សាលដីកា​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​និង​សកម្មជន​ដីធ្លី​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៥​មករា

0:00 / 0:00

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល នឹង​ប្រកាស​សាល​ដីកា​សំណុំ​រឿង​មោឃភាព​នីតិវិធី​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ៥​រូប នៅ​ថ្ងៃ​ទី​២៥ មករា ខាង​មុខ។ ចាប់​ផ្ដើម​បើក​ឆាក​ភ្លាម នៅ​ក្នុង​អង្គ​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មករា រវាង​មេធាវី​ការពារ​ក្ដី​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល លោក វ៉េង ប៊ុនធឿន ហាក់​ខ្វែង​គំនិត​គ្នា​ជុំវិញ​មោឃភាព​នីតិវិធី​នេះ។

មេធាវី​ការពារ​ក្ដី គឺ​លោក ជូង ជូងី ដែល​ចូលរួម​តតាំង​នៅ​ក្នុង​អង្គ​សវនាការ បាន​លើក​ឡើង​ពី​ទិដ្ឋភាព​ច្បាប់​មក​ពន្យល់​យ៉ាង​ពិស្ដារ​ទៅ​អង្គ​ជំនុំ​ជម្រះ ដោយ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​ក្រុម​មេធាវី​ទាំងអស់ ទើប​រៀបចំ​បណ្ដឹង​សារទុក្ខ​អំពី​មោឃភាព​នីតិវិធី​នេះ​ឡើង​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក ប្លង់ សំណាង កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។

ការ​ថ្លែង​ដូចនេះ​របស់​លោក ជូង ជូងី ធ្វើ​ឡើង​នៅ​ក្រោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល លោក សឹង បញ្ញាវុឌ្ឍ សម្រេច​លើក​ពេល​ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​សារទុក្ខ​អំពី​មោឃភាព​នីតិវិធី​នេះ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ខាង​មុខ។

យ៉ាង​នេះ​ក្ដី លោក ជូង ជូងី ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​បិទ​បញ្ចប់​សវនាការ​ថា មូលហេតុ​ដែល​ខ្លួន​ប្ដឹង​សារទុក្ខ​មក​តុលាការ​កំពូល​នេះ ដោយសារ​នៅ​ក្នុង​ដំណាក់កាល​នៃ​សេចក្ដី​សម្រេច​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ គឺ​លោក ប្លង់ សំណាង មិន​បាន​ទទួល​យក​សំណើ​សុំ​មោឃភាព​នីតិវិធី​របស់​លោក​ទៅ​ពិចារណា។ មេធាវី​ដែល​ហ៊ាន​ការពារ​ក្ដី​ឲ្យ​បក្ស​ប្រឆាំង​អស់​ពេល​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ​នេះ យល់​ឃើញ​ថា នេះ​ជា​របៀប​ធ្វើ​កិច្ចការ​ដោយ​ខ្ជីខ្ជា និង​រំលោភ​លើ​វិជ្ជាជីវៈ​ក្នុង​នាម​ជា​អ្នក​កាន់​ច្បាប់ រាប់​ចាប់​តាំង​ពី​ដំណាក់​នៃ​ការ​ជំនុំ​ជម្រះ​នៅ​តុលាការ​ជាន់​ទាប​មក។ លោក​បន្ត​ថា «គឺ​បំពាន​ច្បាប់​ ទាំង​ស្រុង ហើយ​ធ្ងន់ធ្ងរ​ទៀត។ បើ​អំពើ​ខុស​ច្បាប់​ប្រព្រឹត្ត​ដោយ​ រាស្ត្រ​សាមញ្ញ វា​ផ្ដល់​គ្រោះថ្នាក់​តិច​ទេ​ដល់​សង្គម​ជាតិ ប៉ុន្តែ​នៅ​ពេល​កំហុស​ប្រព្រឹត្ត​ដោយ​អ្នក​មាន​អំណាច​តុលាការ​នេះ អា​ហ្នឹង​ព្យសនកម្ម​ធ្ងន់ធ្ងរ​ណាស់​ដល់​សង្គម​ជាតិ។ ខ្ញុំ​បាន​លើក​រួច​ហើយ​នៅ​ ក្នុង​សវនាការ ថា​តើ​តុលាការ​កំពូល​គិត​យ៉ាង​ម៉េច នៅ​ពេល​ដែល​ក្រុម​ប្រឹក្សា​សាលា​ដំបូង​កាត់​ក្ដី​ចេញ​សាលក្រម​បទ​ឧក្រិដ្ឋ​ឥត​មាន​មេធាវី​បែប​នេះ ?»។

សាល​ដីកា​សំណុំ​រឿង​សកម្ម​ជន​បក្ស​ប្រឆាំង​៥​រូប​នឹង​ប្រកាស​នៅ​ដើម​ខែ​កុម្ភៈ សាល​ដីកា​សំណុំ​រឿង​សកម្ម​ជន​បក្ស​ប្រឆាំង​៥​រូប​នឹង​ប្រកាស​នៅ​ដើម​ខែ​កុម្ភៈ

ពាក់ព័ន្ធ​សំណុំ​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​សាលក្រម​ដោយ​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៧ ទៅ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ចូលរួម​កុប្បកម្ម និង​ដឹកនាំ​បាតុកម្ម ដែល​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

ក្នុង​ថ្ងៃ​ប្រកាស​សាលក្រម​ទាក់ទិន​សំណុំ​រឿង​នៃ​បទ​ឧក្រិដ្ឋ​នេះ គឺ​មាន​តែ​មេធាវី​ម្នាក់​ប៉ុណ្ណោះ​ដែល​ការពារ​ក្ដី​សម្រាប់​សកម្មជន ៦​រូប។ ដោយឡែក​សកម្មជន ៥​រូប​ផ្សេង​ទៀត​ក្នុង​ចំណោម​នោះ គឺ​ពុំ​មាន​វត្តមាន​មេធាវី​ចូល​ការពារ​ក្ដី​ទេ នៅ​ក្នុង​ថ្ងៃ​ដែល​តុលាការ​ចេញ​សាលក្រម។

លោក ជូង ជូងី បាន​ជម្រាប​ដល់​អង្គ​ជំនុំ​ជម្រះ​ថា ដោយសារ​បទល្មើស​ឧក្រិដ្ឋ​ផ្អែក​នីតិវិធី គឺ​ជា​ចាំបាច់​ត្រូវ​មាន​មេធាវី។ ប៉ុន្តែ​នៅ​ក្នុង​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ប្រកាស​សាលក្រម​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ គឺ​ពុំ​មាន​វត្តមាន​មេធាវី​ការពារ​ក្ដី​ចូលរួម​ក្នុង​ដំណាក់​កាល​ដែល​តុលាការ​ក្រុង​ភ្នំពេញ ចេញ​សេចក្ដី​សម្រេច​ទេ។ លោក ជូង ជូងី បាន​ប្រាប់​អង្គ​សវនាការ​ថា ដោយ​មើល​ឃើញ​ពី​ការ​អនុវត្ត​ដោយ​រំលោភ​លើ​ច្បាប់​ដូចនេះ ទើប​ក្រុម​មេធាវី​សម្រេច​ដាក់​បណ្ដឹង​ចំនួន​២ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥ គឺ​មួយ បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ហើយ​បណ្ដឹង​មួយ​ផ្សេង​ទៀត គឺ​បណ្ដឹង​មោឃភាព​នីតិវិធី។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី លើក​ដៃ​ដែល​មាន​សរសេរ​អក្សរ​អង់គ្លេស​ថា I need justice ដែល​មាន​ន័យ​ថា ខ្ញុំ​ចង់​បាន​យុត្តិធម៌ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។
សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី លើក​ដៃ​ដែល​មាន​សរសេរ​អក្សរ​អង់គ្លេស​ថា I need justice ដែល​មាន​ន័យ​ថា ខ្ញុំ​ចង់​បាន​យុត្តិធម៌ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧។

នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ញែក​សំណុំ​រឿង​ជា​ពីរ​នេះ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ គឺ​សំណុំ​រឿង​លើ​អង្គ​សេចក្ដី និង​មោឃភាព​នីតិវិធី ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក ប្លង់ សំណាង ពុំ​បាន​ពិចារណា​លើ​ការ​ស្នើសុំ​របស់​ក្រុម​មេធាវី​អំពី​មោឃភាព​នីតិវិធី​សកម្មជន​ទាំង ៥​រូប​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បែរ​ជា​សកម្មជន ៦​រូប​ផ្សេង​ទៀត​ក្នុង​ចំណោម ១១​នាក់​នោះ ត្រូវ​មាន​ឈ្មោះ​នៅ​ក្នុង​សំណុំ​រឿង​មោឃភាព​នីតិវិធី​ទៅ​វិញ ដែល​តាម​ពិត អ្នក​ទាំង ៦​នាក់​នោះ មាន​មេធាវី​ការពារ​រួច​ហើយ​ក្នុង​ដំណាក់​កាល​នៃ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥។

លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ប្រតិកម្ម​មុន​ចូល​សវនាការ ដោយ​ចាត់​ទុក​ថា ឲ្យ​តែ​មនុស្ស​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច បើ​ទោះ​ជា​ធ្វើ​បែប​ណា​ក៏ដោយ ក៏​នៅ​អាច​រស់​ដោយ​សុខ​ដែរ។ លោក​បន្ត​ថា «អ្នក​វ ៉ៃ តំណាង​រាស្ត្រ ​វ ៉ៃ ​ប៉ុនប៉ង​ធ្វើ​ឃាត​សម្លាប់​អ្នក​ តំណាង​រាស្ត្រ កាត់​ទោស ៤​ឆ្នាំ ព្យួរ ៣​ឆ្នាំ ហើយ​ឥឡូវ​បាន​មួយ​ឆ្នាំ​ក្នុង​គុក ហើយ​ដំឡើង​បុណ្យ​ទៅ​ទៀត»។

​អ្នកស្រី​ ទេព​ វន្នី​ ថា​ គាត់​អាច​មាន​សេរី​ភាព​អាស្រ័យ​លើ​ការ​ចរ​ចា​ន​យោ​បា​​យ​ ​អ្នកស្រី​ ទេព​ វន្នី​ ថា​ គាត់​អាច​មាន​សេរី​ភាព​អាស្រ័យ​លើ​ការ​ចរ​ចា​ន​យោ​បា​​យ​

នៅ​ថ្ងៃ​តែ​មួយ​នៃ​សវនាការ​សកម្មជន​ទាំង ៥​រូប រួម​មាន​លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង លោក អាន បឋម លោក សាន សីហៈ និង​លោក ទេព ណារិន ទន្ទឹម​នឹង​នេះ អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ ក៏​ត្រូវ​បាន​តុលាការ​កំពូល បើក​សវនាការ​ដែរ។ សំណុំ​រឿង​ស្នើសុំ​នៅ​ក្រៅ ដែល​អ្នកស្រី​ជាប់​ចោទ​ពី​បទ​ប្រើ​ហិង្សា​នៅ​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​សំណុំ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល គឺ​អ្នកស្រី គឹម សុថាវី សម្រេច​នឹង​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ខាង​មុខ​នេះ​ដែរ។

បើ​ទោះ​ជា​បែប​ណា ទាំង​មេធាវី​ការពារ​ក្ដី និង​សកម្មជន​ទាំង ៥​រូប​របស់​បក្ស​ប្រឆាំង បាន​ស្នើសុំ​ឲ្យ​តុលាការ​កំពូល ដែល​មាន​ភារកិច្ច​ពិនិត្យ​ទៅ​លើ​អង្គ​ច្បាប់ សម្រេច​ដាក់​បញ្ចូល​ពួក​គេ​ទាំង ៥​នាក់​នៅ​ក្នុង​សំណុំ​រឿង​មោឃភាព​នីតិវិធី។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ជាន់​ខ្ពស់ គឺ​លោក សឹង បញ្ញាវុឌ្ឍ អះអាង​នៅ​ក្នុង​សវនាការ​ថា នឹង​ពិចារណា​ទៅ​លើ​ការ​ស្នើសុំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។