មន្ត្រីនាំពាក្យបក្សប្រជាជនកម្ពុជាអះអាងថា គណបក្សរបស់លោកមិនព្រួយបារម្ភ ចំពោះរឿងសហភាពអឺរ៉ុបកំពុងពិចារណាបង្កើតច្បាប់ដាក់ទណ្ឌកម្ម ស្រដៀងច្បាប់អាមេរិក ដើម្បីបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការ ទៅលើមន្ត្រីទុច្ចរិតនៅទូទាំងពិភពលោកនោះទេ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការបង្កើតច្បាប់ដាក់ទណ្ឌកម្មដែលមានឥទ្ធិពលជាសាកលនេះ អាចនឹងជួយជំរុញឱ្យប្រទេសផ្សេងៗ រួមទាំងកម្ពុជាផង ងាកមកចូលរួមលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា កម្ពុជាពុំមានលទ្ធភាពអ្វីទៅទប់ស្កាត់សហភាពអឺរ៉ុបមិនឱ្យបង្កើតច្បាប់របៀបនេះបាននោះទេ។ លោកនិយាយឌឺដងថា ចង់សហភាពអឺរ៉ុបពិចារណាបង្កើតច្បាប់អ្វី ក៏បង្កើតទៅ តែសម្រាប់កម្ពុជា មានស្ថាប័នរបស់ខ្លួនគ្រប់គ្រាន់ហើយ ដើម្បីចាត់ការលើមន្ត្រីទុច្ចរិត៖ «ដូចអត់មានការព្រួយបារម្ភអីទេ ខ្ញុំយល់ថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលគ្រប់ស្ថាប័ន គ្រប់អង្គភាព ស្ថិតនៅក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។ បើសិនណាជាមានការខុសឆ្គងដោយប្រការណាមួយ នោះគេអនុវត្តតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា»។
ការលើកឡើងរបស់មន្ត្រីបក្សកាន់អំណាចរូបនេះ កើតមានឡើងស្របពេលគណៈកម្មការអឺរ៉ុប កំពុងពិចារណាបង្កើតច្បាប់ដាក់ទណ្ឌកម្មជាសាកល ដោយយកម៉ូដែលតាមច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឬហៅថា Global Magnitsky Act។
លោក សុខ ឥសាន ថាករណីដែលថ្មីៗ នេះក្រសួងរតនាគារជាតិអាមេរិកប្រើច្បាប់ដាក់ទណ្ឌកម្មរបស់ខ្លួនមកបង្កក ឬរាំងខ្ទប់ទ្រព្យសម្បត្តិលើមនុស្សជំនិតរបស់លោក ហ៊ុន សែន រួមមាន លោក គន់ គីម និងលោក ទ្រី ភាព នោះ មិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជានោះឡើយ។ លោកថា មន្ត្រីកម្ពុជាទាំងអស់ស្ថិតក្រោមច្បាប់កម្ពុជា ហើយបើមានតម្រុយណាជាឯកសារទុកចិត្តបាន នោះអង្គភាពប្រឆាំងអំពើពុករលួយនឹងធ្វើការតាមតួនាទីរបស់ខ្លួនដែលច្បាប់កំណត់៖ «ពីព្រោះ មិនមែនតែឧកញ៉ា ទ្រី ភាព ឬមួយក៏ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម ទាំងពីរនាក់ស្ថិតក្រោមច្បាប់កម្ពុជាឯណា តែមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលគឺសុទ្ធតែស្ថិតក្រោមច្បាប់របស់កម្ពុជា។ បើសិនណាជាប្រព្រឹត្តិអំពើមិនគប្បីខុសឆ្គង ឬមានអំពើពុករលួយនៅក្នុងតួនាទីរបស់ខ្លួន នោះមិនរួចផុតអំពីការត្រួតពិនិត្យរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ»។
ផ្ទុយពីការអះអាងរបស់លោក សុខ ឥសាន នេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា នេះគឺជាសញ្ញាណល្អទៅវិញទេ ដែលសហភាពអឺរ៉ុបចង់បង្កើតច្បាប់នេះឡើង។ លោកថា បើមានច្បាប់ដូច្នេះមែន វានឹងចូលរួមជំរុញប្រទេសនានានៅទូទាំងពិភពលោក រួមទាំងកម្ពុជាផង ឱ្យនាំគ្នាលើកស្ទួយការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ៖ «ពីព្រោះបើសិនច្បាប់នេះនឹងអាចកើតចេញមាន ខ្ញុំគិតថា ធ្វើឱ្យមនុស្ស ឬរដ្ឋាភិបាល ឬបុគ្គលមួយចំនួន ដែលធ្លាប់តែរំលោភទៅលើសិទ្ធិ ឬធ្លាប់ប្រកបរបរ មុខជំនួញដែលធ្វើឱ្យប៉ះពាល់ទៅដល់វិស័យសិទ្ធិមនុស្ស គឺអាចនឹងពិចារណាកែប្រែធ្វើយ៉ាងណាធានាឱ្យមានការគោរពសិទ្ធិមនុស្ស បើមិនដូច្នោះទេ វាអាចនឹងធ្វើឱ្យប៉ះពាល់ទៅដល់ខ្លួន អាចទទួលទណ្ឌកម្ម ហើយមិនតែខ្លួនឯងទេ សូម្បីតែក្រុមគ្រួសារក៏អាចទទួលទណ្ឌកម្មពីច្បាប់នោះដែរ។ ... អ៊ីចឹង បើច្បាប់នេះចេញ ខ្ញុំគិតថា កម្ពុជាយើងទៅថ្ងៃក្រោយនឹងអាចពិចារណា ហើយធ្វើការកែលម្អឡើងវិញនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
កន្លងមក ក្រោយរបបលោក ហ៊ុន សែន បានគាស់រម្លើងប្រជាធិបតេយ្យ និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា យ៉ាងហោចណាស់មនុស្សជំនិតរបស់លោក ហ៊ុន សែន ៣នាក់ហើយ ត្រូវក្រសួងរតនាគារជាតិអាមេរិកប្រកាសជាសាធារណៈ ដាក់បញ្ចូលក្នុងបញ្ជីខ្មៅបង្កទ្រព្យសម្បត្តិរបស់ពួកគេដែលមាននៅអាមេរិក និងហាមប្រាមជនជាតិ ឬក្រុមហ៊ុនអាមេរិកមិនឱ្យរកស៊ីជាមួយពួកគេ។ មន្ត្រីទាំងបីរូបនេះរួមមាន លោក ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សលោក ហ៊ុន សែន ឧត្តមសេនីយ៍ផ្កាយមាស៤ លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឧកញ៉ា ទ្រី ភាព ដែលជាប់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ការប្រព្រឹត្តិអំពើពុករលួយ និងឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើដ៏សម្បើមនៅកម្ពុជា។ ដោយឡែក សមាជិកក្រុមគ្រួសារបី (៣) រូបរបស់លោក គន់ គីម និងអាជីវកម្មចំនួន ៥ របស់ពួកគេ ព្រមទាំងអាជីវកម្មចំនួន១១ពាក់ព័ន្ធនឹងលោក ទ្រី ភាព ក៏ទទួលរងនូវទណ្ឌកម្មនេះដែរ។ ក្រៅពីនេះ ក៏នៅមានមន្ត្រីខ្មែរជាន់ខ្ពស់មួយចំនួនទៀត រួមទាំងក្រុមគ្រួសាររបស់ពួកគេផង ត្រូវក្រសួងការបរទេសអាមេរិក រឹតត្បិតទិដ្ឋាការមិនឱ្យជាន់ដីអាមេរិក។ ក៏ប៉ុន្តែ សម្រាប់សហភាពអឺរ៉ុបវិញ នៅមិនទាន់មានវិធានការដាក់ទណ្ឌកម្មលើបុគ្គលកម្ពុជាជាក់លាក់ដូចសហរដ្ឋអាមេរិកនេះនៅឡើយទេ ក្រៅតែពិចារណាព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
សារព័ត៌មានល្បីឈ្មោះរបស់អាមេរិក The Wall Street Journal កាលពីថ្ងៃទី៩ ធ្នូ រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប បច្ចុប្បន្ន កំពុងពន្លឿនផែនការបង្កើតច្បាប់ដាក់ទណ្ឌកម្ម ចំពោះមន្ត្រីបរទេសណា ដែលបានរួមចំណែករំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយដែលច្បាប់នេះ យកគំរូតាមច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក មានឈ្មោះថា Global Magnitsky Act។ យ៉ាងណាក៏ដោយសម្រាប់សហភាពអឺរ៉ុបច្បាប់នេះកំពុងស្ថិតក្នុងដំណាក់កាលផ្ដួចផ្ដើមនៅឡើយ ដោយទទួលបានការគាំទ្រពីរដ្ឋសមាជិក២៣ ក្នុងចំណោម ២៨ប្រទេស។
នៅទូទាំងពិភពលោក ក្រៅតែពីសហរដ្ឋអាមេរិក ក៏មានប្រទេសកាណាដា ចក្រភពអង់គ្លេស និងបណ្ដារដ្ឋនៅតំបន់បាល់ទិក (Baltic States) មានច្បាប់ដាក់ទណ្ឌកម្មមន្ត្រីបរទេសរំលោភបំពានសិទ្ធិមនុស្ស ឬប្រព្រឹត្តិអំពើរលួយធ្ងន់ធ្ងរ។ សហរដ្ឋអាមេរិកបានបង្កើតច្បាប់ដាក់ទណ្ឌកម្មដែលមានឥទ្ធិពលជាសាកលនេះឡើងកាលពីឆ្នាំ២០១២។ គិតរហូតមកទល់ពេលនេះ មានបុគ្គល និងក្រុមហ៊ុនពាក់ព័ន្ធ យ៉ាងហោចណាស់១៧០ នៅទូទាំងពិភពលោក រងការដាក់ទណ្ឌកម្មពីច្បាប់នេះ។ ដោយឡែក សហភាពអឺរ៉ុប ក៏ធ្លាប់បានដាក់ចេញនូវទណ្ឌកម្មប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សទៅលើប្រទេសមួយចំនួន រួមមាន អ៊ីរ៉ង់ និងស៊ីរី ក៏ប៉ុន្តែច្បាប់ទាំងនោះ អាចប្រើបានតែទៅលើបុគ្គលគោលដៅ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងនោះប៉ុណ្ណោះ។ បើតាមសារព័ត៌មាន The Wall Street Journal ការបង្កើតច្បាប់ថ្មីនេះ នឹងអនុញ្ញាតឱ្យសហភាពអឺរ៉ុប មានភាពបត់បែនច្រើនជាងមុន ឆ្លើយតបទៅនឹងករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។