គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ កក្កដា បានដាក់ពាក្យប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្នើឲ្យចាត់ការលោក មេធាវី ជូង ជូងី ដោយចោទថា បានញុះញង់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ដោយសំអាងថា ខុសច្បាប់បោះឆ្នោតត្រង់មាត្រា១៤២។ លោក ជូង ជូងី ថ្មីៗនេះ បានបកស្រាយច្បាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ខ្លួន អំពីសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលមិនទៅបោះឆ្នោត ឬប្រាប់អ្នកដទៃមិនអោយទៅបោះឆ្នោតថា មិនខុសច្បាប់នោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ការដាក់ពាក្យប្ដឹងលោក ជូង ជូងី ទៅគ.ជ.ប ស្នើឲ្យចាត់វិធានការច្បាប់លើលោក ជូង ជូងី នេះ ដោយយោងតាមមាត្រា ១៤២នៃច្បាប់បោះឆ្នោត។
លោក សុខ ឥសាន បន្ថែមថា លោក ជូង ជូងី ជាមនុស្សម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ១១៨រួប ដែលតុលាការកំពូលបិទសិទ្ធិមិនឲ្យធ្វើនយោបាយ។ ក្រៅពីនេះទៀត លោក សុខ ឥសាន្ត ចាត់ទុកការពន្យល់ផ្លូវច្បាប់លោក ជូង ជូងី អំពីសិទ្ធិពលរដ្ឋមិនទៅបោះឆ្នោត នោះថា ជាការញុះញង់ ដែលផ្ទុយពីមាត្រា១៤២ នៃច្បាប់បោះឆ្នោត៖ «ចំណុចទី២ពាក់ព័ន្ធការបកស្រាយ ខ្លឹមសារ គាត់គ្មានសមត្ថកិច្ចបកស្រាយអីដែលរំលោភលើសមត្ថកិច្ចក្រុមប្រឹក្សាធម្មនុញ្ញ និងមិនត្រូវលើគោលការណ៍នោះទេ»។
អាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បីសួរពីករណីប្ដឹង នេះបាននៅឡើយទេនៅថ្ងៃទី២៤ កក្កដា។
លោក មេធាវី ជូង ជូងី សុំមិនធ្វើអត្ថាធិប្បាយពីករណីគណបក្សប្រជាជនកម្ពុជា ប្ដឹងលោកនេះទេ ដោយលោកប្រាប់ថា លោកមិនទាន់ដឹងរឿងនេះ។ ប៉ុន្តែកាលពីថ្ងៃទី១៧ កក្កដា លោក ជូង ជូងី នៅលើហ្វេសប៊ុក លោកមានប្រសាសន៍ថា មិនទៅបោះឆ្នោត ឬប្រាប់គេមិនទៅបោះឆ្នោតមិនមានទោសទេ៖ «មិនមានមាត្រាណាចែងថា អ្នកដែលមិនទៅបោះឆ្នោត គឺមានកំហុស ឬក៏មានទោសយ៉ាងណានោះទេ។ ដូចគ្នានេះដែរ នៅក្នុងក្រមព្រហ្មទណ្ឌ អត់មានមាត្រាណាដែលចែងពាក់ព័ន្ធទៅនឹងការបោះឆ្នោតនោះឡើយ។ ដូច្នេះបងប្អូន ទោះបីទៅបោះឆ្នោតក្ដី មិនទៅបោះឆ្នោតក្តី គឺអត់មានមាត្រាណាចែងថាជាបទល្មើសទេ។ ទោះបីបងប្អូនទៅបោះឆ្នោត ក៏ជាការប្រើសិទ្ធិទៅចូលរួមបោះឆ្នោតរបស់បងប្អូន ទោះបីបងប្អូនមិនទៅបោះឆ្នោត ក៏បងប្អូនប្រើសិទ្ធិមិនចូលរួមបោះបោះឆ្នោតរបស់បងប្អូននោះដែរ»។
