ព្រឹទ្ធសភា​ឯក​បក្ស​អនុម័ត​ទាំង​ស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី១០ ទោះ​រង​ការ​រិះគន់

ព្រឹទ្ធ​សភា​ឯក​បក្ស​បោះ​ឆ្នោត​អនុម័ត​ទាំង​ស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​លើក​ទី១០ នៅ​ថ្ងៃ​ទី៥ ខែសីហា ដោយ​គ្មាន​ការ​កែប្រែ ក្រោយ​ទទួល​បាន​សេចក្ដី​ព្រាងច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា ដូច​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ទោះ​យ៉ាង​ណា​ក្ដី គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល និង​​សាធារណៈ​ជន​ទូទៅ​នៅ​តែ​យល់​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​នេះ គឺ​កាត់​បន្ថយ​អំណាច​សភា និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​សភា​និយម​អាស្រ័យ​ធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ ដើម្បី​ពង្រឹង​អំណាច​បក្ខ​ពួក​លោក ហ៊ុន សែន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី៥ ខែសីហា​ឱ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​កែ​រដ្ឋ​ធម្មនុញ្ញ​លើក​ទី១០ ត្រូវ​បាន​ព្រឹទ្ធសភា​ឯក​បក្ស​សំឡេង​ចំនួន៥៧ នៃ​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល​បាន​អនុម័ត​ដោយ​គ្មាន​ការ​កែ​ប្រែ​អ្វី​នោះ​ទេ។ តាម​នីតិ​វិធី ក្រោយ​ព្រឹទ្ធសភា​អនុម័ត​រួច​ហើយ នោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នេះ នឹង​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ។

ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​បន្ទាប់​ពី​រដ្ឋសភា​ឯក​បក្ស​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ដោយ​សំឡេង​១០៥ លើ១០៦ គាំទ្រ​សេចក្ដី​ព្រាង​កែ​រដ្ឋ​ធម្មនុញ្ញ ដោយ​គ្មាន​ការ​កែប្រែ​ដូច​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​រដ្ឋសភា​បាន​ផ្ញើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៅ​ព្រឹទ្ធសភា​ភ្លាមៗ ដោយ​សំអាង​ថា​ច្បាប់​នេះ​ចែង​ថា​ជា​ការ​ប្រញាប់។

ទោះ​យ៉ាង​ណា ​ការ​​ធ្វើ​​វិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ​​ពី​​រដ្ឋាភិបាល​​ឯក​បក្ស និង​​ឆាប់​រហ័ស​នេះ គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​យល់​ថា មិន​មាន​​ផល​ប្រយោជន៍​​អ្វី​​សម្រាប់​​ពលរដ្ឋ និង​​សង្គម​​ជាតិ​​ឡើយ។ ពួក​​គេ​​ថា​បារម្ភ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​​នឹង​​ធ្វើ​​ឱ្យ​លទ្ធិ​​ប្រជាធិបតេយ្យ​​នៅ​​​កម្ពុជា​​កាន់​​តែ​​ធ្លាក់​​ចុះ ជា​ពិសេស កាត់​បន្ថយ​អំណាច​សភា និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​សភា​និយម​អាស្រ័យ​ធម្មនុញ្ញ។ មតិ​ភាគ​​ច្រើន​​យល់​​ថា គោល​បំណង​​នៃ​​ការ​​ធ្វើ​​វិសោធន​កម្ម​​រដ្ឋ​ធម្មនុញ្ញ​នេះ គឺ​គ្រាន់​តែ ដើម្បី​បង្កើន​​ឥទ្ធិពល​​នយោបាយ​​លោក​​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​​បើក​ផ្លូវ​​ឱ្យ​​កូន​​ប្រុស​​ច្បង​​របស់​​លោក​​បន្ត​​តំណែង​​នាយក​​រដ្ឋ​មន្ត្រី​​ពី​​លោក​ដោយ​រលូន។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា យល់​ថា​ការ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​​ដោយ​ប្រញាប់ប្រញាល់​គ្រាន់​តែ​រក​មធ្យោបាយ​ការ​ពារ​អំណាច​ផ្ទៃ​ក្នុង​របស់​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​​ថា​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាងច្បាប់​នោះ​មិន​ការ​ពារ​ដល់​ផលប្រយោជន៍​ជាតិ​នោះ​ទេ ប៉ុន្តែ​លោក​ថា ករណី​នេះ​មិន​ចម្លែក​ទេ​ការ​ដែល​តំណាង​រាស្ត្រ​ឯក​បក្ស​លើក​ដៃ​អនុម័ត​មិន​ខ្វល់​ពី​មតិ​រិះគន់​ពី​សាធារណៈ​ជន ព្រោះ​សភាព​ឯក​បក្ស​កន្លង​មក​មិន​អាច​ដោះ​ស្រាយ​សំណើ និង​ទុក្ខ​លំបាក ឬ​បញ្ចេញ​ប្រតិកម្ម​ពេល​ពលរដ្ឋ​មាន​បញ្ហា​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ខ្លួន​បាន​ទេ៖ « ប្រទេស​កម្ពុជា​បើ​សិន​នៅ​តែ​បន្ត​ដឹកនាំ​បែប​ឯក​បក្ស​នោះ មិន​ខុស​អ្វី​ដែល​ងាក​ទៅ​រក​លទ្ធិ​កុម្មុយនិស្ត​ទេ ខ្ញុំ​យល់​ថា វា​គ្រោះ​សម្រាប់​ប្រទេស​ជាតិ​ណាស់ ដូច្នេះ​ហើយ​ពួក​ខ្ញុំ​ក្នុង​នាម​គណបក្ស​ប្រឆាំង​ខិតខំ​ធ្វើ​មិច​ឱ្យ​មាន​តំណាង​ពួក​យើង​នៅ​ក្នុង​សភា ដើម្បី​យើង​បង្កើត​ការ​តវ៉ា ដើម្បី​ផល​ប្រយោជន៍​ជាតិ​យើង​បន្ត​ទៅ​មុខ​ទៀត»។

ចំណែក​អគ្គ​លេខា​ធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន ពន្លក លើកឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី១០ ដ៏​ចម្រូង​ចម្រាស​នេះ​នឹង​សម្រេច​តាម​បំណង​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ស្ថាប័ន​នីតិ​បញ្ញត្តិ​ទាំង​អស់​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា។ យ៉ាង​ណា​ក្ដី​លោក​ថា ព្រឹទ្ធសភា​មិន​គួរ​អនុម័ត​ធ្វើ​​ពិសោធកម្ម​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ ព្រោះ​លោក​បារម្ភ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​របប​សភា​និយម លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​កាត់​បន្ថយ​អំណាច​តំណាង​រាស្ត្រ ហើយ​បង្កើន​អំណាច​លើស​លប់​ទៅ​រដ្ឋាភិបាល​វិញ៖ « ទាំង​គណបក្ស​នយោបាយ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​មិន​ចង់​ឃើញ​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី១០ នេះ ចេញ​ជា​រូបរាង​ឡើង​ទេ ពីព្រោះ​ទី​មួយ​កាត់​បន្ថយ​របប​សភានិយម ទីពីរ​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​ដើរ​ថយ​ក្រោយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​របប​នយោបាយ​ហៅ​ថា របប​សេរី​ពហុបក្ស»។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់​អះអាង​ថា ការ​ស្នើ​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​បំពេញ​ខ្វះ​ចន្លោះ ចំណុច​ខ្វះខាត​នៃ​រដ្ឋធម្មនុញ្ញ និង​ធានា​ការពារ «ឧត្ដម​ប្រយោជន៍» របស់​ជាតិ និង​ប្រជាជន ជាពិសេស ការ​ធានា​ឱ្យ​ស្ថាប័ន​រដ្ឋ​មាន​កិច្ច​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មិន​ជាប់​គាំង ប្រកប​ដោយ​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ។

លោក​រដ្ឋមន្ត្រី កើត រិទ្ធ ថែម​ទាំង​បាន​ប្រកាស​ឱ្យ​អ្នក​មិន​ពេញ​ចិត្ត​នឹង​ការ​កែ​ច្បាប់​នេះ ចូល​ទៅ​ស្ដាប់​ក្រសួង​បកស្រាយ​ពី​រឿង​នេះ​បន្ថែម​ទៀត​នៅ​ដើម​ខែសីហា​នេះ។

ប៉ុន្តែ​សម្រាប់​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន​ទូទៅ​ចាត់​ទុក​ទង្វើ​របស់​ក្រសួង​យុត្តិធម៌​ថា ពុំ​បាន​បង្ហាញ​ពី​នីតិវិធី​ត្រឹមត្រូវ​ក្នុង​ការ​តាក់តែង​ច្បាប់​ឡើយ ព្រោះ​ការ​ប្រមូល​មតិ​នានា គួរ​ធ្វើ​ឡើង​នៅ​មុន​ច្បាប់​អនុម័ត មិនមែន​ច្បាប់​អនុម័ត​ហើយ ទើប​បើក​ឱ្យ​អ្នក​មាន​មតិ​មិន​ស្រប​ទៅ​ជួប​បែប​នេះ​ឡើយ។

ទាក់ទង​រឿង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដោយ​សភា​ឯក​បក្ស ថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ដើម្បី​បំពេញ​មហិច្ឆតា​ផ្ទេរ​អំណាច​នាយក​រដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន បើក​ផ្លូវ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ជា​មួយ​គ្នា​នេះ​គណបក្ស​នេះ ទូលថ្វាយ​សុំ​ទៅ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី សូម​ទ្រង់​កុំ​ឡាយ​ព្រះហស្ត​លេខា​លើ ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​នេះ ព្រោះ​ការ​កែ​ច្បាប់​នេះ​គ្រាន់​តែ​ជា​ខែល ដើម្បី​ការពារ​អំណាច​គ្រួសារ​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។