រដ្ឋសភាឯកបក្សនៃរបបលោក ហ៊ុន សែន នឹងអនុម័តសេចក្ដីព្រាងច្បាប់ចំនួនពីរ ប្រឆាំងនឹងអំពើសម្អាតប្រាក់ ឬលាងលុយកខ្វក់ នៅថ្ងៃទី៤ មិថុនានេះ។ ការគ្រោងអនុម័ត សេចក្ដីព្រាងច្បាប់ទាំងពីរនេះ យ៉ាងប្រញាប់ប្រញាល់ដូច្នេះ កើតមានឡើង ក្រោយគណៈកម្មការអឺរ៉ុបសម្រេចដាក់បញ្ចូលកម្ពុជា ទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេស លាងលុយកខ្វក់។ មន្ត្រីសង្គមស៊ីវិលថា ច្បាប់ទាំងពីរនេះ ធ្វើឡើងដោយគ្មានការពិគ្រោះ យោបល់ ឬប្រមូលធាតុចូល ពីខាងសង្គមស៊ីវិល ដើម្បីចូលរួមចំណែកធានាការទប់ស្កាត់អំពើ លាងលុយកខ្វក់នៅកម្ពុជាឲ្យមានប្រសិទ្ធភាព។
សេចក្តីព្រាងច្បាប់ទាំងពីរដែលរដ្ឋសភានឹងយកមកអនុម័តនៅថ្ងៃនេះ គឺសេចក្ដីច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថា នឹងមិនមានការពិភាក្សា ដេញដោលស៊ីជម្រៅនោះទេ នៅក្នុងសម័យប្រជុំរដ្ឋសភានៅថ្ងៃនេះ ព្រោះសេចក្ដីព្រាងច្បាប់ ទាំងពីរនេះបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងពិភាក្សាចប់សព្វគ្រប់ហើយ។ លោកសង្ឃឹមថា ច្បាប់ថ្មីនេះនឹងចេញរួចនៅថ្ងៃនេះ។ មន្ត្រីនាំពាក្យរដ្ឋសភាឯកបក្សរូបនេះ បដិសេធប្រាប់លម្អិតពីខ្លឹមសារ និងទោសទណ្ឌ ដែលច្បាប់ថ្មីនេះដាក់ចេញ តែលោកថា ច្បាប់ថ្មីនេះមានយន្តការគ្រប់គ្រាន់ ដើម្បីឲ្យអន្តរជាតិជឿជាក់៖ « ច្បាប់នេះ គឺយើងធ្វើដោយបានពិគ្រោះ មានការសិក្សា ស្រាវជ្រាវជាមួយនឹងប្រទេសមួយចំនួនដែលពាក់ព័ន្ធ ហើយនឹងអង្គការមួយចំនួនដែល ពាក់ព័ន្ធនឹងបញ្ហាសម្អាតប្រាក់ គឺយើងធ្វើទៅតាមលំនាំរបស់ច្បាប់អន្តរជាតិ ដែលមានហើយ។ យើងគិតថា ប្រហាក់ប្រហែលគ្នា គ្រាន់តែជាច្បាប់ជាតិ។ អ៊ីចឹង មិនខ្វះបែបបទណាមួយទេ ឬមិនអន់ជាងច្បាប់អន្តរជាតិទេ។ ដូច្នេះ ខ្ញុំថាច្បាប់នេះ មានលក្ខណៈគ្រប់គ្រាន់ហើយ ដើម្បីឲ្យខាងក្រៅជឿជាក់ថា កម្ពុជាមានច្បាប់ ហើយមានឆន្ទៈដើម្បីមានសកម្មភាព ប្រឆាំងនឹងការរីកសាយភាយអាវុធប្រល័យលោក និងការសម្អាតប្រាក់ដែលមានទិសដៅ ហិរញ្ញប្បទានចំពោះភេរវកម្ម » ។
ផ្ទុយពីការអះអាងរបស់អ្នកនាំពាក្យរដ្ឋសភារូបនេះដែលថា ច្បាប់ទាំងពីរនេះមាន ការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធនោះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដោយពុំមានការពិគ្រោះយោបល់ ឬប្រមូលធាតុចូលពីតំណាងអង្គការសង្គមស៊ីវិលឡើយ៖ « តាមដែលខ្ញុំដឹង ដូចជា មិនមានព័ត៌មានអំពីការជជែកពិភាក្សា អំពីខ្លឹមសាររបស់ច្បាប់ហ្នុង ជាមួយដៃគូពាក់ព័ន្ធទេ ហើយខាងសាធារណជន ក៏ដូចជា មិនមានព័ត៌មានស្ដីអំពីច្បាប់ហ្នុងដែរ » ។