មេធាវីគណបក្សប្រជាជនកម្ពុជា លោក គី តិច បានពន្យល់បន្ថែមនៅលើឧបករណ៍បំពងសំឡេងរបស់លោក ហ៊ុន សែន ចុះផ្សាយនៅថ្ងៃទី២៤ កក្កដា ថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ និងបន្តរហូតមកដល់បច្ចុប្បន្ន លោក ជូង ជូងី ដែល អាសយដ្ឋានស្នាក់នៅ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងធ្វើសកម្មភាពផ្សព្វផ្សាយ តាមបណ្ដាញសង្គម Facebook របស់ខ្លួន ប្រព្រឹត្តអំពើទុច្ចរិត រំលោភបំពានលើបញ្ញត្តិមាត្រា១៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ សកម្មភាពរបស់ឈ្មោះ ជូង ជូងី នេះគឺពិតជាមានចេតនា និងគោលបំណងច្បាស់លាស់ ក្នុងការបំផុតគំនិតទប់ស្កាត់ និងរារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ លោក គី តិច មិនពន្យល់បន្ថែមលើករណីបណ្ដឹងដាក់ពាក្យបណ្ដឹងនេះទេ នៅថ្ងៃទី២៤ កក្កដា។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានប្រៀបធៀបរបបដឹកនាំប្រទេសរបស់លោក ហ៊ុន សែន ទៅនឹងប្រទេសផ្ដាច់ការ ដែលប្រទេសផ្ដាច់ការ ឬកុម្មុយនិស្ត តែងតែបកស្រាយច្បាប់បែបទូលាយ ដើម្បីទាញភ្ជាប់អ្នកដែលប្រឆាំងខ្លួនយកមកដាក់ទោសទណ្ឌ។ នៅត្រង់ចំណុចនេះ លោកបញ្ជាក់ថា ពាក្យ "រារាំង" នៅក្នុងមាត្រា ១៤២នេះ គឺមានភាពចម្រូងចម្រាសទៅលើការបកស្រាយ ពោលគឺមិនត្រូវបកស្រាយន័យទូលាយ ដើម្បីគ្រាន់តែជាការគំរាមកំហែងឲ្យពលរដ្ឋភ័យខ្លាចនោះឡើយ៖ «ការពិតរារាំង គឺទាល់តែមានជាកម្លាំង ជាឧបករណ៍ ជាអ្វីកុំឲ្យអ្នកមានសិទ្ធិបោះឆ្នោតទៅបោះឆ្នោតបាន។ រួចការរារាំងនេះ គឺអាចមើលឃើញ។ បើវាអត់មើលឃើញដូច្នេះ។ នៅក្នុងប្រទេសសេរី គេគោរពអំណាចច្បាប់ គេបកស្រាយចង្អៀត មិនទូលាយដូច្នេះទេ។ មានតែនៅប្រទេសកុម្មុយនិស្តផ្ដាច់ការទេ ដែលគេបកស្រាយច្បាប់ឲ្យទូលាយ ដើម្បីចោទប្រកាន់បាន។ អាហ្នឹងមិនត្រូវទេ»។
ការដាក់ពាក្យប្ដឹងលោក ជូង ជូងី នេះ នៅក្រោយពេល លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ កក្កដា ថ្លែងនៅខែត្រព្រៃវែងមិនឲ្យសមត្ថកិច្ចចាប់ខ្លួន អ្នកដែលអំពាវនាវមិនទៅបោះឆ្នោតនេះទេ ព្រោះថាគ្មានច្បាប់ណាមួយចែងថា អ្នកធ្វើយុទ្ធនាការម្រាមដៃស្អាត ឬមិនទៅបោះឆ្នោតខុសច្បាប់ដែរ ប៉ុន្តែលោកជំរុញឲ្យមន្ត្រីបក្សរបស់លោកដាក់ពាក្យប្ដឹងទៅគ.ជ.ប ដើម្បីឲ្យចាត់ការតាមច្បាប់បោះឆ្នោតមាត្រា ១៤២ ដែលពិន័យជាប្រាក់វិញ៖ «មានអ្នកខ្លះ គេធ្វើយុទ្ធនាការដៃស្អាត នាំគ្នាមួយហ្វូងអ៊ីចឹងទៅ ! ពួកហ្នឹងមួយចំនួន បងប្អូនយើងចង់ទៅចាប់ តែប៉ូលិសសមត្ថកិច្ច។ ខ្ញុំថាអត់បានទេ មើលច្បាប់ទៅ ! ប្ដឹងមានតែប្ដឹងផាកទេ ប្រាំទៅម្ភៃលាន។ បើម្ដងមិនរៀងចាល ប្រាំទៅម្ភៃលានរៀនទៀត។ ម្ដងមិនរៀងចាល ប្រាំទៅម្ភៃលានរៀលទៀត»។
