រដ្ឋមន្ត្រី​ថ្មី​ក្រសួង​យុត្តិធម៌ ថ្លែង​ថា ការ​ចាប់​ក្រុម​យុវជន​តវ៉ា គឺ​ដើម្បី​ការពារ​សន្តិភាព

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ថា ការ​ចាប់​ក្រុម​យុវជន​តវ៉ា គឺ​ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​សង្គម។ លោក កើត រិទ្ធ ថា ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​ជន​ណា​ម្នាក់ គឺ​ជា​ដាក់​សម្ពាធ​ដល់​តុលាការ និង​មន្ត្រី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដែល​ទង្វើ​នេះ គឺ​ខុស​ច្បាប់ និង​ប្រាក​ចាក​ពី​គន្លង​នៃ​នីតិរដ្ឋ។

ជំហរ​របស់​រដ្ឋមន្ត្រី​ថ្មីរូប​នេះ ត្រូវ​បាន​ដក​ស្រង់​ក្នុង​សារព័ត៌មាន​អូស្រ្តាលី Canberra Timesកាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មតិ​តាម online របស់​ឯក​អគ្គ​រដ្ឋ​ទូត​អូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាប្លូ កង (Pablo Kang)។ លោក ប៉ាប្លូ កង បង្ហាញ​ក្ដី​បារម្ភ ជុំវិញ​ការ​ចាប់​ខ្លួន​ក្រុម​យុវជន ដែល​តវ៉ា​ដោយ​សន្តិវិធី​ទាំង​នេះ។

ក្តី​បារម្ភ​របស់​មន្ត្រី​ទូត​អូស្ត្រាលី​រូប​នេះ ធ្វើឡើង​ក្រោយ​អ្នក​នាំ​ពាក្យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ចាប់​ខ្លួន​សកម្មជន​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។