លោក ប៉ិច ពិសី ថា លោកមិនអាចវាយតម្លៃពីគុណភាពនៃច្បាប់ថ្មីទាំងពីរបានទេនេះ ព្រោះស្ថាប័នលោក ក៏ពុំទាន់មានសេចក្ដីព្រាងច្បាប់ទាំងពីរនេះនៅឡើយដែរ។ តែលោកសង្ឃឹមថា ច្បាប់ថ្មីនេះ ឆ្លើយតបនឹងតម្រូវការ និងអនុសាសន៍របស់អង្គការ អន្តរជាតិដែលធ្វើការជាមួយរតនាគារជាតិ និងរដ្ឋាភិបាល៖ « អ្វីដែលយើងដឹង គឺរាជរដ្ឋាភិបាលតាក់តែងច្បាប់ហ្នុង ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់អង្គការដែលធ្វើការវាយតម្លៃ គឺអង្គការ FATF ហើយនឹងអនុសាសន៍របស់សហគមន៍អឺរ៉ុបដែលដាក់ចេញជាដើម ហើយក៏មានអនុសាសន៍ផ្សេងទៀត ដែលខាងអង្គការ OECD គេដាក់ជូនយូរមកហើយ។ ខាងធនាគារជាតិ និងអង្គភាពដែល ធ្វើការប្រឆាំងនឹងការលាងលុយ ក៏គាត់ដឹងអំពីអនុសាសន៍មួយចំនួន ដែលគាត់ត្រូវធ្វើ ដើម្បីឆ្លើយតបទៅនឹងយន្តការអន្តរជាតិហ្នុង » ។
ដូចគ្នានេះដែរ មន្ត្រីអង្គការសង្គមស៊ីវិលមួយរូបទៀត ដែលជានាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា អង្គការរបស់លោក ក៏ពុំដែលត្រូវតំណាងរដ្ឋាភិបាលអញ្ជើញឲ្យចូលរួមពិគ្រោះយោបល់ទាក់ទងនឹងការធ្វើសេចក្ដីព្រាងច្បាប់ទាំងពីរនេះដែរ៖ « ចំពោះលីកាដូ យើងអត់បានចូលរួមទេ។ អង្គការផ្សេង ខ្ញុំអត់ដឹងដែរ។ លីកាដូយើងទើបតែដឹងនៅពេលដែលគណៈរដ្ឋមន្ត្រីប្រជុំអនុម័តទៅលើសេចក្ដីព្រាងច្បាប់នេះ ហើយបញ្ជូនទៅរដ្ឋសភា…។ ដើម្បីឲ្យច្បាប់ហ្នុងវាល្អ ទាល់តែមានការទាញចូលគ្រប់ធាតុផ្សំ បានន័យថា មានការពិគ្រោះយោបល់ជាសាធារណៈ ជាពិសេស អ្នកជំនាញ ឬក៏ការប្រមូល [ ធាតុចូល ] ពីអង្គការសង្គមស៊ីវិលផ្សេងៗ ជាមតិយោបល់ ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់ហ្នុងវាបានល្អទៅ ដើម្បីកុំឲ្យមានការរិះគន់ » ។
អាស៊ីសេរី ក៏បានព្យាយាមទាក់ទងប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ដើម្បីចង់ដឹងបន្ថែមពីការពិគ្រោះយោបល់ពាក់ព័ន្ធនឹងការធ្វើច្បាប់ទាំងពីរនេះ ក៏ប៉ុន្តែ លោកមិនលើកទូរស័ព្ទកាលពីថ្ងៃទី៣ មិថុនា។

ការគ្រោងអនុម័តសេចក្ដីព្រាងច្បាប់ដ៏សំខាន់ទាំងពីរនេះ កើតមានឡើងភ្លាមៗ មិនដល់មួយខែផង ក្រោយគណៈកម្មការអឺរ៉ុប ដែលជាសាខាប្រតិបត្តិរបស់សហភាពអឺរ៉ុប បានសម្រេចដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ បង្កការគំរាមកំហែងដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់អឺរ៉ុប។ ទន្ទឹមគ្នានោះ កម្ពុជាបានជាប់ឈ្មោះពីរឆ្នាំជាប់គ្នា ក្នុងបញ្ជីប្រផេះនៃប្រទេសលាងលុយកខ្វក់របស់ ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោកឈ្មោះ FATF។
ការដាក់ចំណាត់ថ្នាក់នេះ ត្រូវអ្នកជំនាញកិច្ចការអន្តរជាតិ និងមន្ត្រីសង្គមស៊ីវិលថា នឹងមិនត្រឹមតែធ្វើឲ្យ បាត់បង់ទំនុកចិត្តពីអ្នកវិនិយោគទុនអន្តរជាតិលែងហ៊ានមកវិនិយោគ នៅកម្ពុជាប៉ុណ្ណោះទេ តែក៏ធ្វើឲ្យអ្នករកស៊ីក្នុងស្រុក ជួបការលំបាកក្នុងការបង្វិលប្រាក់ ឬទទួលបានសេវាកម្មហិរញ្ញវត្ថុ ជាមួយប្រទេសជាដៃគូអន្តរជាតិដែរ។ មិនតែប៉ុណ្ណោះ វាក៏ឆ្លុះឲ្យឃើញពីការបាត់បង់ថវិកាជាតិ ដោយសារតែក្រុមអ្នកមានអំណាចនៅកម្ពុជា អាចជាប់ពាក់ព័ន្ធនឹងអំពើលួចលុយជាតិយកទៅលាក់ទុកនៅបរទេស ក្រោមរូបភាព ជាការបណ្តាក់ទុនវិនិយោគ ឬជាការទិញអចលនទ្រព្យ។
ឆ្លើយតបនឹងសំណួរថា តើច្បាប់ថ្មីនេះ នឹងមានវិសាលភាពដាក់ទោសទណ្ឌដល់ពួកអ្នកមាន អំណាចខ្មែរដែលលួចលុយជាតិយកទៅលាក់ទុកនៅក្រៅប្រទេសជាការសម្អាតប្រាក់ លោក ឡេង ប៉េងឡុង ព្យាយាមបដិសេធបញ្ហានេះ៖ « ខ្ញុំអត់បានដឹងថា មាននរណាយក [ លុយ ] ទៅលាក់ យកទៅអីទេ។ ក៏ប៉ុន្តែ ច្បាប់នេះ ចេញមកដើម្បីហ្នុងគ្រប់គ្រងហិរញ្ញប្បទាន គឺការលាងលុយ ការសម្អាតប្រាក់ គឺគ្រប់គ្រងបញ្ហាទាំងនេះហើយ » ។
ផ្អែកតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវឈ្មោះ សុចរិតភាពហិរញ្ញវត្ថុសាកល (Global Financial Integrity) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជាមធ្យម លំហូរហិរញ្ញវត្ថុ ខុសច្បាប់ពីការលាងលុយកខ្វក់នៅកម្ពុជា មានក្នុងរង្វង់ទឹកប្រាក់ប្រមាណជិត ១ពាន់លាន ដុល្លារក្នុងមួយឆ្នាំ។ គ្រាន់តែក្នុងឆ្នាំ២០១៦ តែមួយឆ្នាំ យ៉ាងហោចណាស់ ទឹកប្រាក់ចំនួនជិត ២ពាន់លានដុល្លារ (១,៨ពាន់លានដុល្លារ) ត្រូវបានគេសម្អាតចេញពីប្រទេសកម្ពុជា។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សម រង្ស៊ី ពុំមានជំនឿថា ការធ្វើច្បាប់ថ្មីទាំងនេះអាចទប់ស្កាត់អំពើលាងលុយកខ្វក់នៅកម្ពុជាបានឡើយ។ លោកធ្លាប់លើកឡើងថា ទាល់តែប្ដូរប្រព័ន្ធគ្រប់គ្រងប្រទេសបែបលួចជាតិបច្ចុប្បន្ន ដែលលោកហៅថា «ចោរាធិបតេយ្យ» ចោលតែម្តង ហើយដាក់ជំនួសមកវិញ ដោយប្រព័ន្ធប្រជាធិបតេយ្យត្រឹមត្រូវពិតប្រាកដ ទើបអាចដោះស្រាយបញ្ហាលាងលុយកខ្វក់នេះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។