រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី១២ ខែធ្នូនេះ បានអះអាងថា នឹងគ្មានការផ្ទេរអ្នកទោសវៀតណាមពីប្រទេសថៃ មកកាន់ពន្ធនាគារនៅប្រទេសកម្ពុជានោះទេ។ ថ្លែងប្រាប់កាសែតក្នុងស្រុក លោក ស ខេង បញ្ជាក់ថា ការផ្ទេរអ្នកទោសពីប្រទេសមួយ មកប្រទេសមួយទៀតនេះគឺ ផ្ទុយទៅនឹងច្បាប់ជាតិ និងអន្តរជាតិ។
កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឱ្យដឹងថា មានអ្នកទោសវៀតណាមខ្លះបានស្នើដោយផ្ទាល់មាត់ សុំផ្ទេរពីពន្ធនាគារនៅប្រទេសថៃ មកជាប់ពន្ធនាគារនៅប្រទេសកម្ពុជាវិញ។ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានបញ្ជាក់ថា ការផ្ទេរអ្នកទោសជាជនជាតិបរទេសនេះ ខាងស្ថានទូតមិនអាចធ្វើទៅកើតទេ លើកលែងតែអ្នកទោសនោះជាជនជាតិខ្មែរតែប៉ុណ្ណោះ តាមរយៈកិច្ចព្រមព្រៀងនៃការផ្ទេរទណ្ឌិតរវាងកម្ពុជា និងថៃ។
កិច្ចព្រមព្រៀងនេះកំណត់ថា ការផ្ទេរអ្នកទោសអាចធ្វើទៅបានក្នុងករណីដែលអ្នកទោសត្រូវផ្ទេរនោះ ត្រូវជាប់ពន្ធនាគារចាប់ពីមួយឆ្នាំឡើងទៅ ទណ្ឌិតនោះត្រូវជាប់ទោសពីរភាគបី (២/៣) នៃទោសរួម និងក្នុងករណីដែលទណ្ឌិតស្នើសុំជាលាយលក្ខណ៍អក្សរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
