សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ណយ ស្រូន អះអាងថា លោកមិនបានកាប់ទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់ទំហំជាង ៥០០ហិកតារ (៥៣១) ក្នុងខេត្តមណ្ឌលគិរី ដូចការចោទប្រកាន់នោះទេ។ ចំណែកមន្ត្រីតុលាការថា សំណុំនេះកំពុងឋិតក្នុងដៃ ចៅក្រមស៊ើបសួរ ក្រោយពីមានការចោទប្រកាន់ពីព្រះរាជអាជ្ញា។
សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច លោក ណយ ស្រូន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៦ ធ្នូ ថា លោកត្រៀមខ្លួនចូលបំភ្លឺ តាមដីកាកោះហៅពីស្ថាប័នជំនាញពាក់ព័ន្ធ ទាក់ទិនការចោទប្រកាន់ក្នុងសំណុំរឿងបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី។ លោកអះអាងថា មកទល់ពេលនេះ ស្ថាប័នជំនាញនៅមិនទាន់រកឃើញភស្តុតាងដាក់បន្ទុកលោកនៅឡើយទេ។
សមាជិកព្រឹទ្ធសភារូបនេះអះអាងថា ការចោទប្រកាន់លោកថា មានជាប់ពាក់ព័ន្ធ សកម្មភាពកាប់ទន្ទ្រានដីព្រៃអភិរក្សរាប់រយហិកតារនោះ គឺជាការយល់ច្រឡំតែប៉ុណ្ណោះ ដោយលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ៖ «យើងអត់មានប្រព្រឹត្តបទល្មើស កាប់ដើមឈើមួយដើមដួលទៅ ឬក៏កន្លែងណាមានភស្តុតាងច្បាស់លាស់អត់មានផង។ ខ្លួនបង គឺបងដឹងអ៊ីចឹង ប៉ុន្តែមានការចោទប្រកាន់ថា តាមផ្លូវតុលាការ វាអត់មានព្រោះវាអត់បានធ្វើ អ៊ីចឹងនិយាយអ៊ីចឹង យើងអត់ធ្វើ»។
ទោះជាបែបនេះក្តី លោក ណយ ស្រូន ធ្លាប់បានសារភាពទទួលកំហុស និងសន្យាថា លោកនឹងឈប់ពាក់ព័ន្ធការទន្ទ្រានកាន់កាប់ដីព្រៃទំហំជាង៥ រយហិកតារ (៥៣១) ក្នុងខេត្តមណ្ឌលគិរីនោះទៀតហើយ។ ចម្លើយរបស់លោកបែបនេះ មាននៅក្នុងសេចក្តីបំភ្លឺរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កាលពីថ្ងៃទី៦ ខែតុលា។
កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្កើតក្រុមការងារអន្តរក្រសួង ចុះស៊ើបអង្កេតបទល្មើសព្រៃឈើ កាប់រុករានដីព្រៃអភិរក្សខុសច្បាប់នៅខេត្តមណ្ឌលគិរី ដោយរកឃើញថា មានមន្ត្រីរាជការ អភិបាលស្រុក និងមន្ត្រីយោធា សរុបជិត ២០នាក់ មានជាប់ពាក់ព័ន្ធករណីកាប់ទន្ទ្រានដីព្រៃអភិរក្សខុសច្បាប់។ រីឯតុលាការខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនមនុស្ស ៦នាក់ ភាគច្រើនជាមន្ត្រីរាជការ មានពាក់ព័ន្ធសំណុំរឿងដូចគ្នានេះដែរ។
ទោះជាយ៉ាងណា កាលពីអំឡុងខែតុលា ក្រសួងយុត្តិធម៌បានសម្រេចផ្ទេរភារកិច្ច ឱ្យតុលាការខេត្តក្រចេះ ទទួលបន្ទុកដោះស្រាយសំណុំរឿងបទល្មើសព្រៃឈើនេះ ជំនួសតុលាការខេត្តមណ្ឌលគិរីវិញ។
អ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរី លោក មាស ប្រុស ថ្លែងថា មុនពេលសំណុំរឿងនេះ មិនទាន់ផ្លាស់ទៅតុលាការខេត្តក្រចេះ តំណាងអយ្យការខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់សមាជិកព្រឹទ្ធសភា លោក ណយ ស្រូន និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួររួចហើយ។ លោកថា ពាក់ព័ន្ធសំណុំរឿងដូចគ្នានេះដែរ ស្ថាប័នអយ្យការបានធ្វើការចោទប្រកាន់មនុស្ស ជាង ១០នាក់ផ្សេងទៀត ដែលក្នុងនោះមានជនសង្ស័យ ៦នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តមណ្ឌលគិរី។
អាស៊ីសេរីបានព្យាយាមទាក់ទង ព្រះរាជអាជ្ញាខេត្តក្រចេះ លោក កែវ សុជាតិ ដើម្បីសុំការបំភ្លឺបន្ថែម បន្ទាប់ពីរឿងនេះបានទៅដល់ដៃតុលាការខេត្តក្រចេះ ប៉ុន្តែលោកមិនដែលលើកទូរស័ព្ទនោះទេ រហូតមកដល់ខែធ្នូ នេះ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ស្ថាប័នព្រឹទ្ធសភាគួរតែដកអភ័យឯកសិទ្ធិលោក ណយ ស្រូន ដើម្បីផ្ដល់លទ្ធភាពឱ្យតុលាការធ្វើការស៊ើបអង្កេតដោយរលូន។ លោកសង្កេតឃើញថា តុលាការខេត្តក្រចេះហាក់យឺតយ៉ាវក្នុងការស៊ើបអង្កេតសំណុំរឿងនេះ និងហាក់ស្ទាក់ស្ទើរអនុវត្តច្បាប់ លើបុគ្គលមានអំណាច៖ «ទាំងអស់ហ្នឹងមានគ្រប់សមាសភាពហ្នឹង បើអំពើទុច្ចរិតធ្វើយ៉ាងណា ដើម្បីឱ្យអំពើខុសច្បាប់ហ្នឹងក្លាយជា ស្របច្បាប់តាមរយៈអន្តរាគមន៍ព្រោះវាចូលដល់ដំណាក់កាលរកឃើញសង្ស័យថា មានបទល្មើសហើយ អ៊ីចឹងស្ថាប័នព្រឹទ្ធសភាធ្វើយ៉ាងណា ត្រូវដកអភ័យឯកសិទ្ធិ ដើម្បីឱ្យស្ថាប័នតុលាការធ្វើការពេញដៃពេញជើង»។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងថា ព្រឹទ្ធសភាមិនទាន់សម្រេចបែបណានៅឡើយទេចំពោះករណីលោក ណយ ស្រូន នេះ ដោយរង់ចាំលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។