សាច់ញាត្តិអតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន បានទម្លាយឱ្យដឹងថា ការចាប់ខ្លួនលោក គ្រុយ លឹមហេង កើតចេញពីជម្លោះផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជាក្នុងការដណ្ដើមតួនាទីជាអគ្គកុងស៊ុល មិនមែនជាប់ពាក់ព័ន្ធនឹងករណីពុករលួយដូចអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងនោះទេ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានច្រានចោលចំពោះការចោទប្រកាន់នេះ។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣០ ខែធ្នូ បានចេញដីកាសម្រេចឃុំខ្លួនអតីតអគ្គកុងស៊ុលកម្ពុជា លោក គ្រុយ លឹមហេង ប្រចាំនៅទីក្រុងគុនមិញ (Kun Ming) ខែត្រយូណាន (Yunan) ប្រទេសចិន ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែលមានទំហំទឹកប្រាក់ជាង ៥ម៉ឺនដុលា្លរសហរដ្ឋអាមេរិក។ បន្ទាប់ពីតំណាងអយ្យការលោក អ៊ុំ សុភក្តិ ចោទប្រកាន់ភ្លាមមន្ត្រីអនុរក្សពន្ធនាគារបាននាំខ្លួនលោក គ្រុយ លឹមហេង ទៅឃុំឃាំងនៅពន្ធនាគារព្រៃស បណ្តោះអាសន្ន ដើម្បីរង់ចាំជំនុំជម្រះទោសតាមមាត្រាទី៣៥ និង មាត្រាទី៣៨ នៃច្បាប់ស្ដីពីការ ប្រឆាំងអំពើពុករលួយ។
លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តគុនមីង ជាប់ចោទចំនួនបួនបទល្មើសធំៗ គឺបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងវិតិក្រម ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងករណីធ្វើឱ្យបាត់សន្លឹកទិដ្ឋាការស្អិតចំនួន ១៦០០សន្លឹក ការក្លែងបន្លំសន្លឹកទិដ្ឋាការស្អិតចំនួន ៥០០សន្លឹក និងភាពមិនប្រក្រតីនៃការប្រើប្រាស់ថវិកាចំណាយចំណូលរបស់ស្ថានអគ្គកុងស៊ុល និងករណី មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩។
ទោះជាយ៉ាងណា សមាជិកក្រុមគ្រួសារលោក គ្រុយ លឹមហេង និងមន្ត្រីតុលាការក្រុងភ្នំពេញ ដែលស្នើសុំមិនបញ្ចេញឈ្មោះ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៣១ ធ្នូ ថា ពួកគេមិនយល់ឃើញដូចមានការចោទប្រកាន់របស់តុលាការទេ។
មន្ត្រីតុលាការដែលសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ដើមហេតុដែលនាំឱ្យមានការចាប់ខ្លួននេះកើតឡើងចេញពីជម្លោះដណ្ដើមតួនាទី ជាអគ្គកុងស៊ុលនៅក្នុងទីក្រុងគុនមីង រវាងលោក គ្រុយ លឹមហេង អគ្គកុងស៊ុល និង លោក ឡុង ប្រុស ដែលមានតួនាទីជាកុងស៊ុល។
ជម្លោះគឺផ្តើមចេញពីនៅមុនពេលដែលលោក គ្រុយ លឹមហេង ធ្វើដំណើរមកទីក្រុងភ្នំពេញកាលពីអំឡុងឆ្នាំ២០១៨ បានប្រគល់ស្ទីកឃើ ( Sticker) សម្រាប់បិទលើទិដ្ឋាការចំនួន ១៦០០សន្លឹក ដល់លោក ឡុង ប្រុស ឱ្យទទួលកិច្ចការនេះជំនួស ដោយមានការចុះហត្ថលេខា និងថតវីដេអូទុកជាភស្តុតាង។
មន្ត្រីដដែលបន្តទៀតថា នៅពេលដែលលោក គ្រុយ លឹមហេង មកដល់ទីក្រុងភ្នំពេញ ស្រាប់តែលោក ឡុង ប្រុស បានរាយការណ៍មកក្រសួងការបរទេសថា មានស្ទីកឃើចំនួន ៥០០សន្លឹកបានបាត់ ក្រោយមកមានការអះអាងទៀតថា ចំនួនបាត់នេះបានកើនឡើងរហូតដល់ជាង១០០០សន្លឹកដែលតម្រូវឱ្យលោក គ្រុយ លឹមហេង ពន្យល់អំពីរឿងនេះ។ ហើយដោយមិនអាចសម្រុះសម្រួលគ្នាបាន កាលពីដើមឆ្នាំ២០១៩ លោក គ្រុយ លឹមហេង បានប្ដឹងទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺប្ដឹងលោក ឡុង ប្រុស ចំនួន ៣បទចោទគឺ រំលោភអំណាច វិតិក្រម និង កេង បំបាត់។
ប្រភពដដែលឱ្យដឹងទៀតថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកោះហៅ លោក ឡុង ប្រុស មកសាកសួរមិនបាន១ម៉ោងផង តែដោយមានអន្តរាគមន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ទើបកងរាជអាវុធហត្ថឈប់សាកសួរលោក ឡុង ប្រុស ហើយអនុញ្ញាតឱ្យគាត់ ឱ្យត្រឡប់មកផ្ទះវិញ។
ទោះជាយ៉ាងណា លោក ឡុង ប្រុស អតីតកុងស៊ុលកម្ពុជាប្រចាំខេត្តគុនមីង បដិសេធឆ្លើយទៅនឹងសំណួររបស់អាស៊ីសេរីចំពោះបញ្ហានេះ៖ «រឿងហ្នឹងបងសួរទៅស្ថាប័ន អេ . ស៊ី . យូ ដឹងច្បាស់ជាងខ្ញុំ។ ខ្ញុំអត់ដឹងអីទេ»។
រីឯអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានបដិសេធចំពោះការចោទប្រកាន់នេះ។ លោកប្រាប់អាស៊ីសេរីតាមរយៈបណ្ដាញសង្គមថា ជាផ្លូវការមិនមែនអ៊ីចឹងទេ។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មិនធ្វើអត្ថាធិប្បាយ។

ទោះជាយ៉ាងណា អ្នកស្រី ប៉ែន ស៊ីល្វី ប្រពន្ធលោក គ្រុយ លឹមហេង បញ្ជាក់ថា ប្តីលោកស្រីបានប្ដឹងលោក ឡុង ប្រុស ទៅតុលាការក្រុងភ្នំពេញតាំងពី២០១៨ តែតុលាការមិនបានចាត់ការសំណុំរឿងនេះទេ។ អ្នកស្រីបញ្ជាក់ថា ហេតុអ្វីបានជាតុលាការបានចាប់ខ្លួនប្តីលោកស្រីជាដើមបណ្ដឹង ឬជាជាប់ចោទទៅវិញ៖ «សូមឱ្យតុលាការជួយរកយុត្តិធម៌ដល់ប្តីខ្ញុំផង ហើយអ្វីដែលចុងបញ្ចប់គួរឱ្យអស់សំណើច ដើមចោទបែរជាក្លាយទៅជាចុងចោទជាប់គុក ហើយម្នាក់ចុងចោទ ឡុង ប្រុស បែរជានៅដេកផ្ទះយ៉ាងស្រួល។ ចំណែកអ្នកដើមចោទបែរជាទៅបែកប្រពន្ធបែកកូនទៅវិញ។ មកដល់ម៉ោងនេះដូចថា ឱ្យខ្ញុំយំ ឬ មួយយ៉ាងម៉េច ឱ្យខ្ញុំយំ ក៏យំអត់ចេញដូចថា មិនដឹងត្រូវនិយាយយ៉ាងម៉េចទេ»។
មន្ត្រីតុលាការដែលសុំមិនបញ្ចេញឈ្មោះដដែល អះអាងថា ក្នុងជម្លោះដ៏ស្មុគស្មាញនេះ ភាគីលោក ឡុង ប្រុស អាងមន្ត្រីក្រសួងការបរទេស និងអង្គភាពប្រឆាំងអំពើពុករលួយនៅពីក្រោយខ្នងបង្អែក ហើយភាគីខាងលោក គ្រុយ លឹមហេង មានភាគីកងរាជអាវុធហត្ថ។ នៅទីបំផុតលោក ឡុង ប្រុស បានប្តឹងបកលោក គ្រុយ លឹមហេង វិញចំនួន បីបទល្មើស គឺ រំលោភអំណាចវិតិក្រម និងកេងបំបាត់។ ប៉ុន្តែក្រោយមកអង្គភាពប្រឆាំងអំពើពុករលួយបានចោទប្រកាន់បទល្មើសថែមមួយទៀត គឺការមិនប្រកាសទ្រព្យសម្បត្តិ ឬប្រកាសដោយភូតកុហក ដែលបទចោទចុងក្រោយនេះ គឺអង្គភាពប្រឆាំងអំពើពុករលួយប្រើប្រាស់សម្រាប់ចាត់ការទៅលើរាជការ និងមន្ត្រីគណបក្សប្រជាជនកម្ពុជាណា ដែលមានបំណងដើរចេញពីគណបក្សកាន់អំណាចមួយនេះ។
