សមាគម​អាដហុក​រក​ឃើញ​ថា ចៅក្រម​បាន​ប្រើ​សិទ្ធិ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើ​ជន​ត្រូវ​ចោទ​លើស​នីតិវិធី​ច្បាប់

0:00 / 0:00

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) នៅ​ថ្ងៃទី១៥ ខែ​មករា ចេញ​ផ្សាយ​របាយការណ៍​មួយ​រក​ឃើញ​ថា ចៅក្រម និង​តំណាង​អយ្យការ​នៅ​តែ​បន្ត​នីតិវិធី​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើ​ជន​ជាប់​ឃុំ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ ដែល​ធ្វើ​ឱ្យ​ជន​ជាប់​ឃុំ​រង​នូវ​ភាព​អយុត្តិធម៌​ម្តង​ហើយ​ម្តង​ទៀត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ចៅក្រម និង​តំណាង​អយ្យការ​ទាំងឡាយ​ណា​ដែល​អនុវត្ត​ខុស​ពី​គោលការណ៍​ច្បាប់។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ស្ដីពី«ការ​ឃ្លាំ​មើល​សវនាការ​ជំនុំជម្រះ»រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​ក្នុង​អំឡុង​ពេល​តុលាការ​កាត់ក្តី​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត​ចំនួន១៧ ដែល​សមាគម​អាដហុក​បាន​ចូលរួម​ឃ្លាំ​មើល​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ២០២៣ ដល់​ខែ​កញ្ញា ឆ្នាំ​២០២៤។

របាយការណ៍​ដែល​សមាគម​អាដហុក​ចូលរួម​ឃ្លាំមើល និង​ផ្តល់​មេធាវី​ការពារ​ផ្លូវ​ច្បាប់​នោះ គឺ​ផ្ដោត​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធី​ដីធ្លី និង​ករណី​រំលោភ​សិទ្ធិ​ស្ត្រី និង​កុមារ។ ក្នុង​នោះ​ករណី​គំរាមកំហែង​សកម្មជន​សិទ្ធិមនុស្ស ការ​ចាប់​ខ្លួន​ខុស​នីតិវិធី​ច្បាប់ និង​ករណី​គំរាមកំហែង​សកម្មជន​នយោបាយ​មាន​ចំនួន​ជា​ច្រើន​ជាង​គេ។

ក្នុង​ចំណោម​សវនាការ ៧៧ករណី មាន​៤២ករណី​ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើស​ពី ៦ខែ​រហូត​ដល់ ២ឆ្នាំ ពោល​គឺ​កើន​ឡើង​ចំនួនជិត​៩ (៨.៨៩) ភាគរយ បើ​ប្រៀបធៀប​នឹង​កាល​ពី​ឆ្នាំ២០២៣ មាន​ចំនួន ៨០ករណី ក្នុង​ចំណោម​ករណី​សរុប​ចំនួន ១៧៥ករណី។ លើស​ពី​នេះ​សមាគម​អាដហុក បង្ហាញ​ថា តុលាការ​បាន​រារាំង​មិន​ឱ្យ​សាធារណជន ចូល ឬ​បណ្ដេញ​ចេញ​ពី​បន្ទប់​សវនាការ​មាន ១៧ករណី រារាំង​មិន​ឱ្យ​​​អ្នក​សារព័ត៌មាន​ចូល ឬ​បណ្ដេញ​ចេញ​ពី​បន្ទប់​សវនាការ​មាន ៧ករណី មិន​ពន្យល់​លំអិត​អំពី​សិទ្ធិ​មាន​មេធាវី ឬ​សិទ្ធិ​ការពារ​ខ្លួន​ដល់​ជន​ជាប់​ចោទ​មាន​ចំនួន ២៧ករណី មិន​ពន្យល់​លំអិត​អំពី​សិទ្ធិ​មិន​ឆ្លើយ​មាន ៣៥ករណី និង​មិន​ពន្យល់​លំអិត​អំពី​សិទ្ធិ​សន្មត​ទុក​ជា​មុន​ថា គ្មាន​កំហុស​មាន ៥២ករណី។

របាយការណ៍​សមាគម​អាដហុក​បញ្ជាក់​ថា ព្រះរាជអាជ្ញា​ស្រែក​សម្លុត​នៅ​ពេល​ជន​ជាប់​ចោទ​មិន​ឆ្លើយ​មាន ៩ករណី ចៅក្រម ឬ​តំណាង​អយ្យការ​សម្ដែង​អាកប្បកិរិយា​សម្លុត​គំរាម​ជន​ជាប់​ចោទ​មាន​៩ករណី ចៅក្រម​ជំនុំជម្រះ​បាន​ប្រាប់​ឱ្យ​ជន​ជាប់​ចោទ​សុំទោស​មាន៣ករណី ចៅក្រម ឬ តំណាង​អយ្យការ​ប្រើ​ទូរស័ព្ទ​ក្នុង​អំឡុង​ពេល​សវនាការ​មាន​២៤ករណី តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​មាន​២០ករណី និង​តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់លាស់​មាន​២ករណី។

អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ីសេរីនៅថ្ងៃទី១៥ ខែ​មករា ថា គោលបំណង​នៃ​ការ​ចេញ​របាយការណ៍​នេះ គឺ​ដើម្បី​ចូលរួម​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​របស់​ពលរដ្ឋ។ លោក​កត់សម្គាល់​ឃើញ​ថា នៅ​ក្នុង​ដំណើរ​ការ​រឿង​ក្តី តុលាការ​មិន​បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​មេធាវី​ការពារ​កូន​ក្តី ពោល​គឺ​តុលាការ​មិន​ជូន​ដំណឹង​ដល់​មេធាវី​អំពី​ដីកា​សម្រេច​នានា ដែល​ជា​ឧបសគ្គ​រារាំង​ដល់​សិទ្ធិ​ទទួល​បាន​មេធាវី​ការពារ​ក្តី​ដល់​ជន​ជាប់​ចោទ។

លោក យិន ម៉េងលី៖«ស្នើ​សុំ​ឱ្យ​មាន​ដាក់​វិធានការ​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​ចៅក្រម ព្រះរាជអាជ្ញា ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​លើស​៦ខែ រហូត​ទៅ​ដល់ ១៨ខែ អា​ហ្នឹង​ជា​ចំណុច​មួយ។ ចំណុច​មួយ​ទៀត​យើង​ក៏​ស្នើ​សុំ​ដែល សុំ​ឱ្យ​ទៅ​ក្រសួង​យុត្តិធម៌​ដែល​ឱ្យ​មាន​ការ​ណែនាំ​ថែម​ទៀត​ទៅ​លើ​ចៅក្រម​ណា​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​អំពី​ការ​ពន្យល់​អំពី​សិទ្ធិ​របស់​ជន​ជាប់​ចោទ​នេះ»។

ក្រៅពី​ចៅក្រម​អនុវត្ត​នីតិវិធី​ច្បាប់​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ហើយ​នោះ​របាយការណ៍​សមាគម​អាដហុក​ក៏​រក​ឃើញ​ថា ឧបសគ្គ​រារាំង​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​ត្រូវ​ចោទ​នោះ គឺ​ដោយសារតែ​ចៅក្រម​ស៊ើបសួរ បាន​កោះហៅ​កូន​ក្តី ប៉ុន្តែ​មិន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ឱ្យ​មក​ចូលរួម​ការពារ​ក្តី ហើយ​ចៅ​ក្រម​ស៊ើបសួរ ឬ​ចៅក្រម​ជំនុំជម្រះ​ខ្លះ​ទៀត​ធ្វើ​ការ​យឺតយ៉ាវ​ក្នុង​ការ​កោះហៅ​កូន​ក្តី និង​ចេញ​លិខិត​អញ្ជើញ​មេធាវី​ឱ្យ​ចូលរួម​សវនាការ។ ចំណែក​ឯ អាជ្ញាធរ​នៅ​ថ្នាក់​មូលដ្ឋាន​វិញ ក៏​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​ដីកា​របស់​តុលាការ​ឱ្យ​ទៅ​កូន​ក្តី ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជន​ជាប់​ចោទ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ចូល​ទៅ​បំភ្លឺ នៅ​តុលាការ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ជុំ​វិញ​ការ​រក​ឃើញ​នេះ​ពី អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​​​សិទ្ធិ​មនុស្ស​កម្ពុជា លោក ស្រ៊ាង ចិន្តា បាន​ទេ នៅ​ថ្ងៃ​ទី១៥ ខែ​មករា។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ដាក់​សំណើ​ទៅ​ក្រសួង​យុត្តិធម៌​ចំនួន ៩ចំណុច រួម​មាន ពិនិត្យ តាមដាន និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​ការ​ចៅក្រម និង​តំណាង​អយ្យការ​ទាំងឡាយ​ណា​ដែល​អនុវត្ត​ផ្ទុយ​នឹង​គោល​ការណ៍​ច្បាប់​ដើម្បី​ធានា​ដល់​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project ) កាល​ពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២៤ បាន​បន្ត​ដាក់​ចំណាត់​ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ឱ្យ​ស្ថិត​នៅ​បាត​តារាង​សម្រាប់​ឆ្នាំ២០២៣ ពោល​គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៤២ នៅ​លើ​ពិភព​លោក​ដែល​បញ្ហា​នេះ​គឺ​បណ្ដាល​មក​ពី​កម្ពុជា​មិន​បើក​ទូលាយ​សិទ្ធិ​ជា​មូលដ្ឋាន មិន​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។