សាលាឧទ្ធរណ៍គ្រោងលើកយកបណ្តឹងសារទុក្ខរបស់សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ទៅជំនុំជម្រះនៅព្រឹកថ្ងៃទី១៥ វិច្ឆិកាសប្តាហ៍ក្រោយនេះ។
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ឱ្យអាស៊ីសេរីដឹងថា ខាងសាលាឧទ្ធរណ៍បានជូនដំណឹងមកលោកអំពីថ្ងៃជំនុំជម្រះលើកទីពីរនេះ នៅថ្ងៃទី៤ វិច្ឆិកា។ លោកបញ្ជាក់ថា លោក និងសហការីមួយរូបទៀត ព្រមទាំងលោក រ៉ាត់ រត្នមុនី ផង នឹងចូលរួមក្នុងអង្គសវនាការនេះ។ លោកសង្ឃឹមថា សាលាឧទ្ធរណ៍អាចកោះហៅសហដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់មកចូលរួមក្នុងសវនាការនេះ ដើម្បីតទល់គ្នាចំពោះមុខច្បាប់ជាមួយកូនក្តីរបស់លោក។
កាលពីថ្ងៃទី០៧ តុលា កន្លងទៅ សាលាឧទ្ធរណ៍បានសម្រេចពន្យារពេលជំនុំជម្រះក្តីលោក រ៉ាត់ រត្នមុនី តាមការស្នើសុំរបស់មេធាវី ដោយសារតែភាគីដើមបណ្តឹង និងសាក្សីសុទ្ធតែអវត្តមាននៅក្នុងអង្គសវនាការ ដែលអាចប៉ះពាល់ដល់សិទ្ធិដេញដោលចំពោះមុខ និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទ។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ "ញុះញង់ឱ្យមានការរើសអើង" និងបង់សំណងឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក។ ការកាត់ទោសសកម្មជនសិទ្ធិការងាររូបនេះ គឺដោយសារតែលោកបានជួយផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា "ម្តាយខ្ញុំ លក់ខ្ញុំ" ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
គិតត្រឹមដើមខែវិច្ឆិកានេះ លោកបានជាប់ពន្ធនាគារអស់រយៈពេលជិត ១១ខែមកហើយ។ អង្គការជាតិ និងអន្តរជាតិបានស្នើយ៉ាងទទូចឱ្យតុលាការលើកលែងការចោទប្រកាន់ និងដោះលែងសកម្មជនសិទ្ធិការងាររូបនេះឱ្យមានសេរីភាពវិញ បន្ទាប់ពីពិនិត្យឃើញថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។