៀតក៏ដូចគ្នាដែរ បើសិនជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានច្រើន ហើយបើសិនជាចៅក្រម ព្រះរាជអាជ្ញា មេធាវី ឬក៏អ្នកស៊ើបអង្កេតក៏គាត់អាចស្នើសុំព័ត៌មានផ្សេងៗ ពីស្ថាប័នសាធារណៈហ្នឹងគឺកាន់តែជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពថែមទៀត » ។
ឆ្លើយតបចំពោះក្ដីបារម្ភរបស់អ្នកជំនាញសារព័ត៌មាន និងអង្គការសង្គមស៊ីវិលនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភណ្ឌ លើកឡើងថា សេចក្ដីព្រាងច្បាប់នេះ បានឆ្លងកាត់ការពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ ដែលគួរតែសមល្មមអាចឱ្យភាគីទទួលយកបាន។ លោកថា ច្បាប់នេះមានគោលដៅធានាផ្ដល់ព័ត៌មានដែលស្នើសុំ និងរក្សាព័ត៌មានមានដែលជាការសម្ងាត់ផងដែរ៖ « មានន័យថាប្រជាពលរដ្ឋ ឬក៏សាធារណជនអាចស្នើសុំព័ត៌មានពីស្ថាប័នសាធារណៈ លើកលែងតែព័ត៌មានសម្ងាត់ ដែលស្ថាប័នសាធារណៈមិនអាចផ្ដល់ជូនសាធារណជន ឬក៏ពលរដ្ឋបានហ្នឹង គឺជាលក្ខខណ្ឌនៃច្បាប់ហ្នឹង ហើយច្បាប់ហ្នឹងបណ្ដាប្រទេសណាក៏គេចែងពីព័ត៌មាន ដែលអាចផ្ដល់ឱ្យ និងព័ត៌មានដែលសម្ងាត់មិនអាចផ្ដល់ឱ្យបានដែរគឺអ៊ីចឹងណាស់ » ។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះមាន ៩ជំពូក ៣៨មាត្រា បានឆ្លងកាត់ការពិភាក្សា និងតាក់តែងជាច្រើនដំណាក់កាលក្នុងរយៈពេលជាងមួយទសវត្សរ៍មកហើយ។ មន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា ច្បាប់នេះអាចនឹងចេញរួចនៅក្នុងឆ្នាំ២០២០ នេះ ហើយពេលនេះសេចក្ដីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងយុត្តិធម៌ ដែលមានភារៈពិនិត្យពីទោសបញ្ញត្តិនៅក្នុងច្បាប់នេះ។ ក្រុមអង្គការសង្គមស៊ីវិលទទួលស្គាល់ថាដំណើរការតាក់តែងច្បាប់នេះ គឺជាគំរូ ដោយមានតម្លាភាព និងផ្ដល់ឱកាសអោយអ្នកជំនាញអ្នកពាក់ព័ន្ធ រួមនឹងសាធារណជនបានចូលរួម។
បើទោះជាយ៉ាងណាក្រុមអង្គការសង្គមស៊ីវិលក៏នៅតែទទូចអោយកែប្រែចំណុចដែលជាក្ដីបារម្ភទាំងឡាយ ដើម្បីធានាថា នៅពេលដែលច្បាប់នេះអនុម័តទៅ គឺមានប្រយោជន៍ដល់គ្រប់ភាគី ដែលមិនមែនជាច្បាប់ចែងអោយតែល្អមើល តែអនុវត្តមិនកើតនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។