លោក ថាច់ សេដ្ឋា ប្រកាស​ជំហរ​ថា លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ

អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង និង​ជានា​យក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ប្រកាស​ជំហរ​ថា លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​វិច្ឆិកា ស្អែក​នេះ បើ​ទោះ​បីជា​លោក​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នេះ​ក្ដី​។​

តុលាការ​បាន​ចោទប្រកាន់​លោក​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​កាលពី​អំឡុង​ឆ្នាំ​២០១៩​។​

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​របស់​តុលាការ បើទោះជា​ក្នុង​ដីកា​របស់​តុលាការ​សរសេរ​ថ្ងៃកំណើត និង​អាសយដ្ឋាន​របស់​លោក​ខុស​ក្ដី​។ លោក​ថា ការ​ចូល​បំភ្លឺ​នេះ​ដើម្បី​បង្ហាញ​ពី​ភាព​បរិសុទ្ធ ស្មោះត្រង់​នឹង​ជាតិ សាសនា ព្រះមហាក្សត្រ ដែល​លោក​ហ៊ាន​អះអាង​ថា លោក​មិនបាន​ក្បត់ជាតិ​នោះ​ទេ​៖ « ខ្ញុំ​មិន​ដឹង​ថា រួមគំនិត​ក្បត់​នេះ រួម​ជាមួយ​នរណា​ផង យើង​មិន​ដឹង​នរណា​អ្នក​ក្បត់​លឺ​តែ​ក្បត់ៗ​គ្រប់​តែ​គ្នា ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​រួមគំនិត​ក្បត់​ជាមួយ​នរណា ព្រោះ​ខ្ញុំ​ឈឺ​ផង ខ្ញុំ​គ្មាន​មធ្យោបាយ​អី​ដែល​ទៅ​រួម​ជាមួយ​គេ​ហ្នឹង​ផង ខ្ញុំ​ក៏​មិន​ដែល​ទៅ​ជួប​ប្រជុំ​ញុះញង់​អី​នរណា ឲ្យ​ធ្វើ​ស្អី​មួយ​នោះ​ដែរ​។ ដូច្នេះ​យើង​មិន​ដឹង​ថា គេ​សំដៅ​ទៅលើ​អី​ទេ ទាល់តែ​ចូល​តុលាការ​បាន​យើង​អាច​ដឹង»។

នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​​​​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទម្លាក់​ចោល​ការចោទប្រកាន់ លោក ថាច់ សេដ្ឋា ដោយ​ឥត​លក្ខខណ្ឌ និង​អំពាវនាវ​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ​ចូលរួម​តាមដាន​សវនាការ​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​លោក។

នៅ​រយៈពេល​ចុងក្រោយ​នេះ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកាកោះ​ជា​បន្តបន្ទាប់​កោះហៅ​មេដឹកនាំ មន្ត្រី និង​សកម្មជន​គណបក្ស​យ៉ាងហោចណាស់ ១២៥​នាក់​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា​ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ សកម្មជន​បក្ស​ប្រឆាំង​ខ្លះ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ថា ពួកគេ​មិន​ចាប់អារម្មណ៍​នឹង​ដីកា​នេះ​ទេ ព្រោះ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​។ ប៉ុន្តែ​ក៏​មាន​មន្ត្រី​គណបក្ស​នេះ និង​អ្នក​ធ្វើ​ការងារ​សង្គម​ដែល​ត្រូវ​តុលាការ​កោះហៅ​ដែល​អ្នក​ទាំងនោះ​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​អះអាង​ថា នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​ដែរ​។ ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ថា តើ​អាច​នឹង​មាន​ជន​ត្រូវ​ចោទ​ប៉ុន្មាន​នាក់​ពិតប្រាកដ​ទៅ​បង្ហាញខ្លួន​តាម​ដីកាកោះ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។