អ្នកវិភាគ​ថា ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ កាត់​បន្ថយ​អំណាច​រដ្ឋសភា

0:00 / 0:00

រដ្ឋសភា​បាន​អនុម័ត​វិសោធនកម្ម​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ កក្កដា​នេះ​រួចរាល់​ហើយ​។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឡើង​ការពារ​ថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​នេះ មាន​គោល​បំណង​ធានា​ឱ្យ​ស្ថាប័ន​ជាតិ ជាពិសេស​រាជរដ្ឋាភិបាល​មានដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មិន​មាន​ការ​ជាប់​គាំង និង​ធានា​បាន​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ​។ ប៉ុន្តែ​អ្នក​តាមដាន​ការ​វិវដ្ដ ​រដ្ឋធម្មនុញ្ញ​កម្ពុជា យល់​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​នេះ មាន​ចំណុច​បំពាន​លើ​ស្មារតី​នៃ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធ្វើ​ឱ្យ​របប​សភានិយម​ចុះ​ទន់ខ្សោយ។

តើ​វិសោធនកម្ម​ធម្មនុញ្ញ​នេះ​ធ្វើ​ឱ្យ​រដ្ឋសភា​ចុះ​ខ្សោយ​អំណាច​របស់​ខ្លួន​បែប​ណា​?

​បើ​ទោះជា​មាន​កា​រិះគន់​បែប​ណា​ក្ដី ក៏​រដ្ឋសភា​ដែល​មាន​តែ​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ​នេះ​ដោយ​រលូន។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ច្បាប់​ដើម​ឆ្នាំ​១៩៩៣ ផ្ដល់​អំណាច​ដល់​រដ្ឋសភា​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ម្ដងៗ​។ រដ្ឋធម្មនុញ្ញ​នេះ​ក៏​ផ្ដល់​អំណាច​ដល់​រដ្ឋសភា​ឱ្យ​ត្រួតពិនិត្យ​តាមដាន​កិច្ចការ​របស់​រដ្ឋាភិបាល ដើម្បី​ចៀសវាង​អំណាច​ប្រមូលផ្ដុំ​ក្នុង​ដៃ​រដ្ឋាភិបាល។

ប៉ុន្តែ​អ្នកវិភាគ​ថា ម្ដង​បន្តិចៗ​ អំណាច​របស់​រដ្ឋសភា​ត្រូវ​បាន​កាត់បន្ថយ តាមរយៈ​វិសោធនកម្ម ឬ​កែ​រដ្ឋធម្មនុញ្ញ​កន្លង​មក​នេះ។

អ្នកវិភាគ​ជើងចាស់​បណ្ឌិត​ឡៅ ម៉ុង ហៃ យល់​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​នេះ កាន់តែ​អន្តរាយ​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប៉ះពាល់​អំណាច​រដ្ឋសភា ដែល​ពលរដ្ឋ​បោះ​ឆ្នោត​ឱ្យ​ដោយ​ផ្ទាល់៖ «វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​នេះ វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ត្រង់​ចំណុច​ប្រព័ន្ធ​អំណាច​ទប់​អំណាច (system of check and balances) ។ មានន័យ​យ៉ាងម៉េច គឺ​ច្បាប់​ធម្មនុញ្ញ​ថ្មី​ហ្នឹង​វា​នឹង​ទៅ​កាត់​បន្ថយ​អំណាច​អធិបតេយ្យ​របស់​សភា​ទៅ​លើ​រដ្ឋាភិបាល»។

លោក​បន្ថែម​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ហាម​មិន​ឱ្យ​សើរើ ឬ​កែ​រដ្ឋធម្មនុញ្ញ​ទេ បើ​ការ​កែ​នោះ​ប៉ះពាល់​ដល់​របប​ប្រជាធិបតេយ្យ។

មាត្រា​១៥៣​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា​៖ ការ​សើរើ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មិន​អាច​ធ្វើ​បាន​ឡើយ កាល​បើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស...។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ​នេះ យ៉ាងហោចណាស់​មាន​ចំណុច​សំខាន់​ពីរ ដែល​កាត់​បន្ថយ​អំណាច​រដ្ឋសភា។ ចំណុច​ទី​១ គឺ​ការ​ដក​អំណាច​នៃ​ការសម្រេច​បញ្ជូន​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ម្ដងៗ៖ «ម៉េច​បាន​គេ​ឱ្យ​ឆ្លងកាត់​រដ្ឋសភា គឺ​គេ​ឱ្យ​រដ្ឋសភា​ហ្នឹង​ពិនិត្យ​សិន គឺ​អំណាច​អធិបតេយ្យ​របស់​រដ្ឋសភា តាមពិត​ទៅ​គឺ​អំណាច​អធិបតេយ្យ​ហ្នឹង​របស់​រាស្ត្រ​ទេ ដើម្បី​គេ​ពិនិត្យមើល​ឱ្យ​បាន​ត្រឹមត្រូវ ថា​គួរ​ឬ​មិន​គួរ។ ហើយ​យក​ផ្លូវ​កាត់​ហ្នឹង អត់​បាន​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​។ គឺ​អំណាច​សភា​ហ្នឹង អំណាច​អធិបតេយ្យ​ខ្ពស់​ជាង​អំណាច​រដ្ឋាភិបាល»។

​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា ១១៩ ថ្មី​(​ពីរ)

​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា ១១៩ ថ្មី​(​ពីរ​) ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​នេះ តម្រូវ​ឱ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ដាក់ថ្វាយ​ឈ្មោះ​វរជន​មួយ​រូប​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ទៅ​ព្រះមហាក្សត្រ​ដោយ​ផ្ទាល់ ដោយ​គ្រាន់តែ​ជូនដំណឹង​ដល់​ប្រធានរដ្ឋសភា​ប៉ុណ្ណោះ​។ មាត្រា​នេះ​សរសេរ​ថា​៖ «តាម​សេចក្ដីស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប​ជា​នាយករដ្ឋមន្ត្រី ឱ្យ​បង្កើត​រាជរដ្ឋាភិបាល​។ សេចក្ដីស្នើ​ពី​គណបក្ស​ដែលមាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​ចម្លង​ជូន​ប្រធានរដ្ឋសភា»។

តើ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​អ្នកណា?

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​អ្នកវិភាគ និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ថ្លែង​ការពារ​វិសោធនកម្ម​មាត្រា​នេះ​។ ក្នុង​សន្និសីទកាសែត​នៅ​ឯ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​១៤ កក្កដា លោក​រដ្ឋមន្ត្រី​បកស្រាយ​ថា ពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស ដូច្នេះ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​គួរតែ​ជា​អ្នក​ថ្វាយ​ឈ្មោះ​អនាគត​នាយករដ្ឋមន្ត្រី ជូន​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ទ្រង់​ចាត់តាំង ដោយ​មិន​ចាំ​បាច់​ឆ្លង​ថ្នាក់​ដឹកនាំ​រដ្ឋសភា ដូចដែល​រដ្ឋធម្មនុញ្ញ​មាត្រា​ចាស់​ចែង​នោះ​ទេ៖ «តើ​ប្រជាពលរដ្ឋ​គាត់​បោះឆ្នោត​ឱ្យ​អ្នកណា​ ? តើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​ប្រធាន​រដ្ឋសភា ឬមួយ​ប្រជាពលរដ្ឋ​បោះឆ្នោត​គណបក្ស​នយោបាយ​។ ប្រព័ន្ធ​បោះឆ្នោត​របស់​យើង​គឺ​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ​។ អ៊ីចឹង​គណបក្ស​នយោបាយ​គឺ​ទទួល​បាន​អំណាច​ដោយ​ផ្ទាល់​ពី​ប្រជា​ពលរដ្ឋ​។ អ៊ីចឹង​បើ​គាត់​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត ហើយ​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​នៅក្នុង​រដ្ឋសភា កិច្ចការ​នេះ​គួរតែ​ជា​កិច្ច​របស់​គណបក្ស​នយោបាយ»។

