សាច់ញាតិ​ទទូច​រក​យុត្តិធម៌​ករណី​យុវជន​ម្នាក់​ស្លាប់​ពេល​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​អូស្មាច់

ដោយ សេក បណ្ឌិត
2019-05-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាច់ញាតិ​ពិនិត្យ​មើល​សាកសព​យុវជន​ដោយ​មាន​មន្ទិល​សង្ស័យ ករណី​ប៉ូលិស​អះអាង​ថា ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួន នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​ទៅ​ដល់​ផ្ទះ។ រូប​ថត​កាល​ពី​ថ្ងៃទី៤ មេសា ឆ្នាំ​២០១៩។
សាច់ញាតិ​ពិនិត្យ​មើល​សាកសព​យុវជន​ដោយ​មាន​មន្ទិល​សង្ស័យ ករណី​ប៉ូលិស​អះអាង​ថា ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួន នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​ទៅ​ដល់​ផ្ទះ។ រូប​ថត​កាល​ពី​ថ្ងៃទី៤ មេសា ឆ្នាំ​២០១៩។
Photo: RFA

សាច់ញាតិ​ជនរងគ្រោះ​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​រក​ជន​ល្មើស​ដែល​សម្លាប់​យុវជន​ម្នាក់​នៅ​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់។ ការ​ស្នើ​សុំ​នេះ បន្ទាប់ពី​យុវជន​ម្នាក់​បាន​ស្លាប់ ខណៈ​ជាប់ឃុំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូស្មាច់ កាលពី​ថ្ងៃ​ទី​៤ ឧសភា ដោយ​ពុំ​មាន​សមត្ថកិច្ច​ទទួល​ខុសត្រូវ​លើ​សំណុំ​រឿង​នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា សំណុំ​រឿង​នេះ មាន​មន្ទិលសង្ស័យ​ដែល​សមត្ថកិច្ច​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​បន្ត​ទៀត។

ប្អូនប្រុស​អ្នក​ស្លាប់​រស់នៅ​ភូមិ​ក្រសាំង សង្កាត់បុស្បូវ ក្រុង​សំរោង លោក ធូ ហៀត ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៧ ឧសភា​ថា លោក​នឹង​ក្រុម​គ្រួសារ​មាន​មន្ទិលសង្ស័យ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​បងប្រុស​របស់​ខ្លួន ព្រោះ​ប៉ូលិស​បាន​ប្រាប់​ថា បង​របស់​ខ្លួន ឈ្មោះ ធូ ហាត អាយុ​៣៥​ឆ្នាំ បាន​ចងក​ស្លាប់​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដោយ​ឯង។

លោក​អះអាង​ថា នៅ​ពេល​ដែល​សមត្ថកិច្ច​ដឹក​សាកសព​មក​ដល់​ផ្ទះ លោក​ពិនិត្យមើល​គឺ​ពុំ​មាន​ស្លាកស្នាម​នៅត្រង់​ក​ដូច​ការ​លើកឡើង​របស់​ប៉ូលិស​នោះ​ទេ ដូច្នេះ​ការ​ស្លាប់​នេះ​លោក​ជឿ​ថា មិនមែន​ស្លាប់​ដោយសារ​ជនរងគ្រោះ​ចងក​សម្លាប់​ខ្លួន​ឡើយ៖ «អយុត្តិធម៌​ណាស់ ងាប់​ដោយ​មិន​មាន​មូលហេតុ​រឿង​អី ហើយ​ចងក​ស្លាប់ ហើយ​ខ្សែ​ខ្លី​ចង់​ក​មិនកើត។ ខ្ញុំ​សំណូមពរ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ឱ្យ​បង​ខ្ញុំ​ផង ខ្ញុំ​ចង់​ដឹង​បង​ស្លាប់​ដោយសារ​អី​រឿង​អី នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ដោយមាន​ប៉ូលិស​ប្រចាំ​នៅ​ទីនោះ ហេតុ​អី​បានជា​បណ្ដោយ​បង​ខ្ញុំ​ស្លាប់​បែបនេះ»

លោក​បន្ត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា បងប្រុស​របស់​ខ្លួន​បាន​ខ្ចី​ម៉ូតូ​បងប្អូន​ជីដូនមួយ​នៅ​ក្នុង​ភូមិ​ជាមួយគ្នា ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​យក​ប្រាក់​ពី​គេ​នៅ​ច្រក​ព្រំដែន​អូស្មាច់ ក្រោយមក​ម្ចាស់​ម៉ូតូ​បាន​ប្ដឹង​ប៉ូលិស​សង្កាត់​បុស្បូវ ក្រុង​សំរោង ដើម្បី​ឱ្យ​តាម​ទៅ​យក​ម៉ូតូ​មកវិញ។ លោក​បន្ថែម​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល ប៉ូលិស​ប៉ុស្តិ៍​អូស្មាច់​ក៏បាន​ឃាត់​បងប្រុស​របស់​ខ្លួន​ទុក​នៅ​ប៉ុស្តិ៍​ព្រំដែន​មួយ​នេះ​ប្រមាណ​ជាមួយ​ម៉ោង​ក្រោយមក ស្រាប់តែ​ប៉ូលិស​ផ្ដល់​ដំណឹង​មក​ថា បង​របស់​ខ្លួន​ចងក​សម្លាប់​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូស្មាច់​ទៅវិញ។

