គណៈរដ្ឋមន្ត្រី បានចាប់ផ្ដើមប្រជុំគ្នា ពិនិត្យមើលសេចក្ដីព្រាងច្បាប់ ដើម្បីគ្រប់គ្រងប្រទេស ក្នុងពេលស្ថិតក្នុងភាពអាសន្នហើយ នៅព្រឹកថ្ងៃទី៣១ មីនា។ ពង្រាងច្បាប់នេះ ជាការដាក់ឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ តាមគម្រោង លោក ហ៊ុន សែន គ្រោងនឹងបញ្ចប់ពង្រាងច្បាប់នេះ ហើយបញ្ជូនរដ្ឋសភានៅពេលឆាប់ៗ នេះ។ សង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលបង្ហាញពង្រាងច្បាប់នេះ ជាសាធារណៈ ដើម្បីទទួលយកមតិអ្នកពាក់ព័ន្ធខ្លះ បង្ការច្បាប់នេះ រឹតបន្តឹងសិទ្ធិពលរដ្ឋខ្លាំងពេក។
ការប្រជុំរបស់គណៈរដ្ឋមន្ត្រី ក្នុងការពិនិត្យមើលសេចក្ដីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងរយៈពេល ៣ម៉ោង នៅក្នុងវិមានសន្តិភាព។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា សេចក្ដីព្រាងច្បាប់នេះ គឺជាឧបករណ៍ផ្នែកច្បាប់ ក្នុងការធ្វើសកម្មភាពគ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ន។ លោកអំពាវនាវឲ្យពលរដ្ឋ និងអង្គការ សង្គមស៊ីវិល កុំមានការព្រួយបារម្ភ ចំពោះពង្រាងច្បាប់នេះ ព្រោះមិនមែនបង្កើតឡើង ដើម្បីរឹតត្បិតសេរីភាពពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិឡើយ។
តែទោះជា លោកអះអាងបែបនេះមែន ចំពោះអត្ថន័យនៃសេចក្ដីព្រាងច្បាប់នេះ មិនទាន់ត្រូវបានលោកសន្យាថា នឹងដាក់បង្ហាញ និងទទួលយកមតិកែលម្អពីសាធារណជន ឬអត់ទេ។ កាលពីថ្ងៃទី៣០ មីនា លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភា យ៉ាងយូរត្រឹមចុងសប្ដាហ៍ក្រោយ គឺនៅសប្ដាហ៍ទី១ នៃខែមេសា។ លោកប្រាប់អ្នកកាសែតថា បំណងនៃការដាក់ប្រទេសក្នុងភាពអាសន្ន គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា ប្រទេសមួយចំនួន បានដាក់ប្រទេសក្នុងភាពអាសន្នរួចហើយ ក្នុងការទប់ស្កាត់ការរាល់ដាលជំងឺនេះ។ លោកថា រដ្ឋាភិបាលនៃប្រទេសខ្លះ ទទួលបានការស្វាគមន៍ពីពលរដ្ឋ ដោយសារបានគិតគូរពីការឧបត្ថម្ភថវិកា ចំណីអាហារជាដើម ក្នុងពេលដាក់ក្នុងភាពអាសន្ន។ ឯប្រទេសខ្លះទៀត ពលរដ្ឋមិនពេញចិត្តទេ ដោយសារមិនបានគិតគូរពីរឿងនេះ។
លោក ស៊ឹង សែនករុណា ថា ដើម្បីឲ្យពលរដ្ឋទទួលយកបានរដ្ឋាភិបាល ត្រូវបង្ហាញពីការគិតគូរដល់សុខទុក្ខពលរដ្ឋ និងមិនដកហូតសិទ្ធិ ដែលមិនចាំបាច់ ដូចជា សិទ្ធិបញ្ចេញមតិជាដើម។ លោកថា ជាងនេះ រដ្ឋាភិបាលក៏គួរតែបង្ហាញសេចក្ដីព្រៀងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននេះ ហើយទទួលយកមតិកែលម្អពីមហាជន អ្នកវិភាគ សង្គមស៊ីវិល បញ្ញវន្ត និងពលរដ្ឋ៖ « គួរតែមានការបើកឲ្យទូលំទូលាយ មុននឹងយើងចាប់ផ្ដើមដាក់ទៅសភា ដើម្បីមានការអនុម័តហ្នឹង ព្រោះយើងជៀសវាងច្បាប់មួយដែលមិនល្អ ហើយយកទៅអនុវត្តទៅ ច្បាស់ជាមានការប៉ះទង្គិចទៅ វាធ្វើឲ្យមានការរំលោភបំពានទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយវាធ្វើឲ្យមានបញ្ហានៅក្នុងសង្គមអ្វីជាដើម។ អ៊ីចឹង យើងចង់បានចំណុចហ្នឹងដែរ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់រឿងនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៣១ មីនា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
ចំណែកអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយវិញថា ទំហំនៃការរីករាលដាលនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ មិនទាន់ស្ថិតក្នុងភាពអាសន្នទេ។ លោក ឯម សុវណ្ណារ៉ា យល់ថា ការដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន លុះត្រាតែរដ្ឋាភិបាលខ្វះលទ្ធភាពទប់ស្កាត់ហានិភ័យ ទើបគួរធ្វើ។ លោកពន្យល់ថា ថ្វីត្បិតមាត្រា២២ នៃរដ្ឋធម្មនុញ្ញ បើកផ្លូវឲ្យដាក់ប្រទេសក្នុងភាពអាសន្ន តែការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ជាការខាតបង់ច្រើនសម្រាប់ប្រទេស ទាំងសេដ្ឋកិច្ច និងសិទ្ធិពលរដ្ឋ៖ « តើរដ្ឋាភិបាលខ្វះ វិធានការទប់ស្កាត់ហើយ នៅពេលដែលជំងឺរីកសាយភាយ វាខ្លាំងពេក ទាល់តែប្រើច្បាប់អាជ្ញាសឹក ទើបទប់ស្កាត់បាន។ អាហ្នឹង បានរដ្ឋាភិបាលគួរស្នើ ព្រោះការដាក់ប្រទេសក្នុងភាពអាសន្ននេះ វាបាត់នូវសក្ដានុពលរដ្ឋ អធិបតេយ្យស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិដែរ»។
លោក ហ៊ុន សែន មិនទាន់កំណត់ថ្ងៃប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់នេះទេ។ ប៉ុន្តែ លោកសរសេរក្នុងហ្វេសប៊ុកថា នឹងដាក់ចូលគណៈរដ្ឋមន្ត្រីពេញអង្គ នៅពេលខាងមុខ ហើយរំពឹងថា រដ្ឋសភានឹងពន្លឿនការអនុម័ត នៅពេលដែលគណៈរដ្ឋមន្ត្រីបញ្ជូនច្បាប់នេះទៅដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