អំណាច​ទប់​អំណាច

ទោះជា​យ៉ាងណា បណ្ឌិត ឡៅ ម៉ុង ហៃ នៅតែ​យល់​ថា វិសោធនកម្ម​មាត្រា ១១៩ថ្មី(​ពីរ​)នេះ គឺជា​ការ​ឆក់​យក​អំណាច​ពី​រដ្ឋសភា​ទៅ​ឱ្យ​រដ្ឋាភិបាល​។ លោក​យល់​ថា នៅ​ពេល​អំណាច​ប្រមូលផ្ដុំ​ក្នុង​ដៃ​រដ្ឋាភិបាល​កាន់តែ​ច្រើន ទំនោរ​ឆ្ពោះទៅ​របប​ផ្ដាច់​ក៏​កាន់​តែ​មាន​ច្រើន​ដែរ៖ «សង្កត់​ខ្លាំង​ទៅលើ system Check and Balances គឺ​អំណាច​ទប់​អំណាច​។ ដូច្នេះ​កាន់តែ​បន្ថយ​អំណាច​សភា បង្កើត​អំណាច​រដ្ឋាភិបាល រួច​ឃើញ​ជាក់ស្ដែង ដូច​វិសោធនកម្ម​មុនៗ ជាពិសេស​ចាប់ពី​អា​ច្បាប់​ធម្មនុញ្ញ​មួយ​នោះ​មក»។

ច្បាប់​ធម្មនុញ្ញ​បន្ថែម ដែល​បណ្ឌិត ឡៅ ម៉ុង ហៃ យោង​ទៅ​នេះ គឺ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ឆ្នាំ​២០០៤ ដែល​តម្រូវ​ឱ្យ​រដ្ឋសភា​ផ្លាស់ប្ដូរ​ពី​ការបោះឆ្នោត​បង្កើត​រដ្ឋសភា​មុន ទើប​បោះឆ្នោត​បង្កើត​រដ្ឋាភិបាល​ជា​ក្រោយ ទៅ​ជា​បោះឆ្នោត​បង្កើត​រដ្ឋសភា និង​បង្កើត​រដ្ឋាភិបាល​ក្នុង​ពេល​តែមួយ ឬ​ហៅថា ការ​បោះឆ្នោត​ជា​កញ្ជប់។

ព្រះបរមរតនកោដ្ឋ មិន​ឡាយ​ព្រះហស្ថ​លេខា​លើ​ច្បាប់​ធម្មនុញ្ញ​បន្ថែម ឆ្នាំ​២០០៤ ដែល​ជា​ច្បាប់​ធម្មនុញ្ញ​បន្ថែម​លើក​ទី​១ ​ដ៏​ចម្រូងចម្រាស ឆ្នាំ​២០០៤ ​នោះ ធ្វើឡើង​ក្រោម​បរិយាកាស​នយោបាយ​អាប់អួរ ពោល​គឺ​ការ​ជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៣។ ពេល​ទាំង​ព្រះបរមរតន​កោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋ ទាំង​លោក ជា ស៊ីម ប្រមុខ​រដ្ឋ​ស្ដីទី មិន​ព្រម​ឡាយ​ព្រះហស្ថ និង​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ​ទេ។

ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ព្រះទ័យ​លើ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ ព្រះ​បរមរតនកោដ្ឋ​បាន​យាង​ចេញពី​កម្ពុជា​នៅ​ព្រឹក ថ្ងៃទី​១៣ កក្កដា ឆ្នាំ​២០០៤ ទៅ​ប្រទេស​​កូរ៉េខាងជើង​។ ប៉ុន្តែ​មួយថ្ងៃ​មុន​យាង​ចេញ ព្រះអង្គ​បាន​សរសេរ​ចុតហ្មាយ​មួយ​ច្បាប់​ផ្ញើ​ជូន​លោក ជា ស៊ីម ដោយមាន​ព្រះរាជ​បន្ទូល​ថា សេចក្ដីព្រាងច្បាប់​ធម្មនុញ្ញ​បន្ថែម​ដែល​នឹង​នាំ​ឱ្យ​មាន​ការបោះឆ្នោត​ជា​កញ្ចប់​នោះ គឺជា​បញ្ហា​នាំទៅរក​ភាព​ប្រេះស្រាំ​នៃ​ជាតិ​របស់​យើង​។ ព្រះអង្គ​ថា ព្រះអង្គ​មិនអាច​ទទួលខុស​ត្រូវ​ចំពោះ​កិច្ចការ​ដ៏​ធ្ងន់ធ្ងរ​នេះ​បានទេ​។ ក្នុង​លិខិត​ដែល​បង្ហោះ​លើ​គេហទំព័រ​របស់​ព្រះអង្គ សម្តេច​ព្រះនរោត្តម សីហនុ ក៏បាន​មាន​ព្រះរាជ​បន្ទូល​ទៅកាន់​លោក ជា ស៊ីម ប្រមុខ​រដ្ឋស្តីទី​ថា សូម​ឱ្យ​ប្រើ​មនសិការ​របស់​លោក​ទៅ​ចុះ ក្នុង​ការ​សម្រេច​ថា តើ​ត្រូវ​ចុះហត្ថលេខា ឬ​មិន​ចុះហត្ថលេខា​លើ​សេចក្ដី​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ​។​

​លោក ជា ស៊ីម ដែល​ពេលនោះ​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ក៏​មិន​ព្រម​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ​ដែរ​។ ទង្វើ​នេះ​បាន​ធ្វើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិន​សប្បាយចិត្ត​សោះឡើយ​។ បន្ទាប់​មក ក្នុង ថ្ងៃ​ទី១៣ កក្កដា​ដដែល​នោះ គេ​ឃើញ​លោក ហុក ឡង់ឌី អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​មួយ​ក្រុម​ទៅ​ផ្ទះ​លោក ជា ស៊ីម បង្ខំ​លោក ជា ស៊ីម ទៅ​ដេក​ឈឺ​នៅ​ប្រទេស​ថៃ​មួយ​រយៈ​សិន ដើម្បី​បើកឱកាស​ឱ្យ​មាន​ប្រមុខ​រដ្ឋ​ស្ដីទី​ថ្មី។

ក្រោយ​លោក ជា ស៊ីម ចាក​ចេញ​ភ្លាម អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា លោក ញឹក ប៊ុនឆៃ ក៏​ឡើងជា​ប្រមុខ​រដ្ឋ​ស្តីទី​ភ្លែត​ដែរ ហើយ​ចុះហត្ថលេខា​លើ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ​ផ្លាប់​តែម្ដង​។ ទាំងអស់​នេះ​កើតឡើង​យ៉ាង​រហ័ស​ក្នុង​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ​២០០៤។

ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ បាន​បញ្ចប់​តួនាទី​មាត្រា ៨២​ ដើម​ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​ការបង្កើត​រចនាសម្ព័ន្ធ​រដ្ឋសភា មុន​បង្កើត​គណៈរដ្ឋមន្ត្រី។

អ្នកវិភាគ​មើល​ឃើញ​ថា ការ​បង្ខំ​បង្កើត​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នៅ​ពេល​នោះ គឺ​ដោយសារ​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក ហ៊ុន សែន ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ លោក​មិន​ទុកចិត្ត​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​ប្រធានរដ្ឋសភា ហើយក៏​មិន​ទុកចិត្ត​លោក ជា ស៊ីម ដែរ ថា​នឹង​បោះឆ្នោត​ឱ្យ​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត។

ត្រឡប់​មក​មើល​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដែល​រដ្ឋសភា​ទើប​បាន​អនុម័ត​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២​ នេះ វិញ​។ បណ្ឌិត ឡៅ ម៉ុង ថា ចំណុច​សំខាន់​ទី​២​ ដែល​កាត់បន្ថយ​អំណាច​រដ្ឋសភា គឺ​ការ​កែ​រដ្ឋធម្មនុញ្ញ​មាត្រា​៩៨ ទាក់ទង​នឹង​ការ​បង្កើន​ចំនួន​តំណាងរាស្ត្រ​ពី​ ៣០នាក់ ​ទៅ​ ៤២​នាក់ ដើម្បី​អាច​ស្នើ​ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​ម្ដងៗ៖ «អា​ដំឡើង​ចំនួន​ពី​ ៣០ ទៅ​ ២​នាក់​ នៃ​តំណាងរាស្ត្រ ដើម្បី​ធ្វើ​ញត្តិ​ស្ដី​បន្ទោស​រដ្ឋាភិបាល​ហ្នឹង អាហ្នឹង​មាន​ន័យថា កាត់​បន្ថយ​អំណាច​របស់​រដ្ឋសភា ហើយ​បង្កើត​អំណាច​រដ្ឋាភិបាល​វិញ»។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បកស្រាយ​ការពារ​វិសោធនកម្ម

ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ ថ្លែង​ការពារ​វិសោធនកម្ម​ចំណុច​នេះ​។ លោក​ថា បើ​ចង់​ស្ដីបន្ទោស ឬ​ទម្លាក់​រដ្ឋាភិបាល ដែល​វា​មិនមែន​ជា​រឿង​តូចតាច​នេះ តំណាងរាស្ត្រ​គួរតែ​មាន​សំឡេង​គាំទ្រ​ឱ្យ​បាន​ច្រើន​គួរសម​ដែរ៖ «មាត្រា​៩៨​ថ្មី ដូរ​ពី​ ៣០​រូប ​ទៅ ​៤២​រូប ឬ​ ១​ ភាគ ​៣ ដើម្បី​ធ្វើ​ញត្តិ​បន្ទោស វា​ធ្វើ​ឱ្យ​ប៉ះពាល់ ឥឡូវ​ប៉ះពាល់​កន្លែង​ណា​ ? គឺ​ថា ប៉ះពាល់​ពិបាក​រក​សំឡេង​ធ្វើ​ញត្តិ​បន្ទោស មិន​អ៊ីចឹង​ហ្អេស​ ? ហ្អា ក បើ​រក​សំឡេង​ធ្វើ​ញត្តិ​បន្ទោស​មិន​បាន តើ​រក​សំឡេង​ទម្លាក់​គណៈរដ្ឋមន្ត្រី​ម៉េច​រួច មិន​អ៊ីចឹង​ ? សំឡេង​ទម្លាក់​គណៈរដ្ឋមន្ត្រី​តាម​ញត្តិ​បន្ទោស​គឺ​ ៥០ ​បូក​១​។ បើ​រក​សំឡេង​ត្រឹម​​១​ភាគ ​៣ ធ្វើ​ញត្តិ​បន្ទោស​មិន​បាន​ផង តើ​ទៅ​ដំណើរការ​របៀបវារៈ​ដើម្បី​ទម្លាក់​គណៈរដ្ឋមន្ត្រី​មួយ​ទាំងមូល ដែល​ត្រូវការ​សម្លេង​ ៥០ បូក ​១ បាន​មក​ពី​ណា​ ?»

លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បញ្ជាក់​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​នេះ​ក៏​ដូច​លើក​មុនៗ​ដែរ គឺ​ដើម្បី​បំពេញ​ចន្លោះប្រហោង​នៃ​រដ្ឋធម្មនុញ្ញ និង​ធានា​នូវ​ដំណើរ​ជា​ប្រក្រតី​នៃ​ស្ថាប័នរដ្ឋ​។ លោក​អះអាង​ទៀត​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ទាំង ១០លើក​​កន្លង​មក​នេះ មិន​មាន​អ្វី​ផ្ទុយ​ពី​ច្បាប់​ឡើយ៖ «រាល់​ដំណើរការ​នា​ធ្វើការ​ទាំងអស់​នេះ លើក​ទី​១០ ក៏​មិន​ខុស​លើក​ទី​៩ ក៏​មិន​ខុស​លើក​ទី​៨ ក៏​មិន​ខុស​ការ​ធ្វើ​វិសោធនកម្ម​តាំងពី​លើក​ទី​១ ​មក គឺ​អនុវត្ត​ស្រប​ទៅ​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​តែម្ដង​។ ឥឡូវ​បើ​កន្លែង​ណា​ខុស​សូម​លើ​មាត្រា​មក​បង្ហាញ​មក»។

