ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានអញ្ជើញប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ មកទទួលយកដីកាកោះ មុននឹងចូលឆ្លើយបំភ្លឺនៅចុងខែកុម្ភៈនេះ ពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកាត់កោះត្រល់ និងប្រជុំកោះដទៃទៀតរបស់កម្ពុជា ឲ្យទៅប្រទេសវៀតណាម ដោយខុសច្បាប់។
ដីកាកោះដែលចេញដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ដាក់កាលបរិច្ឆេទ កាលពីថ្ងៃទី១៧ កុម្ភៈ បានសរសេរថា យើង មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង សូមអញ្ជើញឈ្មោះ លោក នាង សុឃុន ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ឲ្យចូលខ្លួនឆ្លើយបំភ្លឺតាមបណ្ដឹងរបស់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ។
ក្រោយចេញពីទទួលដីកាកោះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រឹកថ្ងៃទី២៥ កុម្ភៈ ប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ លោក នាង សុឃុន បញ្ជាក់ថា លោកនឹងចូលខ្លួនឆ្លើយបំភ្លឺតាមដីកាកោះនេះ។ លោកបន្តថា ក្នុងសំណុំរឿងនេះ លោកមានភស្តុតាងរឹងមាំក្នុងការតទល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក នាង សុឃុន បានដាក់ពាក្យបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈ ដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់គត់ជាអ្នកបានកាត់កោះត្រល់ និងកោះក្រចកសេះ ឲ្យទៅវៀតណាម ដោយខុសច្បាប់ ក្រោមសន្ធិសញ្ញាឆ្នាំ១៩៨២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