ទាក់ទង​នឹង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូស្មាច់ លោក ជ័យ វាសនា ប្រាប់​អាស៊ីសេរី​ថា លោក​មិន​បាន​ដឹង​ពី​ការ​ស្លាប់​នេះ​ទេ ក្រោម​ហេតុផល​ថា នៅ​ថ្ងៃ​កើតហេតុ​លោក​ជាប់រវល់​ទៅ​ចូលរួម​មង្គល​ការ​កូន​អ្នកស្រុក៖ «អឺ​!​គាត់​នៅ​ណា​ទេ ព្រោះ​កាលណោះ​ខ្ញុំ​ច្បាប់​ទៅ​ការ​ក្មួយ អត់​បាន​ដឹង​រឿង​នេះ​ច្បាស់​ដែរ តែ​ចាំ​មើល​ខ្ញុំ​សួរ​មន្ត្រី​របស់ខ្ញុំ​មើល​សិន ព្រោះ​អី​ខ្ញុំ​អត់​បាន​នៅ​ថ្ងៃ​កើតហេតុ»

ចំណែក​ស្នងការ​រង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ លោក ឡឹក សុខា ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​ពាក់ព័ន្ធ រួមមាន​ប៉ូលិស និង​តំណាង​អយ្យការ​ខេត្ត​ឧត្ដរមានជ័យ​បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ហើយ​បាន​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​បញ្ជាក់​ថា សព​នេះ​ស្លាប់​ដោយសារ​ការ​ចងក​សម្លាប់​ខ្លួន៖ «គាត់​ធ្វើ​អត្តឃាត គាត់​ចងក បើ​និយាយ​ផ្នែក​សំគាល់​អីចឹង​ខ្ញុំ​មិន​ដឹង​ថា យ៉ាងម៉េច​ទេ បើ​ពិនិត្យ​សំគាល់​បើ​ចងក បើ​មើល​ឃើញ​កំពុង​ចងក​បើ​គេ​លើក​ដាក់​ទៅ​ពេទ្យ​ភ្លាមៗ»

ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា សំណុំ​រឿង​នេះ​មាន​មន្ទិលសង្ស័យ​ជាច្រើន ដែល​សមត្ថកិច្ច​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​បន្ត​ទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្ត​ឧត្ដរមានជ័យ​លោក ស្រី ណារ៉េន ដែល​បាន​ចុះ​ស៊ើបអង្កេត​ដល់​ទី​កន្លែង​លើកឡើង​ថា ប៉ូលិស​ប៉ុស្តិ៍​អូស្មាច់​ចំនួន ៣​នាក់ បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព​នៅ​ព្រំដែន​អូស្មាច់ ដែល​ជា​សកម្មភាព​មួយ​ដើម្បី​បង្វែរ​ដាន​មិន​ឱ្យ​មាន​សង្ស័យ​មក​លើ​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​៤ ឧសភា។ លោក​បន្ត​ថា សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ​ជាង​នេះ ព្រោះ​ការ​ស្លាប់​នេះ​មាន​មន្ទិលសង្ស័យ ដោយ​ប៉ូលិស​អូស្មាច់​បាន​ឆ្លើយ​ថា នៅ​ក្នុង​ការិយាល័យ​របស់​ខ្លួន​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ៖ «ឥឡូវ​យើង​បាន​ធ្វើ​ការ​ប្រមូល​ព័ត៌មាន​ឃើញ​ថា ពិតជា​មាន​មនុស្ស​ស្លាប់​មែន​នៅ​ក្នុង​ប៉ុស្តិ៍​អូស្មាច់​នោះ។ យើង​ដាក់​សង្ស័យ​ថា ហេតុអ្វី​បានជា​សមត្ថកិច្ច​លាក់បាំង​ទង្វើ​បែប​នឹង ព្រោះ​តម្លៃ​របស់​មនុស្ស​មានតម្លៃ​ស្មើៗ​គ្នា ហើយ​យើង​ជា​អ្នកការពារ​យុត្តិធម៌​អីចឹង​បើសិនជា​មនុស្ស​ស្លាប់​ហើយ​យើង​អត់​រក​យុត្តិធម៌ យើង​មាន​សោកស្ដាយ​ណាស់​ដែល​សមត្ថកិច្ច​បដិសេធ​ដូច្នេះ ប៉ុន្តែ​យើង​ស្រាវជ្រាវ​ទៅ​ឃើញ​ថា មាន​មនុស្ស​ស្លាប់។ ខ្ញុំ​សុំ​ឱ្យ​មានការ​បង្កើត​គណៈ​កម្ម​ការស្រាវជ្រាវ​មួយ​ធ្វើ​កោសល្យវិច័យ​ទៅ​រឿង​នេះ»

សាកសព​ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​តម្កល់ទុក​ទីកន្លែង​បញ្ចុះសព​ក្នុង​ភូមិ​រស់នៅ​របស់​ខ្លួន ដោយ​មិនបាន​ធ្វើបុណ្យ​នៅ​ឡើយ​ទេ ដោយសារ​ជីវភាព​ក្រីក្រ​មិនទាន់​មាន​ប្រាក់​ធ្វើបុណ្យ។

របាយការណ៍​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ឱ្យដឹង​ថា នេះ​ជា​ករណី​ទី​២​ហើយ ដែល​ប៉ូលិស​ខេត្ត​ឧត្ដរមានជ័យ​ចាប់​ប្រជាពលរដ្ឋ​ឃុំខ្លួន​ហើយ​ស្លាប់​នៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស ក្នុង​នោះ​កាល​ពី​ឆ្នាំ​២០១៨ មាន​មនុស្ស​២​នាក់​បាន​ស្លាប់ នៅ​ស្នងការ​នគរបាល​ខេត្ត​មួយ​នេះ ហើយ​ប៉ូលិស​បាន​អះអាង​ថា ការ​ស្លាប់​ដោយ​ចងក​សម្លាប់​ខ្លួន​ដូចគ្នា ហើយ​សាច់ញាតិ​បាន​ប្ដឹង​លើ​សំណុំ​រឿង​នេះ​ទៅ​សាលាដំបូង​ខេត្ត និង​សាលាឧទ្ធរណ៍ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​៧​ឧសភា គឺ​ស្ថាប័ន​តុលាការ​មិនទាន់​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​អ្នក​ស្លាប់​បាន​នៅឡើយ​។ លោកស្រី ណា រ៉េន លើកឡើង​ថា ករណី​នេះ​ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ស្រាវជ្រាវ​រក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​ទេ នឹង​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​បាត់បង់​ជំនឿ​ចិត្ត​លើ​ប៉ូលិស និង​ប្រព័ន្ធ​យុត្តិធម៌​។ លើស​ពី​នេះ វា​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ បន្ត​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​អយុត្តិធម៌ ខណៈ​ប៉ូលិស​នៅតែ​បន្ត​ចាប់​ឃុំ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​ខ្លាចរអា​ច្បាប់។ មន្ត្រី​សិទ្ធិមនុស្ស​ថា នេះ​ជា​ភារកិច្ច​របស់​នគរបាល​យុត្តិធម៌ ដែល​ត្រូវ​តាមដាន​ស៊ើបអង្កេត​រក​ការពិត​នៃ​មូលហេតុ​ក្នុង​ការ​សម្លាប់​ខ្លួន​? តើ​ហេតុអ្វី​បានជា​បុរស​វ័យក្មេង​រូប​នេះ​សម្លាប់​ខ្លួន​? តាម​ផ្លូវ​ច្បាប់​ការ​អះអាង​របស់​ប៉ូលិស​ថា គាត់​ចងក​សម្លាប់​ខ្លួន​គឺ​មិន​គ្រប់គ្រាន់​ឡើយ។

នេះ​ជា​ករណី​ទី​២​ហើយ ក្នុង​ពេល​ថ្មីៗ​នេះ ដែល​ជន​ជាប់ឃុំ​ស្លាប់ ខណៈ​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង​របស់​អាជ្ញាធរ​។ ករណី​មួយទៀត​គឺ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម ដែល​សាកសព​របស់​ជន​ជាប់ឃុំ​ឈ្មោះ ទិត រ៉ន មាន​ស្នាម​ហើម​ជាំ​ខៀវ​នៅ​លើ​ភ្នែក និង​មាន​ស្នាម​មិន​ប្រក្រតី​នៅ​លើ​ដងខ្លួន​។ ការ​ស្លាប់​របស់​លោក ទិត រ៉ន នៅ​ថ្ងៃ​ទី​១៨ មេសា ដែល​ត្រូវជា​កូនប្រុស​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ត្រូវ​គ្រួសារ​សង្ស័យ​ថា បាន​រង​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ​រហូត​ដល់​ស្លាប់ បន្ទាប់ពី​អាជ្ញាធរ​បាន​ចាប់​ឃុំខ្លួន ៣​ថ្ងៃ​ពី​បទ​ល្មើស​ហិង្សា​មួយ​ដែល​កើតឡើង​ជាង​១០​ឆ្នាំ​មក​ហើយ។ អាជ្ញាធរ​អះអាង ថា លោក ទិត រ៉ន បាន​ដើរ​ដួល​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ក្រុម​គ្រួសារ មន្ត្រី​សិទ្ធិមនុស្ស និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលយក​ការ​អះអាង​របស់​អាជ្ញាធរ​នេះ​ទេ ហើយ​ទាមទារ​ឱ្យ​មាន​ស៊ើបអង្កេត​ដោយ​ឯករាជ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល