សាលាឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី គ.ជ.ប

ដោយ ប្រាជ្ញ ចេវ
2016-11-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Brach Chev
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​ភរិយា​របស់​អគ្គលេខាធិការ​រង គ.ជ.ប នៅ​តែ​គ្មាន​ជំនឿ​ថា ពួកគេ​នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ។ ការ​លើក​ឡើង​បែប​នេះ នៅ​ពេល​សាលាឧទ្ធរណ៍​នៅ​តែ​ចាត់​ទុក​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ថា​ជា​បាន​ការ ដោយ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប ម្នាក់ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើ​សុំ។

ទាំង​មុន​ពេល​ចូល​បន្ទប់​សវនាការ និង​ពេល​ចេញ​ពី​​បន្ទប់​សវនាការ​នៅ​សាលាឧទ្ធរណ៍ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក បង្ហាញ​ជំហរ​គ្មាន​ជំនឿ​ថា តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​សម្រេច​ឲ្យ​ពួកគេ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន​ឡើយ។

​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ទាំង ៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប គឺ​លោក សំ សុគង់ ឲ្យ​ដឹង​ក្រោយ​សវនាការ​ថ្ងៃ​​នេះ​ថា មូលហេតុ​ដែល​សាលាឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​កូន​ក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​នោះ ដោយ​ហេតុផល​បី​យ៉ាង។ ទី​១ ប្រធាន​ក្រុមប្រឹក្សាភិបាល​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ចាត់​ទុក​ថា ករណី​សូកប៉ាន់​សាក្សី​ជា​បទឧក្រិដ្ឋ ទី​២ ដោយសារ​តែ​ខ្លាច​អ្នក​ទាំង ៥​នាក់ ក្រោយ​ពេល​ឲ្យ​នៅ​ក្រៅ​ឃុំ ត្រូវរ៉ូវ​គ្នា​ជាមួយ​សាក្សី​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ស៊ើបសួរ និង​ទី​៣ ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត៖ «ខ្ញុំ​យល់​ឃើញ​ថា បើ​យើង​ពិនិត្យ​អំពី​លក្ខខណ្ឌ​ដែល​លើក​ឡើង​របស់​សាលាឧទ្ធរណ៍​មិន​ទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្តី​ខ្ញុំ​ទេ កូន​ក្ដី​ខ្ញុំ​ពេល​លើក​ឡើង​ក្នុង​សវនាការ​គឺ​គាត់​មាន​ភស្តុតាង ក៏​ដូចជា​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​អាច​អោយ​តុលាការ​ពិចារណា​អាច​ឲ្យ​នៅ​ក្រៅ​ឃុំ»

ក្នុង​ចំណោម​អ្នក​ទាំង ៥​រូប ដែល​ត្រូវ​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​មក​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍ មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ម្នាក់ គឺ​លោក ណៃ វ៉ង់ដា ដែល​ទឹក​មុខ​មើល​ទៅ​ស្លេកស្លាំង ប្រាប់​ថា បេះដូង​លោក​មាន​បញ្ហា ហើយ​លោក​កំពុង​ឡើង​ជាតិ​អាស៊ីដ។ នៅ​ពេល​បញ្ចប់​ការ​ជំនុំជម្រះ មន្ត្រី​សិទ្ធិមនុស្ស​អាដហុក រួមមាន លោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី លើក​ឡើង​ស្រដៀង​គ្នា​ថា នេះ​ជា​រឿង​អយុត្តិធម៌​ដែល​តុលាការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​ដាក់​គុក។

ដោយ​ឡែក អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ៖ «ខ្ញុំ​សុំ​មិន​​និយាយ​អី​ទេ»

សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បើក​សវនាការ​ករណី​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក ៤​រូប ព្រមទាំង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក នី ចរិយា។ អ្នក​ទាំង ៥​រូប ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៦។

ភរិយា​លោក នី ចរិយា គឺ​លោកស្រី យ៉ែម ចន្ថា ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​ស្វាមី​របស់​លោកស្រី ខណៈ​ដែល​តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ស្វាមី​លោកស្រី។ លោកស្រី យ៉ែម ចន្ថា ប្រាប់​ថា ពេល​នេះ​លោកស្រី​មាន​តែ​បន់​ព្រះ​សំពះ​ទេវតា​សុំ​ឲ្យ​ជួយ​ស្វាមី​លោកស្រី​ឲ្យ​ទទួល​បាន​យុត្តិធម៌៖ «មិន​ដឹង​ទុក​ធ្វើ​អី​ទៀត ដោះលែង​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ទៅ យ៉ាង​ហោច​ក៏​បាន​ជួបជុំ​គ្រួសារ​ដែរ។ មួយ​រយៈ​កន្លង​មក​ហ្នឹង មិន​ដឹង​រំពឹង​លើ​អ្នក​ណា​ទេ ចាំ​មើល​សិន មាន​តែ​បន់​ព្រះ​សំពះ​ទេវតា រាល់​ថ្ងៃ​មាន​តែ​ចង់​ឲ្យ​គាត់​ទទួល​បាន​យុត្តិធម៌ ប៉ុន្តែ​មិន​ដឹង​បាន​ពី​ណា​មក​ទេ ចាំ​មើល​សិន​ណា»

​មន្ត្រី​សិទ្ធិមនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះហៅ​មក​សាកសួរ និង​ឃាត់​ខ្លួន​កាល​ពី​ចុង​ខែ​មេសា រួច​បញ្ជូន​មក​តុលាការ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ ក្រុម​មន្ត្រី​អាដហុក ប្រកាស​ថា ពួកគេ​នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ដើម្បី​អាច​បាន​នៅ​ក្រៅ​ឃុំ បើ​ទោះ​បី​ពួកគេ​គ្មាន​ជំនឿ​ថា នឹង​ទទួល​បាន​យុត្តិធម៌​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល