មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះជនជាតិខ្មែរ ដែលត្រូវបានរដ្ឋាភិបាលអាមេរិកបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយសារពួកគេមានដើមកំណើតជាខ្មែរ។ ជនជាតិខ្មែរ ៣៦នាក់ ត្រូវបានបញ្ជូនតាមយន្តហោះពីអាមេរិកមកដល់កម្ពុជា កាលពីអង្គារ ទី១៨ ធ្នូ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក សឺង សែនករុណា ជឿជាក់ថា ជនជាតិខ្មែរដែលទើបបញ្ជូនពីអាមេរិកមកដល់កម្ពុជាវិញនេះ មិនទាន់បានយល់ដឹងពីរបៀបរស់នៅ និងច្បាប់ទម្លាប់ក្នុងសង្គមខ្មែរឡើយ ដោយសារពួកគេធំដឹងក្តីនៅសហរដ្ឋអាមេរិក។ ហេតុដូចនេះ លោកថា របបក្រុងភ្នំពេញត្រូវគិតគូរឱ្យបានដិតដល់ចំពោះពួកគេ ដូចជា ផ្តល់ជាកន្លែងស្នាក់នៅបានសមរម្យ ផ្តល់ជំនាញបច្ចេកទេស និងផ្តល់ការអប់រំកែប្រែដល់ពួកគេឱ្យបានត្រឹមត្រូវ៖ «»
កាលពីថ្ងៃទី១៧ ធ្នូ សហរដ្ឋអាមេរិកបានបញ្ជូនជនជាតិខ្មែរចំនួន ៣៦នាក់ ត្រឡប់មកកម្ពុជាវិញ ហើយពួកគេបានមកដល់ក្រុងភ្នំពេញនៅថ្ងៃបន្ទាប់។ ជនជាតិខ្មែរទាំងនោះ ភាគច្រើនធ្លាប់បានប្រព្រឹត្តបទឧក្រិដ្ឋពាក់ព័ន្ធនឹងអំពើមនុស្សឃាត ការប្លន់ប្រដាប់អាវុធ អំពើចោរកម្ម ការរំលោភសេពសន្ថវៈ អំពើហិង្សា និងការជួញដូរគ្រឿងញៀនជាដើម។
អាស៊ីសេរីបានទាក់ទងទៅអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសាកសួរបន្ថែមអំពីករណីនេះដែរ ក៏ប៉ុន្តែលោកបញ្ជាក់ថា លោកមិនបានដឹងរឿងនេះឡើយ និងបានបង្វែរសំណួរទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍វិញ។ ចំណែក អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វ៉ាន់ថន ថ្លែងថា ករណីបញ្ជូនជនជាតិខ្មែរមកកម្ពុជាវិញនេះ មិនពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ គឺពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ អាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃបាននៅឡើយ គិតត្រឹមម៉ោងផ្សាយនេះ។
នាយកប្រតិបត្តិភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក អ្នកស្រី ណាតាលី អាហ្សឺ (Nathalie Asher) បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលដើមសប្តាហ៍នេះថា ការបញ្ជូនពលរដ្ឋដើមកំណើតខ្មែរទៅកាន់ប្រទេសកម្ពុជាវិញ បានកើនឡើងដល់ទៅ ២៧៩ភាគរយ នៅឆ្នាំ ២០១៨ នេះ ធៀបនឹងឆ្នាំ២០១៧ កន្លងទៅ។ ក៏ប៉ុន្តែ នៅមានពលរដ្ឋដើមកំណើតខ្មែរជិត ១.៩០០ នាក់ផ្សេងទៀត កំពុងរស់នៅសហរដ្ឋអាមេរិក ដោយមានដីកាបណ្ដេញចេញ ក្នុងនោះ ១.៤០០នាក់ ជាប់ទោសពីបទឧក្រិដ្ឋ។ អ្នកស្រីថ្លែងបន្តថា ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិកនឹងបន្តអនុវត្តកិច្ចការបណ្ដេញចេញដោយស្របច្បាប់នេះ ដោយផ្ដោតអាទិភាពទៅលើការបណ្ដេញចេញជនដែលបង្កការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈនៅអាមេរិក។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក សឺង សែនករុណ សង្កត់ធ្ងន់ថា អាជ្ញាធរកម្ពុជាត្រូវយកចិត្តទុកដាក់ខ្លាំងចំពោះការអប់រំកែប្រែបុគ្គលិកលក្ខណៈរបស់ជនជាតិខ្មែរទាំងនោះ មុននឹងធ្វើសមាហរណកម្មពួកគេឱ្យចូលក្នុងសង្គម ដើម្បីចៀសវាងនូវបញ្ហាផ្សេងៗ នៅពេលក្រោយទៀត៖ «»
គិតត្រឹមចុងឆ្នាំ២០១៨ នេះ មានជនជាតិខ្មែរជិត ៩០០នាក់ហើយ ដែលត្រូវបានបញ្ជូនពីអាមេរិកត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីមានកម្ពុជាមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០២។ ពួកគេភាគច្រើនពុំមានការចងចាំច្រើនពីប្រទេសកំណើតរបស់ខ្លួនទេ ដោយសារតែពួកគេបានរត់គេចពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានទទួលសិទ្ធិជាជនភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក។ អ្នកដែលត្រូវបញ្ជូនត្រឡប់ទៅវិញនេះមួយចំនួនបានទទួលសិទ្ធិរស់នៅស្របច្បាប់ ឬគ្រីនខាដ (Green Cards) ប៉ុន្តែបានប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងត្រូវបានកាត់ទោសដោយតុលាការអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
