អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា មន្ត្រីនៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក សឺន សាលី នៅតែស្ថិតក្នុងការចោទប្រកាន់នៅឡើយ។
ប៉ុន្តែឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា យល់ថា ចំណាត់ការផ្លូវច្បាប់លើមន្ត្រីរបស់ខ្លួនត្រូវបានបញ្ឈប់អស់ហើយ ក្រោយពីអង្គការសហប្រជាជាតិ ទទួលបានការឆ្លើយតបពីក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា មន្ត្រីអង្គការសហប្រជាជាតិ ត្រូវបានការពារដោយអភ័យឯកសិទ្ធិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងនៅថ្ងៃទី១០ ឧសភា ថា មន្ត្រីនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក សឺន សាលី មិនទាន់រួចផុតពីការចោទប្រកាន់នៅឡើយទេ ព្រោះក្រសួងនេះមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការ ពីការសម្រេចទម្លាក់បទចោទនោះទេ។ លោកបន្ថែមថា ទោះបីជាលោក សឺន សាលី មានអភ័យឯកសិទ្ធិក៏ដោយ ក៏មិនអាចយកអភ័យឯកសិទ្ធិនោះមកការពារខ្លួនបានដែរ៖ « ជាប់ចោទនៅឡើយទេ គ្មានអភ័យឯកសិទ្ធិឯណា? យូ . អិនៗ (UN) ឥឡូវមើលសញ្ជាតិគាត់ទៅមើល សញ្ជាតិខ្មែរ អីក៏សញ្ជាតិ យូ.អិន សញ្ជាតិខ្មែរ ឬក៏សញ្ជាតិអាមេរិក សញ្ជាតិណាក៏ដោយ តែខុសច្បាប់ហើយ វាអត់មានអភ័យឯកសិទ្ធិអីនោះទេ»។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី កាលពីថ្ងៃទី៨ ឧសភា ប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ថា ក្រសួងការបរទេស បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច បញ្ឈប់ការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក សឺន សាលី ព្រោះលោកត្រូវបានការពារដោយអភ័យឯកសិទ្ធិ។
ចំណែកការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេស គឺផ្ទុយពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ឧសភា នៅខេត្តព្រះសីហនុ ព្រមានចាប់ខ្លួនមន្ត្រីអង្គការសហប្រជាជាតិ នៅកម្ពុជា ដោយមិនខ្វល់ពីអភ័យឯកសិទ្ធិមន្ត្រីអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា លោកមិនយល់ពីការលើកឡើងរបស់ក្រសួងការបរទេស នោះទេ ហើយថា លោកគាំទ្រសម្ដីរបស់លោក ហ៊ុន សែន លើរឿងនេះ៖« ដូចសម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍អ៊ីចឹង អ្នកឯងឪអភ័យឯកសិទ្ធិក៏ដោយ ម៉ែអភ័យឯកសិទ្ធិក៏ដោយ តែខុសច្បាប់ខ្មែរ គេចាប់ហើយ។ តែប៉ុណ្ណឹង ! នេះជាជំហររបស់ខ្ញុំផ្ទាល់ »។
ទាក់ទងនឹងចំណាត់ការផ្លូវច្បាប់លើមន្ត្រីសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ រូបនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានទេ នៅថ្ងៃទី១០ ឧសភា។ ចំណែកព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនឆ្លើយតបសំណួររបស់វិទ្យុអាស៊ីសេរី ពីករណីនេះ។
តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee ) ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកនៅថ្ងៃទី១០ ឧសភា ថា អង្គការសហប្រជាជាតិ បានទទួលការឆ្លើយតបពីក្រសួងការបរទេសកម្ពុជា ដែលបញ្ជាក់ថា ក្រសួងនេះនឹងជូនដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យដោះស្រាយករណីលោក សឺន សាលី ស្របតាមអនុសញ្ញាឆ្នាំ១៩៤៦ ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃអង្គការសហប្រជាជាតិ។
អ្នកស្រីបញ្ជាក់ថា អង្គការសហប្រជាជាតិ ចាត់ទុកការឆ្លើយតបនេះថាស្មើនឹង «លែងមានការចោទប្រកាន់លើមន្ត្រីរបស់អ្នកស្រីទៀតហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ មានតួនាទីសំខាន់ជាងក្នុងរឿងនេះ ហើយថា អ្វីដែលក្រសួងការបរទេស ឆ្លើយតបទៅអង្គការសហប្រជាជាតិ គឺគ្រាន់តែឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលប៉ុណ្ណោះ៖ « ខ្ញុំថាជំហររបស់រាជរដ្ឋាភិបាលដែលស្ដែងតាមរយៈក្រសួងការបរទេស។ ដូច្នេះ ក្រសួងការបរទេស លើកឡើងយ៉ាងម៉េច អាហ្នឹងជាជំហររបស់រដ្ឋាភិបាលហើយ ក៏ប៉ុន្តែតាមរយៈស្ថាប័នដែលទទួលបន្ទុកហ្នឹង មានតែក្រសួងមហាផ្ទៃ។ ដូច្នេះក្រសួងមហាផ្ទៃ ហ្នឹង ត្រូវរក្សាសេចក្ដីសម្រេចទៅតាមរយៈការបំភ្លឺ ឬការប្រាប់របស់ក្រសួងយុត្តិធម៌ ដែលជាដែនសមត្ថកិច្ចយុត្តិធម៌ដូចគ្នា »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី និងរដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូររិទ្ធ បានទេ នៅថ្ងៃទី១០ ឧសភា។
ចំពោះភាពមិនច្បាស់លាស់ក្នុងករណីនេះ តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee ) ប្រាប់វិទ្យុអាស៊ីសេរី ថា អ្នកស្រីមិនមានយោបល់លើលំហូរនៃការទាក់ទងគ្នារវាងក្រសួងផ្សេងៗរបស់រដ្ឋាភិបាលកម្ពុជា ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។