តុលាការ​ខេត្ត​ព្រះវិហារ​ទម្លាក់​ចោល​បទ​ចោទ​​ប្រឆាំង​ពលរដ្ឋ​ឃុំ​ប្រមេរ​ករណី​ចាប់​បង្ខាំង

ដោយ ទីន ហ្សាការីយ៉ា
2020-07-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ឃុំ​ម្លូ​ព្រៃ​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ចុះ​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ហេង ហ្វូ កាល​ពី​ឆ្នាំ២០១៦។
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ឃុំ​ម្លូ​ព្រៃ​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ចុះ​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ហេង ហ្វូ កាល​ពី​ឆ្នាំ២០១៦។
រូបភាព៖ អង្គការ​ពន្លក​ខ្មែរ

សាលាដំបូង​ខេត្ត​ព្រះវិហារ សម្រេច​ទម្លាក់​ចោល​ទាំង​ស្រុង​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​នៅ​ឃុំ​ប្រមេរ។ មន្ត្រី​សិទ្ធិ​មនុស្ស​សាទរ​ចំពោះ​ការ​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ និង​ស្នើ​​សាលាដំបូង​រាជធានី-ខេត្ត​ដទៃ​ទៀត ឱ្យ​យក​គំរូ​តាម​ករណី​នេះ ​ពេល​ដោះស្រាយ​វិវាទដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុម​ហ៊ុន​ និង​អ្នកមាន​​អំណាច។ ​

មេធាវី​ការពារ​ក្តី​ឱ្យ​ពលរដ្ឋ​ឃុំ​ប្រមេរ លោក សេក សោភ័ណ ប្រាប់​អាស៊ី​សេរី​ថា ប្រជាពលរដ្ឋ​ឃុំ​ប្រមេរ​ជា​ច្រើន​នាក់​រួម​ទាំង​កូន​ក្តី​របស់​លោក​ផង បាន​នាំគ្នា​ទៅ​ស្តាប់​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី៨ កក្កដា។ លោក​ថា តុលាការ​បាន​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​កូនក្តី​របស់​លោក​ចំនួន​៨ នាក់​ថែម​ទៀត ដែល​មានន័យ​ថា កូន​ក្តី​របស់​លោក​ទាំងអស់​បាន​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់​នេះ​ហើយ។ លោក​បញ្ជាក់​ថា នេះ​ជា​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ដែល​លោក និង​កូន​ក្តី​បាន​ទន្ទឹង​រង់​ចាំ៖ «សម្រាប់​មេធាវី​ការពារ​សិទ្ធិ​គាត់​ហ្នឹង ខ្ញុំ​សាទរ​នឹង​លទ្ធផល​ហ្នឹង​ ហើយ​យល់ថា ការ​សម្រេច​របស់​តុលាការ​ហ្នឹង មាន​មូលដ្ឋាន​ពិត​ប្រាកដ​ត្រឹម​ត្រូវ ដែល​ឈរ​លើ​ការ​ថ្លឹង​ថ្លែង​ភស្តុតាង​ដោះបន្ទុក​ទាំង​ប៉ុន្មាន​ ដែល​កូន​ក្តី​ និង​មេធាវី​ការពារ​សិទ្ធិ​បាន​ដាក់​ទៅ​តុលាការ»។​

តុលាការ​ខេត្ត​ព្រះវិហារ​បាន​ចោទ​ប្រកាន់​មនុស្ស​ចំនួន​១៦ នាក់ ក្នុងនោះ​មាន​ពលរដ្ឋ​ជន​ជាតិ​ដើម​​ភាគតិច​កួយ​ឃុំ​ប្រមេរ​ចំនួន​ ១៤នាក់ ជាប់​ចោទ​​ពី​បទ “ចាប់​ឃុំឃាំង​ និង​ការ​បង្ខាំង​ដោយ​ខុស​ច្បាប់”។ ចំណែក​មន្ត្រី​ និង​អតីតមន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ពីរ​នាក់​វិញ ជាប់​ចោទ​ពី​បទ “សម​គំនិត” ក្នុង​អំពើ​ទាំងនេះ។ ក្តីក្តាំ​នេះ​កើត​ឡើង​ដោយ​សារ​តែ​ពលរដ្ឋ​បាន​ឃាត់​គ្រឿងចក្រ​ពីរ​គ្រឿង​​របស់​ក្រុមហ៊ុន​ស្ករស​ចិន​ ហេងហ្វូ (Hengfu) ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ពួក​គាត់​ កាល​ពី​ចុង​ឆ្នាំ២០១៤ កន្លងទៅ។ អ្នក​បើក​គ្រឿងចក្រ​ឱ្យ​ក្រុម​ហ៊ុន​ចិន​ពីរ​នាក់ គឺជា​អ្នក​ប្ដឹង​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ តែ​សាក្សី​ជាច្រើន​សុទ្ធ​តែ​បាន​បញ្ជាក់​ថា ពលរដ្ឋ​មិន​បាន​ឃាត់​ខ្លួន​ពួក​គេ​នោះ​ទេ។ សាក្សី​អះអាង​ថា ពេល​ឃាត់​គ្រឿងចក្រ​នោះ ពលរដ្ឋ​បាន​ឱ្យ​អ្នក​បើក​គ្រឿង​ចក្រ​ទាំង​ពីរ​នាក់​​ត្រឡប់ទៅវិញ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ទៅ ដោយ​បារម្ភ​ខ្លាច​ពលរដ្ឋ​​ដុត​គ្រឿងចក្រ​ចោល។

ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ​ បាន​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​មនុស្ស​៨ នាក់ ក្រោយ​បញ្ចប់​នីតិវិធី​ស៊ើប​អង្កេត​កាល​ពី​ដើម​ឆ្នាំ២០២០។ ចំណែក ពលរដ្ឋ​ ៨នាក់​ទៀត តុលាការ​បាន​បើក​ការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ​ទី១០ មិថុនា ដោយ​ក្នុង​សវនាការ​នោះ តំណាង​អយ្យការ​បាន​ធ្វើ​សេចក្ដី​​សន្និដ្ឋាន​ថា ករណី​នេះ​មិន​មាន​បទល្មើស​ឡើយ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា​ សាទរ​ចំពោះ​សាលក្រម​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​ក្រុម​ពលរដ្ឋ។ លោក​ថា រឿង​នេះ​មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​លើ​ពលរដ្ឋ​​តាំងពី​ដំបូង​មក​ម៉្លេះ ព្រោះ​ពួកគាត់​បាត់​បង់​ដីធ្លី​ហើយ ត្រូវ​រង​បណ្ដឹង​នៅ​តុលាការ​ទៀត។ លោក​ថា ក្រៅ​ពី​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ​ហើយ អាជ្ញាធ​ក៏​គួរ​ពិនិត្យ​ឡើងវិញ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ផង​ដែរ៖ «លើក​នេះ យើង​សាទរ​ជាមួយ​ការ​សម្រេច​ចិត្ត​របស់​ខាង​តុលាការ​ដែល​ហ៊ាន​ធ្វើ​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ចំពោះ​ពួក​គាត់ ហើយ​ទន្ទឹម​នឹង​នោះ យើង​គួរ​តែ​មាន​ការ​ស្រាវជ្រាវ​ឡើងវិញ​អំពី​ការ​រំលោភ​បំពាន​ដីធ្លី​របស់​ពួក​គាត់​ ដើម្បី​រក​ដំណោះស្រាយ​ជា​បន្ត​ទៀត ឱ្យ​ពួក​គាត់​អាច​ទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ហ្នឹង​ផង»

កាល​ពី​ពេល​ថ្មីៗនេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ កាត់​ឆ្វៀល​ដី​នៅ​តំបន់​ការពារ​ធម្មជាតិ និង​គម្រប​ព្រៃ​ឈើ ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ដែល​កាន់​កាប់​ និង​អាស្រ័យ​ផល​ជាក់​ស្ដែង។ ចំណែក រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង វិញ បាន​ទទួល​ស្គាល់​ថា ជម្លោះ​ដីធ្លី​កើត​ឡើង​ជា​ហូរហែ និង​ពិបាក​ដោះស្រាយ​ ដោយសារ​តែ​ករណី​ខ្លះ​មាន​​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិបាល។

អ្នក​ការពារ​​សិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា សង្កត់​ធ្ងន់​ថា ការ​ប្រកាស​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នេះ គឺ​ជា​មូលដ្ឋាន​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចប់​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មួយ​ចំនួន និង​ការ​​ទម្លាក់​ចោល​បទ​ចោទ​លើ​ពលរដ្ឋ​ដែល​កំពុង​​ជាប់​បណ្ដឹង ឬ​ជាប់​ឃុំ​ ដោយសារ​តែ​រឿង​ដីធ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល