ក្រុម​មេ​ដឹកនាំ​សហជីព ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​​កែ​ប្រែ​ច្បាប់ស្តីពី​ការងារ ​ដែល​ធ្វើ​ឲ្យ​បាត់​ប្រយោជន៍​កម្មករ

0:00 / 0:00

មេដឹកនាំ​​សហជីព​​មួយ​ចំនួន៦ សម្រេច​រួមគ្នា ធ្វើ​ពហិការ ​មិន​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ការងារ ស្ដីពី​ការ​កែ​ប្រែ​ច្បាប់​ការងារ ត្រង់​មាត្រា ១៤៤ និង​១៦២ នៅ​ថ្ងៃ​ស្អែក​ទី​១៥ កញ្ញា ដោយសារតែ​ពួកគេ យល់ថា វិសោធនកម្ម​ច្បាប់​នេះ ធ្វើ​ឲ្យ​បាត់​ផលប្រយោជន៍​កម្មករ​វេនយប់។ ពួកគេ​ស្នើ​ដល់​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ ដោយ​រក្សា​ទុក​មាត្រា​ទាំង​ពីរ​នេះ ឲ្យ​នៅ​ដដែល​ ដើម្បី​បាន​ជា​ប្រយោជន៍​កម្មករ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រសួង​ការងារ​នៅ​តែ​ប្រកាន់​ជំហរ ចង់​​កែប្រែ​ច្បាប់​ការងារ​ត្រង់​មាត្រា១៤៤​ ម្ដង​ហើយ​ម្ដង​ទៀត​នេះ គឺ​ពិតជា​ធ្វើឲ្យ​កម្មករ​​ធ្វើ​ការវេនយប់ បាត់​ប្រយោជន៍​ជា​ច្រើន ដោយ​ពួកគេ​នឹង​ទទួល​​ប្រាក់​ឈ្នួល ដូច​នឹង​កម្មករ​ធ្វើ​ការ​វេនថ្ងៃ​ ព្រោះ​ត្រូវ​កាត់​បន្ថយ​ប្រាក់​ការងារ ​ពី​១៣០% មក​នៅ​ត្រឹម​១០០% វិញ។

លោក បន្តថា បើ​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​សោធនកម្ម ហើយ​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ នោះ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​វេនថ្ងៃ​ថែម​ទៀត ព្រោះ​ពួកគេ​មិន​អាច​ធ្វើ​ការ​ថែម​ម៉ោង​ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ទៀត​បាន​ឡើយ។

លោក​បញ្ជាក់​ថា ការ​ដែល​ច្បាប់​តម្រូវ​ឲ្យ​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​វេនយប់​ច្រើន​ជាង​វេនថ្ងៃ គឺ​ដោយសារ​តែ​កត្តា​សុខភាព​មនុស្ស ​មិន​អាច​ធន់​នឹង​ការងារ​យប់​បាន រួម​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ ដែល​អាច​កើត​ឡើង​ចំពោះ​កម្មករ​វេនយប់។

ប្រធាន​សហជីព​រូប​នេះ ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង រក្សា​ទុក​ច្បាប់​ការងារ​នៅ​ដដែល​ ដើម្បី​ជា​ប្រយោជន៍​ដល់​កម្មករ​វេនយប់៖ «យើង​ស្នើ​ឲ្យ​ក្រសួង​ទម្លាក់​ចោល​ការ​ធ្វើ​វិសោធនកម្ម​ហ្នឹង​តែ​ម្ដង។ នៅ​ក្នុង​ពេលនេះ​គឺ​មិន​ល្អ​សោះ​សម្រាប់​កម្មករ​និយោជិក។ វា​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​កម្មករ។ ដើម្បី​រក្សា​ប្រយោជន៍​ជា​ភាព​ប្រក្រតី​បាន គឺ​ទាល់​តែ​ផ្អាក​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ស្ដី​អំពី​ការ​កាត់​បន្ថយ​ការងារ​វេនយប់ ពី​១៣០ % មក​នៅ​១០០ % ហើយ​និង​១៦២ ស្ដីពី​ការ​កាត់បន្ថយ​ថ្ងៃ​ឈប់​សម្រាក១ថ្ងៃ នៅ​ពេល​ថ្ងៃ​បុណ្យ​ចំ​ថ្ងៃ​អាទិត្យ»។

កម្មករ​រោងចក្រ ហ៊ឹង ជីង នៅ​រាជធានី​ភ្នំពេញ លោក ចែម ជាតិ ដែល​ធ្លាប់​ធ្វើ​ការ​វេនយប់​ហើយ​ប្ដូរ​មក​វេនថ្ងៃ​ ថ្លែង​ឲ្យ​ដឹង​ថា កម្មករ​វេនយប់​ ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូច​ជា​ សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ពេល​យប់​អាធ្រាត្រ សុខភាព​ចុះ​ខ្សោយ​ដោយសារ​ការសម្រាក​មិន​បាន​គ្រប់​គ្រាន់ និង​រង​សម្ពាធ​ពី​ថៅកែ​រោងចក្រ បង្ខំ​ឲ្យ​ធ្វើការ​តាម​ចំនួន​ដែល​ចង់បាន។

ផ្អែក​លើ​បញ្ហា​ទាំង​អស់​នេះ លោក ចែម ជាតិ ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការងារ រក្សា​ទុក​ច្បាប់​ការងារ​ឲ្យ​នៅ​ដូច​ដើម ដើម្បី​កុំ​ឲ្យ​កម្មករ​ខាត់​បង់​ប្រយោជន៍​តទៅ​ទៀត ជា​ពិសេស​គឺ​ប្រាក់​ចំណូល​ប្រចាំ​ខែ៖ «សូម​ខាង​ក្រសួង​គាត់​ជួយ​ដោះស្រាយ​រឿង​ហ្នឹង​ទៅ​ ព្រោះ​អាណិត​កម្មករ​វេន​យប់ ព្រោះ​គ្នា​ជួប​ផល​លំបាក​ច្រើន​ដែរ។ ហើយ​ណា​មួយ​គ្រួសារ​ ក៏​មិន​សូវ​ជា​អ្នក​មាន​ស្ដុកស្ដម្ភ។ កម្មករ​វេនយប់​អ៊ីចឹង គ្នា​ធ្វើការ​ប៉ះពាល់​ដល់​សុខភាព​ប្រចាំ​ថ្ងៃ​ផង ហើយ​មិន​ដូច​យើង​ធ្វើ​ថ្ងៃ​ទេ។ យើង​ធ្វើ​ថ្ងៃ មាន​ពេល​វេលា​ច្រើន​ ធ្វើការ​បាន​ល្អ​អ៊ីចឹង។ សូម​ឲ្យ​រដ្ឋាភិបាល​កុំ​កែប្រែ​ច្បាប់​ហ្នឹង​ ពី​មុន​ធ្វើ​វេន​យប់​គេ​គុណ​នឹង​ពីរ ប្រាក់​ខែ​ច្រើន​ជាង​វេន​ថ្ងៃ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ លោក ហេង សួរ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

កាល​ពី​ឆ្នាំ២០០៧ ក្រសួង​ការងារ​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការងារ ត្រង់​មាត្រា១៤៤ អំពី​អត្រា​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង និង​ការងារ​វេន​យប់​ពី​១៥០% មក​នៅ​ត្រឹម​១៣០%​នៃ​ប្រាក់​ឈ្នួល​ការងារ​វេនថ្ងៃ ដោយ​ធ្វើ​ឲ្យ​កម្មករ​បាត់​បង់​អត្ថប្រយោជន៍​ការងារ​ម្ដង​រួច​មក​ហើយ។

នៅ​ពេល​បច្ចុប្បន្ន​នេះ ក្រសួង​ការងារ គ្រោង​ធ្វើ​ការ​កែប្រែ​ច្បាប់​ការងារ​ត្រង់​មាត្រា១៤៤ថ្មី​នេះ ម្ដង​ទៀត ដោយ​កាត់​បន្ថយ​អត្រា​ប្រាក់​ឈ្នួល​ការងារ​វេនយប់​ពី​១៣០% មក​ត្រឹម​១០០%​វិញ គឺ​ស្មើនឹង​អត្រា​ប្រាក់​ឈ្នួល​ការងារ​វេន​ថ្ងៃ។

ទាក់ទង​នឹង​គម្រោង​ធ្វើ​វិសោធនកម្ម​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចេញ​លិខិត​កោះហៅ​តំណាង​សហជីព​មួយ​ចំនួន តំណាង​ភាគី​និយោជក និង​ដៃគូ​របស់​ក្រសួង ដើម្បី​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ នៅ​ថ្ងៃ​ទី១៥ ខែកញ្ញា ដើម្បី​កែប្រែ​ច្បាប់ កាត់បន្ថយ​ប្រាក់​ឈ្នួល​ពលកម្ម​វេនយប់ ឱ្យ​ស្មើនឹង​វេនថ្ងៃ លុបចោល​ថ្ងៃ​ឈប់សម្រាក​ចំ​ថ្ងៃអាទិត្យ និង​ពង្រីក​វិសាលភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ក្នុង​ការ​ដោះស្រាយ​វិវាទ​បុគ្គល។

ក្រសួងការងារ អះអាង​ថា ការ​កែប្រែ​ច្បាប់​នេះ គឺ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ខាង​បរិក្ខារ​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​ មក​ដាក់​ទុន​នៅ​កម្ពុជា និង​បង្កើន​ការងារ​ជូន​ពលរដ្ឋ។ ចំណែក ការលុប​ថ្ងៃ​ឈប់សម្រាក​បន្ថែម​ទៀត និង​ការកាត់​ប្រាក់​ឈ្នួល​វេនយប់ ឱ្យ​ស្មើ​វេនថ្ងៃ​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​នៃ​ការ​វិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ក្នុង​គោលបំណង​ពង្រីក​ការប្រកួតប្រជែងគ្នា។

បើទោះបីជា​យ៉ាងណា ថ្នាក់ដឹកនាំ​សហជីព ដែល​ជា​ក្រុមការងារ​យន្តការ​ត្រីភាគី នៅតែ​ទទូច​ស្នើសុំ​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទម្លាក់​ចោល​ការធ្វើ​វិសោធនកម្ម​នេះ ដូច​ដែល​ក្រុម​សហជីព បាន​ស្នើ​សុំ​ក្នុង​កិច្ចពិភាក្សា​ចំនួនពីរ​លើក​រួច​មក​ហើយ ។ ក្រុម​សហជីព យល់ឃើញ​ថា ក្នុង​ស្ថានភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ មិនមែន​ជា​ពេលវេលា​សមស្រប​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​នោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។