អ្នកវិភាគ​ រិះគន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​បើកដៃ​ឲ្យ​លោក ហ៊ុន សែន កែ​រដ្ឋ​ធម្មនុញ្ញ​ជាថ្មី​ទៀត

អ្នកវិភាគ​នយោបាយ​រិះគន់​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ថា ផែនការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាថ្មី​ទៀត​ចំនួន ៨មាត្រា អាច​ធ្វើ​ទៅ​បាន ដោយ​ពុំ​ប៉ះពាល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នោះ​ឡើយ។ អ្នកវិភាគ ​ចាត់ទុកថា ​ទង្វើ​របស់​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ​ គឺជា​ការ​ជួយ​ពង្រឹង​អំណាច​ត​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន​ និង​ជា​ការ​បំផ្លាញ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ។

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ទង្វើ​របស់​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ប្រកាស​បើក​ដៃ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន កែ​រដ្ឋធម្មនុញ្ញ​ជា​ថ្មី​ទៀត​នេះ ដែល​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ជាតិ និង​បង្ហាញ​ថា ស្ថាប័ន​កំពូល​មួយ​នេះ ធ្វើ​តាម​បង្គាប់​បញ្ជា​របស់​មេ​ដឹកនាំ​ក្រុងភ្នំពេញ។

អ្នកវិភាគ​នយោបាយ ​លោក គឹម សុខ ថ្លែង​ថា គោលបំណង​នៃ​ការ​កែ​រដ្ឋធម្មនុញ្ញ​ជា​លើក​ទី១០ នេះ​ គឺ​ជា​ផែនការ ១០០ភាគ​រយ​របស់​លោក ហ៊ុន សែន បើក​ច្រក​ឲ្យ​មេ​ដឹក​នាំ​ឯក​បក្ស​រូប​នេះ ផ្ទេរ​អំណាច​ឲ្យ​កូន​ប្រុស​ច្បង​របស់​ខ្លួន​នៅ​ពេល​ណា​ក៏​បាន ដោយ​មិន​ខ្វល់​ថា នៅ​ពាក់​កណ្ដាល​អាណត្តិ ឬ​ចុង​អាណត្តិ​នោះ​ទេ។ លោក​បន្ត​ថា ការ​អះអាង​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ជា​ច្រើន​លើក​មកនេះ ដើម្បី​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័នជាតិ​នោះ ​គឺ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​ទង្វើ​សម្លាប់​ប្រជាធិបតេយ្យ​ និង​ការ​ពង្រឹង​អំណាច​ផ្ដាច់​ការ​របស់​ត្រកូល​ហ៊ុន ​តែ​ប៉ុណ្ណោះ៖ « ជា​ការ​រៀបចំ​តាម​របៀប​បើកដៃ​ឲ្យ​មាន​ការ​បើក​ច្រក​ទាក់ទង​នឹង​អំណាច​នៅ​ក្នុង​រដ្ឋាភិបាល​តែ​ម្ដង ជា​ពិសេស ទាក់ទង​នឹង​ការ​តែងតាំង​នាយក​រដ្ឋមន្ត្រី និង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​របៀប​បើក​ដៃ​ឲ្យ​មាន​ការ​បើក​ច្រក​បែប​នេះ​ ទំនង​ជា​ការ​រៀប​ផែនការ​ទុក​ជា​មុន​នូវ​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត​​ ពីព្រោះ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​អត់​ទាន់​មាន​ចែង​ច្បាស់​ទេ អំពី​ការ​ផ្ទេរ​អំណាច​នូវ​កណ្ដាល​អាណត្តិ​ពី​នាយក​រដ្ឋមន្ត្រី​មួយ​ទៅ​នាយក​រដ្ឋមន្ត្រី​ថ្មី »

ប្រតិកម្ម​របស់​អ្នកវិភាគ​នយោបាយ​បែបនេះ​ គឺ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ដឹកនាំ​ដោយ​លោក អ៊ឹម ឈុនលឹម នៅ​ថ្ងៃ​ទី១៣ ខែកក្កដា បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ចំនួន ៦មាត្រា​នៃ​រដ្ឋធម្មនុញ្ញ ​និង ២មាត្រា នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម អាច​ធ្វើ​ទៅ​បាន​ដើម្បី​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​ភាព​នៃ​ស្ថាប័នជាតិ។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដូច​កន្លង​មក​ដែរ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ​ស្រប​តាម​បរិបទ​នៃ​​សភាពការណ៍​ជាក់​ស្ដែង​និង​ពុំ​មាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

មាត្រា​ទាំង៦ ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​រដ្ឋាភិបាល បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម រួម​មាន​មាត្រា ១៩ថ្មី និង​មាត្រា ១១៩ថ្មី ដែល​ចែង​អំពី​អំណាច​ព្រះមហាក្សត្រ​តែងតាំង​នាយក​រដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី។ មាត្រា ៨៩ ចែង​អំពី​ការ​សុំ​ពី​សមាជិក​សភា​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច រដ្ឋសភា​អាច​អញ្ជើញ​ឥស្សរជន​ដ៏​ឧត្ដម​ណា​មួយ​មក​បំភ្លឺ​រដ្ឋសភា​អំពី​បញ្ហា​ដែល​មាន​សារៈសំខាន់​ពិសេស។ មាត្រា៩៨ ចែង​អំពី​រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង​ដោយ​អនុម័ត​ញត្តិ​បន្ទោស តាម​សំឡេង​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាត នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។ ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋសភា ដោយ​តំណាង​រាស្ត្រ​ចំនួន​សាមសិប​នាក់ ទើប​រដ្ឋសភា​អាច​លើក​យក​មក​ពិភាក្សា​បាន។ មាត្រា១០២ ថ្មី អំពី​នីតិកាល​និង​កិច្ចប្រជុំ​របស់​ព្រឹទ្ធសភា​ និង​មាត្រា ១២៥ថ្មី ចែង​អំពី​ករណី​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី ហើយ​ករណី​តំណែង​នាយក​រដ្ឋមន្ត្រី​ទំនេរ​មួយ​កាល​មួយ​គ្រា គឺ​ត្រូវ​ចាត់​តាំង​នាយក​រដ្ឋមន្ត្រី​​ស្ដី​ទី​ជា​បណ្ដោះអាសន្ន។ ចំណែក​មាត្រា​ចំនួន២ ក្នុង​ច្បាប់​ធម្មនុញ្ញ​បន្ថែម ដែល​ត្រូវ​កែ​ដែរ​នោះ រួមមាន មាត្រា ៣ថ្មី និង​មាត្រា ៤ថ្មី។

ជុំវិញ​ករណី​នេះ​ វិទ្យុអាស៊ីសេរី​ មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក ព្រហ្ម វិចិត្រអក្ខរា និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ​ដើម្បី​សុំ​បញ្ជាក់​ថា តើ​នឹង​កែ​មាត្រា​ទាំង​នេះ​ទៅ​បែប​ណា​នោះ​ទេ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​ញឹកញាប់​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្លឹមសារ​ដើម​រដ្ឋធម្មនុញ្ញ​ ឆ្នាំ ១៩៩៣។ លោក​កត់​សម្គាល់​ថា នៅ​​ប្រទេស​ដទៃ ​កម្រ​កែ​រដ្ឋធម្មនុញ្ញ​បំផុត​ ហើយ​បើ​កែ​ម្តងៗ វិញ តែង​មានការ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​ផុលផុស។ ផ្ទុយទៅវិញ​នៅ​កម្ពុជា ​លោក ​មើល​ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ធ្វើ​ឡើង​ដោយ​ឯក​បក្ស​មិន​មាន​ការ​ជជែក​ដេញ​ដោយ​ឲ្យបាន​ល្អិតល្អន់​នោះ​ទេ៖ « សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់តែ​មាន​កង្វល់​ខ្លះ​ទៅ​លើ​លទ្ធភាព​នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​ឲ្យបាន​ស៊ីជម្រៅ។ យើង​ដឹង​ហើយ​ថា កាល​ណា​យើង ស្ថិតនៅ​ក្នុង​រដ្ឋាភិបាល​មួយ​ដែល​មាន​ឬក៏​សភា​មួយ ដែល​មាន​គណបក្ស​តែ​មួយ យើង​ធ្លាប់​ឃើញ​ហើយ​ថា មិន​មាន​ការ​ជជែក​វែកញែក​គ្នា​អី​ឱ្យ​បាន​ល្អិតល្អន់​អី​ទេ។ច្រើន​តែ​អាន​ហើយ​លើកដៃ​អីចឹង​ទៅ​បាទ ដូច្នេះ​រឿង​មួយ ដែល​ធ្វើ​ឲ្យ​យើង​គ្រាន់តែ​មាន​ការ​ថា តើ​ការ​អនុម័ត​ច្បាប់​នេះ វា​អាច​យុត្តិធម៌​គ្រប់គ្រាន់​សម្រាប់​គ្រប់​ជ្រុង​ជ្រោយ​ដល់​ពលរដ្ឋ ​ដល់​សង្គម​ជាតិ​ដល់​ប្រទេស​ទាំង​មូល​បាន​កម្រិត​ប៉ុណ្ណា។ នេះ​ជា​សំណួរ​សំខាន់​មួយ

ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​បើក​ដៃ​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ​ជាបន្តបន្ទាប់​នេះ រង​ការ​រិះគន់​ជា​យូរ​មក​ហើយ​ថា អសកម្ម និង​ពុំ​មាន​ឯករាជ​ភាព ដោយសារ​សមាសភាព​ភាគ​ច្រើន​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ជាពិសេស​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ គឺជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ទុយ​ពី​ប្រការ​៤នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​នេះ ដែល​ចែង​ថា សមាជិក​​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ត្រូវ​កាន់កាប់​ក្នុង​គណបក្ស​នយោបាយ​ណាមួយ​នោះ​ឡើយ។

បើ​គិត​ទាំង​លើក​នេះ ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ធ្វើ​វិសោធនកម្ម​ចំនួន១០​លើក​ហើយ។ ក្រុម​អ្នក​ឃ្លាំមើល ​រិះគន់​ថា ការ​កែ​ច្បាប់​កំពូល​របស់​ជាតិ​ជា​ញឹកញាប់​​នេះ​ គឺ​​ស្រប​តាម​មហិច្ឆតា​ចង់បាន​របស់​លោក ហ៊ុន សែន ដែល​ចង់​ឲ្យ​ច្បាប់​នេះ​ក្លាយ​ជា​ឧបករណ៍​នយោបាយ​សម្រាប់​​ការ​ក្ដោបក្ដាប់​​អំណាច​ត​វង្ស​ត្រកូល​របស់​លោក ពោល​គឺ មិន​ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ​នោះ​ទេ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។