សមត្ថកិច្ចបានចាប់ខ្លួន លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ ទី៨ ខែសីហា ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងបាញ់កម្មការិនី ៣នាក់ឲ្យរងរបួស។ មន្ត្រីតុលាការខេត្តស្វាយរៀង បញ្ជាក់ថា លោក ឈូក បណ្ឌិត ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត ដោយអនុវត្តតាមសាលដីកាស្ថាពររបស់តុលាការកំពូល។
សង្គមស៊ីវិលឃ្លាំមើលសិទ្ធិការងារ សាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចដែលបានចាប់ខ្លួន លោក ឈូក បណ្ឌិត មកផ្ដន្ទាទោសនៅថ្ងៃទី៨ ខែសីហា។
លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៣៨លានរៀល ឬជិត ១ម៉ឺនដុល្លារ ជាសំណងដល់ជនរងគ្រោះ ក្នុងបទបង្ករបួសស្នាមដោយអចេតនា។ បណ្ដឹងនេះ បានក្ដីក្ដាំគ្នាដល់តុលាការកំពូល និងសាលាឧទ្ធរណ៍ទៀត ប៉ុន្តែតុលាការទាំងពីរ បានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តទុកជាបានការ។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពី លោក ឈូក បណ្ឌិត ត្រូវបានគេរកឃើញថា បានបាញ់រះធ្វើឲ្យកម្មការិនីរោងចក្រស្បែកជើងកៅវ៉េ (Kaoway) ក្នុងក្រុងបាវិត ចំនួន ៣នាក់រងរបួស ក្នុងពេលពួកគេតវ៉ាទាមទារលក្ខខណ្ឌការងារល្អ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បានសាទរចំពោះចំណាត់ការចាប់ខ្លួនជនជាប់ចោទ លោក ឈូក បណ្ឌិត បាននៅពេលនេះ។ តែទោះជាយ៉ាងណា លោកយល់ថា សមត្ថកិច្ចគួរតែចាប់ខ្លួនតាំងពីដំបូងមកម្ល៉េះ ពីព្រោះ លោក ឈូក បណ្ឌិត បានប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅចំពោះមន្ត្រីអាជ្ញាធរនគរបាលយុត្តិធម៌៖ «លោក ឈូក បណ្ឌិត នេះមិនគួរត្រូវបានចោទប្រកាន់ពីបទនេះទេ។ តាមអង្គហេតុនេះ គាត់គួរតែត្រូវចោទពីបទ បង្ករបួសស្នាមដោយចេតនា ឬមួយប៉ុនប៉ងមនុស្សឃាតដោយចេតនា។ សូមឲ្យតុលាការ ជំរុញនីតិវិធីឲ្យមានសំណងដល់ជនរងគ្រោះ ដូចអ្វីដែលតុលាការបានកំណត់នៅក្នុងសាលដីកា»។
នៅក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់ឲ្យរបួស ទៅលើកម្មការិនីរោងចក្រនៅក្រុងបាវិត ខេត្តស្វាយរៀង។ បន្ទាប់ពីការសាកសួររួច អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ នេត្រ សាវឿន បានបញ្ជាឲ្យកម្លាំងនគរបាល នាំខ្លួន លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ទៅកាន់តុលាការខេត្ត។
ឆ្លើយតបបញ្ហានេះ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង លោក ផាន់ រតនា បញ្ជាក់ថា នៅម៉ោងប្រមាណ ៣រសៀលថ្ងៃទី៨ ខែសីហា សមត្ថកិច្ចបានបញ្ជូន លោក ឈូក បណ្ឌិត មកសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមសាលដីកាសម្រេចឃុំខ្លួននៅពន្ធនាគារខេត្ត៖ «យើងអនុវត្តសាលដីកាស្ថាពរហ្មង យើងអត់មានអីត្រូវសាកសួរគាត់ទៀតទេ»។
ការចាប់ខ្លួន លោក ឈូក បណ្ឌិត នេះ នៅបន្ទាប់ពី ៥ថ្ងៃក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី១ ដែលគាំទ្រប៉ូលិសអាំងទែប៉ូល (Interpol) ឲ្យតាមស្វែងរកចាប់លោកដែលកំពុងលាក់ខ្លួន។
នេះជាការប្រកាសដ៏កម្រមួយក្នុងរយៈពេល ២ឆ្នាំ ក្រោយពីតុលាការផ្ដន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌដែល លោក ឈូក បណ្ឌិត កំពុងនៅក្រៅឃុំនៅឡើយ។
សូមស្ដាប់បទសម្ភាសន៍បន្ថែមទាក់ទងនឹងការចាប់ខ្លួនលោក ឈូក បណ្ឌិត រវាងអ្នកស្រី ខែ សុណង និងលោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