បណ្ឌិត ឡៅ ម៉ុង ហៃ ថ្លែងថា ​វា​មិន​ខុស​ទេ​ជា​ទម្រង់ ឬ​ជា​នីតិវិធី​។ ប៉ុន្តែ​បញ្ហា​គឺ​ខ្លឹមសារ និង​ស្មារតី​។ កាន់តែ​មិន​ល្អ​ទៀត​នោះ លោក​ថា រដ្ឋសភា​ដែល​តំណាង​ឱ្យ​ម្ចាស់​ឆ្នោត បែរជា​ចាំតែ​វាយ​ត្រា ដោយ​គ្មាន​ការ​ពិភាក្សា​សួរ​ដេញដោល​ស៊ីជម្រៅ​លើ​ខ្លឹមសារ​ស្មារតី​នៃ​សេចក្ដី​ច្បាប់​ដែល​រដ្ឋាភិបាល​ដាក់​ស្នើ​មក​ម្ដង៖ «​អា​ដប់​ដងនោះ [​ វិសោធនកម្ម​ ១០​លើក​ ] វា​ច្រើនតែ​ស្មើ​ហ្នឹង​អនុក្រឹត្យ វាយត្រា​សភា ស៊ីញេ​ព្រះមហាក្សត្រ គឺ​តែ​ប៉ុណ្ណឹង​។ ជា​ទម្រង់​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ជា​ស្មារតី និង​ឆន្ទៈ វា​មិនមែន​ជា​សេចក្ដី​សម្ដែង​ឆន្ទៈ​របស់​ប្រជាជាតិ»។

បណ្ឌិត ឡៅ ម៉ុង ហៃ បន្ថែម​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ញឹកញាប់​ត្រង់​ចំណុច​ដែល​មិន​ចាំបាច់ បង្ហាញ​ពី​អស្ថិរភាព​នយោបាយ និង​ការ​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង​នៃ​អ្នកដឹកនាំ​ប្រទេស៖ «អស្ថិរភាព​នយោបាយ ទី​ពីរ​អសមត្ថភាព​មេដឹកនាំ អត់​ចេះ​ដឹកនាំ​ប្រទេស​ដើរ​តាម​គន្លង​រដ្ឋធម្មនុញ្ញ ហើយ​ទុក​រដ្ឋធម្មនុញ្ញ​ជា​ឧបសគ្គ​ទី​វិញ បាន​ចេះតែ​កែ»។

​មិន​គួរ​បង្កើត​នីតិវិធី​ងាយ​ស្រូល​ដើម្បី​រដ្ឋធម្មនុញ្ញ​ទេ

សាស្ត្រាចារ្យ​ច្បាប់​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសាជូសេត (MIT) ក្នុង​រដ្ឋ​ម៉ាសាជូសេត (Massachusetts) សហរដ្ឋអាមេរិក លោក បាឡាគ្រឹសណាន រ៉ាចាកូប៉ាល់ (Balakrishnan Rajagopal) ពន្យល់​ថា រដ្ឋធម្មនុញ្ញ កំណត់​នូវ​មូលដ្ឋាន​សំខាន់ៗ ​នៃ​របៀប​ដែល​រដ្ឋ​មួយ​ត្រូវ​ដំណើរការ​។ ដូច្នេះ លោក​ថា ការ​សើរើ ឬ​ធ្វើ​វិសោធនកម្ម​ណាមួយ​ត្រូវតែ​ឆ្លងកាត់​នីតិវិធី​ដ៏​តឹងរ៉ឹង និង​ម៉ត់ចត់​បំផុត ដើម្បី​ពិនិត្យមើល ថា តើ​ការ​កែ​នោះ​ស្របច្បាប់​ឬទេ​៖ «នៅពេល​អ្នកបង្កើត​នីតិវិធី​សម្រាប់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឱ្យ​វា​ងាយស្រួល​ពេក ហានិភ័យ​ប្រាកដជា​កើតមាន ពីព្រោះ​គណបក្ស​នយោបាយ​ណាមួយ ដែល​គ្រាន់​តែ​មាន​សំឡេង​ភាគច្រើន​បន្តិច ក៏​ឆ្លៀតឱកាស​នោះ​កែ​រដ្ឋធម្មនុញ្ញ​ញឹកញាប់​តាមចិត្ត ដើម្បី​តម្រូវ​តាម​មហិច្ឆតា​នយោបាយ​របស់​បក្ស​ខ្លួន»។

​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុ​ជា​មិន​ឯករាជ

សាស្ត្រាចារ្យ​ច្បាប់ លោករ៉ាចាកូប៉ាល់ ដែល​ធ្លាប់​បម្រើ​ការ​ឱ្យ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស នៅ​កម្ពុជា និង​ជាទី​ប្រឹក្សា​ច្បាប់​នៅ​រដ្ឋសភា​កម្ពុជា​ក្នុង​អាណត្តិ​ទី​១ ផង​នោះ​ពន្យល់​បន្ត​ថា ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស រាល់​គោលដៅ​នៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​សង្គម​ជាតិ​ទាំងមូល មិន​ដើម្បី​ប្រយោជន៍​សម្រាប់​មនុស្ស​មួយ​ក្រុម​ណាមួយ​ទេ​។ លោក​ថា បើ​ទោះ​ជា ការ​កែ​រដ្ឋធម្មនុញ្ញ អាច​ធ្វើ​ទៅ​បាន​ក៏​ពិតមែន ក៏​គេ​មិនអាច​កែ រដ្ឋធម្មនុញ្ញ ដើម្បី​ផ្លាស់ប្ដូរ ឬ​លុប​បំបាត់​ចោល​មូលដ្ឋានគ្រឹះ​សំខាន់ៗ ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​បែបផែន​ប្រជាធិបតេយ្យ​បាន​ដែរ​៖ «នៅពេល​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ អ្នក​អាច​ផ្លាស់ប្ដូរ​បញ្ញត្តិ​នេះ បញ្ញត្តិ​នោះ​បាន ប៉ុន្តែ​អ្នក​មិន​អាច​កែប្រែ​ចំណុច​ធំៗ ដូចជា រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋ ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​បានទេ ឧទាហរណ៍​៖ ប្រសិនបើ​រដ្ឋធម្មនុញ្ញ​ច្បាប់ដើម មាន​កំណត់​អំពី​អង្គការ​រដ្ឋ​កំពូល​ទាំង​បី ពោល​គឺ រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ អ្នក​មិន​អាច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​លុប​បំបាត់​ចោល ឬ​កាត់បន្ថយ​អំណាច​របស់​អង្គ​ណាមួយ​បាន​នោះ​ទេ​។ ដើម្បី​ធានា មិន​ឱ្យ​មានការ​រំលោភ​អំណាច​គ្នា​នេះ ទើប​គេ​ត្រូវ​មាន​ស្ថាប័ន​ឯករាជ​មួយទៀត ដែល​ត្រូវ​ពិនិត្យមើល​ភាព​ស្របច្បាប់​នៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ម្តងៗ​។ នៅ​កម្ពុជា មាន​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ជា​អ្នក​ពិនិត្យមើល​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​នីមួយៗ ប៉ុន្តែ​ពួកគេ​បោះបង់​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន ពោល​គឺ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​កម្ពុជា មិន​ឯករាជ​ទេ»។

វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើ​ទី​១០ ដែល​អ្នកវិភាគ និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​យល់ថា ធ្វើឡើង​ដើម្បី​កាត់បន្ថយ​អំណាច​រដ្ឋ​រដ្ឋ​សភា​នេះ នឹង​ត្រូវ​ឆ្លង​ព្រឹទ្ធសភា​មុននឹង​ថ្វាយ​ជូន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា ប្រកាស​ឱ្យ​ប្រើ។ ប្រសិនបើ​ព្រះអង្គ​មិន​គង់នៅ​ក្នុង​ប្រទេស ប្រមុខ​រដ្ឋ​ស្ដីទី​នឹង​ចុះហត្ថលេខា​ជំនួស​ព្រះអង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។