សាលាដំបូងខេត្តកោះកុង បានសម្រេចចេញដីកាឃុំខ្លួនបុរសវ័យចំណាស់ម្នាក់ ដាក់ពន្ធនាគារខេត្តកោះកុងបណ្ដោះអាសន្ន ដោយចោទពីបទប្រទូសកេរ្តិ៍ខ្មាស និងប៉ុនប៉ងរំលោភក្មេងស្រីអនីតិជន ឬមិនទាន់គ្រប់អាយុម្នាក់។
មន្ត្រីសង្គមស៊ីវិលខេត្តកោះកុងថា នឹងតាមដានលើសំណុំរឿងព្រហ្មទណ្ឌ រំលោភផ្លូវភេទនេះ។
សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់ ត្រូវបានចៅក្រមសាលាដំបូងខេត្តកោះកុង សម្រេចចេញដីកាឃុំខ្លួន និងបញ្ជូនទៅដាក់ក្នុងពន្ធនាគារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចៅក្រមសាលាដំបូងខេត្តកោះកុង សម្រេចចេញដីកាឃុំខ្លួននោះ មានឈ្មោះ ណាល់ សាំង ភេទប្រុស អាយុ ៧៥ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។
មន្ត្រីនគរបាលខេត្តកោះកុងដដែលបញ្ជាក់ថា ករណីប៉ុនប៉ងរំលោភក្មេងស្រីមិនទាន់គ្រប់អាយុនេះ គឺបានប្រព្រឹត្តកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។
ទាក់ទិនបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការ លីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍នៅថ្ងៃចន្ទ ទី៧ ខែមករាថា នឹងចុះស៊ើបអង្កេតលើសំណុំរឿងព្រហ្មទណ្ឌរំលោភផ្លូវភេទ ទៅលើអនីតិជនទើបអាយុ ៦ឆ្នាំនេះ ដោយយកចិត្តទុកដាក់ ដើម្បីឲ្យដឹងការពិត៖ «ខ្ញុំនឹងតាមដានសំណុំរឿងនេះ ព្រោះជនជាប់ចោទ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ហើយត្រូវបានតុលាការចេញដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកោះកុង កាលពីថ្ងៃទី៦ ខែមករា។ រឿងនេះ ខ្ញុំនឹងចុះទៅសួរនាំសាច់ញាតិជនរងគ្រោះ និងជនសង្ស័យ ដើម្បីឲ្យប្រាកដថា មានភស្តុតាងជាក់ច្បាប់ដែរយ៉ាងណា ឬមួយក៏ជាបទល្មើសជាក់ស្ដែងដែរឬទេ ?»។
ទោះយ៉ាងនេះក្ដី មន្ត្រីនគរបាលខេត្តកោះកុង បានអះអាងថា តាមចម្លើយសារភាព របស់បុរសវ័យចំណាស់ ជាជនជាប់ចោទ បានរៀបរាប់ថា នៅថ្ងៃកើតហេតុកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យរូបនេះ បានឃើញក្មេងស្រីរងគ្រោះនៅម្នាក់ឯង ក៏បានលួងលោមឲ្យដោះខោអាវ បម្រុងធ្វើសកម្មភាពរំលោភ ប៉ុន្តែមិនទាន់បានសម្រេចទេ ក៏ត្រូវតាបង្កើត របស់ក្មេងស្រីរងគ្រោះមកទាន់ រួចក៏ប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនគាត់តែម្ដង។
មន្ត្រីនគរបាលដដែល បញ្ជាក់បន្ថែមថា បុរសដដែលនេះ បានសារភាពថា ជាលើកទី៣ ហើយ ដែលរូបគាត់បានលួងលោមក្មេងស្រីរងគ្រោះ ប៉ុន្តែលើកទី១ និងលើកទី២ ពុំមានអ្នកណាដឹង ឬតាមទាន់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។