កញ្ញា ឈឹម ស៊ីថរ រក្សាជំហរតស៊ូ ដើម្បីសេរីភាពសហជីព និងការពារផលប្រយោជន៍កម្មករក្រោយមានសេរីភាព
2024.09.16
កញ្ញា ឈឹម ស៊ីថរ ទទួលបានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា នេះ បន្ទាប់ពីកញ្ញាអនុវត្តទោសជាប់ពន្ធនាគារគ្រប់ចំនួនរយៈពេល ២ឆ្នាំ ទៅតាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។
អាជ្ញាធរបានចាប់ខ្លួន និងឃុំឃាំងប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនណាហ្គាវើលដ៍ ( NagaWorld) រូបនេះដាក់ពន្ធនាគារកាលពី ២ឆ្នាំមុន ដោយចោទពីបទញុះញង់បង្កអសន្តិសុខសង្គម បន្ទាប់ពីកញ្ញាបានដឹកនាំកូដករ។
កញ្ញា ឈឹម ស៊ីថរ នៅតែមិនផ្លាស់ប្ដូរជំហរ ដែលកញ្ញាធ្លាប់មាននៅមុនពេលជាប់ពន្ធនាគារដដែល នោះគឺការតស៊ូ ដើម្បីសិទ្ធិសេរីភាពសហជីព ការពារយុត្តិធម៌សម្រាប់បុគ្គលិកកម្មករ និងជាចម្បងចំពោះមុខគឺការទាមទារដំណោះស្រាយសម្រាប់កូដករណាហ្គាវើលដ៍បន្តទៀត។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញារីករាយនៅពេលរួចខ្លួនពីពន្ធនាគារ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំនេះកញ្ញានៅតែចិញ្ចឹមចិត្តទាមទារយុត្តិធម៌សង្គមដដែល ព្រោះកញ្ញាជាប់ពន្ធនាគារនេះដោយអយុត្តិធម៌។ រីឯការចោទប្រកាន់របស់តុលាការគ្រាន់តែជាការប្រើច្បាប់ជាអាវុធ ដើម្បីគំរាមកំហែងឱ្យរូបកញ្ញា និងកូដករណាហ្គាវើលដ៍ឈប់តវ៉ា។
កញ្ញា ឈឹម ស៊ីថរ៖ «វាជារឿងមួយដែលអយុត្តិធម៌ ហើយខ្ញុំគិតថាអ្នកដែលគិតថា ការចាប់ដាក់ពន្ធនាគារជាការណ៍ដែលអាចធ្វើឱ្យកម្មករបញ្ឈប់ការតវ៉ាបានហ្នឹងវាខុសទៅទៀត ពីព្រោះថាអ្វីដែលខ្ញុំគិត កាលណាកម្មករគាត់តវ៉ាពីរឿងអយុត្តិធម៌ ដើម្បីឱ្យឈប់តវ៉ា ទាល់តែផ្ដល់យុត្តិធម៌ឱ្យពួកគាត់មិនមែនបង្កើតភាពអយុត្តិធម៌ថ្មីមួយទៀតហើយឱ្យគាត់ឈប់តវ៉ាទេ។ ការជាប់ពន្ធនាគារអាចជាការភ័យខ្លាចសម្រាប់មនុស្សភាគច្រើន តាមពិតទៅយើងភ៧យខ្លាចដូចគ្នា ប៉ុន្តែសម្រាប់នាងខ្ញុំ ហើយនឹងក្រុមការងារសហជីពទាំងអស់គឺយើងខ្លាចបាត់សិទ្ធិខ្លាំងជាងការជាប់ពន្ធនាគារ។ ខ្ញុំគិតថាមិនមែននាងខ្ញុំ ឬក៏ក្រុមការងារនាងខ្ញុំទេ ដែលត្រូវពិចារណា ប៉ុន្តែអ្នកដែលមានវិធានការក្នុងការរិតត្បិតសេរីភាពរបស់ពួកយើងទេ ដែលត្រូវពិចារណាថាខ្លួនត្រូវដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េច»។
កញ្ញា ឈឹម ស៊ីថរ បន្តថា ការបង្កើតភាពអយុត្តិធម៌ជាបន្តបន្ទាប់លើរូបកញ្ញា និងក្រុមកម្មករនេះហើយ ដែលជាមូលហេតុចម្បងធ្វើឱ្យកញ្ញានឹងបន្តឆន្ទៈតស៊ូមតិ ដើម្បីយុត្តិធម៌សង្គម។
