សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាត់ទោស​បុរស​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៧​ឆ្នាំ ពី​បទ​រំលោភ​កូនស្រី​បង្កើត

សាលាដំបូង​ខេត្ត​ព្រះសីហនុ កាត់ទោស​បុរស​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៧​ឆ្នាំ ពី​បទ​រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ប្រឆាំង​ការ​ជួញដូរ​កុមារ ( Action Pour Les Enfants-APLE) កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ឲ្យ​ដឹង​ថា បុរស​នោះ​អាយុ​៤១​ឆ្នាំ បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​អាយុ ១២​ឆ្នាំ ម្ដង​ហើយ​ម្ដងទៀត ក្នុង​គ្រា​ដែល​ម្ដាយ​ទៅ​ធ្វើការ​ចំណាកស្រុក​នៅ​ប្រទេស​ម៉ាឡេស៊ី​។ សេចក្ដីប្រកាស​ដដែល​បញ្ជាក់​ថា កុមារី​រងគ្រោះ​ត្រូវ​បាន​ឪពុក​គំរាម​សម្លាប់​បើសិនជា​ហ៊ាន​ទម្លាយ​រឿង​នេះ។

ប៉ុន្តែ​រឿង​នេះ បាន​បែកការ​នៅ​ពេល​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​វិល​មក​ផ្ទះ​វិញ កាល​ពី​ដើម​ឆ្នាំ​២០២០ នៅ​ពេល​ដែល​បុរស​ជា​ឳ​ពុក​ប្រព្រឹត្ត​ម្ដងទៀត​លើ​កូនស្រី​នៅ​ពេល​ព្រឹក ទើប​គាត់​ដឹង​និង​សម្រេច​ប្ដឹង​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០។

​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​យល់ថា ការផ្​តន្ទាទោស​ប្ដី​គាត់​ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ គឺ​នៅ​ស្រាល​ពេក បើ​ប្រៀបធៀប​ទៅ​នឹង​ការខូចខាត​របស់​កូនស្រី​ដែល​ត្រូវ​បាន​រំលោភ​ដោយ​ឪពុក​របស់​ខ្លួន​។ គាត់​សោកស្ដាយ​ដែល​គ្មាន​ពេលវេលា​ដើម្បី​មើលថែ​កូន។

អង្គការ​លីកាដូ (Licadho) រក​ឃើញ​ថា ការរំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​និង​កុមារី ដោយ​សាច់ញាតិ កើន​ឡើង និង​គ្មាន​យុត្តិធម៌​ពេញលេញ។

របាយការណ៍​ដែល​អង្គការ​លីកាដូ​ចេញផ្សាយ​នៅ​ក្នុង​ខែ​ធ្នូ​នេះ មាន​ចំណងជើង​ថា “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​៖ ការរំលោភ​សេពសន្ថវៈ​ដោយ​សាច់ញាតិ និង​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​” បង្ហាញ​ថា នៅ​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ ឬ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទាំងអស់​ដែល​លីកាដូ​បាន​ធ្វើ​អន្តរាគមន៍​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៧ ដល់ ខែ​ធ្នូ ឆ្នាំ​២០១៩ រក​ឃើញ​ថា មាន​ចំនួន​១៣៧​ករណី គឺ​ជនសង្ស័យ​ជា​សាច់ញាតិ​របស់​ជនរងគ្រោះ ដូចជា​ឪពុក ពូ ឬ​ជីតា​បង្កើត ៤៦% និង​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​ប្រព្រឹត្ត​ដោយ​ឪពុកចុង ឬ​សាច់ញាតិ​ឪពុកចុង និង​សាច់ថ្លៃ មាន​៥៤%។

ក្នុង​នោះ​មាន​ករណី​ចំនួន​លើស​ពី​ពាក់កណ្ដាល​បន្តិច​ប៉ុណ្ណោះ​ឬ​ស្មើនឹង​៥៣% បាន​ឈាន​ដល់​ការ​ជំនុំជម្រះ​ក្ដី​ដោយ​ជនល្មើស​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពេញ​លេញ​តាម​ច្បាប់​ពាក់ព័ន្ធ​។ ក្រៅ​ពី​នេះ ករណី​ខ្លះ រក​ឃើញ​ថា មាន​ការ​ដោះស្រាយ​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពន្យារ​ពេល​កាត់​ក្តី ហើយ​ជនរងគ្រោះ​មាន​សង្ឃឹម​តិចតួច​ទទួល​បាន​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។