ទោះបីជាយ៉ាងនេះក្ដី ការផាកពិន័យ ៥លានរៀល ដល់ ២០លានរៀលនេះ មិនមានចែងក្នុងក្រមព្រហ្មទណ្ឌទេ ប៉ុន្តែមានចែងជាពិសេសក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រង់មាត្រា ១៤២ ដោយមានចែងពីពាក្យថា "រារាំង" ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត។ ទោះជាយ៉ាងនេះក្តី ច្បាប់បោះឆ្នោតនេះ មិនមានចែងពីនិយមន័យនៃពាក្យ "រារាំង" នេះឲ្យបានច្បាស់លាស់នោះឡើយ។ ប្រការនេះលោក ផែង ហេង បានស្នើឲ្យអ្នកបកស្រាយច្បាប់ ត្រូវយោងទៅមាត្រា ៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលចែងអំពីការបកស្រាយច្បាប់ ដែលត្រូវបកស្រាយយ៉ាងតឹងរ៉ឹង។ ច្បាប់បានចែងថា ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាព ឬភាពស្រដៀងបាននោះឡើយ៖ «សម្រាប់ការបកស្រាយច្បាប់ យើងត្រូវបកស្រាយតាមច្បាប់បោះឆ្នោត ដែលជាច្បាប់ពិសេស។ យើងមិនបកន័យទូទៅទេ។ ដូច្នេះ ការរារាំងក្នុងច្បាប់បោះឆ្នោត គឺសំដៅលើការទប់ស្កាត់ មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬការរកវិធីធ្វើម៉េចកុំឲ្យប្រជាពលរដ្ឋ ដែលដើរទៅបោះឆ្នោត អាចទៅបោះឆ្នោតបាន។ អាហ្នឹងបានជាសកម្មភាពរារាំង»។
ការបោះឆ្នោតនីតិកាលទី៦ដ៏ចម្រូងចម្រាសនេះ ដែលសហគមន៍អន្តរជាតិចាត់ទុកថាការបោះឆ្នោតនេះ ជាការបោះឆ្នោតក្លែងក្លាយ និងជាការបោះឆ្នោតបែបលេងសើចនោះ នឹងមកដល់នៅថ្ងៃទី២៩ កក្កដា ខាងមុខ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួនរួមទាំងបក្សប្រឆាំងនៅក្នុងស្រុក និងក្រៅ ស្រុក កំពុងធ្វើយុទ្ធនាការម្រាមដៃស្អាត ដើម្បីបង្ហាញការមិនពេញចិត្តចំពោះការបោះឆ្នោតនេះ នឹងមិនទៅបោះឆ្នោត។ រីឯ ខាងគណបក្សប្រជាជនកម្ពុជាវិញ ក៏ដាក់ពាក្យប្ដឹងអ្នកធ្វើ យុទ្ធនាការនេះទៅគ.ជ.ប ហើយចោទពីបទញុះញង់ តាមមាត្រា១៤២ នៃច្បាប់បោះឆ្នោត។ រីឯ លោក បណ្ឌិត ឡៅ ម៉ុងហៃ ជំរុញឲ្យប្រជាពលរដ្ឋដែលរងបណ្ដឹងទាំងនោះ ត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួន តតាំងទៅនឹងរបបកំពុងតែគាបសង្កត់ និងជិះជាន់បែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។