កញ្ញា ឈឹម ស៊ីថរ៖ «ពាក់ព័ន្ធជាមួយជំហរការតាំងចិត្តគឺនៅដដែល គឺនៅបន្តការតស៊ូមតិរហូតទាល់តែសេរីភាពសហជីព និងសិទ្ធិសហជីពត្រូវបានធានាដូចមានចែងនៅក្នុងច្បាប់ ទាល់តែមានយុត្តិធម៌ និងដំណោះស្រាយពីក្រុមហ៊ុនណាហ្គាវើលដ៍។ ឥឡូវនេះ មកដល់ម៉ោងនេះគឺជាង២ឆ្នាំហើយនៅតែមិនទាន់មានដំណោះស្រាយ ដូច្នេះយើងនៅមិនទាន់អាចឈប់បានទេ»។
អាជ្ញាធរពន្ធនាគារបានបញ្ជូនកញ្ញា ឈឹម ស៊ីថរ ចេញពីពន្ធនាគារព្រៃស ដោយដឹកតាមរថយន្តទៅដល់ផ្ទះកញ្ញានៅពេលយប់គឺតាំងពីម៉ោង ៤កន្លះទៀបភ្លឺនៅថ្ងៃទី១៦ ខែកញ្ញា នេះ។ អាជ្ញាធរធ្វើបែបនេះបន្ទាប់ពីក្រុមកូដករណាហ្គាវើលដ៍បានប្រកាសកាលពីចុងសប្ដាហ៍កន្លងទៅថា នឹងនាំគ្នាទៅទទួលកញ្ញានៅពន្ធនាគារព្រៃស។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មើលឃើញថាអាជ្ញាធរពន្ធនាគារភ័យខ្លាចការជួបជុំរបស់ក្រុមបុគ្គលិកកម្មករ ដែលគាំទ្រកញ្ញា ឈឹម ស៊ីថរ។ បើទោះជាយ៉ាងណាអ្នកស្រីថាដើម្បីបញ្ឈប់ការតវ៉ា អាជ្ញាធរត្រូវផ្ដល់ដំណោះស្រាយមិនមែនចាប់មេដឹកនាំពួកគេដាក់ពន្ធនាគារបែបនេះទេ។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «ស៊ីថរ គាត់ជាប់ពន្ធនាគារដល់ទៅ២លើកហ្នឹងកើតចេញមកពី បើគាត់មិនមែនជាមេដឹកនាំសហជីព បើគាត់មិនឈឺឆ្អាលរឿងកម្មករ បើគាត់មិនតតាំងឱ្យមានការគោរពសិទ្ធិការងារទេ គាត់មិនទទួលបានការដាក់ទោសទណ្ឌបែបនេះទេ។ ចំពោះការដឹកទៅផ្ទះទាំងយប់អីនេះយើងមើលឃើញថាជារឿងមួយចង់មិនឱ្យមានការចាប់អារម្មណ៍ពីមហាជន ហើយខ្លាចសមាជិករបស់សហជីពទៅគាំទ្រ ទៅសាទរចំពោះការវិលត្រឡប់មកវិញរបស់គាត់។ ខ្ញុំមើលទៅជាលក្ខណៈថាបង្ការមិនឱ្យមានការជួបជុំក៏ថាបាន និងមួយទៀតគឺខ្លាចការជួបជុំស្វាគមន៍របស់ក្រុមកម្មករចំពោះថ្នាក់ដឹកនាំរបស់ពួកគេ»។
កញ្ញា ឈឹម ស៊ីថរ គឺជាមេដឹកនាំសហជីពដ៏លេចធ្លោមួយរូប។ កញ្ញាត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន ដាក់ពន្ធនាគារជាលើកទី២ កាលពីឆ្នាំ២០២២ ដោយចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អាជ្ញាធរចាប់ខ្លួនកញ្ញាលើកទី២នេះ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅប្រទេសអូស្ត្រាលី។ អាជ្ញាធរចាប់ខ្លួនកញ្ញាដាក់ពន្ធនាគារនេះទៀតសោតគឺបន្ទាប់ពីកញ្ញាបានដឹកនាំកូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ តវ៉ានៅមុខក្រុមហ៊ុន ដើម្បីស្នើដល់ថៅកែក្រុមហ៊ុននេះ អនុវត្តតាមច្បាប់ការងារកម្ពុជា និងទទួលយកកម្មករចូលធ្វើការវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។