នៅក្នុងរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយដែលអាស៊ីសេរីទទួលបានឱ្យដឹងថា តាមរយៈប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់លោក គ្រុយ លឹមហេង ដែលបានប្រកាសពីឆ្នាំ២០១២ ដល់ ២០១៩ មិនបានប្រកាសទ្រព្យសម្បត្តិផ្ទះលេខ ៣១ ផ្លូវលេខ ០៧ ក្នុងបុរី ឌឹ មេគង្គ រ៉ូយ៉ាល់ (The Mekong Royal) ស្ថិតនៅក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ កាលពីឆ្នាំ២០១៤នោះឡើយ។
អង្គភាពប្រឆាំងអំពើពុករលួយដែលកន្លងមកមានការរិះគន់ពីក្រុមអង្គការសង្គមស៊ីវិលថា អនុវត្តស្តង់ដារពីរបានអះអាងថា រូបភាពទិដ្ឋាការប្រភេទ ធី អេហ្វ (TF) ចំនួន១៨សន្លឹក ដែលស្ថិតនៅក្នុងចំណោមប្រភេទទិដ្ឋាការ ធី អេហ្វ (TF)ដែលបាត់ចំនួន១៦០០សន្លឹក ដែលមានហត្ថលេខា និងត្រាលោក គ្រុយ លឹមហេង ភ្ជាប់ជាមួយលិខិតឆ្លងដែនភ្ញៀវទេសចរណ៍ដែលទទួលបានលិខិតឆ្លងដែនទាំងនោះ។
អគ្គនាយកដ្ឋានកិច្ចការច្បាប់កុងស៊ុល និងព្រំដែននៃក្រសួងការបរទេស បានរកឃើញទិដ្ឋាការ ធី អេហ្វ (TF) ចំនួន ៣៥សន្លឹកផ្សេងទៀតស្ថិតនៅក្នុងចំណោមសន្លឹកទិដ្ឋាការប្រភេទ ធី អេហ្វ (TF) ដែលបានបាត់ចំនួន១៦០០សន្លឹក។
ក្នុងរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយដដែលអះអាងទៀតថា បើតាមលិខិតរបស់លោកគ្រុយ លឹមហេង ជូនក្រសួងការបរទេសកាលពីថ្ងៃទី ១១ មករា ឆ្នាំ២០១៩ ក៏បានទទួលស្គាល់កំហុស និងបង់ប្រាក់ចំនួនជាង៤ម៉ឺនដុល្លារ (៤៣.២៩០ដុល្លា) លើសន្លឹកទិដ្ឋាការចំនួន ១.៤៤៣ សន្លឹកដែលបានបាត់។
លោក គ្រុយ លឹមហេង អាយុ ៤៥ឆ្នាំ អតីតអគ្គាធិការរងនៃក្រសួងការបរទេស និងជាអតីតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ត្រូវអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោកកាលពីថ្ងៃទី២៧ ខែធ្នូ ពីបទ" សង្ស័យប្រព្រឹត្តិអំពើពុករលួយក្នុងអំឡុងពេលលោកបំពេញតួនាទីជាអគ្គកុងស៊ុលនៅប្រទេសចិន " ហើយបញ្ជូនទៅតុលាការ បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាការព្រៃស ក្រោមបទចោទប្រកាន់ពាក់ព័ន្ធពុករលួយ។មេធាវីការពារក្ដីឱ្យលោក គ្រុយ លឹមហេង លោក ហេង សុផារិទ្ធ មិនធ្វើអត្ថាធិប្បាយចំពោះនីតិវិធីរបស់តុលាការទេនៅពេលដែលអាស៊ីសេរីសួរទាក់ទងចំពោះរឿងចោទប្រកាន់កូនក្តីរបស់លោក៖ «អត់ទោសបងដោយសារតែនីតិវិធីនេះស្ថិតនៅក្រោមការស៊ើបសួរនៅឡើយ ហើយខ្ញុំក្នុងនាមជាមេធាវី ក៏ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈបើខ្ញុំអត្ថាធិប្បាយខុសវាប៉ះពាល់ដល់វិជ្ជាជីវៈ»។
អាស៊ីសេរីមិនអាចទាក់ទង ប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ដើម្បីសួរអំពីបញ្ហានេះបន្ថែមបានទេ ដោយសារបានចុចផ្ដាច់ទូរស័ព្ទ នៅពេលឮសំណួរពីអាស៊ីសេរី។
ការឃុំខ្លួនលោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំ ខេត្តយូណាន ប្រទេសចិននេះ គឺជាមន្ត្រីរាជរដ្ឋាភិបាល ទីពីរហើយ ដែលបម្រើការ ក្នុងស្ថានទូត នៅក្រៅប្រទេស បន្ទាប់ពី លោក ស៊ុត ឌីណា អតីតអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួន កាលពីខែមេសាឆ្នាំ២០១៦ និងត្រូវបានតុលាការកាត់ឱ្យជាប់ពន្ធនាគារពីបទពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
